សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកបើកបររ៉ឺម៉កកង់បីជាង១០០នាក់ បានតវ៉ានៅមុខការិយាល័យ Grab ពាក់ព័ន្ធនឹងថ្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសារ

អ្នកបើកបររ៉ឺម៉កកង់បីបានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការកណ្តាលរបស់ Grab ដើម្បីតវ៉ាទាមទារដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ពួកគេ ខណៈដែលតម្លៃហ្គាសបានកើនឡើង រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)
អ្នកបើកបររ៉ឺម៉កកង់បីបានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការកណ្តាលរបស់ Grab ដើម្បីតវ៉ាទាមទារដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ពួកគេ ខណៈដែលតម្លៃហ្គាសបានកើនឡើង រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

អ្នករត់រ៉ឺម៉កកង់បីជាង១០០នាក់ ប្រមូលផ្តុំគ្នាជាលើកទី២នៅមុខការិយាល័យ Grab ក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាពាក់ព័ន្ធនឹងថ្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសារ ដែលពួកគេថា មិនសមរម្យ និងមិនយុត្តិធម៌សម្រាប់ពួកគេឡើយ។

ពួកគេអះអាងថា ក្រុមហ៊ុនមិនបានគោរពតាមកិច្ចព្រមព្រៀងមុនៗ ទាក់ទងនឹងថ្លៃដឹកជញ្ជូន និងកម្រៃជើងសារ ស្របពេលដែលតម្លៃហ្គាសកំពុងឡើងថ្លៃ ដែលបច្ចប្បន្នមានតម្លៃ ៣៧០០ រៀលក្នុងមួយលីត្រ ធ្វើឱ្យ​ចំណូល​ប្រចាំថ្ងៃធ្លាក់ចុះ មិនគ្រប់គ្រាន់សម្រាប់ចំណាយប្រចាំថ្ងៃ និងតម្រូវការចាំបាច់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Grab បានរក្សាគោលការណ៍របស់ខ្លួន ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចជាមួយអ្នកបើកបរក្នុងអំឡុងពេលនៃការតវ៉ានៅដើមខែនេះ។

លោក សុខ ភក្ត្រា អ្នកបើកបររ៉ឺម៉កកង់បីម្នាក់ដែលបានចូលរួមក្នុងការតវ៉ាបាននិយាយថា៖ «ថ្ងៃនេះ ក្រុមហ៊ុនបានរំលោភលើកិច្ចព្រមព្រៀងនោះ ជាពិសេសលើតម្លៃសំបុត្រមូលដ្ឋាន ដែលកម្មវិធីទាំងអស់បានកំណត់នៅ ៣០០០រៀល រួមទាំងប្រាក់បន្ថែម ២០០រៀល [ជាកម្រៃជើងសារ]»។

លោកបានមានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលនៃការតវ៉ាពីមុន យើងបានយល់ព្រមលើតម្លៃមូលដ្ឋាន ១២ ០០០រៀល ក្នុងមួយគីឡូម៉ែត្រ ប៉ុន្តែឥឡូវនេះយើងកំពុងខាតបង់លើតម្លៃមូលដ្ឋាន ៣ ០០០រៀល នៅទូទាំងកម្មវិធីទាំងអស់។ ក្រុមហ៊ុន Grab បានកាត់បន្ថយតម្លៃមកត្រឹម ២ ០០០រៀល។ នោះហើយជាមូលហេតុដែលយើងនឹងបន្តតវ៉ា»។

លោកបានអះអាងថា ក្រុមហ៊ុន Grab បានដកប្រាក់ចំនួន ១ ០០០រៀល សម្រាប់ការធ្វើដំណើរនីមួយៗ។ លោក ភក្ត្រា បាននិយាយថា៖ «ដូច្នេះ យើងបានខាតបង់ប្រាក់ច្រើន ហើយយើងមិនអាចទទួលយកវាបានទេ»។ លោក ភក្ត្រា បន្តថា៖ «ពេលខ្លះ ការគណនារបស់ Grab ថយចុះពី ១ ២០០ រៀល មកត្រឹម ១ ០០០ ឬ ១ ១០០ រៀល។ នេះមិនមែនជាការកំណត់តម្លៃដែលមានស្ថិរភាពនោះទេ»។

ការតវ៉ានេះកើតឡើង បន្ទាប់ពីការតវ៉ាកាលពីដើមខែមេសា ដែលពួកគេបានទាមទារតម្លៃមូលដ្ឋាន ១ ២០០ រៀលក្នុងមួយគីឡូម៉ែត្រ និងកាត់បន្ថយកម្រៃជើងសារ។ 

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា និងទូទាំងពិភពលោកបានកើនឡើងខ្ពស់ បន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដែលបង្កឱ្យមានការវាយប្រហារសងសឹក និងរំខានដល់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក។

អ្នកបើកបរម្នាក់ទៀត គឺលោក ភក្តី បាននិយាយថា៖ «យើងបានរងផលប៉ះពាល់ចាប់តាំងពីតម្លៃប្រេងឥន្ធនៈបានកើនឡើង។ ប្រាក់ចំណូលរបស់យើងឥឡូវនេះមានចន្លោះពី ៦០ ០០០ ទៅ ៧០​ ០០០ រៀលក្នុងមួយថ្ងៃ» ដោយកត់សម្គាល់ថាប្រាក់ចំណូលបានកើនឡើងទ្វេដងមុនពេលតម្លៃប្រេងឥន្ធនៈកើនឡើង។

អ្នកបើកបរម្នាក់ទៀត គឺលោក សំ ណាក់ បានបន្ទរក្តីបារម្ភស្រដៀងគ្នានេះ ហើយបានអំពាវនាវឱ្យក្រុមហ៊ុន Grab រៀបចំកិច្ចប្រជុំមួយ។

គាត់បាននិយាយថា៖ «វាកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់យើង ដោយសារតម្លៃប្រេងឥន្ធនៈបានកើនឡើង។ យើងកំពុងស្នើសុំឱ្យក្រុមហ៊ុនស្តារតម្លៃមូលដ្ឋានពីមុន ៣០០០ រៀល។ ពេលខ្លះ យើងត្រូវចំណាយប្រាក់បន្ថែមលើការជួសជុល នៅពេលដែលរ៉ឺម៉ករបស់យើងខូច»។

«យើងមកទីនេះដើម្បីតវ៉ាដោយសារតែបន្ទុកដ៏ធ្ងន់នេះ។ យើងអាចប្រឈមមុខនឹងបញ្ហាប្រឈម ព្រោះការបង្ហាញខ្លួននៅមុខកាមេរ៉ាអាចនាំឱ្យក្រុមហ៊ុនផ្អាកគណនីកម្មវិធីរបស់យើង»។ លោក ណាក់ បានលើកឡើង ដោយសំដៅទៅលើរូបភាពដែលថតដោយប្រព័ន្ធផ្សព្វផ្សាយ។

អ្នកបើកបររ៉ឺម៉កកង់បីបានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការកណ្តាលរបស់ Grab ដើម្បីតវ៉ាទាមទារដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ពួកគេ ខណៈដែលតម្លៃហ្គាសបានកើនឡើង រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមហ៊ុន Grab Cambodia អះអាងថា ខ្លួនបានអនុវត្តតាមកិច្ចព្រមព្រៀង ដោយកម្រៃជើងសារ ១៥ភាគរយ ហើយ​ប្រព័ន្ធគណនាតម្លៃនៅតែដដែល ដោយផ្អែកលើចម្ងាយ និងស្ថានភាពចរាចរណ៍។ ទោះជាយ៉ាងណា ភាគីទាំងពីរនៅតែមិនទាន់មានកិច្ចព្រមព្រៀង ឬដំណោះស្រាយច្បាស់លាស់សម្រាប់ការទាមទាររបស់អ្នកបើកបរ Grab នៅឡើយទេ។

លោក កាន់ ឈុនណាត អ្នកគ្រប់គ្រងកិច្ចការសាធារណៈ និងគោលនយោបាយរបស់ក្រុមហ៊ុន Grab Cambodia បានថ្លែងថា ពួកគេបានបំពេញតម្រូវការរបស់អ្នកបើកបររ៉ឺម៉កកង់បីពីកិច្ចប្រជុំចុងក្រោយ។

លោកបានមានប្រសាសន៍ថា៖ «យើងបានអនុវត្ត [សំណើ] ពីកិច្ចប្រជុំដែលផ្តល់ជូន១៥ភាគរយ​។ ប្រសិនបើមានការលើស យើងនឹងសងប្រាក់វិញនៅថ្ងៃបន្ទាប់»។

លោក ឈុនណាត បានមានប្រសាសន៍ថា៖ «អត្រាសម្រាប់គីឡូម៉ែត្រដំបូងគឺ ៣២០០ រៀល [ទោះបីជា] អ្នកដំណើរធ្វើដំណើរត្រឹមតែមួយគីឡូម៉ែត្រ [៥០០ ឬ ៦០០ ម៉ែត្រ] ក៏ដោយ។ ប្រសិនបើអ្នកដំណើរធ្វើដំណើរលើសពីពីរគីឡូម៉ែត្រ អត្រារបស់យើងគឺ ២០០០ រៀលក្នុងមួយគីឡូម៉ែត្រ»។

លោកបានបន្តថា «វាមិនមែនជារឿងថ្មីទេ នេះគឺជារូបមន្តដែលយើងបានអនុវត្តតាំងពីឆ្នាំ ២០២២ […] តម្លៃរបស់ Grab អាចឡើងចុះតាមពេលវេលា»។

លោក ឈុនណាត បានពន្យល់ថា ចំពោះអត្រាគីឡូម៉ែត្រ ១២០០ រៀល វាអាចលើស ឬតិចជាងបន្តិច ពីព្រោះសម្រាប់ Grab (សេវាហៅរថយន្ត) ប្រព័ន្ធគណនាដោយផ្អែកលើម៉ោងចរាចរណ៍ និងពេលភ្លៀង។

លោក​បាន​បន្ថែម​ថា៖ «អ្នកបើកបរ​ដៃគូ​របស់​យើង​បាន​យល់​ច្រឡំ។ តាមពិតទៅ យើង​បាន​ពន្យល់​រួច​ហើយ​ថា តម្លៃ​ដែល​យើង​បាន​អនុវត្ត​មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ — មាន​ន័យ​ថា អត្រា ២០០០ រៀល​ក្នុង​មួយ​គីឡូម៉ែត្រ​​ យើង​បាន​អនុវត្ត​តាំងពី​ឆ្នាំ២០២២»។

ពួកគេក៏បានបានដាក់ញត្តិទៅក្រសួងការងារ ដោយស្នើឲ្យកំណត់ថ្លៃគោលស្តង់ដាររួមគ្នា សម្រាប់​គ្រប់​​កម្មវិធី​ដឹកអ្នកដំណើរ និងកាត់បន្ថយកម្រៃជើងសារ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានប្រាប់សារព័ត៌មានខេមបូចា ថា ក្រសួងបានទទួលញតិ្តរួចហើយ និងកំពុងតែពិភាក្សារកដំណោះស្រាយជូនពួកគេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Tuk-Tuk Drivers Protest in Phnom Penh Over Grab Fare Cuts

 

ព័ត៌មានថ្មី

អត្ថបទពេញនិយម