បាត់ដំបង៖ នៅចន្លោះសម្រែកម៉ាស៊ីនច្រូតស្រូវក្នុងទឹក និងសំឡេងទឹកបុកហូរឆ្លងកាត់វាលស្រែ កសិករ យ៉ន សូត្រ នៅឃុំពាមឯក ស្រុកឯកភ្នំ សម្លឹងមើលវាលស្រូវសែនក្រអូបដែលទុំមានពណ៌លឿងទុំ តែត្រូវលិចលង់កណ្តាលជំនន់ទឹកភ្លៀង ទាំងទឹកមុខស្រពាប់ស្រពោន។
កសិកររូបនេះនិយាយថា៖«ខ្ញុំបង្ខំចិត្តដើររកម៉ាស៊ីន និងអង្វរគេផងដើម្បីបានច្រូតមុន ជម្លៀសស្រូវទុំចេញពីក្នុងទឹក ព្រោះបើមិនច្រូតទាំងសើមទេ ស្រូវទុំទាំងនោះនឹងរលួយដុះពន្លកចោលទាំងអស់ ខាតបង់ធ្ងន់ធ្ងរហើយ»។
កសិករ យ៉ន សូត្រ បានរៀបរាប់ថា គាត់ធ្វើស្រែ ១៤ហិកតា (ភាគច្រើនជាស្រូវសែនក្រអូប) នៅចំណុចអាងភៀស។ បច្ចុប្បន្ន ច្រូតបានជាង ៩ហិកតាហើយ តែទទួលបានផលត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដោយសារកន្លែងខ្លះទឹកលិចជ្រៅ ម៉ាស៊ីនឆ្កឹះស្រូវច្រូតមិនកើត ហើយផ្លែស្រូវជ្រុះទៅតាមចំបើង ឯកន្លែងខ្លះជាស្រែទួលទើបអាចច្រូតបាន ព្រោះដីស្រែមានទីទាបខ្ពស់មិនស្មើគ្នា។
ស្រូវសើមត្រូវទម្លាក់ថ្លៃ ខណៈថ្លៃឈ្នួលម៉ាស៊ីន និងប្រេងឡើងថ្លៃ
កំពុងហាលស្រូវសើមដែលប្រែពណ៌សំបកទៅជារាងខ្មៅប្រមាណ ៤តោន លោកបានរៀបរាប់ទាំងទឹកមុខស្រពោនថា ស្រូវជាង ៩ហិកតានេះ ប្រមូលផលបានសរុបតែជាង ១០តោនប៉ុណ្ណោះ។ ដោយសារជាស្រូវសើម ក្រុមហ៊ុន «បៃតង» មិនទទួលទិញបន្ថែមឡើយ ព្រោះកសិករសម្រុកដឹកទៅច្រើនពេក បណ្តាលឱ្យកកស្ទះ។ លោកបានសម្រេចចិត្តដឹកទៅលក់ឱ្យរោងម៉ាស៊ីនផ្សេងក្នុងតម្លៃ ៦៥ ទៅ ៦៧ម៉ឺនរៀល/តោន (បានលុយភ្លាមៗ) ដើម្បីយកទៅទូទាត់ថ្លៃឈ្នួលម៉ាស៊ីនច្រូត ដែលបានឡើងថ្លៃពី ២៧ម៉ឺនរៀល រហូតដល់ ៣៥ ទៅ ៣៧ម៉ឺនរៀលក្នុងមួយហិកតា។
លោក យ៉ន សូត្រ បាននិយាយទាំងអួលដើមករ និងហៀរទឹកភ្នែកថា៖ «ស្រូវលក់ថោក ទើបលក់បានលុយ ១០លានរៀលទេ… ណាមួយថ្លៃម៉ាស៊ីនច្រូត ណាមួយជំពាក់ថ្លៃជី ៧២ ការ៉ុង និងថ្នាំគេអស់ជាង ២០លានរៀល… នេះមិនទាន់គិតថ្លៃពូជ ថ្លៃប្រេងម៉ាស៊ូត និងកម្លាំងខ្លួនឯងផង»។
លោកបន្ថែមថា ស្រូវសើមដែលកំពុងហាលជាង ៤តោនទៀតនោះ ដោយសារសំបករាងខ្មៅ ឈ្មួញបានបង្អាប់តម្លៃមកត្រឹម ៣០០ ទៅ ៤០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ចំណែកស្រូវ ៤ហិកតាទៀតដែលកំពុងលិចទឹក ម៉ាស៊ីនចូលច្រូតមិនកើត ប្រហែលជាត្រូវខូចខាតទាំងស្រុងហើយ ព្រោះបើទុកយូរស្រូវនឹងបាក់ករ រលួយ ឬត្រូវសត្វស៊ីអស់។
លោកបន្ថែមទៀតថា៖ «ឆ្នាំទៅមិញ ស្រូវមានជំងឺក្រាបានផលតិច និងលក់មិនបានថ្លៃ។ ស្រូវស្រង៉ែច្រូតមុនបាន ៨០ ម៉ឺនរៀល/តោន ក្រោយមកធ្លាក់ចុះមក ៧០ ម៉ឺនរៀល។ ឯស្រូវសែនក្រអូបលក់មុនបាន ៩០ ម៉ឺនរៀល ក្រោយមកធ្លាក់មក ៧០ ម៉ឺនរៀលជាង បានត្រឹមទប់ទល់មិនចំណេញទេ… ដល់ឆ្នាំនេះខាតបង់ទៀត»។
«សារព័ត៌មានខេមបូចា»មិនអាចទាក់ទងក្រុមហ៊ុនបៃតង ដើម្បីពន្យល់បន្ថែមពីការលើកឡើងរបស់កសិករខាងលើបាននៅឡើយទេ។
បញ្ហាបច្ចេកទេសរបស់ម្ចាស់ម៉ាស៊ីនច្រូតកាត់
ម្ចាស់ម៉ាស៊ីនច្រូត លោក យូ អឿត បានរៀបរាប់ថា ឆ្នាំនេះទឹកលិចស្រូវសល់ត្រឹមគួរ ពិបាកច្រូតកាត់ណាស់ ម៉ាស៊ីនតូចៗចូលច្រូតមិនកើតទេ លោកបានយកម៉ាស៊ីនធំចំនួន ២ គ្រឿងមកជួយឆ្កឹះស្រូវដែលលិចទឹកត្រឹមជង្គង់ និងកំភ្លៅ ប៉ុន្តែប្រមូលផលបានតែពាក់កណ្តាលប៉ុណ្ណោះ។
លោកបញ្ជាក់ថា តម្លៃសេវាម៉ាស៊ីនច្រូតឆ្នាំនេះ ត្រូវដំឡើងពី ២៨ម៉ឺនរៀល ទៅ ៣៥ ដល់ ៣៨ ម៉ឺនរៀលក្នុងមួយហិកតា (តាមជិតឆ្ងាយ) ដោយសារប្រេងម៉ាស៊ូតឡើងថ្លៃដល់ ៦ ០០០រៀល/លីត្រ។ ម៉្យាងទៀត ស្រូវលិចទឹកមិនអាចបើកម៉ាស៊ីនលឿនបានទេ ព្រោះរលកទឹកនឹងបោកផ្លែស្រូវឱ្យជ្រុះទៅតាមចំបើងអស់ ដូច្នេះត្រូវបើកយឺតៗ ស៊ីម៉ោងយូរ និងអស់ប្រេងច្រើន។
ម្ចាស់ម៉ាស៊ីនច្រូតមកពីខេត្តបន្ទាយមានជ័យរូបនេះ បន្ថែមថា៖ «ដោយសារទឹកលិច ខ្ញុំមកច្រូតបានពីរថ្ងៃហើយ… យើងជួយច្រូតតែកន្លែងណាដែលជួយបាន កន្លែងណាលិចខ្លាំងជួយមិនបានទេ។ ម្ចាស់ស្រែដណ្តើមគ្នាហៅ ១០នាក់ ជួយបានតែ ៣នាក់អីអស់ហើយ!»។ លោកបន្ថែមទៀតថា៖ «ស្រូវធម្មតា ១ហិកតាអស់ប្រេងជាង ២០លីត្រ ឥឡូវទឹកលិចបែបនេះ អស់រហូតដល់ជាង ៣០លីត្រ។ ប្រេងក៏ថ្លៃ សុំរាជរដ្ឋាភិបាលជួយទម្លាក់ថ្លៃប្រេងផង»។

ស្ថានភាពផលប៉ះពាល់ក្នុងស្រុកឯកភ្នំ
បើតាមលោក ប៊ី សុភាព អភិបាលស្រុកឯកភ្នំ បានឱ្យដឹងថា ជំនន់ប៉ុន្មានថ្ងៃនេះ ដំណាំស្រូវនៅស្រុកឯកភ្នំរងផលប៉ះពាល់ជាង ៣ ៨០០ ហិកតា និងខូចខាតទាំងស្រុងជាង ៧៦០ ហិកតា។ លោកបញ្ជាក់ថា ឃុំដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺ ឃុំព្រែកនរិន្ទ (ជាង ១ ០០០ ហិកតា) និងឃុំពាមឯក (ជិត ១ ០០០ ហិកតា) ដែលស្ថិតនៅតំបន់អាងភៀស ជាទីតាំងដែលស្រូវភាគច្រើនទុំល្មមប្រមូលផល និងខ្លះទៀតកំពុងបែកចុងចេញផ្លែ។
លោកអភិបាលស្រុក បន្ថែមថា៖ «ស្រូវទុំ និងស្រូវកំពុងចេញកួរ ប្រជាពលរដ្ឋគាត់ប្រឹងប្រមូលផលដណ្តើមទឹក ដោយសារស្ថានភាពទឹកបុកមកខ្លាំង! ឥឡូវស្ថានភាពទឹកចាប់ផ្តើមស្រកវិញហើយ ប៉ុន្តែប៉ែកខាងក្រោមមិនទាន់ស្រកខ្លាំងទេ ដោយសារទឹកទន្លេបុកមក ព្រោះស្រុកឯកភ្នំជាប់ទន្លេសាប។ ស្រូវដែលប្រមូលផលមិនទាន់អាចនឹងរលួយ តែយើងប្រមូលផលដណ្តើមទឹកបានគួរសមដែរ»។
ចំណែក កសិករ ហ៊ុន ភន នៅភូមិអង្កររហាល ឃុំពាមឯក ដែលធ្វើស្រែ ១០ហិកតា (ដីខ្លួនឯង ២ហិកតា និងជួលគេ ៨ហិកតា ក្នុង ១ហិកតាថ្លៃជាង ១លានរៀល) នៅតំបន់អាងភៀស បានរៀបរាប់ថា គាត់ដាំស្រូវស្រង៉ែ ក្រអូប និងស្រូវស្រាល។ បច្ចុប្បន្ន ស្រូវទុំហើយតែត្រូវលិចទឹកអស់ បើមិនបង្ខំដើររកម៉ាស៊ីនច្រូតទេ គឺត្រូវចោលទាំងអស់ គ្មានលុយសងគេឡើយ។
លោកបន្ថែមថា៖ «ដើររកម៉ាស៊ីនដណ្តើមទម្រាំបានច្រូត… ច្រូតបានខ្លះ ចោលពាក់កណ្តាល! ថ្លៃឈ្នួលម៉ាស៊ីនក៏ថ្លៃ ពី ៣៦ ទៅ ៣៨ម៉ឺនរៀល/ហិកតា។ ធម្មតា ១ហិកតាបាន ៤ ទៅ ៥ ធុង ឥឡូវនៅសល់មិនបាន ២ធុងផង គឺខាតបង់ពាក់កណ្តាលដោយសារទឹកលិចច្រូតមិនបាន»។
លោកបញ្ជាក់ថា ស្រែរបស់អ្នកភូមិផ្សេងទៀតលិចទឹកច្រូតមិនកើតរាប់រយហិកតា ត្រូវចោលទាំងស្រុង និងជំពាក់បំណុលគេពេញភូមិហើយឆ្នាំនេះ។ ស្រូវដែលច្រូតទាំងសើម ត្រូវរោងម៉ាស៊ីនបង្អាប់តម្លៃ លក់បានតែ ៥០០ ទៅ ៦០០រៀល/គីឡូក្រាមប៉ុណ្ណោះ បើធៀបនឹងការចំណាយលើថ្លៃជី ពូជ ថ្នាំ ថ្លៃភ្ជួររាស់ និងថ្លៃច្រូត គឺខាតបង់ធ្ងន់ធ្ងរ មិនដឹងបានលុយឯណាទៅសងគេឡើយ។
លោកបានសំណូមពរទាំងអួលដើមករថា៖ «សូមរាជរដ្ឋាភិបាលជួយរកទីផ្សារស្រូវឱ្យបានថ្លៃបន្តិច ព្រោះប្រេងម៉ាស៊ូតថ្លៃដល់ ៦ ០០០រៀល/លីត្រ ម្នាក់ៗលិចអស់ហើយ… ស្អីក៏ថ្លៃ ជីមួយការ៉ុង ១៧ ម៉ឺន ទៅ ២០ ម៉ឺនរៀល (ស្រែខ្ញុំ ១ហិកតាប្រើជីអស់ ៧ការ៉ុង) ព្រោះដីខ្សោយ ប្រើជីធម្មជាតិមិនទាន់គេទេ… សូមរាជរដ្ឋាភិបាលផ្តល់ពូជឱ្យកសិករដើម្បីបង្កបង្កើនផលបន្តផង»។
របាយការណ៍បច្ចុប្បន្នភាពទឹកជំនន់ និងការវាយតម្លៃផ្លូវការ
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទឹកតាមដងស្ទឹងសង្កែបានស្រកចុះជាធម្មតាវិញហើយ។ ដោយឡែក ទឹកដែលហូរចេញពីស្ទឹងពេលមានជំនន់ បានហូរទៅលិចនៅឃុំកំពង់ព្រះ និងកំពង់ព្រៀង ស្រុកសង្កែ ព្រមទាំងឃុំមួយចំនួនក្នុងស្រុកថ្មគោល ដូចជា ឃុំជ្រៃ អូរតាគី អន្លង់រុន បឹងព្រីង ជ្រោយស្តៅ តាពូង និងតំបន់អាងភៀសជាដើម។
ចំពោះទំហំនៃផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ លោកបានបង្វែរឱ្យសាកសួរទៅខាងមន្ទីរកសិកម្ម ដែលជាអ្នកវាយតម្លៃជាក់ស្តែង។
ទោះជាយ៉ាងណា លោកបានបន្ថែមថា៖ «យើងគ្រាន់តែរងផលប៉ះពាល់ប៉ុណ្ណោះ ប៉ុន្តែមិនទាន់ដឹងថាខូចខាតប៉ុន្មាននោះទេ ព្រោះស្រូវខ្លះទុំមែន តែវាលិចក្នុងរយៈពេលខ្លី (ទឹកហូរកាត់) វានៅល្អ គ្រាន់តែអន់គុណភាពបន្តិចបន្តួច… ចឹងវាមិនទាន់ខូចទាំងស្រុងទេ ដូចជាតំបន់អាងភៀសនេះ ស្រូវ ៦០ ទៅ ៧០ ភាគរយបានច្រូតរួចរាល់ហើយ នៅសល់ប្រហែល ៣០ភាគរយទៀតប៉ុណ្ណោះដែលប៉ះពាល់»។
សារព័ត៌មានខេមបូចា មិនអាចទំនាក់ទំនងលោក ជឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីសុំការបកស្រាយបន្ថែមបានទេ គិតត្រឹមម៉ោងចេញផ្សាយនេះ។
បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យដំណាំស្រូវរងផលប៉ះពាល់ជាង ៩៥ ៣០០ ហិកតា (ក្នុងនោះស្រូវទុំជាង ១៤ ៤០០ ហិកតា) និងដំណាំសាកវប្បកម្ម-ឧស្សាហកម្មរងផលប៉ះពាល់ជាង ១៤ ៧០០ ហិកតា (ស្មើនឹង ២២ ៥៩៥ គ្រួសារ)។
របាយការណ៍បញ្ជាក់ថា ផ្ទៃដីស្រែដែលរំពឹងថាអាចស្តារឡើងវិញបានក្រោយទឹកស្រក មានចំនួនជាង ៣៧ ៨០០ ហិកតា (រាប់បញ្ចូលទាំងរដូវប្រាំងខាងមុខ)។ ជំនន់នេះបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុង ១៤ ក្រុង-ស្រុក ចំនួនជាង ១ ៧០០ កន្លែង រួមមាន៖ ផ្លូវថ្នល់ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រឡាយមេ ប្រឡាយរង និងសំណង់សិល្បការ្យផ្សេងៗ។
បន្ថែមពីនេះ ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួនជាង ៤២ ៦០០ គ្រួសារ (ស្មើនឹងមនុស្សរាយជាង ១៤០ ៥០០ នាក់)។ ក្នុងនោះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្ទះសាច់ញាតិបានជាង ២ ៦០០ គ្រួសារ (ស្មើនឹងមនុស្សរាយជិត ១៤ ០០០ នាក់)។

ជីវិតពលរដ្ឋនៅទីទួលសុវត្ថិភាព
អ្នកស្រី រឿត ចាន់រី នៅភូមិគោកដូង ឃុំពាមឯក បាននាំកូន ៣ នាក់ ជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាពអាងភៀសជាង ១០ ថ្ងៃមកហើយ ដោយសារភូមិរបស់អ្នកស្រីត្រូវទឹកលិចមុនគេ។ អាជ្ញាធរបានរៀបចំឱ្យប្រជាពលរដ្ឋដែលលិចផ្ទះប្រមាណ ១៥ គ្រួសារ មកស្នាក់នៅទីនេះ។ ដោយសារគ្មានមុខរបរអ្វីធ្វើនៅក្នុងអំឡុងពេលនេះ ប្តីរបស់អ្នកស្រីត្រូវដើររើសខ្យងតាមអាងទឹកយកទៅលក់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកស្រីបន្ថែមថា៖ «អត់ដឹងរកអីទេ ប្តីដើររើសខ្យងលក់… ដើររើសបានតិចតួចយកទៅទិញអង្ករហូប។ ទឹកលិចរាល់ឆ្នាំ ផ្ទះក៏ទាប ត្រេតអស់ហើយ… មួយថ្ងៃរកបាន ១ម៉ឺនជាង ទៅ ២ម៉ឺនរៀល (រើសបាន ៤ ទៅ ៥ គីឡូ)។ ជម្លៀសមកទួលនេះ ១០ ថ្ងៃ មេភូមិនាំគេចុះមកឧបត្ថម្ភបានម្នាក់ ១០ម៉ឺនរៀលម្តងដែរ គ្រាន់បានទិញអង្ករហូប»។
អ្នកស្រី ក្តាមជ្រាប ប្រពន្ធមេភូមិគោកដូង បានឱ្យដឹងថា ទាំងផ្ទះរបស់អ្នកស្រី និងប្រជាពលរដ្ឋ ១៥គ្រួសារផ្សេងទៀតក្នុងចំណោមជិត ១០០គ្រួសារ ដែលមានផ្ទះទាបៗ ត្រូវជម្លៀសចេញមុនគេ ចំណែកអ្នកដែលមានផ្ទះខ្ពស់ៗ គេនៅទ្រាំរស់នៅក្នុងភូមិ។ អ្នកស្រីបញ្ជាក់ថា ស្រែស្រូវលិចអស់ហើយ ទាំងស្រូវទុំ និងស្រូវខ្ចី ខ្លះបានច្រូតយកពូជមកវិញ ខ្លះទៀតខូចខាតទាំងស្រុង។
អ្នកស្រីសំណូមពរថា៖ «សូមរាជរដ្ឋាភិបាលជួយជាស្រូវ អង្ករ និងស្បៀងអាហារ… ប្រជាពលរដ្ឋខ្វះខាតណាស់ ពេលភ្លៀងមកលិចតង់/សំពត់ភ្លៀង… ពិបាកខ្លាំងគឺស្បៀងអាហារហ្នឹងតែម្តង»។
ទិន្នន័យផលប៉ះពាល់ទូទាំងប្រទេស
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៨ ដល់ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ១០ (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ និងឧត្តរមានជ័យ) ស្មើនឹង ៥៣ ក្រុង-ស្រុក។ គ្រួសាររងផលប៉ះពាល់មានជាង ៧៣ ៩០០ គ្រួសារ (កើនឡើងជាង ១៥ ៩០០ គ្រួសារ) ផ្ទះសម្បែងប៉ះពាល់ជាង ៦២ ៨០០ ខ្នង ជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ៦ ៣៤៤ គ្រួសារ និងស្រូវរងផលប៉ះពាល់សរុបជាង ១៤៤ ៤០០ ហិកតា។
លោកបញ្ជាក់ថា ខេត្តបាត់ដំបងរងគ្រោះធ្ងន់ធ្ងរជាងគេ បន្ទាប់មកគឺខេត្តបន្ទាយមានជ័យ និងសៀមរាប។ លោកបន្ថែមថា៖ «យោងតាមរបាយការណ៍របស់ក្រសួងជំនាញ បរិមាណទឹកភ្លៀងរយៈពេល ២៤ម៉ោងនេះ និងឥទ្ធិពលព្យុះទី២៦ ហាក់មានការថមថយ។ ប្រសិនបើរយៈពេលប៉ុន្មានថ្ងៃខាងមុខ បរិមាណទឹកភ្លៀងបន្តថយចុះ ផលប៉ះពាល់នឹងឆាប់ថយចុះដែរ»។
បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់របាយការណ៍ថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានប៉ះពាល់លើរាជធានី-ខេត្តចំនួន ១១ (បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ តាកែវ ព្រះវិហារ ប៉ៃលិន កំពត កំពង់ឆ្នាំង ព្រៃវែង សៀមរាប និងរាជធានីភ្នំពេញ) ដោយបានប៉ះពាល់ផលដំណាំកសិកម្មសរុបជាង ១៥៧ ៦០០ ហិកតា (ស្មើនឹង ៤.០៤% នៃផ្ទៃដីអនុវត្តន៍ទូទាំងប្រទេស) និងខូចខាតទាំងស្រុង ២៦៨ ហិកតា។ ក្នុងនោះ ដំណាំស្រូវប៉ះពាល់ជាង ១៤១ ២០០ ហិកតា និងដំណាំស្បៀងរួមផ្សំ/ឧស្សាហកម្មប៉ះពាល់ជាង ១៦ ៤០០ ហិកតា។
របាយការណ៍បញ្ជាក់ថា ខេត្តបាត់ដំបងរងផលប៉ះពាល់ខ្លាំងជាងគេ ឯរាជធានីភ្នំពេញប៉ះពាល់តិចជាងគេ (ស្រូវប៉ះពាល់ ១៣ ហិកតា នៅសង្កាត់កំបូល)។
ជុំវិញការអន្តរាគមន៍ជួយសង្គ្រោះ លោក ឃឹម ហ្វីណង់ បញ្ជាក់ក្នុងរបាយការណ៍ថា នៅខេត្តតាកែវ ស្រូវប៉ះពាល់ជាង ៤ ៤៧០ ហិកតា (ស្រុកគិរីវង់ ត្រាំកក់ ទ្រាំង និងសំរោង) ត្រូវបានសង្គ្រោះបានចំនួន ២ ៣២៨ ហិកតា។ ឯខេត្តកំពង់ឆ្នាំង ស្រូវប៉ះពាល់ ៣០២ ហិកតា នៅស្រុករលាប្អៀរ បានល្អប្រសើរឡើងវិញ ១០០ ភាគរយ។

អនុសាសន៍ និងដំណោះស្រាយពីអង្គការសង្គមស៊ីវិល
ជុំវិញស្ថានភាពនេះ អ្នកស្រី ច្រឹក សុភា អ្នកសម្របសម្រួលអង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (BSDA) បានផ្តល់ទស្សនៈថា រាជរដ្ឋាភិបាលមានលទ្ធភាព និងសមត្ថភាពពេញលេញក្នុងការឆ្លើយតបបញ្ហានេះ ដូចជា៖ ការផ្តល់ជំនួយមនុស្សធម៌ និងកញ្ចប់ថវិកាឆ្លើយតបដើម្បីស្តារជីវភាពពលរដ្ឋរងគ្រោះ ជាពិសេសអ្នកដែលជួបវិបត្តិបន្តបន្ទាប់ចាប់តាំងពីកូវីដ-១៩ ដើម្បីឱ្យពួកគេមានស្បៀងអាហារ និងអាចបន្តប្រកបរបរចិញ្ចឹមជីវិតបាន។
បន្ថែមពីនេះ ការរៀបចំប្រព័ន្ធផ្តល់ព័ត៌មានទាន់ពេលវេលា និងប្រកាសអាសន្នមុនគ្រោះមហន្តរាយ មានភាពចាំបាច់ណាស់ ជាពិសេសការគាំទ្រដល់ក្រុមងាយរងគ្រោះ ដូចជា កុមារ ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពជាដើម។
អ្នកស្រីបន្ថែមថា៖ «ត្រូវមានការផ្តល់ការគាំទ្រ និងឧបត្ថម្ភធនដល់កសិករខ្នាតតូច និងមធ្យម ដើម្បីកុំឱ្យពួកគាត់ធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ។ ក្នុងកាលៈទេសៈនេះ ការលើកលែងបំណុលចំពោះគ្រួសារកសិករដែលរងគ្រោះធ្ងន់ធ្ងរ គួរបែរមកពិចារណា ដើម្បីបញ្ចៀសមិនឱ្យពួកគាត់ធ្លាក់ក្នុងវដ្តនៃបំណុលវណ្ឌក»។
អ្នកស្រី ច្រឹក សុភា លើកឡើងទៀតថា សម្រាប់រយៈពេលវែង ការបត់បែនរស់នៅជាមួយបម្រែបម្រួលអាកាសធាតុគួរត្រូវបានពិភាក្សាឱ្យបានច្រើន ជាពិសេសដំណោះស្រាយបែបប្រពៃណី/មូលដ្ឋាន ព្រោះគ្រោះធម្មជាតិជុំវិញអាកាសធាតុនឹងបន្តកើតឡើងអាក្រក់ទៅៗ។ គួរមានការលើកទឹកចិត្តឱ្យមានការដាំដុះចម្រុះដំណាំ ដើម្បីធានាតម្រូវការ និងប្រមូលផលបានគ្រប់រដូវកាល។
អ្នកស្រីបន្តថា៖ «គួរលើកកម្ពស់ការធ្វើកសិកម្មដែលមិនពឹងផ្អែកខ្លាំងលើពូជនាំចូល ឬពូជបង្កាត់ដែលត្រូវការធាតុចូលកសិកម្មច្រើន (ដែលត្រូវចំណាយថវិកាច្រើន និងបំពុលបរិស្ថាន»។
អ្នកស្រីផ្តល់យោបល់បន្ថែមថា ត្រូវលើកកម្ពស់ការផលិតធាតុចូលកសិកម្មធម្មជាតិ ដោយប្រើប្រាស់វត្ថុធាតុដើម និងរុក្ខជាតិជុំវិញភូមិ/សហគមន៍ ដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារនាំចូល។
ក្តីសង្ឃឹម និងការអំពាវនាវចុងក្រោយរបស់កសិករ
ត្រឡប់មកកសិករ យ៉ន សូត្រ ដែលធ្វើស្រែ ១៤ ហិកតា ត្រូវទឹកជំនន់លិចខូចខាតអស់ពាក់កណ្តាល និងត្រូវឈ្មួញបង្អាប់តម្លៃស្រូវសើម បានត្អូញត្អែរទាំងទឹកមុខកម្សត់ថា ដោយសារតែការធ្វើស្រែ គាត់នៅជំពាក់បំណុលធនាគារខ្ទង់ម៉ឺនដុល្លារសងមិនទាន់រួចឡើយ។ លោកថា ឆ្នាំនេះខាតបង់ធ្ងន់ធ្ងរទៀត ប៉ុន្តែលោកសង្ឃឹមថានឹងបន្តធ្វើស្រែនៅខែ១១ ឬខែ១២ ពេលទឹកស្រក ដើម្បីស្តារដើមទុនដែលខាតបង់ខ្លះមកវិញ។
លោក យ៉ន សូត្រ បានលើកដៃសំពះ និយាយទាំងអួលដើមករថា៖«សូមសំណូមពរដល់រាជរដ្ឋាភិបាល ជួយដល់អ្នកស្រែពិតប្រាកដផង… ជួយពូជ និងជីដែលបណ្តាក់ជាមួយសហគមន៍ពាក់ព័ន្ធក្រសួងកសិកម្ម… គាត់ប្រើល្អ តែស្រូវខូចបែបនេះ សុំពន្យារពេល កុំទាន់ឡើងថ្លៃដើមអី !..សុំជួយឱ្យតម្លៃស្រូវសែនក្រអូបឱ្យបានលើ ១ ០០០រៀល និងស្រូវស្រង៉ែបានលើ៩០០រៀលក្នុងមួយគីឡូទើបអាចសល់ខ្លះ»៕









