សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការសង្គមស៊ីវិលដាក់លិខិតស្នើនាយករដ្ឋមន្ត្រី ដើម្បីសុំ​ការ​ព្រះ​រាជ​ទានទោសពីព្រះមហាក្សត្រលើអ្នកសារព័ត៌មានពីររូប

លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)
លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)

សមាគមសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៦ បានដាក់​លិ​ខិត​ចំហ​​មួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ដោយ​អំពាវនាវ​ឱ្យ​​​លោក​ស្នើ​សុំព្រះមហាក្សត្រ​​ប្រោសព្រះរាជទាន​លើកលែងទោស​ដល់​អ្នកសារព័ត៌មាន​​អនឡាញ​ពីររូប ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ​ពីបទក្បត់ជាតិ។

អ្នកសារព័ត៌មានទាំងពីរនាក់ រួមមាន លោក ភាព ភារ៉ា មកពីស្ថាប័ន TSP 68 TV Online និងលោកផន សុភាព មកពី Battambang Post TV Online ត្រូវបានសាលាដំបូងខេត្តសៀមរាប​ផ្តន្ទាទោសកាល​ពីឆ្នាំ​មុនពីបទ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍​ដែលអាចធ្វើឱ្យអន្តរាយ​ដល់​​ការការពារ​ជាតិ​»។

កាលពីខែមិថុនា តុលាការកំពូលបានតម្កល់សាលដីកាផ្តន្ទាទោសនេះ ដែលត្រូវបាន​សមា​គម​​សារព័ត៌មាន​នៅកម្ពុជា និងអន្តរជាតិរាប់​សិប​ស្ថាប័នថ្កោលទោស ដោយចាត់ទុកថា​សេចក្តី​សម្រេច​នេះ​បានធ្វើឱ្យសេរីភាពសារព័ត៌មានកាន់តែរួមតូច​ជាពិសេស​ការរាយ​ការណ៍​​​ជុំវិញ​បរិបទ​ជម្លោះព្រំដែន។

នៅក្នុងលិខិតចំហនោះ សមាគម និងអង្គការទាំងនោះបានសរសេរថា៖​ «យើងខ្ញុំទាំងអស់គ្នា សូមស្នើសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មេត្តា​ស្នើ​​សុំព្រះមហាក្សត្រ លើកលែងទោសដល់​អ្នកសារព័ត៌មាន​​ទាំងពីររូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា»។

លិខិតនោះបន្តថា ការប្រោសព្រះរាជទានលើកលែងទោស នឹងអនុញ្ញាតឱ្យអ្នកទាំង​ពីរទទួល​បានសេរីភាព វិលត្រឡប់ទៅជួបជុំគ្រួសារ និងបន្តអាជីពជាអ្នកសារព័ត៌មានឡើងវិញ។

លិខិតដដែលក៏បានបញ្ជាក់ថា សំណុំរឿងនេះ គឺជាការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតមួយប្រឆាំង​នឹង​អ្នកសារ​ព័ត៌មាន​នៅកម្ពុជា ហើយបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេរីភាព​បញ្ចេញ​​មតិ សេរីភាពសារព័ត៌មាន និងការប្រើប្រាស់ច្បាប់សន្តិសុខជាតិប្រឆាំងនឹងអ្នកសារ​ព័ត៌​មាន។

អ្នកសារព័ត៌មានទាំងពីរ ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធ​ដ៏បង្ហូរឈាម​នៅ​តាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដាឆ្នាំមុន។ ពួកគេបានថតរូប Selfie ជាមួយកងទ័ព​កម្ពុជា ហើយក្នុងនោះមានរូបភាពមួយមានថតជាប់គ្រាប់មីននៅខាងក្រោយ។

ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយថៃបានយករូបភាពនោះទៅផ្សព្វផ្សាយព្រោងព្រាត ដោយភ្ជាប់​ជា​​មួយការអះអាងរបស់ភាគីថៃថា កម្ពុជាបានដាក់គ្រាប់មីនថ្មីតាមព្រំដែន បណ្តាល​ឱ្យទាហាន​ថៃ​រងរបួស។ ទោះជាយ៉ាងណា កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការថា មិនបានដាក់​គ្រាប់មីន​ថ្មី​​ក្នុងអំឡុងពេលជម្លោះនោះឡើយ។

ភរិយារបស់លោក ផន សុភាព គឺអ្នកស្រី ហុង ថា បានស្វាគមន៍ចំពោះការស្នើសុំ​ព្រះរាជទាន​លើក​លែងទោសនេះ ដោយបញ្ជាក់ថា ស្វាមីរបស់អ្នកស្រីគ្មានកំហុស និងសង្ឃឹមថា លិខិត​នេះ​នឹងជួយប្តីអ្នកស្រីឲ្យត្រូវបានដោះលែងក្នុងពេលឆាប់ៗ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយសូមអំពាវនាវដល់សម្តេច ហ៊ុន ម៉ាណែត មេត្តាលើកលែងទោសឱ្យប្តីខ្ញុំផង។ គាត់មិនមានចេតនាប្រព្រឹត្តបទល្មើស​ផ្តល់​ព័ត៌​មាន​​ដល់រដ្ឋបរទេសឡើយ»។

ចាប់តាំងពីស្វាមីជាប់ពន្ធនាគារ អ្នកស្រីត្រូវរ៉ាប់រងការចិញ្ចឹមកូនបីនាក់ ដែលមានអាយុ ៣ ឆ្នាំ ១៨ ឆ្នាំ និង ២៣ ឆ្នាំ ព្រមទាំងត្រូវបង់សងកម្ចីធនាគារប្រមាណ ៤០០ដុល្លារក្នុងមួយខែ។

អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្នអ្នកស្រីរកចំណូលបានតិចតួចពីការលក់ផ្លែឈើនៅក្នុងភូមិ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

កូនស្រីច្បងរបស់អ្នកស្រី បានបោះបង់ការសិក្សាឆ្នាំទី២នៅសាកលវិទ្យាល័យ ហើយបច្ចុប្បន្ន​កំពុងធ្វើការនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ ដើម្បីជួយផ្គត់ផ្គង់គ្រួសារ។

ដោយឡែក ភរិយារបស់លោក ភាព ភារ៉ា គឺអ្នកស្រី អោម សារ៉ាត់ បានអះអាងថា ស្វាមីរ​បស់​អ្នក​​ស្រីក៏គ្មានកំហុសដែរ។​ អ្នកស្រីបាននិយាយថា៖ «១៤ឆ្នាំក្នុងពន្ធនាគារ គឺជារយៈពេលយូរ​ណាស់​។ គាត់មិនបានប្រព្រឹត្តអំពើដូចដែលគេចោទថាក្បត់ជាតិទេ ព្រោះគាត់គ្រាន់​តែចូល​រួម​ទៅចែកអំណោយប៉ុណ្ណោះ»។

អ្នកស្រី សារ៉ាត់ និងលោក ភារ៉ា មានកូនស្រីពីរនាក់ អាយុ ២១ខែ និង ៩ឆ្នាំ ហើយបច្ចុប្បន្ន​អ្នកស្រី​ក៏ត្រូវរ៉ាប់រងការសងបំណុលធនាគារចំនួន ៣០ម៉ឺនរៀល ឬប្រមាណ ៧៥ ដុល្លារផង​ដែរ។​

លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ដែល​ជា​សមាគម​មួយក្នុងចំណោមអង្គការទាំង១៦ ដែលបានដាក់លិខិតចំហ បានមាន​ប្រសាសន៍​ថា៖ «យើងគ្រប់គ្នាដឹងពីតួនាទីរបស់នាយករដ្ឋមន្ត្រី ក្នុងការថ្វាយសំណើសុំព្រះរាជទាន​លើក​លែង​ទោស​ពីព្រះមហាក្សត្រសម្រាប់អ្នកសារព័ត៌មានទាំងពីររូប»។

លោកបានបន្ថែមថា៖ «យើងត្រូវការប្រព័ន្ធផ្សព្វផ្សាយ ហើយក៏ត្រូវការឱ្យប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​លាតត្រដាង​បញ្ហា​ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់រដ្ឋាភិបាល ទោះបីជានាំឱ្យមាន​ការ​រិះ​គន់ក៏ដោយ»។ លោកបានសង្កត់ធ្ងន់ថា ការផ្តន្ទាទោសលោក ផន សុភាព និងលោក ភាព ភារ៉ា ឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ គឺ «អយុត្តិធម៌ណាស់»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបង្វែរសំណួរទៅ​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី គឺ លោក មាស សុភ័ណ្ឌ វិញ ប៉ុន្តែលោក មាស សុភ័ណ្ឌ មិនអាចទាក់ទង​សុំការ​អត្ថាធិ​ប្បាយបានទេ។

មនុស្សជាង ៣០នាក់ រួមមាន ឥស្សរជនគណបក្សប្រឆាំង សកម្មជន និងអ្នកសារព័ត៌មាន ត្រូវបានចាប់ខ្លួនចន្លោះពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការបង្ហោះ​សារ​នៅលើបណ្តាញសង្គមពីការប៉ះទង្គិចតាមព្រំដែនកម្ពុជា ថៃ ដែលបានផ្ទុះឡើងកាល​ពី​ខែកក្កដា ហើយបានផ្ទុះជាថ្មីម្តងទៀតនៅខែធ្នូ មុនពេលភាគីទាំងពីរសម្រេច​បាននូវបទឈប់​បាញ់។

កាលពីឆ្នាំមុន កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមាន​ការអនុវត្តនីតិរដ្ឋទាប​ជាងគេនៅ​លើ​ពិភពលោក ហើយជាប់ចំណាត់ថ្នាក់លេខ ១៦១ ក្នុងចំណោម ១៨១ប្រទេស នៅក្នុង​សន្ទស្សន៍​សេរីភាពសារព័ត៌មានឆ្នាំ២០២៥។ ទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បាន​រិះគន់​ជា​បន្តបន្ទាប់ចំពោះរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ដោយ​ចាត់ទុកថា​របាយការណ៍​​ទាំងនោះ​​មានភាពលម្អៀង៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Press Groups Submit Letter to PM, Seek Royal Pardon for Two Journos with Treason Conviction

ព័ត៌មានថ្មី

អត្ថបទពេញនិយម