សមត្ថកិច្ចប៉ូលិសយកដីកាតុលាការជូនអតីតមេបក្សប្រឆាំង លោក កឹម សុខា នៅផ្ទះរបស់លោកក្នុងខណ្ឌទួលគោក នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ដើម្បីបញ្ជាក់ថា លោក កឹម សុខា ចាប់ផ្តើមមានសេរីភាពវិញហើយ។
លោក កឹម សុខា ក៏បានថ្លែងថា ឥឡូវនេះលោកចាប់ផ្តើមមានសេរីភាពវិញហើយ។ ជាងនេះទៅទៀត លោកបានថ្លែងថា លោកមិនទាន់អាចនិយាយជាមួយអ្នកសារព័ត៌មានបានទេ «ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារខ្ញុំមានទុក្ខធំ ម្តាយឈឺ និងទី២ខ្ញុំនឹងទៅបួសសងគុណម្តាយ»។
លោក កឹម សុខា បានត្រូវបានលើកលែងទោសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែការលើកលែងទោសនេះអនុវត្តតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ។ យោងតាមព្រះរាជក្រឹត្យដែលចុះព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី។
យោងតាមព្រះរាជក្រឹត្យ បានឱ្យដឹងថា ត្រាស់បង្គាប់លើកលែងទោស លោក កឹម សុខា ដែលតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ព្រះរាជក្រឹត្យក៏បានបញ្ជាក់ថា៖ «ការលើកលែងទោសនេះអនុវត្តតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ»។
លោក ផែង ហេង មេធាវីការពារលោក កឹម សុខា បានថ្លែងក្នុងហ្វេសប៊ុករបស់ថា ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កឹម សុខ តាមរយៈលោកជាមេធាវី បានយកលិខិតបញ្ជាក់មិនប្តឹងសារទុក្ខមកចុះបញ្ជីនៅរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ។
លោក ផែង ហេង បានបញ្ជាក់ថា៖ «ក្រោយភ្លៀងរាំង មេឃស្រឡះល្អ នៅក្រោមពន្លឺ «ព្រះចន្ទ ឬ ព្រះអាទិត្យ» ហើយអ្នកភ្នំពេញក៏មិនស្ទះលូ ស្ទះចរាចរណ៍ដែរ»។
លោក កឹម សុខា អតីតមេបក្សប្រឆាំង ត្រូវបានអនុញ្ញាតឱ្យជួបម្តាយចំនួនពីរដង គឺនៅថ្ងៃទី២០ ខែឧសភា និងព្រឹកថ្ងៃទី២៥ ខែឧសភា រួចមក មុនពេលលោកត្រូវបានលើកលែងទោស។
គួររំលឹកថា សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដោយផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំដដែល ពីបទសន្និដ្ឋិភាពជាមួយបរទេស បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។
ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។
តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាពផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង៕










