សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សមាគមអ្នកសារព័ត៌មាន​រកឃើញ​ករណីរំលោភបំពាន​លើអ្នក​​រាយការណ៍ព័ត៌មាន​​​១២​ករណី ខណៈ​​សេរីភាព​សារព័ត៌មាន​នៅ​តែ​រង​សម្ពាធ​

លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)
លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានរក​ឃើញ​ករណី​រំលោភបំពាន​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ចំនួន​១២​ករណី​នៅ​ក្នុង​ត្រីមាស​ទី​២​ ឆ្នាំ​២០២៦​ និង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​​បង្កើត​បរិយាកាស​ល្អ​សម្រាប់​អ្នក​សារព័ត៌មាន​។ តាម​រយៈ​តួលេខ​នេះបង្ហាញ​ថា ​ករណី​រំលោភបំពាន​​បាន​កើន​ឡើង​ប្រាំ​បួន​ភាគរយ បើ​ធៀប​ទៅ​នឹង​ត្រីមាសទី១ ឆ្នាំ​២០២៦ ដែល​មាន​១១ករណី​​​។​

ការ​គំរាម​កំហែង​តាម​ផ្លូវ​ច្បាប់ និង​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​គឺ​ជា​ការ​រំលោភ​បំពាន​មួយ​កើត​ច្រើន​ជាង​គេ​​ដែល​មាន​រហូត​ដល់​៣៣ភាគរយ នៃករណី​សរុប និង​តាម​ពីក្រោយ​ដោយ​ការបំពាន​ខាង​រាងកាយ​ និង​ផ្លូវ​ចិត្ត​ ដែល​មាន​អត្រា​​១៧​ភាគ​រយ​ដូច​គ្នា​។​

អ្នក​សារព័ត៌មាន​ចំនួន​បួន​រូប​​ធ្លាប់​​រង​ការ​គំរាម​កំហែង​ពី​សុវត្ថិភាព​ដោយ​ផ្ទាល់ រួម​មាន ​ការ​ចាប់​ឃុំ​ខ្លួន​រយៈពេល​ខ្លី និង​ការ​ចាប់​ខ្លួន​ក្រោយ​ចេញ​ផ្សាយ​អត្ថបទ​ព័ត៌មាន ឬ​បង្ហោះ​អត្ថបទ​លើ​បណ្ដាញ​សង្គម​។ អ្នក​សារព័ត៌មាន​ប្រាំ​បី​នាក់​ផ្សេង​ទៀត​ជួប​ហេតុ​ការណ៍​រំលោភបំពាន​នៅ​ពេល​ចុះ​យក​ព័ត៌មាន​នៅ​តាម​កម្មវិធី​មួយ​ចំនួ​ន​ និង​ការ​ចុះ​រាយការណ៍​ផ្ទាល់ ជា​ដើម​។ នេះ​បើ​តាម​របាយការណ៍​របស់​ខេមបូចា​។​

បើ​តាម​របាយការណ៍​ដដែល អ្នក​សារព័ត៌មាន​អនឡាញ «​ជា​និច្ចកាល​គឺជាក្រុម​គោល​ដៅ» ស្រប​ពេល«​ការ​តាម​ដាន​លើ​ប្រព័ន្ធ​អនឡាញ»​​មានការ​កើន​ឡើង​ និង​ការ​កើន​ឡើង​នៃហានិភ័យ​សម្រាប់​ការ​រាយការណ៍​ឯករាជ្យ​។ ករណី​ទាំង​នេះ​ផ្សារភ្ជាប់ទៅ​នឹង​សេចក្ដី​រាយការណ៍​ពី​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ អំពើ​ពុក​រលួយ សិទ្ធិ​មនុស្ស និង​បញ្ហា​បរិស្ថាន​។​

​ក្នុង​ចំណោម​អ្នក​ទាំង​នោះ អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​រូប​ គឺ​លោក ផន សុភាព និង​លោក ភាព ភារ៉ា ត្រូវ​បាន​តុលាការផ្ទន្ទាទោសជាប់​ពន្ធនាគារ​ចំនួន​១៤​ឆ្នាំ ​ពី​បទ​ក្បត់ជាតិ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍​ដែលអាចធ្វើឱ្យអន្តរាយ​ដល់​​ការការពារ​ជាតិ​»​។​

ក្នុង​ករណី​ផ្សេង​ទៀត​ អ្នក​សារព័ត៌មាន​ លោក ហែម វណ្ណា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីខែ​កុម្ភៈ ឆ្នាំ២០២៦ ក្រោយ​ពី​បាន​រាយការណ៍​ទី​តាំង​សង្ស័យ​ថាបាន​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​ក្នុងក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​។ លោក​ត្រូវ​បាន​រង​ការចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​បំពាន​ទី​តាំង​ឯកជន ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅឃុំ​កាល​ពី​ខែ​មេសា​។​

លោក ស៊ន សារ៉ាត ប្រធានគ្រប់គ្រង​ផ្នែក​ស្រាវជ្រាវ និង​តស៊ូមតិ​របស់​ខេមបូចា បានលើកឡើង​ថា រឿង​ក្ដី​ក្ដាំ​នៅ​តុលាការ ការរឹត្បិត ការគំរាមកំហែង និង​ការ​ភ័យ​ខ្លាច នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន និង​សុវត្ថិភាព​អ្នក​សារព័ត៌មាន ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ពិបាក​ក្នុង​ការ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ដោយមិន​មានក្ដីបារម្ភ​។​

លោក​បន្តថា៖ «យើង ជា​សមាគម​អ្នកសារព័ត៌មានដែលធ្វើ​ការ​លើក​កម្ពស់ និង​តស៊ូមតិ​សម្រាប់​​សេរីភាព​សារព័ត៌មាន នៅ​តែទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើត​បរិយាកាសល្អ​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើ​ការ​ដោយ​មិនមាន​ភាព​ភ័យខ្លាច និងគ្មានការ​គុំគួន និង​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិត​​ល្អន់​ពេល​អ្នក​សារព័ត៌មាន​ជួប​ការ​រំលោភបំពាន និង​នាំជន​ប្រព្រឹត្តល្មើស​ឲ្យ​ទទួល​ខុស​ត្រូវចំពោះ​​មុខ​ច្បាប់​»។​

លោក​បន្ថែមថា៖ «​យើង​ក៏​ទទូចឲ្យ​អាជ្ញាធរ​បង្កើត​យន្តការ​គាំទ្រ​ និង​មិន​រឹតត្បិត​សេរីភាព​សារព័ត៌មាន ជាពិសេស​តាមរយៈ​បទបញ្ញត្តិ​​ និង​គោល​នយោបាយ​ពាក់​ព័ន្ធនានា​»។​

លោក ស៊ន សារ៉ាត ឲ្យ​ដឹង​ដែរថា ​សមាគម​នៅ​តែបន្ត​ផ្ដល់​ការកសាងសមត្ថភាព ការយល់​ដឹង​​ដល់​អ្នក​សារព័ត៌មាន​អំពី​វិជ្ជាជីវៈ​និងក្រមសីលធម៌អ្នក​សារព័ត៌មាន ជា​ពិសេស​ផ្ដោត​លើ​ការ​ពង្រឹង​សមត្ថភាព​អ្នក​សារព័ត៌មាន​អនឡាញ​។​

​ចន្លោះ​​ខែ​កក្កដា ឆ្នាំ​២០២៥ និង​ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រី​គណបក្ស​ប្រឆាំង​ជាង​៣០​រូប សកម្មជន និង​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ផ្សាយ​សារ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គមទាក់ទង​នឹង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​។​

ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក ​កម្ពុជា​ជាប់ចំណាត់​ថ្នាក់​​១៦១លើ​១៨១ ប្រទេស ប៉ុន្តែ​រដ្ឋាភិបាល​បាន​ច្រានចោល​របាយការណ៍​នេះ​និង​ចាត់​ទុក​ថា​មាន​ភាព «លម្អៀង»​។​

អ្នក​នាំពាក្យ​ក្រ​សួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ បាន​ស្វាគមន៍​ចំពោះ​របាយការណ៍​របស់​សមាគម​អ្នក​សារព័ត៌មានដែលបានធ្វើ​ឡើង​ដោយ«​ផ្អែក​លើការ​វាយតម្លៃ​តាម​បែបវិទ្យាសាស្រ្ត ស្រាវជ្រាវ តម្លាភាព មាន​វិជ្ជាជីវៈ និង​មានគណនេយ្យ​ភាព» ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​សមាគមធានាថាការ​រក​ឃើញ​របស់​ខ្លួន «បាន​ធ្វើ​ការបញ្ជាក់​ត្រឹមត្រូវ មាន​តុល្យភាព និង​គាំទ្រ​ដោយ​ព័ត៌មាន​ច្បាស់លាស់»។​

លោក​បន្ថែម​ថា៖ «ក្រ​សួងព័ត៌មាន​រំឭក​ដល់​គ្រប់​ភាគីពាក់ព័ន្ធ​ឲ្យ​មានការ​ទទួល​ខុសត្រូវ​សម្រាប់​ខ្លឹមសារ និង​ផល​វិបាក​ដែល​អាច​កើតមាន​ដល់​សង្គម​ចំពោះ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​»​។​

លោក​ឲ្យ​ដឹងដែរថា ​ក្រសួង​បាន​ជួយ​សម្រប​សម្រួល​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ចំនួន​៤៩​ករណី ក្នុង​ចំណោម​បណ្ដឹង​លើ​អ្នក​សារព័ត៌មាន​ចំនួន​៥៨​ករណី​​ចន្លោះពី​ឆ្នាំ​២០២៥ ដល់​ខែ​សីហា ឆ្នាំ​២០២៦​។ លោក​បន្តថា ក្រសួងក៏​បាន​ជួយ​គាំពារ​ផ្នែក​ច្បាប់​ដល់អ្នក​សារព័ត៌មាន​ចំនួន​៦៩​រូប​ពី​ការចោទប្រកាន់​ខាង​ផ្លូវ​ច្បាប់ រួមមានទាំង​ការ​ជួយបង្ហាត់​បង្ហាញ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​២០​ករណី​ផង​ដែរ។​​

អ្នក​ស្រី ឆន សុគន្ធា នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា​ CCIM មាន​ប្រសាសន៍​ថា ​ក្នុង​នាមជា​ស្ថាប័ន​សារព័ត៌មាន​មួយ​ផ្ដោត​លើ​ការ​តាម​ដាន និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក៏បាន​មើល​​ឃើញ​ថា​អ្វី​ដែល​ខេមបូចា​បាន​រកឃើញ​គឺ​ជា​រឿង​ពិត​។​

អ្នកស្រី​ឲ្យ​ដឹងថា៖ «​ក្នុង​កំណត់​ត្រា​របស់​យើង​ក៏​បាន​បង្ហាញពី​បញ្ហា​លំបាក​នា​នា​ដែល​អ្នក​សារព័ត៌មាន​ និង​ពល​រដ្ឋ​អ្នក​សារព័ត៌មាន​បាន​ជួប​ប្រទេះគឺ​ជា​ផ្នែក​មួយនៃ​ប្រព័ន្ធ​ដែល​មាន​សភាព​កាន់តែ​អាក្រក់​​ឡើង​ៗ»។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ​ការ​រំលោភបំពាន​ភាគច្រើន​កើត​ចេញ​ពី​អាជ្ញាធរ ឬ​តួអង្គ​​របស់​មន្ត្រី​រដ្ឋ។ អ្នក​ស្រី​កត់សម្គាល់​ឃើញ​ដែរថា​ពល​រដ្ឋអ្នក​សារព័ត៌មាន​គឺមានហានិភ័យខ្លាំង​ដោយ​សារ​អ្នក​ទាំង​នោះ​ប្រឈម​បញ្ហា​ប្រហាក់ប្រហែល​នឹង​អ្នក​សារព័ត៌មាន​អាជីព​ដែរ ប៉ុន្តែ​ពួក​គាត់​មានការគាំពារ​តិច​តួច​ពី​ស្ថាប័ន ឬ​ការ​គាំទ្រ​ផ្នែក​ច្បាប់​។​

បន្ថែមពី​នេះ អ្នក​ស្រី​ក៏​បង្ហាញ​ក្ដី​កង្វល់​ទាក់ទង​នឹង​ការ​បន្តពន្យារពេល​អនុម័ត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​អ្នក​ស្រី​យល់​ឃើញ​ថា ​ច្បាប់​នេះ​អាច​បង្កើត​បាន​បរិយាកាស​ល្អ​សម្រាប់​អ្នក​សារព័ត៌មាន និង​ពលរដ្ឋអ្នក​សារព័ត៌មាន​ក្នុង​ការ​ស្វែង​រក និង​ទទួល​បាន​ព័ត៌មាន​ដោយសេរី​៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម