សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យមាន​គោលការណ៍​​ណែនាំ​​ច្បាស់លាស់សម្រាប់ការប្រើប្រាស់បញ្ញាសិ​ប្បនិម្មិត​ AI នៅតាមគ្រឹះស្ថានឧត្តមសិក្សា

រូបតំណាងបញ្ញាសិប្បនិម្មិត (AI) បង្ហាញ​ជាជម្រើស​សម្រាប់​អ្នកប្រើប្រាស់ កម្មវិធី Canva ដែលជាឧបករណ៍សម្រាប់រចនាក្រាហ្វិក។
រូបតំណាងបញ្ញាសិប្បនិម្មិត (AI) បង្ហាញ​ជាជម្រើស​សម្រាប់​អ្នកប្រើប្រាស់ កម្មវិធី Canva ដែលជាឧបករណ៍សម្រាប់រចនាក្រាហ្វិក។

កាល​ពី​ថ្ងៃសុក្រ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យសាកលវិទ្យាល័យនានានៅកម្ពុជាកំណត់គោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជា​ជាង​ធ្វើ​ការហាមឃាត់ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ព្រមទាំងបានព្រមានថា និស្សិតដែលពឹងផ្អែក​ទាំងស្រុងលើ AI នឹងក្លាយជាអ្នកបញ្ចប់ការសិក្សាដែល «ទទេស្អាត»។ 

ថ្លែងក្នុងពិធីចែក​សញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ហ៊ុន ម៉ាណែត បានមានប្រ​សាសន៍ថា សាកលវិទ្យាល័យនានានៅជុំវិញពិភពលោកកំពុងធ្វើទំនើបកម្ម កម្មវិធីសិក្សា ដើម្បីលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែង ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការស្រាវជ្រាវ ការបង្កើតថ្មី និងការអប់រំផ្នែកឌីជីថល និងបច្ចេកវិទ្យា។

នៅក្នុងបរិបទនោះ លោកបានមានប្រសាសន៍ថា កម្ពុជាក៏ត្រូវធ្វើទំនើបកម្ម កម្មវិធីសិក្សាផងដែរ ដើម្បីធានាថា និស្សិត​បញ្ចប់ការសិក្សាអាចប្រកួតប្រជែងបាននៅក្នុងទីផ្សារការងារទាំងក្នុងប្រ​ទេស និងអន្តរជាតិ ខណៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវរបៀប ដែលមនុស្សធ្វើការ រៀនសូត្រ និងរបៀប​រស់នៅ។

ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា សិស្ស និងគ្រូបង្រៀនមិនគួរពឹងផ្អែកខ្លាំងពេកលើបច្ចេកវិទ្យា AI នោះទេ។ ផ្ទុយទៅវិញ ពួកគេគួរតែប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីពន្លឿនការ​ស្វែងរកព័ត៌មាន ស្របពេលរក្សាឱ្យ​បាននូវសមត្ថភាពផ្ទាល់ខ្លួនក្នុងការគិតបែបស៊ីជម្រៅ​ និង​ការដោះស្រាយបញ្ហា។

លោកមាន​ប្រសាសន៍ថា៖ «ការបណ្តុះបណ្តាល ដែលប្រើប្រាស់បច្ចេកវិទ្យា គឺត្រូវតែប្រើប្រាស់​វា ប៉ុន្តែមិនត្រូវពឹងផ្អែកលើវាទាំងស្រុងនោះទេ។ ហេតុនេះហើយ ដំណើរ​ការ​ គោលនយោ​បាយ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានអប់រំ ត្រូវតែឆ្លើយតបទៅនឹងបេសកកម្មនេះ»។ 

បើ​តាមការ​លើកឡើង​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ សិស្សមួយចំនួនមិនសូវយកចិត្តទុកដាក់លើគ្រូបង្រៀនទេ ហើយបែរជាប្រើប្រាស់ឧបករណ៍ AI ដើម្បីសង្ខេបមេរៀនជំនួសឱ្យការកសាងការ​យល់ដឹងដោយខ្លួនឯង។ 

លោកបានថ្លែងថា៖ «ការអប់រំមិនអាចផ្តោតតែទៅលើការទទួលបានសញ្ញាបត្រនោះទេ​។ វាត្រូវតែផ្តោតជាចម្បងទៅលើការបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាពក្នុងការគិត វិភាគ អនុវត្ត និងដោះស្រាយបញ្ហា ទាំងក្នុងនាមជាបុគ្គល និងជាក្រុម»។

ដោយសំដៅទៅលើសមត្ថភាពគិត លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ បើមិនដូច្នោះទេ យើងប្រហែលជាគិតថា យើងមានសមត្ថភាព ប៉ុន្តែតាមពិតយើង «ទទេស្អាត»។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ រដ្ឋាភិបាលមិនមានបំណងហាមឃាត់ការប្រើប្រាស់ AI ទេ។

លោកស្រី រ៉ូឌីអូណូវ៉ា ណាតាលី (Rodionova Nataly) ដៃគូគ្រប់គ្រងនៃសាលា​ IT Academy Step Cambodia ដែលបានបម្រើការក្នុងវិស័យអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) នៅកម្ពុជារយៈពេល ១១ ឆ្នាំមកហើយនោះ ក៏បានគាំទ្រផងដែរចំពោះការអំពាវនាវឱ្យមានគោលការណ៍ណែនាំច្បាស់លាស់ជាងមុន។

លោកស្រីបានលើកឡើងថា ការស្ទង់មតិមួយ ដែលធ្វើឡើងដោយស្ថាប័ន​របស់លោកស្រីក្នុងចំ​ណោមសិស្សានុសិស្សនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង បានរកឃើញថា ៨៣% ប្រើប្រាស់ ChatGPT ជាប្រចាំ ខណៈសិស្សម្នាក់ក្នុងចំណោមបីនាក់ប្រើប្រាស់ AI ជារៀង​រាល់ថ្ងៃនិង​ជាចម្បងសម្រាប់ការសិក្សា និងការស្រាវជ្រាវ។

ទោះបី​ជាយ៉ាងណាក៏ដោយ លោកស្រីមាន​ប្រសាសន៍ថា សិស្សជាច្រើនមិនយល់ពីរបៀបដែល AI ដំណើរការ ដែនកំណត់របស់វា ឬរបៀបប្រើប្រាស់វាឱ្យបានត្រឹមត្រូវនោះទេ។ លោក​ស្រី​ក៏បានលើកឡើងពីការព្រួយបារម្ភអំពីភាពត្រឹមត្រូវនៃ AI ជាភាសាខ្មែរ ដោយនិយាយថា ទិន្នន័យមានកម្រិត ឬគុណភាពអន់អាចនាំឱ្យមានកំហុស និងការយល់ច្រឡំ​កាន់តែច្រើន។

លោកស្រី​មាន​ប្រសាសសន៍ថា៖ «AI គឺជាឧបករណ៍ដ៏មានឥទ្ធិពល ប៉ុន្តែសម្រា​ប់​តែអ្នកដែលអាចវាយតម្លៃបានត្រឹមត្រូវលើអ្វីដែលវាបង្កើតឡើងប៉ុណ្ណោះ។ ការធ្វើបែបនេះទាមទារឱ្យអ្នកមានចំណេះដឹងផ្ទាល់ខ្លួន​លើប្រធានបទនោះ និងមានសមត្ថភាពក្នុងការគិតបែបស៊ីជម្រៅ​»។

លោកស្រីបន្តថា៖ «នៅពេលសិស្សប្រើប្រាស់ AI ដើម្បីស្វែងរកគំនិតថ្មីៗ សិក្សាស្វែងយល់ និងសាកល្បងគំនិតផ្សេងៗ វាជារឿងដ៏ល្អប្រសើរ ដរាប​ណា​ពួកគេយល់ដឹងអំពីហានិភ័យ ចេះគ្រប់​គ្រងការប្រើប្រាស់ និងមិនគ្រាន់តែចម្លងយកចម្លើយដែលពួកគេមិនយល់នោះទេ»។

សិស្សម្នាក់ប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) សម្រាប់ស្វ័យសិក្សានៅផ្ទះក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា / ព្រីង សំរាំង)
សិស្សម្នាក់ប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) សម្រាប់ស្វ័យសិក្សានៅផ្ទះក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា / ព្រីង សំរាំង)

លោក កែ មុនធិត ជាគ្រូបង្រៀន​ផ្នែកសារព័ត៌មាននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់សារព័ត៌មានខេមបូចា​ថា សម្រាប់​និស្សិតផ្នែកសារព័ត៌មាន បច្ចេកវិទ្យា AI អាចត្រូវបានប្រើប្រាស់ ដើម្បីជួយដល់ការស្រាវ​ជ្រាវ ការស្វែងរកព័ត៌មានសាវតា​ ការបំប្លែងសំឡេងសម្ភាសន៍ទៅជាអត្ថបទ និងការបកប្រែសេចក្តីថ្លែងការណ៍នានា។

ទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវពឹងផ្អែកលើការគិតរបស់ខ្លួនឯង ដើម្បីដំណើរការ និងវិភាគព័ត៌មាននៅពេលសរសេររឿង។

ប៉ុន្តែលោក មុនធិត បានបន្ថែមថា ក្នុងករណីខ្លះ សិស្សក៏បានប្រើប្រាស់ AI ដើម្បីសរសេររឿងផង​ដែរ ហើយចំពោះករណីបែបនេះ លោកបានតម្រូវឱ្យពួកគេដាក់ជូននូវសេចក្តីព្រាងដំបូង ហើយ​​ក្នុងករណីខ្លះទៀត ភាពអាច​ជឿជាក់បាន​របស់សិស្សក៏ត្រូវបានប៉ះពាល់ផងដែរ។

លោកបានមាន​ប្រសាសន៍ថា៖ «ខ្ញុំត្រូវតែបញ្ជាក់ថា នេះមិនមែនជាករណីនៃការលួចបន្លំនោះទេ​។ វាពុំអាចចាត់ទុកថា ជាការលួចបន្លំនោះទេ​ ដោយសារយើងមិនទាន់មានគោលការណ៍ណែ​នាំជាផ្លូវការណាមួយស្តីពីការប្រើប្រាស់ AI នៅឡើយទេ»។ លោកបានបន្ថែមថា DMCរំពឹង​ថា នឹងដាក់ចេញនូវគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ AI នៅដើមឆ្នាំក្រោយ។

ទោះបីជាមានរឿង​នេះកើតឡើងក៏ដោយ ក៏លោក មុនធិត​ បានលើកឡើងថា ការហាមឃាត់ទាំង​ស្រុង គឺជារឿងមិនអាចទៅរួចទេ ដោយសារពួកគេអាចប្រើប្រាស់ស្មាតហ្វូន និងអ៊ីនធឺណិត​​បាន។

លោក អ៊ឹង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់​ប្រព័ន្ធផ្សព្វផ្សាយ ​និង​សារគមនាគមន៍​បានប្រាប់សារព័ត៌មានខេមបូចា​ថា DMC បានព្រាងគោលនយោបាយ AI របស់ខ្លួនកាល​ពី​ដើមឆ្នាំ២០២៦ ហើយគ្រោង​​នឹងអនុវត្តជាផ្លូវការនៅដើមឆ្នាំ២០២៧​ ដើម្បីណែនាំសិស្ស សាស្ត្រាចារ្យ និងបុគ្គលិកអំពីការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រម​សីលធម៌ និងប្រកប​ដោយ​ការទទួលខុសត្រូវ។

លោកស្រី ណាតាលី​ បានបន្ថែមថា កម្ពុជាអាចទាញយកការណែនាំជាអន្តរជាតិពីអង្គការយូណេស្កូ​ (UNESCO) សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅពេលរៀបចំគោលការណ៍ណែនាំស្តីពី AI សម្រាប់សាលារៀន និងសាកលវិទ្យាល័យ ដោយកែសម្រួលគោលការណ៍ទាំងនោះឱ្យស្របទៅនឹងបរិបទក្នុងស្រុក។

លោក​ស្រី​ក៏បានស្នើឱ្យបង្កើតក្របខណ្ឌថ្នាក់ជាតិសម្រាប់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យអប់រំផងដែរ។

ទន្ទឹមនឹងនេះ លោក​ស្រី ណាតាលី​ បានបន្ថែមថា កម្ពុជាគួរតែផ្តល់អាទិភាពដល់អក្ខរកម្ម​ផ្នែក​ឌី​ជី​ថល និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំង​សុវត្ថិភាពអ៊ីនធឺណិត នៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្សថ្នាក់វិទ្យាល័យ ខណៈ​ការបណ្តុះបណ្តាលគ្រូបង្រៀនគួរ​​តែ​ជាជំហានដំបូង ព្រម​ជា​មួយនឹង​ក្រុមចែករំលែកចំណេះដឹង និងគោលការណ៍​ណែនាំសម្រាប់ការ​អនុវត្តជាក់ស្តែង។

លោកស្រីបាន​បន្ថែម​ថា៖ «បច្ចុប្បន្ននេះ យើងកំពុងរស់នៅក្នុងដំណាក់កាលដ៏គួរឱ្យ​ចាប់​អារម្មណ៍មួយ ពេល​ដែលបច្ចេកវិទ្យាវិវត្តទៅមុខលឿនជាងកម្មវិធីសិក្សាណាៗទាំងអស់នោះ​ ដូច្នេះការមានគំនិតចង់រៀនសូត្រពេញមួយជីវិត គឺលែង​ជាជម្រើសទៀត​ហើយ​។ ខ្ញុំជឿជាក់​ថា បច្ចេកវិទ្យា AI អាចផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេង ប៉ុន្តែក៏បង្កហានិភ័យផងដែរ ហើយមានតែ​យើងយល់ច្បាស់អំពីរបៀប ពេលវេលា និងមូលហេតុនៃការដំណើរការរបស់វាប៉ុណ្ណោះ ទើបយើងអាចទទួលបានជោគជ័យ »៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម