ម្ចាស់ក្រុមហ៊ុននាំចេញសត្វគោម្នាក់ ប្ដឹងស្នងការនិងស្នងការរងនគរបាលខេត្តព្រៃវែង ទៅកាន់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយចោទអ្នកទាំង២រូបនោះថា បានទារប្រាក់១ម៉ឺនដុល្លារអាមេរិកប្រចាំខែពីលោក ដើម្បីសម្រួលដល់ដំណើរការអាជីវកម្ម។
តាមរយៈពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុននាំចេញសត្វគោនៅខេត្តព្រៃវែងលោក ជឹម សុខ បានដាក់ពាក្យបណ្ដឹង២ច្បាប់ផ្សេងគ្នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយចោទប្រកាន់លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោក ឡេង ពៅ ស្នងការរងនគរបាលខេត្តព្រៃវែង ថា បានទារប្រាក់លោកចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកប្រចាំខែ ដើម្បីសម្រួលដល់ដំណើរការអាជីវកម្មនាំចេញសត្វគោក្របីរបស់លោក។
លោក ជឹម សុខ អះអាងតាមពាក្យបណ្ដឹងថា លោកតែងតែផ្ដល់ប្រាក់ដល់អាជ្ញាធរ និងសមត្ថកិច្ចតាមទំហំនៃការនាំចេញជាក់ស្ដែង តាំងតែពីលោកដំណើរការអាជីវកម្មដឹកជញ្ជួនសត្វគោទៅលក់នៅប្រទេសវៀតណាមតាំងពីឆ្នាំ២០០២មក។ ក៏ប៉ុន្តែបន្ទាប់ពីលោក ឈឿន ប៊ុនឆន បានចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែង តាំងពីឆ្នាំ២០២៣ មក លោកស្នងការតម្រូវឱ្យគាត់បង់ប្រាក់១ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ដើម្បីបង្កភាពងាយស្រួលដល់អាជីវកម្មរបស់ក្រុមហ៊ុនលោក ជឹម សុខ។
ប្រភពបន្ត៖ «ចាប់ពីឆ្នាំ ២០២៣ បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចូលកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង លោកបានតម្រូវឱ្យក្រុមហ៊ុនរបស់ខ្ញុំបង់ប្រាក់ចំនួន $១០ ០០០ (មួយម៉ឺនដុល្លារអាមេរិក) ក្នុង មួយខែ ដើម្បីជាបង្កភាពងាយស្រួលដល់អាជីវកម្មរបស់ក្រុមហ៊ុន ធ្វើឱ្យខ្ញុំបាទបង្ខំចិត្តបង់ប្រាក់ជូន លោកឧត្តម សេនីយ៍ទោ ឈឿន ប៊ុនឆន ចំនួន $១០ ០០០ (មួយម៉ឺនដុល្លារអាមេរិក) ក្នុងមួយខែ ជារៀងរាល់ដើមខែទីមួយៗតាមរយៈលោក ឡេង ពៅ ជាស្នងការរងទទួលបន្ទុកសេនាធិការ»។
ពាក្យបណ្ដឹងដដែលបន្តថា លោក ជឹម សុខ បានស្នើសុំលោក ឈឿន ប៊ុនឆន រំកិលការបង់ប្រាក់ពីដើមខែនីមួយៗ ទៅចុងខែវិញ កាលពីខែមិថុនា ឆ្នាំ២០២៦ តែលោកស្នងការបានបដិសេធ ហើយថែមទាំងបញ្ជាមន្ត្រីក្រោមឱវាទឱ្យឃាត់ការនាំចេញរបស់លោកទៀត។
ពាក្យបណ្ដឹងបន្តថា៖ «លោកឧត្តមសេនីយ៍ ទោ បានបញ្ជាឱ្យសមត្ថកិច្ចក្រោមការដឹកនាំកម្លាំងរបស់គាត់ ឱ្យហាមឃាត់ខ្ញុំបាទមិនឱ្យនាំគោ ក្របី ស្របច្បាប់ របស់ក្រុមហ៊ុនចេញទៅប្រទេសវៀតណាម(ច្រកស្វាយតាប៉ោង ស្ថិតនៅឃុំចាម និងច្រកពាមបន្លា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង) លោក ឈឿន ប៊ុនឆន បានបញ្ជាកម្លាំងនគរបាលធ្វើការហាមឃាត់ មិនឱ្យរថយន្តដឹកស្រូវ របស់ក្រុមហ៊ុនខ្ញុំបាទ ដឹកជញ្ជូនស្រូវទៅលក់នៅប្រទេសវៀតណាម នៅចំណុចទីតាំងបនច្រកព្រំដែនកោះស្ករ ស្ថិតនៅឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង»។
លោក ជឹម សុខ ស្នើសុំតាមរយៈពាក្យបណ្ដឹងឱ្យក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ផ្អាកតួនាទីលោក ឈឿន ប៊ុនឆន និងលោក ឡេង ពៅ បណ្តោះអាសន្ន ដើម្បីស៊ើបអង្កេត ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេ។
សារព័ត៌មានខេមបូចាមិនទាក់ទង លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានទេត្រឹមរសៀលថ្ងៃទី៣ ខែសីហានេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក ហើយលោកមិនតបសារតាមតេឡេក្រាមទេ។
ចំណែកឯ លោក ឡេង ពៅ ស្នងការរងនគរបាលខេត្តព្រៃវែងបដិសេធការឆ្លើយតបដោយប្រាប់ថាលោកជាប់រវល់។
លោកបានលើកឡើងយ៉ាងខ្លីថា៖ «មានអីបង? ខ្ញុំជាប់មានធុរៈបន្តិចបង»។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែងលោក អន ភារៈ ប្រាប់សារព័ត៌មានខេមបូចាថា លោកមិនបានដឹងពីករណីនេះទេ។
លោកបន្តថា៖ «ខ្ញុំអត់ដឹងផងរឿងហ្នឹង អត់ទាន់បានដឹងផង[…]អត់ទាន់ដឹងគេប្ដឹងអីផង»។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ពាក្យបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុននាំចេញសត្វគោនៅខេត្តព្រៃវែង លោក ជឹម សុខ ដែលប្ដឹងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោក ឡេង ពៅ ស្នងការរងនគរបាលខេត្តព្រៃវែងនោះ កំពុងបន្តនីតិវិធីទៅកាន់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដើម្បីពិនិត្យទិដ្ឋភាពច្បាប់។
លោកបានថ្លែងថា៖ «ក្រសួងនឹងពិនិត្យឱ្យបានសុក្រឹត ដោយត្រូវបំពេញការងារជំនាញ ស្របតាមនីតិវិធីជាមួយភាគីពាក់ព័ន្ធ។ ពោលគឺ ក្រសួងនឹងផ្ដល់លទ្ធភាពជូនភាគីទាំងសងខាងក្នុងការដាក់បន្ទុកផ្អែកលើភស្ដុតាង និងដោះបន្ទុកផ្អែកលើភស្ដុតាង។ ជារួម ក្រសួង បានកំពុងពិនិត្យករណីនេះ ដោយសំអាងលើអង្គហេតុ អង្គច្បាប់ និងភស្ដុតាង តែត្រូវការថេរវេលាមួយបម្រើឱ្យភាពគត់មុតច្បាស់លាស់សម្រាប់ទាំងអស់គ្នា»។
សារព័ត៌មានខេមបូចា មិនអាចទាក់ទងលោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានទេនៅរសៀលថ្ងៃទី៣ ខែសីហានេះ។
ចំណែកឯលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សុំមិនអធិប្បាយចំពោះករណីនេះ។
លោកថ្លែងថា៖ «តាមព័ត៌មានរបស់បងម្ចាស់បណ្តឹងបានដាក់ពាក្យប្តឹងទៅស្ថាប័នមួយ ខ្ញុំមិនមានអត្ថាធិប្បាយអ្វីឡើយ។ បើមានអ្វីដែលអាចចែករំលែកបាន ខ្ញុំនឹងផ្តល់ជូន»។
តែយ៉ាងណា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះប្រាប់ថា ជាទូទៅតាមយន្តការធម្មតារបស់ ACU ក្រុមការងារលោកតែងតែប្រមូលព័ត៌មានជាច្រើនពីប្រភពចំហ ឬបណ្តាញសង្គមជារៀងរាល់ថ្ងៃ ដែលអាចទាក់ទងនឹងអំពើពុករលួយ។ បន្ទាប់មក អង្គភាពប្រឆាំងអំពើពុករលួយពិនិត្យបន្ត ដើម្បីមានមូលដ្ឋានសន្និដ្ឋាន និងបន្តចំណាត់ការបន្ទាប់។
ជុំវិញករណីនេះ លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទា យល់ថា ករណីទារប្រាក់កាសពីសំណាក់ស្នងការ និងស្នងការរងនគរបាលខេត្តព្រៃវែងនេះ គឺជាការខុសនឹងច្បាប់ ព្រោះគាត់មិនមានតួនាទីទារប្រាក់ទេ ខណៈដែលតួនាទីទារលុយពន្ធផ្សេងៗជាតួនាទីរបស់ខាងពន្ធដារ។
លោកបន្តថា៖ «ដូចថាអត់មានតួនាទីក្នុងការយកពន្ធយកអីទេ វាអត់ត្រូវ យើងហៅថាក្រៅច្បាប់។ ដូច្នេះអ្វីគាត់ប្ដឹងមកវិញសមហេតុសមផល ក៏ប៉ុន្តែពិបាកដែរ ច្បាប់យើងពុករលួយយើងអ្នកប្ដឹងក៏មានទោស អ្នកទទួលក៏មានទោស ក៏ប៉ុន្តែនេះគាត់ទាល់ច្រក គាត់ប្ដឹងហ្មង»។
លោកបន្ថែមថា៖ «អគ្គស្នងការនគរបាលហ្នឹងគួរតែពិនិត្យមើលថ្នាក់ក្រោមទាំងអស់ តើមានបញ្ហាហ្នឹងដែរអត់ ហើយរឿងក្ដីមួយហ្នឹង វាអាចសម្រាប់ជា ការដោះស្រាយយ៉ាងម៉េចយ៉ាងម៉ាអាចនឹងករណីសិក្សាមួយសម្រាប់ឱ្យអ្នកការផ្សេងៗទៀតប្រុងប្រយ័ត្នបើសិនជាមានរឿងហ្នឹងធ្លាប់ធ្វើអ៊ីចឹងដែរ ក៏យើងត្រូវបញ្ឈប់អាការធ្វើដែរ វាអត់ត្រូវធ្វើខុសច្បាប់អ៊ីចឹង»៕










