កម្ពុជាបានជាប់ក្នុងកំណត់ត្រាល្អជាងមុនគិតត្រឹមពេលដែលរបាយការណ៍ការស្ទង់មតិបើកចំហ(OBS)បានចេញផ្សាយ ដោយកម្ពុជាបានពិន្ទុ៥៤លើ១០០ សម្រាប់តម្លាភាពថវិកា ខណៈកាលពីឆ្នាំ២០២៣កម្ពុជាបានពិន្ទុ៤៣ ហើយពិន្ទុរបស់កម្ពុជាពេលនេះក៏ខ្ពស់ជាងមធ្យមភាគសកលដែលកំណត់ត្រឹម៤៥ផងដែរ។
ការបានពិន្ទុកាន់តែល្អនេះបង្ហាញពីភាពល្អប្រសើរកាន់តែច្រើនរបស់កម្ពុជាក្នុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយកាលពីឆ្នាំ២០១៥ពិន្ទុទាក់ទងនឹងតម្លាភាពថវិការបស់កម្ពុជាមានត្រឹមប្រាំបី ហើយបន្តកើនឡើងរហូតដល់៥៤ក្នុងឆ្នាំ២០២៥។ ប៉ុន្តែភាពល្អប្រសើរនេះក៏នៅមានកម្រិតទាក់ទងនឹងការចូលរួមចំណែកពីសារធារណជន និងអង្គការសង្គមស៊ីវិលលើការសម្រេចចិត្តលើកញ្ចប់ថវិកាទាំងនោះ។
ការស្ទង់មតិនេះធ្វើឡើងលើប្រទេសប្រហែល១០០ ដោយផ្ដោតលើចំណុចសំខាន់ៗចំនួនបី គឺតម្លាភាពថវិកា ការចូលរួមជាសាធារណៈ និងការតាមដានលើការចាត់ចែងថវិកា។ ខណៈដែលពិន្ទុតម្លាភាពថវិការបស់កម្ពុជាបានកើនដល់៥៤លើ១០០ពិន្ទុនៃការចូលរួមជាសាធារណៈនៅត្រឹមពីរ ដែលនេះបង្ហាញពីគម្លាតរវាងការទទួលបានព័ត៌មានអំពីថវិកាជាតិ និងលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមលើការសម្រេចចិត្តក្នុងដំណើរការរៀបចំថវិកា។
អង្គការ NGO Forum និងអង្គការភាពជាដៃគូថវិកាអន្តរជាតិបានរៀបចំកិច្ចពិភាក្សាលើរបាយការណ៍ការស្ទង់មតិបើកចំហ(OBS)នៅថ្ងៃអង្គារ និងបានជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចូលរួមជាសាធារណៈនៅក្នុងដំណើរការរៀបចំថវិកា រួមទាំងការពង្រីកការចំណាយទៅកាន់ថ្នាក់ក្រោមជាតិ។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការ NGO Forum មានប្រសាសន៍ថា៖ «[យើង]ជំរុញឲ្យរដ្ឋាភិបាលបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋចូលរួមក្នុងដំណើរការថវិកាជាតិ រួមទាំងថ្នាក់ក្រោមជាតិផងដែរ»។
អ្នកស្រី អ៊ូ ចិន្តា អ្នកឯកទេសជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យល់ឃើញថាពិន្ទុទាក់ទងនឹងការចូលរួមរបស់សាធារណជនគឺ«នៅទាប» សម្រាប់កម្ពុជា និងនៅបណ្ដាប្រទេសផ្សេងផងដែរ។
អ្នកស្រីមានប្រសាសន៍ក្នុងកិច្ចពិភាក្សាថា៖ «បច្ចុប្បន្ន យើងមិនទាន់មានវិធានការជាក់លាក់ក្នុងការអនុញ្ញាតឲ្យមានការចូលរួមជាសាធារណៈលើដំណើរការថវិកានេះនៅឡើយ ប៉ុន្តែថ្នាក់គ្រប់គ្រងនឹងពិចារណាលើរឿងនេះទៅថ្ងៃអនាគត»។
អ្នកស្រីបញ្ជាក់ទៀតថា៖ «យ៉ាងណា ប្រជាពលរដ្ឋបានចូលរួមក្នុងវេទិកាសាធារណៈស្ដីពីថវិកា ពេលដែលបញ្ហាម៉ាក្រូសេដ្ឋកិច្ចត្រូវបានលើកយកមកពិភាគ្សា និងច្បាប់ថវិកាក៏ត្រូវបានផ្សព្វផ្សាយនៅពេលដាក់ឲ្យប្រើប្រាស់»។
លោកស្រី រស់ ឆវីវណ្ណ នាយិកាប្រតិបត្តិរបស់អង្គការក្រុមទ្រទ្រង់ភូមិ(VSG) ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានលើកឡើងថា សាធារណជនគួរតែទទួលបានឱកាសច្រើនក្នុងការចូលរួមក្នុងដំណើរការរៀបចំថវិកាជាតិ ព្រោះថាការចំណាយរបស់រដ្ឋាភិបាលគឺប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកស្រីបន្តថា៖ «ពេលដែលសាធារណជនមិនអាចចូលរួមក្នុងដំណើរការរៀបចំថវិកា វាប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងលទ្ធភាពក្នុងការសម្រេចចិត្តរបស់ពួកគាត់។ ប្រជាពលរដ្ឋមានសិទ្ធិដឹងអំពីថវិកាជាតិ ព្រោះថាពួកគាត់ជាអ្នកបង់ពន្ធ និងចង់ដឹងពីរបៀបដែលរដ្ឋចំណាយថវិកាសាធារណៈ»។
លោកស្រីបញ្ជាក់ថា កន្លងមកមានកម្មវិធីអភិវឌ្ឍន៍មួយចំនួនមិនបានរៀបចំឲ្យចំតម្រូវការជាក់ស្ដែងរបស់សហគមន៍។
លោកស្រីបន្តថា៖ «តម្លាភាពថវិកានៅថ្នាក់ឃុំនៅតែស្ថិតក្នុង[ភាពមិនច្បាស់លាស់] ព្រោះថាដំណើរការមិនបានរៀបចំឲ្យបានស៊ីជម្រៅ។ មានតែក្រុមប្រឹក្សាឃុំ និងអ្នកភូមិខ្លះបានចូលរួមក្នុងដំណើរការនេះ»។
លោកស្រី Laura Castillo Cabral មន្ត្រីកម្មវិធីនៃអង្គការភាពជាដៃគូថវិកាអន្តរជាតិ ឱ្យដឹងដែរថាយន្តការគួរតែត្រូវបានបើកចំហ និងមិនរឹតត្បិតចំពោះអ្នកណាម្នាក់ដែលចង់ចូលរួមក្នុងដំណើរការរៀបចំថវិកា។
លោកស្រីបន្ថែមថា៖ «សាធារណជនគួរតែបានទទួលដំណឹងជាមុនទាក់ទងនឹងទំហំនៃកញ្ចប់ថវិកា តើនឹងត្រូវពិភាក្សាលើអ្វីខ្លះ និងលទ្ធផលរំពឹងទុកពីការចូលរួម»។
លោកស្រីបន្តថា របាយការណ៍ OBS ឆ្នាំ២០២៥ បានសិក្សាលើប្រទេសចំនួន១៨នៅអាស៊ី ក្នុងនោះមានប្រាំបួនមកពីអាស៊ីខាងកើត និងប៉ាស៊ីហ្វិក រួមមានកម្ពុជា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន ថៃ វៀតណាម និងប៉ាពូញ៉ូហ្គីណេ។
គិតជាមធ្យមពិន្ទុសម្រាប់ប្រទេសនៅអាស៊ីមាន៤៩លើ១០០សម្រាប់តម្លាភាពថវិកាជាតិ និង១៨សម្រាប់ការចូលរួមពីសាធារណជន និង៥២លើការតាមដានការចាត់ចែងថវិកាជាតិ។
ជាសកល តាម្លាភាពថវិកាមានភាពល្អប្រសើរឡើងគួរឲ្យកត់សម្គាល់តាំងពីឆ្នាំ២០០៨ ដោយគិតពិន្ទុជាមធ្យមកើនឡើង១៩ពិន្ទុ។ ស្ទើរតែគ្រប់តំបន់លើផ្នែកតម្លាភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ខណៈពិន្ទុលើការចូលរួមពីសាធារណជនក៏បានកើនឡើងដែរ។
ក្នុងចំណោមប្រទេសដែលអាចប្រៀបធៀបគ្នាបានចំនួន៦៦ដែលបានយកមកសិក្សាតាំងពីឆ្នាំ២០០៨ ប្រទេសប្រហែលពីរភាគបីបានទទួលភាពល្អប្រសើរចំពោះពិន្ទុផ្នែកតម្លាភាពថវិកា ខណៈ១២ប្រទេសបានទទួលពិន្ទុកើនឡើងទ្វេដង។
លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច មានប្រសាសន៍ថា រដ្ឋាភិបាលបានបោះជំហានរួចជាស្រេចក្នុងការផ្សព្វផ្សាយព័ត៌មានអំពីដំណើរការថវិកាដល់សាធារណជនតាមរយៈតារាងប្រកាសព័ត៌មាន ដែលនេះគឺជាការធ្វើឲ្យកាន់តែមានតម្លាភាពផ្នែកថវិកា និងការចូលរួមពីប្រជាពលរដ្ឋ។
លោកបន្តថា៖ «រដ្ឋាភិបាលបានធ្វើរឿងនេះ យើងមិនខ្វល់ថាយើងបានពិន្ទុឬអត់ទេ ព្រោះយើងបានយកចិត្តទុកដាក់លើឃុំ-សង្កាត់របស់យើង។ ឃុំ-សង្កាត់ខ្លះក៏ត្រូវបានបង្កើនថវិកាផងដែរ»។
សាធារជនតែងតែជួបបញ្ហារឹតត្បិតក្នុងការចូលរួមក្នុងដំណើរការថវិកា រួមទាំងការសម្រេចចិត្តផងដែរ។
កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងពីភាពមិនប្រក្រតីលើមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់នៅទូទាំងប្រទេស ដោយលោកបានហៅអំពើនេះថា៖ «ជាការគុបគិតជាប្រព័ន្ធ និងការប្រើប្រាស់ថវិកាឃុំ-សង្កាត់មិនត្រឹមត្រូវ»៕










