អ្នកជំងឺចំនួន១៥២នាក់ត្រូវបានអាជ្ញាធរជម្លៀសចេញពីមន្ទីរពេទ្យបង្អែកស្រុកក្រគរក្នុងខេត្តពោធិ៍សាត់ក្រោយមន្ទីរពេទ្យត្រូវទឹកជន់លិចនៅយប់មានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យប៉ះពាល់បន្ទប់ពេទ្យ និងសម្ភារបរិក្ខាពេទ្យសំខាន់ៗផ្សេងទៀត។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់លិចបណ្ដាលឲ្យបន្ទប់របស់មន្ទីរពេទ្យជាច្រើនត្រូវលិចលង់។ ក្រែពេទ្យ កៅអី និងសម្ភារផ្សេងៗទៀតរងការខូចខាត ខណៈបុគ្គលិកពេទ្យអាចយកចេញបានតែថ្នាំពេទ្យ ឯកសារ និងសម្ភារៈបរិក្ខាពេទ្យចាំបាច់មួយចំនួនចេញប៉ុណ្ណោះនៅចំពោះមុខបញ្ហាទឹកជន់លិចនេះ។
រូបថត និងវីដេអូ បង្ហោះលើហ្វេសប៊ុកបានបង្ហាញឲ្យឃើញអ្នកជំងឺកំពុងសម្រាកព្យាបាល កំពុងស្ថិតនៅក្នុងអាគារហើយមានទឹកជន់លិចភ្លាមៗ។ វីដេអូមួយបានបង្ហាញឲ្យឃើញបុគ្គលិកពេទ្យ និងអ្នកសួរសុខទុក្ខអ្នកជំងឺប្រញាប់ប្រញាល់ជញ្ជូនសម្ភារបរិក្ខាពេទ្យចេញពីអាគារពេទ្យ ខណៈប្រជាពលរដ្ឋផ្សេងទៀតដើរលុយទឹកត្រឹមជង្គង់នៅក្នុងបរិវេណមន្ទីរពេទ្យ។
នាយករងមន្ទីរពេទ្យបង្អែកស្រុកក្រគរ លោក ជាង សុគុន ប្រាប់សារព័ត៌មានខេមបូចាថា អ្នកជំងឺចំនួន១៥២នាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីជម្រកនៅជិតនោះ ហើយក្រុមគ្រូពេទ្យនៅបន្តផ្ដល់សេវាព្យាបាលមូលដ្ឋាន និងតាមដានអាការៈអ្នកជំងឺធ្ងន់ធ្ងរ។ បុគ្គលិកពេទ្យ និងអាជ្ញាធរមូលដ្ឋានបានជួយគ្នាឆ្លើយតបទៅនឹងបញ្ហាទឹកជំនន់ និងផ្ដល់ការថែទាំដល់អ្នកជំងឺ។
លោកបន្ថែមថា៖ «យើងបានជម្លៀសអ្នកជំងឺទៅកន្លែងក្បែរពេទ្យ និងផ្ដល់សេវាព្យាបាលដដែល ប៉ុន្តែមិនទាន់អាចធ្វើប្រតិបត្តិការពេញលេញនៅឡើយ។ អ្នកជំងឺធ្ងន់ខ្លះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសម្រាប់ការព្យាបាលបន្ត…ប៉ុន្តែផ្នែកខ្លះ[មន្ទីរពេទ្យបង្អែកក្រគរ] បានរងការខូចខាត។ យើងអាចយកចេញបានរបស់របរមួយចំនួនដូចជាក្រែពេទ្យ និងសម្ភារបរិក្ខាមួយចំនួនទៀតបានទាន់ពេល»។
បើតាមលោក ជាង សុគុន អ្នកជំងឺប្រហែល៤០ភាគរយជាអ្នកជំងឺគ្រុនឈាម។ បុគ្គលិកពេទ្យត្រូវការសម្ភារបរិក្ខាបន្ទាន់ដើម្បីបន្តផ្ដល់ការព្យាបាលដល់អ្នកជំងឺ។ អាជ្ញាធរ និងបុគ្គលិកពេទ្យកំពុងសិក្សាពីការខូចខាត និងកំពុងរៀបចំឲ្យមានការផ្ដល់សេវាឡើងវិញក្រោយទឹកស្រកទៅវិញ។

ជាអភិបាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ លោក ខូយ រីដា បញ្ជាក់ថា អ្នកជំងឺត្រូវបានជម្លៀសចេញភ្លាមៗពីមន្ទីរពេទ្យ ព្រមទាំងបានជញ្ជូនសម្ភារបរិក្ខាពេទ្យចេញទៅកាន់កន្លែងសុវត្ថិភាពផងដែរ។ លោកក៏បានចុះទៅពិនិត្យស្ថានភាពនៅយប់ថ្ងៃកើតហេតុផងដែរ។
លោកបានបន្តទៀតថា ភ្លៀងធ្លាក់ខ្លាំងនៅយប់ថ្ងៃអង្គារ បានប៉ះពាល់ដល់ភូមិចំនួនប្រាំមួយក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ យ៉ាងណាលោកថា ទឹកជន់លិចនៅមន្ទីរពេទ្យបង្អែកក្រគរបានចាប់ផ្ដើមស្រកវិញបណ្ដើរៗហើយ និងមានសម្ភារមួយចំនួនបានខូចខាត។ លោកបន្ថែមថា៖ «អ្នកជំងឺត្រូវបញ្ជូនទៅកាន់សាលាស្រុក ស្នាក់ការគណបក្សប្រជាជនកម្ពុជា និងមន្ទីរពេទ្យខេត្ត ប៉ុន្តែស្ថានការណ៍នៅអាចគ្រប់គ្រងបាន»។
ជាមួយគ្នានេះដែរ អភិបាលស្រុកក្រគរ លោក អ៊ន សុផល្លា និងអាជ្ញាធរមូលដ្ឋានបានសិក្សាពីការខូចខាតដោយទឹកជំនន់លើផ្ទះសម្បែង សាលារៀន ផ្លូវ វត្ត និងដីស្រែនៅទាំង១១ឃុំ ក្នុងស្រុកក្រគរ។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុករដ្ឋបាលស្រុកក្រគរ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ក្រុមការងារកំពុងធ្វើការជាមួយអាជ្ញាធរដើម្បីដោះស្រាយស្ថានភាព និងជួយដល់ជនរងគ្រោះ និងថាស្ថានភាពស្ថិតក្រោមការគ្រប់គ្រង។
លោកបន្ថែមថា៖ «យើងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធសិក្សាពីផលប៉ះពាល់នៃទឹកជំនន់…មន្ទីរពេទ្យត្រូវជន់លិច ហើយអ្នកជំងឺត្រូវបានជម្លៀស ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងស្ថានការណ៍បាន»។
បញ្ហាទឹកជំនន់បានបង្ហាញឲ្យឃើញពីភាពងាយរងគ្រោះរបស់គ្រឹះស្ថានសុខាភិបាលដែលបណ្ដាលមកពីបញ្ហាអាកាសធាតុ។ អង្គការយូនីសេហ្វបានព្រមានថា មណ្ឌលសុខភាពជាង៤០០កន្លែងនៅទូទាំងប្រទេសប្រឈមនឹងគ្រោះមហន្តរាយដូចជាគ្រោះទឹកជំនន់ ខណៈដែលបាតុភូតអែលនីញ៉ូបានរំខានដល់របបទឹកភ្លៀង និងបង្កឲ្យមានបញ្ហាទាំងគ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំងនៅផ្នែកមួយចំនួននៃប្រទេស។
កម្ពុជាបានជួបប្រទះបញ្ហាអាកាសធាតុទាក់ទងនឹងវដ្ដនៃបាតុភូតអែលនីញ៉ូ ហើយខេត្តពោធិ៍សាត់ជាខេត្តមួយដែលរងគ្រោះដោយបញ្ហារាំងស្ងួតនៅដើមឆ្នាំនេះ និងក្រោយមកក៏រងគ្រោះព្រោះទឹកជំនន់នៅផ្នែកមួយចំនួន។ មន្ត្រីបានជំរុញឲ្យមានការត្រៀមខ្លួនឲ្យបានល្អចំពោះគ្រោះមហន្តរាយ ដើម្បីការពារប្រភពទឹក កសិកម្ម និងសេវាចាំបាច់ផ្សេងៗទៀតដូចជាសេវាសុខាភិបាល។
កាលពីខែកញ្ញា ឆ្នាំ២០២៦ ដីស្រែចំនួន ១៥០ ០០០ ហិកតារងការជន់លិច ដែលនេះស្មើនឹង៥ភាគរយនៃដីស្រែស្រូវវស្សាដែលចំនួន៣លានហិកតានៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋជាង ៥៧ ០០០ គ្រួសាររងផលប៉ះពាល់នៅក្នុងខេត្តចំនួន១០ ដែលត្រូវជម្លៀងរកទីទួលសុវត្ថិភាព។
គិតមកដល់ពេលនេះ ខាងមន្ទីរពេទ្យ និងអាជ្ញាធរមូលដ្ឋាននៅមិនទាន់ចេញរបាយការណ៍ពេញលេញលើការខូចខាត ឬបញ្ជាក់ថាពេលណាមន្ទីរពេទ្យអាចបើកដំណើរការជាប្រក្រតីវិញនៅឡើយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ About 150 Patients Evacuated From Flooded Krakor Referral Hospital








