លោកយាយ សៅ ង៉ែត ដែលជាម្តាយរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលាចាកលោកហើយ នៅវេលាម៉ោង ១១:០០ យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ។ យោងតាមហ្វេសប៊ុកផេកមេធាវីរបស់លោក គឺ លោក ផែង ហេង។
លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា បានឱ្យដឹងក្នុងហ្វេសប៊ុករបស់ខ្លួនថា អ្នកម្តាយ លោក កឹម សុខា គឺលោកយាយ សៅ ង៉ែត បានលាចាកលោកនេះហើយ កាលពីម៉ោង ១១ នៅយប់ថ្ងៃទី៨ ខែ៧ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
លោក ផែង ហេង បន្តថា សពរបស់លោកយាយ សៅ ង៉ែត តម្កល់ធ្វើបុណ្យនៅរាជធានីភ្នំពេញ ហើយនឹងដង្ហែរទៅស្រុកកំណើត នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦។
លោកមេធាវីក៏បានចែករំលែកមរណៈទុក្ខផងដែរថា៖ «សូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ»។
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចប៉ូលិសយកដីកាតុលាការជូនអតីតមេបក្សប្រឆាំង លោក កឹម សុខា នៅផ្ទះរបស់លោកក្នុងខណ្ឌទួលគោក ដើម្បីបញ្ជាក់ថា លោក កឹម សុខា ចាប់ផ្តើមមានសេរីភាពវិញហើយ។
ជាមួយគ្នានោះដែរ លោក កឹម សុខា បានថ្លែងថា ឥឡូវនេះលោកចាប់ផ្តើមមានសេរីភាពវិញហើយ។ ជាងនេះទៅទៀត លោកបានថ្លែងថា លោកមិនទាន់អាចនិយាយជាមួយអ្នកសារព័ត៌មានបានទេ «ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារខ្ញុំមានទុក្ខធំ ម្តាយឈឺ និងទី២ខ្ញុំនឹងទៅបួសសងគុណម្តាយ»។
លោក កឹម សុខា ត្រូវបានលើកលែងទោសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែការលើកលែងទោសនេះអនុវត្តតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ។ យោងតាមព្រះរាជក្រឹត្យដែលចុះព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី។
យោងតាមព្រះរាជក្រឹត្យ បានឱ្យដឹងថា ត្រាស់បង្គាប់លើកលែងទោស លោក កឹម សុខា ដែលតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ព្រះរាជក្រឹត្យក៏បានបញ្ជាក់ថា៖ «ការលើកលែងទោសនេះអនុវត្តតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ»។
គួររំលឹកថា សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដោយផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំដដែល ពីបទសន្និដ្ឋិភាពជាមួយបរទេស បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។
ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។
តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាពផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង៕










