សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាល​បង្កើត​អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម​​ជួយ​គាំទ្រ​ដល់​សហគ្រាស​ក្នុង​ស្រុក​

កម្មករ​កំពុង​ផលិត​សាប៊ូកក់​សក់​នៅ​ក្នុង​សហគ្រាស​យក្សា ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)
កម្មករ​កំពុង​ផលិត​សាប៊ូកក់​សក់​នៅ​ក្នុង​សហគ្រាស​យក្សា ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

រដ្ឋាភិបាល​បង្កើត​អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម(SME)​​ដែលនឹងត្រូវដើរតួជាច្រកចេញចូលតែមួយ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​វិស័យ​នេះ​កំពុង​ជួប​ប្រទះ និង​ជួយ​ពង្រឹង​ដល់​វិស័យ​មួយ​នេះ​បន្ថែម​ទៀត ​បន្ទាប់​ពី​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​ពហិកា​រទំនិញ​ថៃ​ក្រោយ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំ​ដែន​នឹង​គ្នា​។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី​៤ ខែតុលា បាន​ចុះ​ពិនិត្យ​​វឌ្ឍនភាព​នៃ​ការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម(SME) ហៅកាត់ថា អ.ស.ម.ត. ដែលនឹងត្រូវ​សម្រប​សម្រួល​ផ្ដល់សេវា​ការស្នើចុះបញ្ជី ការផ្ដល់ ឬការបន្តអាជ្ញាបណ្ណ និងឬលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពសម្របសម្រួលនេះ។ សេវា​កម្ម​នេះ​នឹង​អាច​ធ្វើ​ទៅ​បាន​ទាំង​​នៅ​ការិយាល័យផ្ទាល់​ និង​តាម​ប្រព័ន្ធ​អនឡាញ​។

​ការ​វិវឌ្ឍនេះ​កើត​ចេញ​ពី​សន្ទុះ​នៃ​យុទ្ធនាការ​ពិហិកាផលិត​ផល​ថៃ ក្រោយប្រទេស​ទាំង​ពីរ​មាន​ជម្លោះព្រំដែន​កាល​ពី​ឆ្នាំ​មុន​ទាក់ទង​នឹង​ដែន​ដី​ត្រូវ​គ្រប់​គ្រង​។ មុន​មានការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​ឆ្លង​ដែនផង​​ដែរ​។​

លោក​ ហ៊ុន ម៉ាណែត បា​ន​ហៅកំណែទម្រង់​នេះថា ​ជាការ​សម្រួល​ដល់​ការ​ចុះបញ្ជី និង​ផ្ដល់​អាជ្ញាបណ្ណដល់​ពាណិជ្ជករ​ដែល​ចង់​បង្កើត​សហគ្រាស ដោយ​បាន​ដក​ចេញ​នូវ​របាំង​នានា​រាំង​ស្ទះ​ដល់​ផលិត​ផល​ក្នុង​ស្រុក និង​កាត់​បន្ថយ​ការពឹង​ផ្អែក​លើ​ទំនិញ​នាំចូល​​។​ 

លោក​សរសេរ​លើ​ទំព័រហ្វេស​ប៊ុក​ថា៖ «អង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម​នឹងដើរតួជាអ្នកសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តាំងពីដើមដល់ចប់ ដែលវិធានការនេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូច និងមធ្យម។

លោក​បន្ថែម​ថា ការ​បង្កើត​អង្គ​ភាព​នេះ​គឺ​ជាវិធានការជាក់លាក់ថ្មីមួយ ក្នុងចំណោមវិធានការនិងការលើកទឹកចិត្តថ្មីៗមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយត្រូវដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងជំរុញបន្ថែមការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្រ្តជាតិ​ឆ្នាំ​២០២៦-២០៣០ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​មានភារកិច្ច​សម្របសម្រួល​គោល​នយោបាយ និង​​ដោះស្រាយ​បញ្ហា​អន្តរក្រសួង​។​

​បើ​តាម​តួលេខ​របស់​រដ្ឋាភិបាលសហគ្រាស​ធុនតូច និង​មធ្យម និង​សិប្បកម្ម​ប្រហែល​ ៤៥ ០០០ ​បាន​ចុះ​បញ្ជី និង​បាន​រួម​ចំណែក​ដល់​ផលិត​ផល​ជាតិ​សរុប​៥៨​ភាគរយ​ក្នុង​ឆ្នាំ​២០២៥​។​

អ្នកស្រី នុត សម្ផស្ស ជា​ស្ថាបនិកក្រុមហ៊ុន អិលអេសវី អ៊ិនដាស្ទ្រី (LSV Industry) មាន​ទី​តាំង​នៅ​ភ្នំពេញ ដែល​ជា​ក្រុម​ហ៊ុន​​ផលិត​សាប៊ូ និង​ទឹក​លាង​ដៃ​សម្លាប់​មេរោគ​ជាដើម​។ អ្នក​ស្រី​សាទរចំពោះ​វិធានការ​នេះ​ ដោយ​ថា​អង្គភាព​នេះ​នឹង​ជួយ​សន្សំ​ពេល​វេលា​របស់​ម្ចាស់​សហគ្រាស​ក្នុង​ការ​ចុះ​បញ្ជី និង​នីតិវិធី​ផ្សេង​ៗ​ទៀត។ អ្នក​ស្រី​បន្ត​ថា​វិធានការ​នេះ​ក៏​នឹង​ជួយ​លើក​ទឹក​ចិត្ត​ដល់​សហគ្រាស​ក្នុង​ការ​ពង្រីក​ខ្លួន​ផង​ដែរ​។​​ 

អ្នកស្រី​បន្ថែម​ថា៖ «​ខ្ញុំ​ជឿថា​វិធានការ​នេះ​នឹង​ផ្ដល់​នូវការគាំទ្រដ៏​មាន​សារសំខាន់​ចំពោះ​សគ្រាស​ធុនតូច និង​មធ្យម​ដែល​មាន​ស្រាប់»។ អ្នក​ស្រី​បន្តថា ​វិធានការ​នេះ​ក៏​នឹង​សម្រួល​ដល់​ការ​ទទួល​បាន​ការ​គាំទ្រ​បច្ចេកទេស ការកសាង​សមត្ថភាព និង​សេវា​ផ្សេង​ៗ​។​​​

កម្មករ​ក្រុម​ហ៊ុន​ LSV កំពុង​វេច​ខ្ចប់​ផលិត​ផល​សាប៊ូកក់​សក់​ក្នុង​សហគ្រាស​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៦​។​(ខេមបូចា/ព្រីង សំរាំង)​

លោក តែ តាំង​ប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានប្រាប់សារព័ត៌មាន​ខេមបូចា​ថា ​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវ​ការ​ជាចាំ​បាច់​នូវ​យន្ត​កា​របែបនេះ ដោយសារថា​កន្លង​មក​ពាណិជ្ជករ​ទាំង​នោះ​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្នើ​សុំ​ចុះបញ្ជី និង​ការ​រៀបចំឯកសារ​ផ្លូវ​ច្បាប់​នានា​។​

​លោក​ឲ្យ​ដឹង​ថា៖ «​ពេល​យើង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ពហិការ​ផលិតផល​[ថៃ]ទាំងនោះ យើង​ត្រូវ​តែ​ជំរុញ​ផលិត​ផល​ក្នុង​ស្រុក​ឲ្យ​ខ្លាំង​។ ប៉ុន្តែ​កាល​ពី​មុន ឯកសារ​ផ្លូវច្បាប់​នានាសម្រាប់ [SME] គឺមាន​ភាព​យឺត​យាវ និង​ពាក់​ព័ន្ធ​ជាមួយ​ក្រ​សួង​ច្រើន»។​

លោក​បន្ថែម​ថា ​យន្តការ​ថ្មី​នេះ​នឹង​អាច​ជួយ​ជំរុញ​កំណើន​សហគ្រាស​ធុនតូច និង​មធ្យម​ច្រើន ដែល​អាច​នាំ​ឲ្យ​មានការ​ផ្គត់​ផ្គង់ទំនិញ​បាន​ច្រើន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង​ត្រៀម​នាំចេញ​ទៅ​បរទេស​។​​

មុនមាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ផលិត​ផល​ក្នុង​ស្រុក​របស់​កម្ពុជា​មាន​ទំហំតូច​នៅ​លើ​ទីផ្សារ ប៉ុន្តែ​ក្រោយ​មាន​យុទ្ធនាការ​ពហិកា​រទំនិញថៃ ធ្វើ​ឲ្យ​ផលិត​ផល​ក្នុង​ស្រុក​កើន​ឡើង​ក្នុង​ចំណែក​ទី​ផ្សារ​ប្រហែល​៣០​ភាគរយ​។​​

លោក​ក៏​បាន​ចង្អុល​បង្ហាញ​ដែរថា ​បញ្ហាប្រឈម​បន្ទាប់​គឺ​ការ​កាត់​បន្ថយ​ថ្លៃ​ដើម បង្កើន​ល្បឿន​​ផលិត​ និង​ធានាថា​ផលិត​ផល​មាន​គុណភាព​តាម​ស្ដង់ដារ​។​

បន្ថែម​ពី​នេះ សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ប្រឈម​នឹង​ការ​ទទួល​បាន​ទុន​វិនិយោគ និង​កម្ចី​ពី​ធនាគារ​ បញ្ហា​រដ្ឋបាល​ស្មុគស្មាញ និង​មានការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែងជាមួយ​ក្រុម​ហ៊ុន​បរទេស​។​

លោក តែ តាំងប៉ មាន​ប្រសាសន៍ទៀត​ថា បញ្ហា​​ដើមទុន​​នៅ​តែជា​កង្វល់​ដ៏​ធំ​មួយ​ ហេតុ​នេះទើប​សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មាន​ផែនការ​រៀបចំ​ចុះ​អនុសារណៈយោគយល់​ជាមួយ​ធនាគារ​អភិវឌ្ឍ​ន៍ជនបទ និង​កសិកម្ម​ ដែល​មានកិច្ច​សហការ​ជាមួយ​ធនាគារ​សហគ្រាសធុន​តូច និង​មធ្យម​។ មូលនិធិ​​សម្រាប់​ផ្ដល់​កម្ចី​​សម្រាប់​សហគ្រាស​ទាំង​​នោះ​មាន​ប្រហែល​​១ពាន់​លាន​ដុល្លារ​។​​

លោក​ឲ្យ​ដឹង​ទៀត​ថា ​អត្រាការប្រាក់​អាចចរចាគ្នា​បាន ប៉ុន្តែ​លោក​ក៏​ជំរុញ​ឲ្យ​សហគ្រាស​ទាំង​ឡាយឲ្យ​​ពិចារណា​ក្នុង​ការ​ខ្ចី​ដោយ​យកចិត្ត​ទុក​ដាក់ និងធានាថា​កម្ចី​ទាំង​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ឲ្យ​ចំ​គោល​ដៅ​៕​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New SME Unit to Cut Red Tape, Support Local Businesses

ព័ត៌មានថ្មី

អត្ថបទពេញនិយម