ក្រសួងព័ត៌មាន ចេញសេចក្ដីណែនាំ និងព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់លើអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ដោយចៀសវាងការផលិត ធ្វើបទសម្ភាសន៍ ការចែករំលែក ឬការផ្សព្វផ្សាយមាតិកាដែលជំរុញឱ្យមានការស្អប់ខ្ពើម ជេរប្រមាថ បន្ទាបបន្ថោក អាសអាភាស ឬផ្ទុយនឹងសីលធម៌ ដែលប៉ះពាល់ដល់តម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ តាមការចង្អុលបង្ហាញពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក្រសួងព័ត៌មាននឹងបន្តពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន រួមទាំងចាត់វិធានការសមស្របតាមច្បាប់ចំពោះការផលិត ការបង្ហោះ ការចែករំលែក និងការផ្សព្វផ្សាយមាតិកាដែលបំពានច្បាប់ ប៉ះពាល់ដល់សីលធម៌សង្គម ឬរំលោភលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្រ្តី។
សេចក្ដីណែនាំដដែល បន្ថែមថា អង្គភាពសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវច្បាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះមុខច្បាប់លើមាតិកាដែលបានផលិត ឬផ្សព្វផ្សាយដែលប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។
ក្រសួងព័ត៌មាន គូសបញ្ជាក់ថា ទម្រង់មាតិកាដែលឆ្គាំឆ្គងទាំងនោះរួមមាន មាតិកាដែលប្រមាថមើលងាយ ឬប៉ះពាល់ដល់តម្លៃស្ត្រី ព្រមទាំងការប្រើប្រាស់រូបភាព វីដេអូ សំឡេង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យាឌីជីថលផ្សេងទៀត ដើម្បីកែច្នៃ បំភ្លៃ ឬបង្កើតមាតិកាដែលបំពានសិទ្ធិ និងបង្កការខូចខាតដល់អ្នកដទៃ និងមាតិកាដែលយករាងកាយ ជីវិតឯកជន ឬភាពរងគ្រោះរបស់ស្ត្រីមកធ្វើជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍ ដើម្បីបង្កើនចំនួនអ្នកមើល ឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្ម ដោយបន្ទាបបន្ថោកកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
ពាក់ព័ន្ធនឹងការផលិតមាតិកាប៉ះពាល់ដល់កិត្តិយសស្រ្តីនេះ ក្រសួងព័ត៌មានបានព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់ ដោយផ្អែកលើទំហំ និងភាពធ្ងន់ធ្ងរនៃអំពើ តាមរយៈការព្រមាន ការអប់រំ ការកែតម្រូវ ឬដកចេញ និងការពិនិត្យឡើងវិញនូវអនុលោមភាពនៃអាជ្ញាបណ្ណដែលចេញដោយក្រសួងព័ត៌មាន និងករណីមានសញ្ញានៃបទល្មើស ក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចាត់វិធានការតាមច្បាប់។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ផុស សុវណ្ណ ថ្លែងថា ការសម្រេចចេញវិធានការរបស់ក្រសួងព័ត៌មានធ្វើឡើង ក្រោយបានអប់រំលើអ្នកផលិតមាតិកាជាច្រើនលើកមកហើយ។
លោកបន្តថា៖ «ហើយបើធ្ងន់ធ្ងរពេកមានតែព្រមានតាមបណ្ដាញសង្គម តែអត់ចង់ព្រមានហ្នឹងទេ បើព្រមាននឹងទៅ គាត់ក៏បាត់អាជីពគាត់ដែរ។ យើងធ្វើទៅ សាធារណជនលែងចូលចិត្ត (Like) លែងចែករំលែក (Share)ស្គាល់អត្តចរិតគាត់ទៅ គាត់បាត់[ចំណូល]ហើយ»។
លោក បញ្ជាក់ថា៖ «វិធានការទាំងឡាយដែលក្រសួងធ្វើ គឺមិនមែនបិទសិទ្ធិសេរីភាពទេ។ យើងចង់បានឱ្យតម្លៃសង្គម តម្លៃសីលធម៌របស់យើង យើងមានការចូលរួម»។
នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាលោកស្រី អេង ចាន់ឌី យល់ស្របចំពោះវិធានការរដ្ឋបាល និងច្បាប់របស់ក្រសួងព័ត៌មានដើម្បីកាត់បន្ថយមាតិកាដែលបង្កើតឡើងលើបណ្ដាញសង្គមដោយមិនគិតគូរពីបញ្ហាយេនឌ័រ និងទទូចឱ្យមានវិធានការជាអន្តរក្រសួងផងដែរ។
លោកស្រីនិយាយថា៖ «ចឹងខ្ញុំជឿថា វិធានការរដ្ឋបាលដែលមានការធ្វើការជាក្រសួងរួម មិនមែនមានតែក្រសួងតែមួយ តែរួមគ្នា នឹងអាចកាត់បន្ថយ ទាក់ទងនឹងអំពើហិង្សាផ្អែកលើយេនឌ័រតាមប្រព័ន្ធអនឡាញ ក៏ដូចជាការប្រមាថ ការទាញតម្លៃស្រ្តី ដែលកើតមានឡើងនៅតាមប្រព័ន្ធអនឡាញ ឱ្យមានការកាត់បន្ថយកាន់តែច្រើន»។
អ្នកផលិតមាតិកាបែបភាពយន្តកំប្លែងខ្លីៗមួយរូបលោក ឡៃ ថៃចាន់ ថ្លែងថា លោកគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ដែលលោកចាត់ទុកថា ស្រ្តីក៏ស្ថិតក្នុងក្រុមងាយរងគ្រោះក្នុងសង្គមផងដែរ បន្ទាប់ពីកុមារ។
លោកនិយាយថា៖ «ក្នុងនាមយើងអ្នកផលិតមាតិកាទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នរាល់មាតិកា ឬការផលិត គឺយើងត្រូវច្បាស់មែនទែន ថា ប៉ះពាល់ដល់តម្លៃស្រ្តីក្នុងសង្គមកម្ពុជាយើងឬអត់ ធ្វើឱ្យអារម្មណ៍របស់គាត់អត់សប្បាយឬអត់។ យើងគួរតែចៀសវាង ឬក៏ប្រុងប្រយ័ត្នមែនទែន នេះចំពោះខ្ញុំ»។
លោក ថៃចាន់ បន្តថា បច្ចុប្បន្នក្រុមផលិតមាតិការបស់លោកមានតួស្រីមួយរូប ហើយតួបុរសៗតែងតែចៀសវាងការប្រើពាក្យមិនសមរម្យ ឬការថតដោយបំពានរាងកាយនានា។
លោលើកឡើងថា៖ «ខ្ញុំមានតួស្រីគឺប្អូន ចរណៃ។ ធម្មតាការផលិតវីដេអូខ្លីៗ គឺខ្ញុំតែងតែឱ្យអាទិភាពពួកគាត់ ជាជាងពួកខ្ញុំសម្ដែងឱ្យគាត់។ ឧទាហរណ៍ ថា ពួកគាត់អាចវាយពួកខ្ញុំបាន តែពួកខ្ញុំអត់អាចវាយពួកគាត់បាន ហើយប្រើពាក្យសម្ដីអសុរសណាមួយ វាយស្មើ ឬលើសលប់លើពួកគាត់ក៏ពួកខ្ញុំអត់ធ្វើដែរ ចៀសវាងកុំឱ្យមានបញ្ហា»។
លោកបន្ថែមថា៖«ទោះបីជាទំនាក់ទំនងពួកខ្ញុំដូចជាបងប្អូនបង្កើតពិតមែន ក៏ប៉ុន្តែតួស្រីនៅក្នុងសាច់រឿងជាតួឯក ខ្ញុំដាក់តួឯកជានិច្ច ហើយយើងមិនអាចបំពានលើរាងកាយ ឬក៏សម្ដីធ្វើឱ្យមានការរើសអើង ឬក៏ប៉ះពាល់ដល់អារម្មណ៍ពួកគាត់ គឺយើងអត់ធ្វើហ្មង គឺយើងមានដែនកំណត់ថា យើងត្រូវការតែប៉ុណ្ណឹងបានហើយ»។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប កញ្ញា ម៉ាញ់ សុធានី បានលើកឡើងថា ការងាររបស់កញ្ញាពេលខ្លះទាមទារឱ្យមានការថតខាត់ស្បែកផ្សេងៗ ប៉ុន្តែមិនបានប៉ះពាល់អ្វីឡើយ។
កញ្ញានិយាយថា៖ «ការងារពេលខ្លះគេតម្រូវឱ្យយើងខាត់ស្បែក ចឹងយើងខាត់ស្បែក យើងដុះសាប៊ូធម្មតា តាមប្រភេទអីវ៉ាន់យើងកាន់»។
ចំណែកនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី មានមន្ទិលថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកផលិតមាតិកា ទំនងពិបាកក្នុងការកត់សម្គាល់ពីចំណុចដែលអាចប៉ះពាល់ដល់កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី ដោយលោកជំរុញឱ្យក្រសួងបញ្ចេញគោលការណ៍ណែនាំច្បាស់លាស់ជាងនេះ។
លោកនិយាយថា៖ «នៅពេលដែលយើងមានគោលការណ៍ណែនាំហើយ យើងពឹងផ្អែកលើគោលការណ៍ណែនាំហ្នឹង។ យើងជួយផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យគាត់បានយល់ ហើយជាពិសេសគឺយើងធ្វើការណែនាំ ឬក៏ធ្វើការបណ្ដុះបណ្ដាល ផ្សព្វផ្សាយអប់រំទៅដល់អ្នកសារព័ត៌មាន ឱ្យបានទូលំទូលាយដែរ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដែលអាចកើតមានឡើង ចំពោះការសកម្មភាព ឬការផ្សព្វផ្សាយរបស់ពួកគាត់សម្រាប់វាយតម្លៃឱ្យច្បាស់លាស់»។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រសួងចំនួន៣ គឺក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្តីណែនាំរួមគ្នាផងដែរ ពាក់ព័ន្ធនឹងការហាមឃាត់ ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តីខ្មែរ។
ផ្ទុយទៅវិញ ក្រសួងទាំងបី បានជំរុញឱ្យមានការផលិត និងចែករំលែកមាតិកាដែលបង្ហាញអំពីខ្លឹមសារនានាដែលចូលរួមថែរក្សាវប្បធម៌ និងលើកតម្កើងកិត្តិយស និងគុណតម្លៃរបស់ស្រ្តីខ្មែរឱ្យបានទូលំទូលាយ៕










