សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គម្លាតឌីជីថលនៅកម្ពុជានៅតែបន្តកើតមាន ខណៈសង្គមស៊ីវិល​អំ​ពាវ​​​នាវ​ឱ្យមា​ន​សេវាអ៊ីនធឺណិត ដែលមានសុវត្ថិភាព និងតម្លៃសមរម្យ

អ្នកចូលរួមពិភាក្សាមកពីវិស័យឯកជន និងតំណាងអង្គការសង្គម​​ស៊ីវិលពិភាក្សា​នៅក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញ លើកទី៤ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
អ្នកចូលរួមពិភាក្សាមកពីវិស័យឯកជន និងតំណាងអង្គការសង្គម​​ស៊ីវិលពិភាក្សា​នៅក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញ លើកទី៤ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ក្រុមអង្គការ​សង្គមស៊ីវិលបានលើកឡើងនៅក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញឆ្នាំ ២០​២៦ ថា ការជំរុញរបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលហាក់ដូចជាកំពុងបង្កើត​​នូវគម្លាតនៅក្នុងការទទួលបានសេវាអ៊ីនធឺណិត អក្ខរកម្ម​ឌីជីថល និងការការពារអ្នកប្រើប្រាស់ ដោយ​ពួកគេបានជំរុញឱ្យរដ្ឋាភិបាល និងវិស័យឯកជនពង្រីកលទ្ធភាព នៃ​ការតភ្ជាប់អ៊ីនធឺណិតក្នុងតម្លៃសមរម្យ និងពង្រឹងវិធានការការពារសិទ្ធិឌីជីថល។

វេទិកានេះត្រូវបានរៀបចំឡើងដោយក្រុមការងារសិទ្ធិឌីជីថល (DRWG) ក្រោមប្រធានបទ «ការធ្វើឌីជីថលូបនីយកម្ម​ ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសិទ្ធិមនុស្សនៅកម្ពុជា​» ដើម្បីលើកកម្ពស់សិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិត​នៅកម្ពុជា ព្រមទាំងស្វែងយល់ពីមតិយោបល់របស់សង្គមស៊ីវិល រដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញ និងដៃគូអន្តរជាតិ ពាក់ព័ន្ធនឹងបញ្ហាប្រឈម និងឱកាសនានា ការចែករំលែកចំណេះដឹង និងបទពិសោធន៍ និងការចូលរួមពិភាក្សាអំពីគោល​នយោបាយស្តីពីសិទ្ធិឌីជីថល។

ព្រឹត្តិការណ៍នៅឆ្នាំនេះមាន​អ្នកចូលរួមចំនួន ២០០នាក់ រួមមានយុវជន អ្នកការទូត តំណាងសង្គមស៊ីវិល និងក្រុមជនជាតិដើមភាគតិច។ ទោះជាយ៉ាងណាក៏ដោយ មិនមានតំណាងមកពីក្រសួងពាក់ព័ន្ធនានាចូលរួមនោះទេ។

លោក ស៊ីន បូឡៃ មន្ត្រីកម្មវិធីនៃអង្គការអភិរក្សភាសាជនជាតិដើមភាគតិច (CIPL) បានលើកឡើងថា លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ប្រជា​ពលរដ្ឋ​យ៉ាងហោចណាស់ ៧២,៥% ប្រើប្រាស់ទូរសព្ទដៃ ប៉ុន្តែប្រជាពលរដ្ឋ​ភាគច្រើនមិន​​អាចទទួលបានសេវាអ៊ីនធឺណិតសាធារណៈឡើយ។ ខណៈដែលសេវាអ៊ីនធឺណិតនៅតែមានតម្លៃថ្លៃ កង្វះហេដ្ឋារចនាសម្ព័ន្ធក៏ធ្វើ​ឱ្យមានភាពមិនស្មើគ្នាក្នុងការ​ទទួលបានសេវានេះ រវាងប្រជាពលរដ្ឋ​នៅតំបន់ដាច់ស្រយាល និងអ្នកដែលរស់នៅក្នុងតំបន់ទីក្រុង។

បញ្ហាប្រឈមទាំងនេះបណ្តាលឱ្យយុវជន និងជនជាតិដើមភាគតិចបាត់បង់ឱ​កាស​ រួមទាំងការទទួលបានព័ត៌មាន ការអប់រំ និងចំណេះដឹងអំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។

លោក បូឡៃ​ បានលើកឡើងថា មនុស្សយ៉ាងហោចណាស់ ៦៥,៣% មិនអាច​ប្រើ​​ប្រាស់​​អ៊ីនធឺណិត ដោយសារហេដ្ឋារចនាសម្ព័ន្ធមិនល្អ ដូចជាកង្វះខាតអង់តែនសេវា ចំណែក​ ៦១,៧% មានជំនាញឌីជីថលនៅ​មាន​កម្រិត។ ក្នុងចំណោមនោះ ៨៦,៥% ត្រូវការការបណ្តុះបណ្តាលបន្ថែមលើការប្រើប្រាស់ឌីជីថល។ ទន្ទឹមនឹងនេះ ការទទួលបានព័ត៌មានក៏មានកម្រិតផងដែរ ដោយប្រជាពលរដ្ឋ​ពឹងផ្អែកលើព័ត៌មានដែលចែករំលែកដោយមេ​ដឹកនាំសហគមន៍ និងបណ្តាញ​សង្គមឌីជីថល​។​

លោកមានប្រសាសន៍ថា៖ «យើងឃើញថា ពួកគាត់​ទាំងអស់គ្នាប្រើប្រាស់ [បច្ចេកវិទ្យាឌីជីថល] ប៉ុន្តែពួកគាត់ត្រូវការចំណេះដឹង និងទំនុកចិត្តក្នុងការប្រើប្រាស់វា។ ដូច្នេះហើយ ហេដ្ឋារចនាសម្ព័ន្ធ អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធឺណិត គួរតែត្រូវបានអភិវឌ្ឍ ព្រមទាំងមានការគាំទ្រដល់គោលដៅរបស់ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ ព្រមទាំងការ​ទទួល​បាន​សេវាក្នុងតម្លៃសមរម្យ»

ការស្ទង់មតិរបស់ពួកគេក៏បានបង្ហាញផងដែរថា ១៣,៥% នៃជនជាតិដើមភាគតិចចំនួន ២០០នាក់ បានជួបករណី​ឆ​បោក និងការបៀតបៀន ខណៈដែល ១២,៤% បានជួបករណី​នៃ​ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ហើយ ៦,៧% បានទទួលព័ត៌មានមិនពិត។ ចំពោះការទទួលបាន​​អគ្គិសនីប្រើប្រាស់​វិញ មានតែ ២៨% ប៉ុណ្ណោះនៃប្រជាពលរដ្ឋ​នៅតំបន់ដាច់ស្រយាលទទួលបានសេវានេះ​។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រួមទាំងកង្វល់ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកឌីជីថល លោក បូឡៃ​ បានលើកឡើងថា សហគមន៍ត្រូវការការបណ្តុះបណ្តាលបន្ថែម ខណៈដែលសាលារៀនក៏គួរផ្តល់ការអប់រំដល់ក្រុមគោលដៅផងដែរ​​​។

អង្គការមិនមែនរដ្ឋាភិបាល យុវជន ព្រះសង្ឃ និងតំណាងជនជាតិ​ដើមភាគតិច ចូលរួមវេទិកាអ៊ីនធឺណិតភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

លោកស្រី​ ហ៊ាង អូមួយ​ នាយិកា​​ប្រតិបត្តិក្រុមហ៊ុន Asia Digital Technology Innovation បានមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវបង្ហាញថា​ មានមនុស្សជាង១០លាននាក់ប្រើប្រាស់អ៊ីនធឺណិត ប៉ុន្តែការប្រើប្រាស់អ៊ីនធឺណិត និងអក្ខរកម្ម​ឌីជីថល គឺជា «រឿងពីរផ្សេងគ្នា»។

ដើម្បីធានាថា បច្ចេកវិទ្យាឌីជីថលត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងអស់លទ្ធភាព ប្រជាពលរដ្ឋ​ចាំបាច់ត្រូវមានជំនាញឌីជីថល ស្របពេលជា​មួយនេះដែរ គេ​ត្រូវ​បង្កើត​គោល​នយោបាយ ដើម្បីគាំទ្រដល់សេវាសាធារណៈ។ ក្រុមហ៊ុនឯកជនក៏ត្រូវគិតគូរផងដែរអំពីគុណភាពនៃសេវាកម្មរបស់ខ្លួន និងធានាថា វាមានតម្លៃសមរម្យ។

លោកស្រី​បានកត់សម្គាល់ថា បរិយាបន្នកម្ម​ឌីជីថលមានសមាសភាគចំនួនបួន រួមមាន៖ ការទទួលបានសេវាក្នុងតម្លៃសមរម្យ ការប្រើប្រាស់ប្រកប​ដោយសន្តិសុខនិង​សុវត្ថិភាព អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន រួមទាំងការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (AI) និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

លោកស្រី អូមួយ​ បានមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះតទៅ អ្វីដែលយើងអាចធ្វើបាន ដើម្បីធានាឱ្យមានបរិយាបន្នឌីជីថល គឺរដ្ឋាភិបាលត្រូវបន្តបង្កើតគោលនយោបាយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ប្រព័ន្ធឌីជីថលសាធារណៈ ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនឯកជនត្រូវបង្កើតដំណោះស្រាយផ្សេងៗដែលមានគុណភាពល្អ និងមានតម្លៃសម​រម្យ ដែលមនុស្សគ្រប់គ្នាអាចប្រើប្រាស់បាន»

លោកស្រី​បានលើកឡើងថា កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការផ្លាស់ប្តូរទៅរក​ឌីជីថលយ៉ាងឆាប់រហ័ស ដែលត្រូវបានជំរុញដោយការពង្រីកការតភ្ជាប់អ៊ីនធឺណិត សេវាសាធារណៈឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់តាមឌីជីថល ការប្រើប្រាស់បណ្តាញសង្គម និងថ្មីៗនេះ គឺការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០​៣៥ មានគោល​បំណងបង្កើតឱកាសថ្មីៗសម្រាប់កំណើនសេដ្ឋកិច្ច នវានុវត្តភាព​ ការ​ផ្តល់សេវាសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមជាច្រើនទៀតក៏ត្រូវបានរៀបចំឡើងផងដែរ រួមមាន គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ សេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់​​ខ្លួន និងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (AI) ឆ្នាំ២០២៥-២០៣៥។

ទោះជាយ៉ាងណាក៏ដោយ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធក្នុងវិស័យឌីជីថលបានអះអាងថា មានគម្លាតនៅក្នុងការទទួលបានសេវាអ៊ីនធឺណិត និងច្បាប់សម្រាប់ការពារអ្នកប្រើប្រាស់ នៅចំពេលមានការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញ​មតិ និងសិទ្ធិមនុស្ស។

យោងតាមរបាយការណ៍ឆ្នាំ២០២៥ របស់អង្គការ Freedom House កម្ពុជាទទួលបានពិន្ទុ ៤២ក្នុងចំណោមពិន្ទុ​១០០ ហើយ​ត្រូវបានចាត់ថ្នាក់ថា ជាប្រទេសដែលមាន «សេរីភាពផ្នែកខ្លះ» ទាក់ទងនឹងសេរីភាពអ៊ីនធឺណិត។ ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានៅ​កម្ពុជាបានធ្លាក់ចុះមកនៅលេខរៀងទី១៦១ ក្នុងចំណោម១៨០ ប្រទេស យោង​តាម​ការ​វាយតម្លៃរបស់​អង្គការអ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ក្នុងឆ្នាំ២០២៥។

អំឡុងកិច្ច​ពិភាក្សានេះដែរ​ លោក សំ​ សុមុនី នាយកប្រតិបត្តិនៃអង្គការ Digital Future Cambodia បានលើកឡើងថា ការតភ្ជាប់ឌីជីថលតម្រូវឱ្យមានការពិនិត្យមើលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងថា តើការតភ្ជាប់នោះមានតម្លៃសមរម្យឬយ៉ាង​ណា។ លោកបានគូសបញ្ជាក់​ថា អគ្គិសនី គឺជាកត្តាសំខាន់មួយសម្រាប់ហេដ្ឋារចនា​សម្ព័ន្ធ ដែលចាំបាច់សម្រាប់ការតភ្ជាប់ឌីជីថល ហើយលោកក៏បានចោទសួរ​ថា តើការទទួលបានសេវាអគ្គិសនីនៅក្នុងប្រទេសកម្ពុជាមានភាពគ្រប់គ្រាន់ និងគ្របដណ្តប់ទូទាំងប្រទេសដែរឬទេ។

លោក​ក៏បានកត់សម្គាល់ផងដែរថា ការតភ្ជាប់អ៊ីនធឺណិត​ គឺផ្តោតសំខាន់នៅក្នុងតំបន់ទីក្រុង។ បរិយាបន្នកម្ម​ឌីជីថល គឺជាដំណើរការមួយដែលមនុស្សគ្រប់រូបមានឱកាសស្មើគ្នាក្នុងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោក សុមុនី បានលើកឡើងថា គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាគោលនយោបាយសេដ្ឋកិច្ចឌីជីថលថ្នាក់ជាតិ ដើរតួនាទីជាមូលដ្ឋានគ្រឹះ​។ គោលនយោបាយនេះ ត្រូវបានបែងចែកជាបីដំណាក់កាល ដោយបច្ចុប្បន្ន កម្ពុជា​​ស្ថិតនៅក្នុងដំណាក់កាលកសាងមូលដ្ឋានគ្រឹះឌីជីថល ហើយកំពុងវិ​វឌ្ឍទៅមុខ​ «យឺតជាងប្រទេសដទៃទៀតនៅក្នុងតំបន់»។ លោកបានបន្ថែមថា ប្រជាជនយ៉ាងហោចណាស់ ៣០% មិនមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតនោះទេ។

ក្របខ័ណ្ឌនេះក៏គ្របដណ្តប់លើផ្នែកច្បាប់ និងសន្តិសុខ រួមទាំងឯកជនភាព​ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកច្បាប់សម្រាប់ការគ្រប់​គ្រងសន្តិសុខ និងសេវាសាធារណៈ ការធ្វើឌីជីថលូបនីយកម្មលើវិស័យពា​ណិជ្ជកម្ម និងអាជីវកម្មឌីជីថលផងដែរ។

លោក សុមុនី មាន​ប្រសាសន៍ថា៖ «ចំណុចខ្វះខាត គឺការជឿទុកចិត្តរបស់អ្នកប្រើប្រាស់។ ដូច្នេះ យើងត្រូវពិនិត្យមើលឡើងវិញ ហើយ​សួរថា តើគោលនយោ​បា​យ​​​ទាំងអស់នេះការពារ​អ្នកប្រើប្រាស់ ការពារក្រុមហ៊ុន ឬការពាររដ្ឋាភិបាល? ។ មិនទាន់មានភាពស្មោះត្រង់គ្រប់គ្រាន់នៅក្នុងដំណើរការពិគ្រោះយោបល់ អំឡុងពេលតាក់តែងច្បាប់នៅឡើយ។ យើងត្រូវធានាឱ្យមានការចូលរួមពិត​ប្រា​កដ​»

ទន្ទឹមនឹងនេះ លោក ណៃ ប៉ាធិយ៉ា ជាប្រធានស្តីទីផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន និងបទប្បញ្ញត្តិ នៃក្រុមហ៊ុន CamGSM Co Ltd បានមានប្រសាសន៍ថា វិស័យឯកជនត្រូវតែសហការជាមួយរដ្ឋាភិបាល។

ក្រុមហ៊ុនរបស់លោក​មានទីតាំងបណ្តាញចំនួន ៣ ១៤០ កន្លែង ដែលគ្របដណ្តប់លើ ៩០% នៃបណ្តាញទូទាំងប្រទេសកម្ពុជា។ លោក​បានទទួលស្គាល់ថា តំបន់មួយ​ចំនួននៅក្នុងខេត្តមណ្ឌល​គិរី និងខេត្តរតនគិរីមានសេវាប្រើប្រាស់ ខណៈដែល​​​តំបន់ផ្សេងទៀតមិនមាននោះទេ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់ទៅដល់តំបន់ទាំងនោះ។

លោក ប៉ាធិយ៉ា បានលើកឡើងថា កត្តាមួយទៀត គឺការវិនិយោគ ដោយសារការសាងសង់បង្គោលអង់តែនទាមទារឱ្យមានថវិកាច្រើន។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការ លីកាដូ បានលើកឡើងថា សេរីភាពនៃការ​បញ្ចេញមតិ និងសិទ្ធិមនុស្ស គឺជាបញ្ហាសំខាន់ៗ។

ដោយកត់សម្គាល់ថា កម្ពុជាកំពុងផ្លាស់ប្តូរពីកម្រិតនៃអក្ខរកម្ម​ឌីជីថលឆ្ពោះ​ទៅរកការអភិវឌ្ឍឌីជីថលកាន់តែទូលំទូលាយ លោក សំអាត មាន​ប្រសាសន៍​ថា ច្បាប់ដែលមានស្រាប់ «នៅតែមិនទាន់ការពារសិទ្ធិរបស់អ្នកប្រើប្រាស់បានគ្រប់គ្រាន់នៅឡើយទេ»

លោកបានបន្ថែមថា ខណៈប្រព័ន្ធឌីជីថលកាន់តែមានភាពជឿនលឿនទៅៗនោះ ច្បាប់នានា ដែលការពារឯកជនភាព​ និងសេរីភាពរបស់ពលរដ្ឋនៅក្នុងពិភពឌីជីថល មិនបានវិវត្តទាន់សភាពការណ៍នេះទេ។

លោកមាន​ប្រសាសន៍ថា៖ «ឧទាហរណ៍ ច្បាប់ស្តីពីទូរគមនាគមន៍ យើងត្រូវសួរថា តើច្បាប់នេះផ្តល់អំណាចដល់នរណា? វាហាក់ដូចជាផ្តល់អំណាចកាន់តែច្រើនដល់រដ្ឋ ដើម្បីអនុវត្តការគ្រប់គ្រងកាន់តែខ្លាំងឡើង​ ខណៈដែលក្រុមហ៊ុនដែលផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់ក៏ស្ថិតនៅក្រោមច្បាប់នេះដែរ។ នេះគឺជាបញ្ហាមួយរួចទៅហើយ»៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម