សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស​មន្រ្តីបក្សកម្លាំងជាតិម្នាក់ ឱ្យជាប់ពន្ធនាគារ​២ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា សម្រេចផ្តន្ទាទោសលោក ខឿន វីរ៉ាត់ មន្រ្តីគណបក្សកម្លាំងជាតិដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យទឹកប្រាក់៤លានរៀល ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បើតាមមេធាវីការពារចុងចោទ​។

មេធាវីការពារក្ដីឱ្យលោកខឿន វីរ៉ាត់ គឺលោក សឺន ជុំជួន បានឱ្យដឹងថា លោកមានការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការ ហើយលោកគ្រោងពិភាក្សាជាមួយកូនក្ដីពាក់ព័ន្ធនឹងការប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ នៅសប្ដាហ៍ក្រោយ។

លោកថ្លែងថា៖ «តុលាការសម្រេចផ្ដន្ទាទោស២ឆ្នាំ និងពិន័យចំនួន៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

លោកលើកឡើងថា លោ​ វីរ៉ាត់ ក៏មានវត្តមានក្នុងតុលាការផងដែរ អំឡុងពេលប្រកាសសាលក្រម ខណៈអាជ្ញាធរបានបញ្ជូនលោកទៅកាន់ពន្ធនាគារខេត្តត្បូងឃ្មុំវិញ ក្រោយការប្រកាសសាលក្រមចប់។

លោកបន្ថែមថា៖ «ខ្ញុំមានការសោកស្ដាយចំពោះអ្វីដែលតុលាការសម្រេច វាជាអតិបរមាតែម្ដង អត់មានការទម្លាក់ ឬបន្ធូរបន្ថយអត់មានទេ គឺ២ឆ្នាំ និង៤លានរៀល តាមកម្រិតច្បាប់ [ខ្ពស់បំផុត] តែម្ដង»។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានចាប់ខ្លួនសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជាប្រធានប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិប្រចាំខេត្តព្រៃវែង លោក ខឿន វីរ៉ាត់ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោកបានបង្ហោះសាររិះគន់បញ្ហាសង្គម និងចែករំលែកព័ត៌មានលើបណ្តាញសង្គមរបស់លោក។

ក្រោយការចាប់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានចោទប្រកាន់លោក ខឿន វីរ៉ាត់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «បទប្រមាថអ្នករាជការសាធារណៈ» តាមបញ្ញត្តិមាត្រា ៤៩៤, ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ និងសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ។

អនុប្រធានគណបក្សកម្លាំងជាតិលោក សុខ គឹមសេង មានប្រសាសន៍ថា គណបក្សមិនមានសង្ឃឹមថា លោក វីរ៉ាត់ ត្រូវបានទម្លាក់បទចោទ និងដោះលែងឱ្យមានសេរីភាពវិញឡើយ។ យ៉ាងណាលោកថា បក្សរបស់លោកចង់ឃើញការអនុវត្តគោលការណ៍គោរពសិទ្ធិ និងករណីកិច្ចរបស់ពលរដ្ឋខ្មែរដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

លោកថ្លែងថា៖ «អ្វីដែលគណបក្សកម្លាំងជាតិ ចង់បានគឺការអនុវត្តគោលការណ៍ដែលចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។ ១.ការគោរពសិទ្ធិ និងការណីកិច្ចរបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋមានសិទ្ធសេរីភាព និងករណីយកិច្ចសម្រាប់ជាតិដូចគ្នា មិនប្រកាន់និន្នាការនយោបាយ មានភាពស្មើគ្នា និងមានភាពស្មើគ្នាចំពោះមុខច្បាប់»។

បើតាមអង្គការ លីកាដូ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន១១០ នាក់ហើយ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការផ្ដន្ទាទោស លោក ខឿន វីរ៉ាត់ នឹងបង្កឱ្យមានការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ ជុំវិញការអនុវត្តសិទ្ធិ និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។

លោកបន្ថែមទៀតថា៖ «ករណីនៃការផ្ដន្ទាទោសលោក ខឿន វីរ៉ាត់ នេះ វាបង្កឱ្យមានការរិះគន់បន្តទៀតពីសហគមន៍អន្តរជាតិ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម