អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានពន្យារពេលគម្រោងចូលបួសជាព្រះសង្ឃ ហើយបានរក្សាភាពស្ងប់ស្ងាត់ជាសាធារណៈចាប់តាំងពីទទួលបានការលើកលែងទោសពីប្រមុខរដ្ឋស្តីទី នេះបើយោងតាមការលើកឡើងពីមេធាវីរបស់លោកនៅថ្ងៃទី១១ ខែមិថុនា ថា លោកបានផ្តោតលើការថែទាំម្តាយដែលកំពុងឈឺរបស់លោក។
លោក កឹម សុខា អាយុ៧២ឆ្នាំ បានប្រាប់សារព័ត៌មានខេមបូចា កាលពីខែមុនថា លោកមានគម្រោងចូលបួសជាព្រះសង្ឃ ដែលជាការអនុវត្តជាទូទៅនៅក្នុងប្រទេសកម្ពុជាដែលភាគច្រើនជាពុទ្ធសាសនិក ដែលបុរសអាចចូលបួសជាព្រះសង្ឃជាបណ្តោះអាសន្ន មុនពេលវិលត្រឡប់ទៅគ្រហស្ថវិញ។
មេធាវីរបស់លោក គឺលោកស្រី ម៉េង សុភារី បានថ្លែងថា លោក កឹម សុខា បានសម្រេចចិត្តពន្យារពេលចូលបួសជាព្រះសង្ឃ ដើម្បីថែទាំម្តាយដែលកំពុងឈឺធ្ងន់របស់លោក។
លោកស្រី សុភារី បានបន្តថា៖ «គាត់មិនអាចហូបអាហារបានទៀតទេ ហើយគ្រូពេទ្យបានជូនដំណឹងដល់ក្រុមគ្រួសារថា រាងកាយរបស់គាត់មិនអាចផលិតកោសិកាឈាមក្រហមបានគ្រប់គ្រាន់»។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូលក្នុងឆ្នាំ ២០១៧ ត្រូវបានចាប់ខ្លួននៅឆ្នាំនោះពីបទក្បត់ជាតិ ដែលក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញអង្គការសហប្រជាជាតិបានលើកឡើងថា មានពាក់ព័ន្ធនឹងហេតុផលនយោបាយ។
សាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា លោកមានទោសពីបទក្បត់ជាតិក្នុងឆ្នាំ២០២៣ ដោយកាត់ទោសលោកឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ហាមឃាត់លោកមិនឱ្យធ្វើនយោបាយអស់មួយជីវិត និងហាមឃាត់ការទាក់ទងជាមួយនរណាម្នាក់ដែលនៅក្រៅក្រុមគ្រួសាររបស់លោក។
កាលពីខែឧសភា លោក សុខា បានទទួលការលើកលែងទោសដោយព្រះរាជក្រឹត្យ ពីការឃុំខ្លួននៅក្នុងផ្ទះ ប៉ុន្តែទោសបន្ថែមនៅដដែលចំពោះការហាមឃាត់លោកមិនឲ្យធ្វើនយោបាយពេញមួយជីវិត និងការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសរយៈពេលប្រាំឆ្នាំ។ ការលើកលែងទោសនេះបានកើតឡើងមិនទាល់ដល់មួយខែទេ បន្ទាប់ពីលោកបានចាញ់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសរបស់លោក។
ចលនានេះត្រូវបានស្វាគមន៍ដោយបេសកកម្មការទូតបរទេស និងក្រុមសិទ្ធិមនុស្ស ដែលខ្លះបានអំពាវនាវឲ្យមានការស្តារឡើងវិញនូវសិទ្ធិពលរដ្ឋ និងនយោបាយរបស់លោក សុខា ទាំងស្រុង។
លោក ផេង ហេង មេធាវីម្នាក់ទៀតរបស់លោក សុខា បានថ្លែងថា លោក សុខា ភាគច្រើនមិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីទទួលបានការលើកលែងទោសដោយព្រះរាជក្រឹត្យ ខណៈដែលលោកបានផ្តោតលើការថែទាំម្តាយដែលកំពុងឈឺធ្ងន់របស់លោក។
លោក ហេង បានបន្ថែមថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបន្ទាប់ពីទទួលបានការលើកលែងទោស គឺទៅលេងស្រុកកំណើតរបស់លោកនៅខេត្តតាកែវ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha Delays Ordination, Keeps Low Profile as Mother’s Health Worsens










