អតីតមេបក្សប្រឆាំង លោក កឹម សុខា បានទៅស្រុកកំណើតរបស់លោកនៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៧ ខែឧសភា ដែលជាថ្ងៃដំបូង បន្ទាប់ពីលោកត្រូវបានលើកលែងទោសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ យោងតាមហ្វេសប៊ុកលោកមេធាវី ផែង ហេង។
លោក ផែង ហេង បានលើកឡើងថា ព្រឹកថ្ងៃទី២៧ ខែឧសភា ជាថ្ងៃដំបូង ដែលលោក កឹម សុខា បានទៅស្រុកកំណើតរបស់គាត់នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយ៉ា ខេត្តតាកែវ ដើម្បីគោរពវិញ្ញាណក្ខន្ធ ជីដូន ជីតា ទាំងខាងឳពុក និងខាងម្តាយ ដើម្បីបួងសួងសុំសេចក្តីសុខ និង សូមឱ្យបារមីនៃបុព្វការីជន ជួយឱ្យអ្នកម្តាយរបស់គាត់មានព្រះជន្មយឺនយូរ សុខភាល្អ បានជាម្លប់ដល់កូនចៅ ចៅទួត ព្រមទាំងសូមឱ្យរូបគាត់បានសេចក្តីសុខ និងមានសេរីភាពពេញលេញទាំងស្រុងឡើងវិញ ក្នុងពេលឆាប់ៗនេះ។
លោក ផែង ហេង បានលើកឡើងថា៖ «[លោក កឹម សុខា] បានបញ្ជាក់ឡើងវិញថា មួយរយៈពេលខ្លីនេះ លោក សុខា នៅរក្សាភាពស្ងប់ស្ងាត់ មើលថែម្តាយ ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ ហើយក៏គ្រោងសាងផ្នួសសងគុណម្តាយមួយរយៈពេល (មិនមែនសាងផ្នួសរហូតទេ)»។ ថ្ងៃដដែលនេះ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ លោកបានត្រឡប់ទៅមើលថែម្តាយរបស់គាត់នៅភ្នំពេញវិញ។
លោក ផែង ហេង បានថ្លែងថា លោក កឹម សុខា នឹងទៅបួសនៅសប្តាហ៍ក្រោយ នៅវត្តជាយរាជធានីភ្នំពេញ ស្ថិតក្នុងខេត្តកណ្ដាល ប៉ុន្តែលោកមិនបញ្ជាក់ថាលោក កឹម សុខា បួសនៅថ្ងៃណាឱ្យប្រាកដ និងវត្តនោះឈ្មោះអីនៅឡើយទេ ព្រោះលោកគ្រាន់តែប្រាប់ថា ចាំជិតដល់ថ្ងៃបួសនឹងប្រាប់ម្តងទៀត ព្រោះខ្លាចក្រែងមានការប្រែប្រួល។
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា សមត្ថកិច្ចប៉ូលិសយកដីកាតុលាការជូនអតីតមេបក្សប្រឆាំង លោក កឹម សុខា នៅផ្ទះរបស់លោកក្នុងខណ្ឌទួលគោក ដើម្បីបញ្ជាក់ថា លោក កឹម សុខា ចាប់ផ្តើមមានសេរីភាពវិញហើយ។
អំឡុងពេលនោះ លោក កឹម សុខា បានថ្លែងថា ឥឡូវនេះលោកចាប់ផ្តើមមានសេរីភាពវិញហើយ។ ជាងនេះទៅទៀត លោកបានថ្លែងថា លោកមិនទាន់អាចនិយាយជាមួយអ្នកសារព័ត៌មានបានទេ «ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារខ្ញុំមានទុក្ខធំ ម្តាយឈឺ និងទី២ខ្ញុំនឹងទៅបួសសងគុណម្តាយ»។

យោងតាមកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យ នៅថ្ងៃទី២៦ ខែឧសភា បានឱ្យដឹងថា លោក កឹម សុខា ត្រូវបានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ហើយលោក កឹម សុខា ក៏ត្រូវបានហាមឃាត់ចំពោះការចាកចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ តាមបញ្ញត្តិ មាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។
លោក កឹម សុខា បានត្រូវបានលើកលែងទោសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែការលើកលែងទោសនេះអនុវត្តតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ។ យោងតាមព្រះរាជក្រឹត្យដែលចុះព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី។
យោងតាមព្រះរាជក្រឹត្យ បានឱ្យដឹងថា ត្រាស់បង្គាប់លើកលែងទោស លោក កឹម សុខា ដែលតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ព្រះរាជក្រឹត្យក៏បានបញ្ជាក់ថា៖ «ការលើកលែងទោសនេះអនុវត្តតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ»។
លោក កឹម សុខា អតីតមេបក្សប្រឆាំង ត្រូវបានអនុញ្ញាតឱ្យជួបម្តាយចំនួនពីរដង គឺនៅថ្ងៃទី២០ ខែឧសភា និងព្រឹកថ្ងៃទី២៥ ខែឧសភា មុនពេលលោកត្រូវបានលើកលែងទោស។
គួររំលឹកថា សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដោយផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំដដែល ពីបទសន្និដ្ឋិភាពជាមួយបរទេស បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។
ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧៕









