ជនបង្កដែលប្រើអំពើហិង្សាក្នុងគ្រួសារនិងបានបំផ្ទុះគ្រាប់បែកកែច្នៃបណ្តាលឱ្យស្លាប់ខ្លួនឯង និងសមត្ថកិច្ច រួមទាំងប្រជាការពារសរុបចំនួន៦នាក់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាអតីតទាហានចូលនិវត្តន៍ ដែលមានជំនាញខាងកែច្នៃគ្រាប់ B40 និងមីនតោន។ នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន។
អធិការនគរបាលស្រុកវាលវែង លោក ជា ប៉ារីស បានបញ្ជាក់ថា ជនបង្កមានឈ្មោះ អែម ដុំ អាយុ ៦១ឆ្នាំ ជាកងកម្លាំងសមាហរណកម្មចូលនិវត្តន៍ និងមានពិការភាពដៃម្ខាង។ លោកបន្ថែមថា បុរសវ័យ ៦១ឆ្នាំរូបនេះ ជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលធ្លាប់ត្រូវសមត្ថកិច្ចបញ្ជូនទៅមណ្ឌលកែប្រែរយៈពេល ៦ខែ កាលពីឆ្នាំ២០២៣ ប៉ុន្តែនៅតែមិនរាងចាល។
លោកអធិការបានឱ្យដឹងថា គ្រាប់បែកដែលជនបង្កបានបំផ្ទុះ ជាប្រភេទគ្រាប់កែច្នៃដែលមានកម្លាំងផ្ទុះខ្លាំង។ ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា ជនបង្កប្រើប្រាស់ធាតុផ្សំអ្វីខ្លះដើម្បីកែច្នៃនោះទេ។
លោកបានបញ្ចាក់ថា៖ «របួសធ្ងន់ណាស់បង! មិនដឹងថាវាច្នៃរបៀបម៉េច ដាក់ប្រភេទអីយ៉ាងម៉េច? ប៉ុន្តែមើលទៅវាធ្ងន់ធ្ងរ»។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែសីហា នៅឃុំអូរសោម ស្រុកវាលវែង ខណៈពេលដែលសមត្ថកិច្ចចុះទៅអន្តរាគមន៍តាមបណ្តឹងរបស់ប្រពន្ធជនបង្ក ពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ។ ឧបទ្ទវហេតុនេះកើតឡើង ខណៈក្រុមសមត្ថកិច្ចស្ទុះទៅចាប់ជនបង្ក ហើយជនបង្កបានបំផ្ទុះគ្រាប់បែកកែច្នៃនោះ បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងនោះរួមមាន ជនបង្ក សមត្ថកិច្ច២នាក់ (ម្នាក់ជាមេប៉ុស្តិ៍) និងប្រជាការពារ ៣ នាក់ ព្រមទាំងបង្កឱ្យប្រជាការពារម្នាក់ទៀតរងរបួស។
ក្រោយហេតុការណ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញបញ្ជាភ្លាមៗឱ្យអាជ្ញាធរខេត្តពោធិ៍សាត់រៀបចំពិធីបុណ្យសពជូនមន្ត្រីនគរបាល និងប្រជាការពារ ដែលបានពលីជីវិតឱ្យបានដិតដល់បំផុត ខណៈលោកក៏បានបង្ហោះសាររំលែកទុក្ខផងដែរ។
មិនតែប៉ុណ្ណោះ លោក ស សុខា បានបញ្ជាថា៖ «ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់»។
ស្នងការរងនគរបាលខេត្តពោធិ៍សាត់ លោក នូវ តាល់ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំពិធីបុណ្យសពរបស់សមត្ថកិច្ច និងប្រជាការពារទាំង៥រូប។ លោកបន្តថា សពសមត្ថកិច្ចជាមេប៉ុស្តិ៍ មន្ត្រីសមត្ថកិច្ច និងប្រជាការពារម្នាក់ តម្កល់នៅផ្ទះរៀងខ្លួន ខណៈសពប្រជាការពារ២នាក់ទៀត តម្កល់នៅវត្តអូរសោម។
លោកបញ្ជាក់ទៀតថា សមត្ថកិច្ចនឹងស្រាវជ្រាវរកអ្នកចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងស្វែងរកប្រភពនៃគ្រាប់បែក ក្រោយរៀបចំពិធីបុណ្យសពរបស់ជនរងគ្រោះទាំង៥នាក់ចប់។
លោកថ្លែងថា៖ «ពាក់ព័ន្ធជាមួយការងារផ្សេង សូមទុកឱ្យសមត្ថកិច្ចខ្ញុំធ្វើការចាត់ចែងបន្តទៀត ក្រោយពិធីបុណ្យ។ ដោយសារតែឥឡូវយើងជាប់ទទួលរៀបចំកម្មវិធីបុណ្យ និងកំពុងមានទុក្ខក្រៀមក្រំ។ ក្រោយពីចប់ពិធីបុណ្យនេះ សមត្ថកិច្ចយើងនឹងមានចំណាត់ការទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិ (លោក ស សុខា)»។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានបង្ហោះសារអមជាមួយរូបភាពដែលលោកទៅចូលរួមពិធីបុណ្យសពសមត្ថកិច្ច និងប្រជាការពារទាំង៥នាក់នៅថ្ងៃទី៦ ខែសីហា ដោយបានបង្ហាញការសោកស្តាយចំពោះមន្ត្រីក្រោមឱវាទ ដែលលោកអះអាងថាជាមន្ត្រីល្អបម្រើពលរដ្ឋ។
លោកបានសរសេរថា៖ «សូមសម្តែងនូវការសោកស្តាយ និងក្តីរន្ធត់ចិត្តជាទីបំផុតជាមួយក្រុមគ្រួសារនៃសព។ ការពលីរបស់លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាល និងប្រជាការពារ ទាំង៥រូប គឺជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃបំផុត។ សូមវិញ្ញាណក្ខន្ធរបស់វីរជនទាំងអស់ បានទៅកាន់សុគតិភពខានបីឃ្លាតឡើយ»។

បើតាមអធិការនគរបាលស្រុកវាលវែង លោក ជា ប៉ារីស ការចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានមិនមានទេ ប៉ុន្តែបញ្ហាចម្បងគឺការចែកចាយពីខាងក្រៅ។ លោកចង់មានន័យថាអ្នកជួញដូរមកពីខាងក្រៅ យកគ្រឿងញៀនមកលក់ឱ្យអ្នកប្រើប្រាស់ក្នុងមូលដ្ឋានរបស់លោក និងខ្លះទៀតផ្ញើតាមឡានក៏មាន។
លោកប្រាប់ថា៖« ភាគច្រើនគឺវានាំចូល ឬក៏គេផ្ញើមក! វាមកទម្លាក់! ហើយវាមិនមែននៅក្នុងមូលដ្ឋានទេ គឺវាច្រើនតែជាអ្នកចំណាកស្រុក មកទម្លាក់ហើយទៅវិញ[..]ជួនកាលវាងាយនឹងផ្ញើតាមតាក់ស៊ី! ពេលខ្លះទៅក៏វាផ្ញើតាមពួកអារឈើជាដើម។ បើជួញដូរក្នុងមូលដ្ឋានហ្មង វាមិនមានទេ នៅក្នុងមូលដ្ឋានពួកខ្ញុំនេះ។ វាមាននាំចូលមក ទម្លាក់មួយភ្លែត ហើយចេញទៅវិញអស់ៗ»។
ម្យ៉ាងវិញទៀត លោកថាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនមួយចំនួន យកទីតាំងដាច់ស្រយាល និងព្រៃភ្នំជាកន្លែងជួញដូរ និងប្រើប្រាស់ ដែលធ្វើឱ្យសមត្ថកិច្ចពិបាកចាត់វិធានការ ដោយពួកគេភាគច្រើនមានអាវុធកែច្នៃ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី ជំរុញឱ្យសមត្ថកិច្ចស្រាវជ្រាវករណីកែច្នៃគ្រឿងផ្ទុះនេះឱ្យបានដឹងពីឫសគល់ ព្រោះលោកថាការប្រើប្រាស់គ្រាប់កែច្នៃនេះបង្កអសន្តិសុខសង្គម។
លោកសង្កេតឃើញថា បញ្ហាគ្រឿងញៀននៅតែជាជំងឺមហារីកសម្រាប់សង្គមខ្មែរ ដោយថាអ្នកចែកចាយ និងនាំចូលធំៗ នៅតែមិនទាន់ត្រូវបានចាប់ខ្លួន។
លោកមានប្រសាសន៍ថា៖«បញ្ហាគ្រឿងញៀននេះជារឿងធំធេងណាស់នៅក្នុងប្រទេសខ្មែរយើង។ ការចែកចាយគ្រឿងញៀននេះ គឺយើងឃើញថាបានត្រឹមតែចាប់អ្នកតូចតាច ប៉ុន្តែអ្នកធំៗ អ្នកមានអំណាចនៅពីក្រោយហ្នឹង អត់ទាន់ឃើញមានចាប់បាននៅឡើយទេ»។
ដោយឡែក ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា សង្កេតឃើញថា ទោះបីជាអាជ្ញាធរបានប្តេជ្ញាបង្ក្រាបបញ្ហាគ្រឿងញៀនជាបន្តបន្ទាប់ ក៏ប៉ុន្តែលោកសម្លឹងការចរាចរគ្រឿងញៀននៅតែបន្តកើតមាន។ បញ្ហានេះលោកជំរុញឱ្យរដ្ឋាភិបាល និងអាជ្ញាធរអនុវត្តច្បាប់ឱ្យបានតឹងរឹង មិនអត់ឱន ទោះអ្នកដែលពាក់ព័ន្ធនឹងការជួយដូរគ្រឿងញៀនជាមន្ត្រីមហាអំណាច មានលុយក៏ដោយ។ លោកយល់ថា គ្រឿងញៀនជាឃាតកសម្លាប់ពលរដ្ឋស្លូតត្រង់។
លោកថ្លែងថា៖ «បញ្ហាគ្រឿងញៀននេះ វាបណ្តាលឱ្យយើងជួបនូវបញ្ហាអសន្តិសុខសង្គម ធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចទៅនឹងជនឧក្រិដ្ឋនៃការជួយដូរ ការជក់អីហ្នឹង។ វាសុទ្ធតែជាបទឧក្រិដ្ឋបង្កអសន្តិសុខសង្គម ដែលអាចបង្កបញ្ហាដល់អាយុជីវិតពលរដ្ឋស្លូតត្រង់»។
ជាមួយគ្នានេះដែរ ពលរដ្ឋរស់នៅស្រុកកោះធំ ខេត្តកណ្តាល អ្នកស្រី សែម សុផល បានបង្ហាញការព្រួយបារម្ភខ្លាំង ដោយថាយុវជននៅក្នុងមូលដ្ឋានអ្នកស្រីជាច្រើនកំពុងវក់វីនឹងគ្រឿងញៀន បាត់បង់ឱកាសរៀនសូត្រ និងមិនបានជួយឪពុកម្តាយ ប៉ុន្តែក្លាយជាបន្ទុកគ្រួសារទៅវិញ។ អ្នកស្រីបន្តទៀតថា អ្នកប្រើប្រាស់គ្រឿងញៀនជាយុវជនមួយចំនួនត្រូវស្លាប់ទាំងវ័យក្មេង ខ្លះជាប់ឃុំ និងបែកបាក់គ្រួសារជាដើម។
អ្នកស្រីបន្ថែមថា៖ «នៅខាងខ្ញុំនេះគឺ គ្រឿងញៀនបំផ្លាញច្រើន ធ្វើឱ្យខូចក្មេងច្រើន។ ក្មេងដែលកំពុងពេញវ័យសិក្សា ក៏អត់បានសិក្សា។ ហើយការងាររកស៊ីក៏អត់ ហើយធ្វើបាបម៉ែឪឱ្យក្រគ្រប់គ្នា។ មានប្រពន្ធមានកូន ក៏ត្រូវលែង ដោយសារគ្រឿងញៀនហ្នឹង»។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៤ ខែមិថុនា បង្ហាញថា រយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបជាង ៤ ៧០០ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង ១២ ០០០នាក់។ ក្នុងនោះអាជ្ញាធររឹបអូសបានគ្រឿងញៀន និងសារធាតុគីមីផ្សំសរុបជាង ៤តោន ដែលតួលេខនេះអាជ្ញាធរគ្រឿងញៀនអះអាងថាថយចុះជិត ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥៕










