ក្រុមអ្នកសារព័ត៌មានពលរដ្ឋនៅក្នុងប្រទេសកម្ពុជាកំពុងបំពេញភាពខ្វះចន្លោះ ដែលកើតមានដោយការធ្លាក់ចុះនៃសារព័ត៌មានឯករាជ្យ ប៉ុន្តែពួកគេជាច្រើនកំពុងប្រឈមមុខនឹងការបំភិតបំភ័យ ភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងកង្វះធនធាន។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយអង្គការតស៊ូមតិផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានឱ្យដឹងថា ការដែលប្រជាពលរដ្ឋរាយការណ៍អំពីជម្លោះដីធ្លី បញ្ហាបរិស្ថាន កង្វល់ផ្នែកសិទ្ធិមនុស្ស និងសេវាសាធារណៈមិនល្អ ជួនកាលបានជំរុញឱ្យអាជ្ញាធរចាត់វិធានការដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ដែលជាធម្មតាមិនសូវទទួលបានការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ។
លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានមានប្រសាសន៍ថា សុវត្ថិភាព គឺជាបញ្ហាធ្ងន់ធ្ងរបំផុត។
លោកស្រីបានមានប្រសាសន៍ថា៖ «យើងបានរកឃើញថា សុវត្ថិភាព គឺជាកង្វល់ដ៏ធំ ជាពិសេសសម្រាប់ពលរដ្ឋអ្នកសារព័ត៌មានជាស្ត្រី ដែលធ្វើសេចក្តីរាយការណ៍នៅតាមតំបន់ជនបទដាច់ស្រយាល»។
លោកស្រីបានអះអាងថា អ្នកសារព័ត៌មានពលរដ្ឋក៏ជួបការលំបាកក្នុងការទទួលបានព័ត៌មាន ឬកិច្ចសហប្រតិបត្តិការពីមន្ត្រីមូលដ្ឋានដែរ ដោយសារពួកគេភាគច្រើនគ្មានបណ្ណអ្នកសារព័ត៌មាន ឬខ្វះការគាំទ្រពីស្ថាប័នព័ត៌មានដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
មានការព្រួយបារម្ភកាន់តែមានខ្លាំងឡើង ជុំវិញវិធានការរឹតបន្តឹងសម្រាប់អ្នកសារព័ត៌មាន ចាប់តាំងពីក្រសួងព័ត៌មានបានដាក់ចេញកាលពីឆ្នាំមុន តម្រូវឱ្យមានលិខិតបញ្ជាក់កិរិយាមារយាទ មិនធ្លាប់មានការតវ៉ាជាអាទិលើអត្ថបទ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន ដើម្បីអាចទទួលបានបណ្ណអ្នកសារព័ត៌មាន ឬអាចដំណើរការការងារក្នុងវិស័យព័ត៌មានបានដោយស្របច្បាប់។
ក្នុងចំណោមពលរដ្ឋអ្នកសារព័ត៌មានចំនួន៩៣នាក់ដែល CCIM បានធ្វើការស្ទង់មតិ គឺ ៩៤% បានលើកឡើងថា ពួកគេជៀសវាងប្រធានបទយ៉ាងហោចណាស់មួយ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ដែលក្នុងនោះ បញ្ហាព្រំដែន អំពើពុករលួយ និងនយោបាយ គឺជាប្រធានបទ ដែលត្រូវបានលើកឡើងច្រើនជាងគេ។
អ្នកសារព័ត៌មានជាច្រើនត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួននៅឆ្នាំនេះ បន្ទាប់ពីបានចុះផ្សាយព័ត៌មានអំពីជម្លោះព្រំដែនជាមួយប្រទេសថៃ ឬទីតាំងដែលសង្ស័យថា ជាកន្លែងឆបោកតាមអនឡាញ។ ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់ចំពោះការចាប់ខ្លួនទាំងនេះ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន និងលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ឆេន លក្ខិណា ជាសមាជិកជនជាតិដើមភាគតិចព្រៅក្នុងខេត្តស្ទឹងត្រែង បានរាយការណ៍អំពីបញ្ហាផ្សេងៗ ដូចជាផ្លូវខូច និងការទទួលបានសេវាថែទាំសុខភាព ចាប់តាំងពីឆ្នាំ២០២៣ មក។
លក្ខិណា និយាយថា៖ «បញ្ហាធំបំផុតដែលខ្ញុំជួបប្រទះ គឺជាអ្វីដែលខ្ញុំមិនអាចបំភ្លេចបាន។ នៅពេលខ្ញុំចុះទៅប្រមូលព័ត៌មាន ខ្ញុំត្រូវបានគេបំពានលើរាងកាយ»។
លក្ខិណា បានបដិសេធមិននិយាយថា អ្នកណាជាអ្នកវាយប្រហារលើនាងឡើយ ដោយលើកឡើងថា វាជារឿង ដែលធ្វើឱ្យនាងមានអារម្មណ៍ឈឺចាប់ខ្លាំងនៅពេលនិយាយដល់រឿងនេះ។
លក្ខិណា បាននិយាយថា មន្ត្រីនានាបានគាបសង្កត់នាងឱ្យលុបវីដេអូយ៉ាងហោចណាស់ចំនួនបីចេញ រួមទាំងសេចក្តីរាយការណ៍អំពីមណ្ឌលសុខភាពមួយ និងនាយកសាលាម្នាក់ ដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តមិនល្អចំពោះប្រជាពលរដ្ឋ។
លក្ខិណា បាននិយាយសំដៅទៅលើមន្ត្រីមូលដ្ឋានថា៖ «ប្រសិនបើមានចំណុចខ្វះខាតនៅក្នុងការរាយការណ៍របស់យើង ពួកគាត់គួរតែប្រាប់យើង និងផ្តល់មតិយោបល់ ដើម្បីឱ្យយើងអាចកែលម្អវា។ ពួកគាត់មិនគួរប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីគាបសង្កត់លើប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានឡើយ»។ នាងបានបន្ថែមថា៖ «សូមកុំចាត់ទុកពួកយើងជាសត្រូវ»។
លោកស្រី សុគន្ធា ក៏បានលើកឡើងពីក្តីបារម្ភផងដែរ អំពីការដែលអាជ្ញាធរយកការសន្ទនាឯកជនពីក្រុមផ្ញើសារនានាមកធ្វើជាភស្តុតាង ដើម្បីចោទប្រកាន់អ្នកសារព័ត៌មានពលរដ្ឋ ដោយលោកស្រីបញ្ជាក់ថា សកម្មភាពនេះគំរាមកំហែងចំពោះទាំងសិទ្ធិឯកជន និងសេរីភាពនៃការបញ្ចេញមតិ។ លោកស្រីបានបន្ថែមថា អ្នកដែលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លី ធនធានធម្មជាតិ និងព្រំដែន គឺជាក្រុមដែលមានហានិភ័យខ្ពស់ជាងគេ។
របាយការណ៍ដដែលនេះ បានដាក់ចេញនូវអនុសាសន៍មួយចំនួនជូនក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាល។ លោកស្រី សុគន្ធា បានលើកឡើងថា រដ្ឋាភិបាលគួរតែទទួលស្គាល់តួនាទីរបស់អ្នកសារព័ត៌មានពលរដ្ឋ។
លោកស្រីបានបន្ថែមថា៖ «អ្នកសារព័ត៌មានពលរដ្ឋជួយបំពេញភាពខ្វះចន្លោះ ដែលអ្នកកាសែតអាជីពមិនបានរាយការណ៍ និងជារឿយៗ ផ្តោតលើព័ត៌មានសំខាន់ៗនៅក្នុងទីក្រុង។ អ្នកសារព័ត៌មានពលរដ្ឋរាយការណ៍អំពីបញ្ហានៅថ្នាក់មូលដ្ឋាន ដែលប្រហែលមិនទទួលបានការចាប់អារម្មណ៍ច្រើន ឬត្រូវបានគេឮនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Please Do Not Consider Us Enemies’: Concerns Persist Over Citizen Journalists’ Safety








