សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មានអនឡាញ៤នាក់ ពីបទហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេកាលពីថ្ងៃទី៣ ខែតុលា។
សមត្ថកិច្ចបានបញ្ជូនអ្នកសារព័ត៌មាន៤នាក់ ទៅសួរនាំនៅតុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែតុលានេះ ពាក់ព័ន្ធករណីហិង្សានៅក្រុងប៉ោយប៉ែត ស្របពេលពួកគេកំពុងតាមព័ត៌មានជួញដូរទំនិញពីប្រទេសថៃ។ នេះបើតាមសាច់ញាតិអ្នកកាសែត។
លោក សំរិទ្ធ សុខុន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានខេមបូចា នៅថ្ងៃទី៧ ខែតុលាថា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មានទាំង៤រូបកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
លោក សំរិទ្ធ សុខុន បានថ្លែងថា៖ «រឿងហ្នឹងអយ្យការបញ្ជូនដល់ចៅក្រមហើយតើ ផុតដៃអយ្យការហើយ[…]ហិង្សាស្ថានទម្ងន់ទោសដោយសារគ្នាចាប់ពីពីរនាក់ឡើងទៅ[…]ប៉ុន្តែសម្រេចឃុំមិនឃុំអត់ទាន់ដឹងទេព្រោះនៅដៃខាងចៅក្រម»។
ភរិយាអ្នកសារព័ត៌មាន លោក មុំ ខាន់ដា ដែលត្រូវបានឃាត់ខ្លួនគឺអ្នកស្រី ថង រ័ត្ននា ប្រាប់សារព័ត៌មានខេមបូចា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ស្វាមីគាត់ និងអ្នកសារព័ត៌មានផ្សេងទៀត បានទៅចាំយកព័ត៌មានមួយពីការជួញដូរទំនិញពីប្រទេសថៃ កាលពីយប់ថ្ងៃទី៣ ខែតុលា និងបាននិយាយជាមួយក្រុមការងារពីរឿងទំនិញថៃនេះ ហើយអ្នកនៅក្បែរនោះស្ដាប់លឺ និងបានទាស់សម្ដីជាមួយប្ដីគាត់ពីរឿងទំនិញថៃនេះ។ អ្នកស្រី ថង រ័ត្ននា បន្តថា ក្រោយមកមានរយន្តមួយគ្រឿងទៀតជិះសំដៅទៅពួកគេ និងបបួលទៅកន្លែងស្ងាត់ ហើយប្រើហិង្សាដាក់ប្ដីគាត់។
អ្នកស្រី រ័ត្ននា ចោទនគរបាលរដ្ឋបាលផ្សារកណ្តាលថា មានភាពលំអៀងចំពោះករណីប្ដីគាត់ ព្រោះនគរបាលមិនទទួលបណ្ដឹងពីគាត់ តែបែរជាទទួលបណ្ដឹងពីភាគីមួយទៀតទៅវិញ។
អ្នកស្រី ថង រ័ត្ននា លើកឡើងថា៖ «អ្នកសារព័ត៌មានអ្នកហៅប៉ូលិសទៅមុន ហេតុអីមិនទទួលពាក្យបណ្ដឹងរបស់អ្នកសារព័ត៌មានយើងទាក់ទងនឹងការប្រើប្រាស់ហិង្សាមកលើអ្នកសារព័ត៌មាន។ ដល់ពេលយើងថាដាក់ពាក្យបណ្ដឹង គាត់(ប៉ូលិស)ថាមិនបាច់ទេ ចាំព្រឹកយើងនិយាយគ្នាទៅ[…]ពេលហ្នឹងខ្ញុំរត់ទៅអធិការទៀត ខ្ទង់ម៉ោង៣(ទៀបភ្លឺ) ទៅដល់គេអត់ទទួលទៀត»។
ស្រ្តីដែលមានកូនអាយុ៥ខែរូបនេះប្រាប់ថា នៅព្រឹកថ្ងៃទី៥ ខែតុលានេះ សមត្ថកិច្ចបានបញ្ជូនប្ដីគាត់ និងអ្នកសារព័ត៌មាន៣រូបផ្សេងទៀតទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីសួរនាំ។
អ្នកស្រី ថង រ័ត្ននា ឱ្យដឹងទៀតថា៖ «ទាក់ទងនឹងបទចោទ ខ្ញុំលឺមកល្ហៀងៗថា គេប្ដឹងពីបទប៉នប៉ងមនុស្សឃាត»។ អ្នកស្រីបន្ថែមថាអ៊ីចឹង បើសិនជាប្ដឹងពីបទហ្នឹងមែន អ្នកស្រីយល់ថា ការចោទប្រកាន់ហ្នឹង វាធ្ងន់ធ្ងរណាស់។
ចំណែកឯភរិយារបស់លោក រុំ ឆៀវ គឺអ្នកស្រី គាំ រស្មី ប្រាប់ថា ស្វាមីគាត់មិនបានប្រព្រឹត្តអំពើហិង្សាឡើយ ព្រោះពេលកើតហេតុ លោក ឆៀវ គ្រាន់តែថតសកម្មភាពហិង្សា។
អ្នកស្រី គាំ រស្មី វ័៣៣ឆ្នាំ និយាយថា៖ «គេប្រតាយប្រតប់ហ្នឹង គាត់បានតែថតទេ ហើយដល់ពេលហើយចោទៗទាំងក្រុមតែម្ដង គាត់អត់បានចូលធ្វើអីទេ អត់បានទៅវាយគេ អត់បានអីទាំងអស់»។ ស្ត្រីដែលមានកូន៣នាក់ និងម្ដាយវ័យជាង១០០ឆ្នាំរូបនេះបន្ថែមថា៖ «ឱ្យតុលាការហ្នឹងឱ្យគាត់(លោក រុំ ឆៀវ)នៅក្រៅឃុំ។ មាននរណារកលុយរកកាក់ មេគ្រួសារតែគាត់ហ្នឹង មាននរណាចិញ្ចឹមគ្រួសារ»។
ចាងហ្វាងសារព័ត៌មានអនឡាញកំពង់សោមប៉ុស្តិ៍ (KSP TV Live) លោក ម៉ិច សុគន្ធ បានឱ្យដឹងថា ក្នុងចំណោមអ្នកសារព័ត៌មាន៤រូបដែលត្រូវបានឃាត់ខ្លួន មាន៣រូបជាបុគ្គលិករបស់លោករួមមាន លោក មុំ ខាន់ដា លោក មុំ វណ្ណា និងលោក ឆេង វ៉ាន់ឈឿន។ ចំណែកមួយរូបទៀត គឺលោក រុំ ឆៀវ ជាអ្នកសារព័ត៌មាន PS New។
លោក សុគន្ធ ប្រាប់ថា ក្រុមអ្នកសារព័ត៌មានទាំង៤រូបកំពុងតាមដានព័ត៌មានពាក់ព័ន្ធការនាំចូលទំនិញពីប្រទេសថៃ ស្របពេលមានករណីហិង្សានេះកើតឡើង។
លោក ម៉ិច សុគ មានប្រសាសន៍ថា៖ «សូមសំណូមពរដល់ព្រះរាជអាជ្ញា និងប្រធានតុលាការរបស់ខេត្តបន្ទាយមានជ័យ សូមមេត្តាយោគយល់អនុវត្តច្បាប់អាណិតដល់អ្នកសារព័ត៌មានដែលពួកគាត់សុខចិត្តយកពេលវេលាដ៏មានតម្លៃដើម្បីចុះយកផ្ដិតយករូបភាពផ្សេងៗដែលជាសកម្មភាពអសកម្មផ្សេងៗនៅក្នុងមូលដ្ឋាន សូមឱ្យគាត់យោគយល់ សូមឱ្យគាត់លើកលែងបទចោទ»។
បើតាមសាច់ញាតិអ្នកកាសែត បច្ចុប្បន្នអ្នកសារព័ត៌មានទាំង៤នាក់មិនទាន់មានមេធាវីការពារក្ដីនៅឡើយទេ។
លោក ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលបដិសេធការចោទប្រកាន់ថា លោកមិនទទួលបណ្ដឹងពីភាគីអ្នកសារព័ត៌មាន។
លោក ប្រិម សុផល មានប្រសាសន៍ថា៖ «អត់មានទេ ជាក់ស្ដែងគេតេមក ខ្ញុំអញ្ជើញមកទាំងសងខាង មកដើម្បីដោះស្រាយដើម្បីសម្រួលគ្នា។ ហើយដល់មកដល់ខាងភាគីរងគ្រោះ២នាក់ហ្នឹងក៏គេរៀបរាប់ទៅ ដាក់បណ្ដឹងថាយើងចូលវាយដល់ផ្ទះគេ ដល់អ៊ីចឹងខ្ញុំទទួលបណ្ដឹងគាត់ទៅ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់សារព័ត៌មានខេមបូចានៅថ្ងៃទី៥ ខែតុលាថា លោកពុំទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីរឿងអ្នកសារព័ត៌មានទាំង៤រូបនៅឡើយទេ។
លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា៖ «ខ្ញុំសហការយកអង្គហេតុប្រាកដពីអាជ្ញាធរខេត្ត លើករណីនេះ ដោយពុំទាន់ទទួលបានរបាយការណ៍ផ្លូវការណាមួយនៅឡើយ»។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ំ ច័ន្ទគា បានឱ្យដឹងនៅថ្ងៃទី៧ ខែតុលានេះថា សមាគមអាដហុកកំពុងតាមដានករណីរបស់អ្នកសារព័ត៌មានទាំង៤រូប។
លោក ស៊ំ ច័ន្ទគា ថ្លែងថា៖ «សមាគមនអាដហុកបានទទួលព័ត៌មាន កំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់»។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អ្នកស្រី ឆន សុគន្ធា បានថ្លែងថា អ្នកស្រីមិនទាន់ទទួលបានព័ត៌មានលម្អិតពីករណីនេះនៅឡើយទេ ដោយដឹងត្រឹមថាអ្នកសារព័ត៌មានទាំង៤រូបត្រូវបានបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ។
អ្នកស្រី ឆន សុគន្ធា លើកឡើងថា៖ «ខ្ញុំសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធគាត់នឹងធ្វើការដោយតម្លាភាព គណនេយ្យភាព ហើយនិងស្វែងរកយុត្តិធម៌សម្រាប់អ្នកសារព័ត៌មានទាំង៤រូប»។
របាយការណ៍ស្ដីពីស្ថានភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាករណីរំលោភបំពានអ្នកសារព័ត៌មានចំនួន ៦១ករណី ដែលប៉ះពាល់អ្នកសារព័ត៌មានចំនួន៥៧នាក់។ ករណីរំលោភបំពានអ្នកសារព័ត៌មាននេះបានថយចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានករណីរំលោភបំពានអ្នកសារព័ត៌មានចំនួន ៦៤ករណី។ ក៏ប៉ុន្តែរបាយការណ៍ដដែលកត់សម្គាល់ឃើញថា ក្នុងចំណោមករណីរំលោភបំពានអ្នកសារព័ត៌មានទាំង៦១ករណីនៅឆ្នាំ២០២៥ មាន៤៥ករណី ឬស្មើនឹង៧៤ភាគរយជាការគំរាមកំហែងផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន ខណៈឆ្នាំ២០២៤ មានតែ២៨ករណី ឬប្រមាណ៤៤ភាគរយ៕









