លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃពុធ បានជំរុញឲ្យពង្រឹងសេវាសុខាភិបាលសាធារណៈ និងរឹតបន្តឹងការត្រួតពិនិត្យលើចំណីអាហារនាំចូល ផលិតផលសុខភាព និងផលិតផលថែរក្សាសម្ផស្ស ដោយលោកបញ្ជាក់ថាដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីក និងពង្រីកសេវាព្យាបាល និងការពារជំងឺមហារីកឲ្យបានពេញផ្ទៃប្រទេស។
ថ្លែងក្នុងពិធីសម្ពោធឲ្យដំណើរការមន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃពុធ ថា រដ្ឋាភិបាលនឹងពង្រីក និងធ្វើឲ្យកាន់តែប្រសើរនូវគុណភាពសេវាសុខាភិបាលសាធារណៈនៅតាមទីក្រុង និងខេត្ត ជាពិសេសការព្យាបាលជំងឺមហារីក។ លោកបានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យចំណីអាហារនាំចូល ផលិតផលថែរក្សាសម្ផស្ស និងផលិតផលសុខភាពដែលកំពុងដាក់លក់នៅលើអនឡាញ។
បើតាមលោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលចាត់ទុកការ«អភិវឌ្ឍធនធានមនុស្ស» ជាអាទិភាពខ្ពស់បំផុត និងបន្តលើកកម្ពស់វិស័យសុខាភិបាល និងធ្វើឲ្យកាន់តែប្រសើរលើប្រព័ន្ធសុខាភិបាលសាធារណៈ ដោយពង្រីកបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែកៀកប្រជាពលរដ្ឋ ធ្វើទំនើបកម្មសម្ភារបរិក្ខាពេទ្យ និងកំពុងតែអនុវត្តនូវប្រព័ន្ធគាំពារសង្គមមួយប្រកបដោយសមធម៌ និងចីរភាព។
លោកមានប្រសាសន៍ថា៖ «វិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិតមនុស្ស កម្លាំងពលកម្ម ធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌»។
កម្ពុជាបានរៀបចំឲ្យមានក្របខណ្ឌគោលនយោបាយសំខាន់ៗរួមមានផែនការយុទ្ធសាស្រ្តសុខាភិបាល និងផែនការគ្រប់គ្រងជំងឺមហារីកថ្នាក់ជាតិឆ្នាំ២០២៥-២០៣០។
លោកបន្ថែមថា ដើម្បីអនុវត្តផែនការគ្រប់គ្រងជំងឺមហារីកថ្នាក់ជាតិ រដ្ឋាភិបាលបានពង្រឹងសមត្ថភាពមន្ទីរពេទ្យឯកទេសលើការព្យាបាលជំងឺមហារីក ដើម្បីផ្ដល់ការថែទាំអ្នកជំងឺ និងការជួយសង្គ្រោះអាយុជីវិតជាអាទិភាព។
លោកឲ្យដឹងទៀតថា មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកចំនូន៦១នៅទូទាំងប្រទេសបានពង្រឹងសេវារបស់ខ្លួនលើការសង្គ្រោះបន្ទាន់។ ក្រៅពីនេះលោកថារដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាចំនួន១៨លានដុល្លារសម្រាប់ «សេវាវះកាត់សង្គ្រោះបន្ទាន់ដែលមានភាពចាំបាច់ខ្លាំង»។
លោកបញ្ជាក់ថា មណ្ឌលសុខភាពនៅទូទាំងប្រទេសបានបើកដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ និងមានបុគ្គលិកឆ្មប និងគិលានុបដ្ឋាយិកាសរុបចំនួន៥២២នាក់បានចូលបម្រើការ។
នៅតាមមន្ទីរពេទ្យធំ និងមណ្ឌលសុខភាពក៏បានបង្កើនបរិមាណថ្នាំសម្រាប់អ្នកមានបញ្ហាលើសឈាម និងទឹកនោមផ្អែមពី១៥ថ្ងៃ ទៅ៣០ថ្ងៃសម្រាប់ការបើកម្ដងផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រី មណ្ឌលសុខភាពចំនួន ៥៤០កន្លែង និងមន្ទីរពេទ្យបង្អែងចំនួន១៤កន្លែង អាចធ្វើការពិនិត្យរកជំងឺមហារីកមាត់ស្បូនបាន។
លោកមានប្រសាសន៍ទៀតថា៖ «ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងវិជ្ជាជីវៈលើវិស័យសុខាភិបាលឯកជន ដោយបានណែនាំច្បាស់លាស់ពីបទបញ្ញត្តិនានា។ បញ្ញត្តិរបស់វិស័យសុខាភិបាលត្រូវតែមានភាពតឹងរ៉ឹងដើម្បីធានាពីសុវត្ថិភាពរបស់អ្នកជំងឺ»។
ជាថ្មីម្ដងទៀតលោកក៏បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសូងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតឲ្យរឹតបន្តឹងលើការត្រួតពិនិត្យបន្លែ និងសាច់នាំចូល ក៏ដូចជាការប្រើប្រាស់សារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយជំងឺមហារីកដែលកើតចេញពីចំណីអាហារ។
ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងមួយដល់ម្ចាស់អាជីវកម្ម ដោយជំរុញឲ្យអ្នកទាំងនោះ និងអ្នកនាំចូលត្រូវគោរពតាមបទបញ្ញត្តិនានា និងមិនត្រូវនាំចូលនូវទំនិញខុសច្បាប់ ឬទំនិញមានផ្ទុកសារធាតុគីមីដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា មន្ទីរពេទ្យបានផ្ដល់ការពិគ្រោះជំងឺក្រៅដល់អ្នកជំងឺជាង២៣ម៉ឺននាក់ និងអ្នកជំងឺដែលត្រូវសម្រាកព្យាបាលមានចំនួនជាង២០ម៉ឺននាក់ ក្នុងនោះក៏បានរកឃើញករណីថ្មីអ្នកជំងឺមហារីកមានចំនូន ៣ ៤២០ នាក់។ បន្ថែមពីនេះវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនជាង ៥ ០០០ វ៉ាក់សាំងត្រូវបានប្រើប្រាស់ និងមានការពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយមិនគិតថ្លៃប្រហែល១០ម៉ឺនដង។

ប្រធានមណ្ឌលសុខភាពអន្សាចំបក់ ក្នុងស្រុកក្រគរខេត្តពោធិសាត់ លោកស្រី រស់ ឌី បានឲ្យដឹងថា មណ្ឌលសុខភាពរបស់លោកស្រីបានទទួលពិនិត្យជំងឺឲ្យប្រជាពលរដ្ឋប្រហែល៥០០នាក់ក្នុងមួយខែៗ ហើយមួយចំនួនក្នុងចំណោមនោះ គឺជាអ្នកមកបើកថ្នាំជំងឺទឹកនោមផ្អែម និងបញ្ហាលើសសម្ពាធឈាម។
អ្នកស្រីក៏បង្ហាញក្ដីបារម្ភចំពោះករណីជំងឺមហារីកដែរ ដោយថាប្រជាពលរដ្ឋនៅតែមានភាពស្ទាក់ស្ទើរក្នុងការមកពិគ្រោះយោបល់ និងការព្យាបាលដោយសារតែភាពខ្មាសអៀន។
អ្នកស្រីឲ្យដឹងថា បុគ្គលិកពេទ្យធ្វើការ២៤ម៉ោងក្នុងមួយថ្ងៃដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ អ្នកស្រីក៏រំពឹងថា មណ្ឌលសុខភាពរបស់អ្នកស្រីអាចនឹងទទួលបានបន្ថែមទៀតនូវឧបករណ៍វាស់ជាតិស្ករ និងសម្ពាធឈាម ដោយសារតែតម្រូវការកើនឡើង។
អ្នកស្រីឲ្យដឹងដែរថា៖ «យើងមិនឲ្យដាច់ថ្នាំទេនៅទីនេះ ជាពិសេសថ្នាំលើសឈាម និងទឹកនោមផ្អែម។ ខ្ញុំក៏មានក្ដីបារម្ភដែរ ព្រោះថាស្រ្តីភាគច្រើននៅតែខ្មាសអៀនពេលនិយាយអំពីជំងឺមហារីកមាត់ស្បូន។ មណ្ឌលសុខភាពរបស់យើងផ្ដល់វ៉ាក់សាំងមហារីកមាត់ស្បូនដល់សិស្សសាលាដែលគ្រប់អាយុ»។
អ្នកស្រីបន្ថែមថា ជំងឺមហារីកមាត់ស្បូនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច។
បើតាមក្រសួងសុខាភិបាល ក្នុងមួយឆ្នាំមានអ្នកជំងឺមហារីកប្រហែល២ម៉ឺននាក់ ហើយក្នុងនោះមានប្រហែល ១៤ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ។ អត្រាមរណភាពមានរហូតជាង៧០ភាគរយ បើធៀបទៅនឹងតួលេខជាមធ្យមរបស់ពិភពលោកមានត្រឹម៤៨ភាគរយ។
ក្នុងចំណោមអ្នកជំងឺមហារីកដែលព្យាបាលក្នុងស្រុកឆ្នាំ២០២៤ ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់កើតច្រើនជាងគេ ដែលមានរហូតដល់៣២ភាគរយនៃករណីជំងឺមហារីកសរុប។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក កុយ វ៉ាន់នី និងលោក លី សុវណ្ណ មិនអាចទាក់ទងសុំការអត្ថាធិប្បាយលើករណីជំងឺមហារីក និងគោលនយោបាយការពារជំងឺមហារីកបានទេ។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា មានប្រសាសន៍ថា ជំងឺមហារីកប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋដែលមានស្ថានភាពងាយរងគ្រោះ។ លោកបន្តថា អត្រាជំងឺមហារីកខ្ពស់នៅកម្ពុជាមិនមានជារឿងចម្លែកទេ នៅប្រទេសមួយចំនួនទៀតក៏ជួបបញ្ហាដូចគ្នានេះដែរ។
លោកបន្តថា ជំងឺមហារីកមានច្រើនប្រភេទ ហើយថាជំងឺនេះអាចបង្កពីសារធាតុគីមីនៅក្នុងចំណីអាហារ បន្លែ និងផ្លែឈើផងដែរ។
លោកយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងលើការត្រួតពិនិត្យទំនិញនាំចូលពីបរទេស។ យ៉ាងណា លោកថារដ្ឋាភិបាលក៏គួរបន្ថែមកញ្ចប់ថវិកាដល់វិស័យសុខាភិបាល ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាសុខភាព។
លោកបន្ថែមថា៖ «យើងគាំទ្រចំពោះវិធានការរដ្ឋាភិបាល និងការយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ។ ខ្ញុំក៏មើលឃើញថាក្រសួងសុខាភិបាលក៏កំពុងធ្វើការលើការការពារជំងឺមហារីក។ ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន ដោយរក្សាអនាម័យ និងបរិភោគអាហារសុវត្ថិភាព»៕









