សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជំងឺគ្រុនឈាមកើតឡើងច្រើននៅកម្ពុជាអំឡុងរដូវវស្សា ខណៈ​មន្ទីរ​​ពេទ្យ​មួយចំនួនត្រូវការឈាមបន្ថែមដើម្បីព្យាបាល

មន្ត្រីក្រសួងសុខាភិបាល ចុះសួរសុខទុកអ្នកជំងឺគ្រុនឈាមនៅមន្ទីរពេទ្យមួយកន្លែងក្នុងឆ្នាំ២០២៣។ (ខេមបូចា)
មន្ត្រីក្រសួងសុខាភិបាល ចុះសួរសុខទុកអ្នកជំងឺគ្រុនឈាមនៅមន្ទីរពេទ្យមួយកន្លែងក្នុងឆ្នាំ២០២៣។ (ខេមបូចា)

ប្រជាពលរដ្ឋបង្ហាញការព្រួយបារម្ភពីការកើនឡើងនូវការឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេសកម្ពុជា​ ជាពិសេសតាមតំបន់សហគមន៍ដែលមិនទាន់មានការណែនាំទូលំទូលាយ ក្រោយករណីស្លាប់កើតឡើងជាបន្តបន្ទាប់ ក្នុងនោះកុមារងាយរងគ្រោះជាងគេ។ ពួកគេបានស្នើសុំឱ្យអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ជួយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ព្រមទាំងចុះផ្សព្វផ្សាយអប់រំក្នុងសហគមន៍ផ្សេងៗផង។

«កូនខ្ញុំរៀនពូកែណាស់ បានលេខមួយសឹងតែរាល់ខែ មិនគួរណាស្លាប់ដោយសារជំងឺគ្រុនឈាម។ បើសិនជាព្យាបាលទាន់ពេលប្រហែលជាមិនស្លាប់ទេ។ ខ្ញុំមានតែកូនស្រីម្នាក់គត់នៅក្នុងគ្រួសារ ក្នុងចំណោមកូនពីរនាក់»។ នេះជាសម្ដីរបស់អ្នកស្រី អឿន គឹមស្រេង ជាប្រជាពលរដ្ឋនៅភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។​

អ្នកស្រី គឹមស្រេង បានបាត់បងកូនស្រីតែម្នាក់របស់អ្នកស្រី ឈ្មោះ តាន់​ លីហ័រ​ អាយុ៧ឆ្នាំរៀននៅថ្នាក់ទី២ក​ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម​ កាលពីថ្ងែទី១១ ខែកក្កដា ឆ្នាំ២០២៦។ អ្នកស្រីបានឱ្យដឹងថា ដំបូងឡើយអ្នកស្រីមិនបានចាប់អារម្មណ៍ថាជាជំងឺគ្រុនឈាម ឬជាជំងឺអ្វីនោះឡើយ។ ដើមខែកក្កដា ឆ្នាំ២០២៦ អ្នកស្រីចាំថាកូនអ្នកស្រីមានអាការៈក្ដៅខ្លួនខ្លាំងភ្លាមៗ ហើយអ្នកស្រីមិនបានបញ្ជូនកុមារី លីហ័រ ទៅពិនិត្យសុខភាពភ្លាមៗនោះឡើយ ដោយគិតថាជាជំងឺក្ដៅខ្លួនធម្មតា និងគ្រាន់តែទិញថ្នាំប៉ារ៉ាសេតាម៉ុលឱ្យលេប។

តែក្រោយមកអាការៈរបស់កុមារី លីហ័រ បានវិវត្តកាន់តែធ្ងន់ធ្ងរ ទើបអ្នកស្រី គឹមស្រេង នាំកូនស្រីទៅពិនិត្យនៅមណ្ឌលសុខភាពកោះស្ដេច ទើបដឹងថាកូនស្រីមានជំងឺគ្រុនឈាមដំណាក់កាលធ្ងន់ធ្ងរ។ អ្នកស្រីនិយាយថាក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពកោះស្ដេចបានព្យាយាមជួយព្យាបាល ដោយព្យូរសេរ៉ូមឱ្យដើម្បីកាត់បន្ថយកម្ដៅ តែរយៈពេលបីថ្ងៃទៅហើយកូនអ្នកស្រីនៅតែមិនធូរស្បើយ ទើបអ្នកស្រី គឹមស្រេង បញ្ជូនកូនមកមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ​។ តែយ៉ាងណា អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំដាក់ឱ្យលេប តែអត់បាន​ ក៏ទៅជួសឈាមមើលថាគ្រុនឈាម។ រួចហើយក៏ដាក់សេរ៉ូម រួចហើយក៏មិនថមថយដែរ។ មានឯណាទម្រាំដល់ភ្នំពេញចេញឈាមតាមជើងធ្មេញហើយ បែកគ្រាប់ឈាម»។

អ្នកស្រីសម្តែងការសោកស្តាយអំពីការបាត់បង់កូនស្រី និងទទូចផ្តាំពលរដ្ឋគ្រប់រូប ពិសេស អាណាព្យាបាលដែលគួរប្រុងប្រយ័ត្នចំពោះជំងឺកាចសាហាវនេះ។

ចំណែកឯ ប្រជាពលរដ្ឋនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អ្នកស្រី គង់ វិរីយ៉ា បានបាត់បង់ប្អូនស្រីឈ្មោះ គង់ រចនា អាយុ២២ ឆ្នាំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដោយសារជំងឺគ្រុនឈាម ក្រោយធ្លាក់ខ្លួនឈឺធ្ងន់បានមួយអាទិត្យ ។ អ្នកស្រីបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ថាជំងឺគ្រុនឈាមនេះធ្វើឲ្យអ្នកស្រីខ្លាចរអាពេញមួយជីវិត ភ្ជាប់ជាមួយសារបង្ហោះចែករំលែកមួយពាក់ព័ន្ធនឹងការស្លាប់របស់កុមារីអាយុ១២ឆ្នាំម្នាក់។

អ្នកស្រីរៀបរាប់ថា៖ «ឆ្នាំមុនហ្នឹងរោគសញ្ញាគ្រាន់តែក្ដៅខ្លួនតែមួយមុខ​ឈឺក្បាល។ គាត់ជា ប្អូនស្រីទី២ហ្នឹង។ របៀបថាគាត់អត់ប្រាប់អ្នកផ្ទះ ហើយអ្នកផ្ទះក៏មិនបានចាប់អារម្មណ៍ថាគាត់ឈឺទេ។​ គាត់ចេះតែទុកពីមួយថ្ងៃទៅមួយថ្ងៃ ដល់ពេលយកទៅពេទ្យ តែពេទ្យសង្កេតឃើញថាប្អូនស្រីខ្ញុំអត់ទម្រន់ក៏ទុកគ្នារហូតដល់ស្លាប់»។

អ្នកស្រីបន្តថា ប្អូនស្រីរបស់អ្នកស្រីម្នាក់ទៀតក៏បានឆ្លងជំងឺគ្រុនឈាមដែរ​នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយមានអាការៈចុកពោះ និងឈឺក្បាលខ្លាំង ហើយហូបអ្វីមិនបានទៀតផង។ រួចនៅថ្ងៃទី២ ខែកុម្ភៈទើបអ្នកស្រីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ដោយមានការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ទើបជាសៈស្បើយ។

អ្នកស្រីនិយាយថា៖ «តាំងពីប្អូនស្រីទី២ ខ្ញុំខូចមក ខ្ញុំព្យាយាមតាមដានរឿងហ្នឹងខ្លាំងមែនទែន​ ដោយសារខ្ញុំមានកូន មានបងប្អូន សាច់ញ្ញាតិ អីចឹងខ្ញុំខ្លាច»។

ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានចេញវីដេអូមួយមានរយៈពេលពីរនាទីកន្លះ បានណែនាំឱ្យសមាជិកគ្រួសារដែលមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ដល់ ៤០ អង្សាសេ ត្រូវប្រញាប់ទៅពិគ្រោះ និងព្យាបាលជាបន្ទាន់នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ក្នុងអំឡុងពេលយ៉ាងយូរ ៤៨ ម៉ោង។

ខ្លឹមសារក្នុងវីដេអូណែនាំថា៖ «សូមយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ។ គួរចៀសវាងការទៅទិញថ្នាំលេបដោយខ្លួនឯងឱ្យកុមារ ដែលមិនបានពិគ្រោះជាមួយគ្រូពេទ្យជាពិសេសជាថ្នាំអាស្ពីរីន (Aspirin) ឬអាយប៊ុនប្រូសែន (Ibuprofen) ព្រោះវាបង្កើនហានិភ័យនៃការហូរឈាម។ សូមផ្ដល់ថ្នាំតាមវេជ្ជៈបញ្ជាឱ្យបានត្រឹមត្រូវ»។

ក្រសួងសុខាភិបាលក៏បានចេញសេចក្ដីប្រកាសនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយរំលឹកឱ្យពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាបំផ្លាញចោលរាល់សម្ភារដក់ទឹកផ្សេងៗ និងសម្អាតដង្កូវទឹកនៅតាមអាងទឹក ពាង ថូផ្កា ចានទ្រជើងទូ ឡាំង និងធុងជាដើម ដោយត្រូវផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងអំឡុងពេលរដូវវស្សា ជាទូទៅ ធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងកម្ពុជា។ ស្ថានភាពនេះ អាចធ្វើឱ្យមានការកើនឡើងចំនួនមូសខ្លា និងជំងឺ គ្រុនឈាម ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍។

លើសពីនេះ មន្ទីរពេទ្យមួយចំនួនក៏កំពុងខ្វះឈាមព្យាបាលកុមារ ដែលកំពុងប្រឈមនឹងជំងឺគ្រុនឈាមធ្ងន់ធ្ងរផងដែរ។ ក្នុងនោះមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវឱ្យសាធារៈជនចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះស្ត្រីមានផ្ទៃពោះ និងកុមារ ដែលកំពុងសម្រាកព្យាបាល ដោយសារស្ថានភាពកើនឡើងនៃអ្នកជំងឺគ្រុនឈាម។

អ្នកស្រី សរ រចនា ដែលបានទៅបរិច្ចាគឈាមកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ថ្លែងប្រាប់សារព័ត៌មានខេមបូចាថា ​អ្នកស្រីសង្កេតឃើញថាមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ពិតជាសម្បូរដោយអ្នកជំងឺកុមារជាច្រើនរយនាក់ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់នៃជំងឺគ្រុនឈាមកម្រិតធ្ងន់។ អ្នកស្រីរចនា ក៏អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមបរិច្ចាគឈាម ដើម្បីព្យាបាលជំងឺនេះជាបន្ទាន់។

អ្នកស្រីនិយាយថា៖ «មានអ្នកជំងឺដែលយកកូនទៅព្យាបាលនៅមន្ទីរពេទ្យច្រើនខ្លាំងមែនទែន។ មានករណីខ្លះធ្ងន់ធ្ងរដែលត្រូវការឈាមជាចាំបាច់ក្នុងការព្យាបាល ព្រោះករណីខ្លះទម្រាំតែគាត់បញ្ជូនមកដល់ តាមស្រុក តាមខេត្តស្ថានភាពអ្នកជំងឺហាក់ដូចជាធ្ងន់ធ្ងរ ព្រោះដោយសារតែគាត់មិនបានយកចិត្តទុកដាក់ជាមួយកូនផង ស្មានថាជាជំងឺគ្រុនក្ដៅ ផ្ដាសាយធម្មតា»។

នៅខេត្តកោះកុងឯណោះវិញ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមសរុបជាង ៣០០នាក់ គិតចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦ ដែលចំនួននេះបានកើនឡើងប្រមាណ២ដងនៃចំនួនអ្នកជំងឺសរុបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៅមន្ទីរមួយ នៅខេត្តព្រៃវែង ដែលបានផ្សព្វផ្សាយលើផេកហ្វេសប៊ុកក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ទាក់ទងនឹងការឆ្លងនៃជំងឺគ្រុនឈាម ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ ថ្លែងប្រាប់ សារព័ត៌មានខេមបូចា នៅថ្ងៃទី៥ ខែសីហាថា លោកមានការភ្ញាក់ផ្អើលពីចំនួនកើនឡើងនៃជំងឺគ្រុនឈាមនៅឆ្នាំ២០២៦ នេះ ដែលចំនួននេះលោកអះអាងថាកើនឡើងទ្វេរដង បើប្រៀបធៀបទៅឆ្នាំមុនៗ។ លោកបញ្ជាក់ថាខេត្តព្រះវិហារ ស្ថិតក្នុងចំណោមខេត្តទាំង៩ នៃប្រទេសកម្ពុជាដែលមានចំនួនឆ្លងច្រើនជាងគេ ក្នុងនោះស្រុក និងក្រុងចំនួន៤កំពុងប្រឈមខ្លាំង មានស្រុកជាំក្សាន្ត ស្រុករវៀង ស្រុកជ័យសែន និងក្រុងព្រះវិហារ។

លោកបន្តថា គិតត្រឹម៧ខែនៃឆ្នាំ២០២៦ ស្រុកជាំក្សាន្តតែមួយមានករណីឆ្លងចំនួន៥០០ ករណីទៅហើយដែលទទួលបានការបញ្ជាក់ពីមន្ទីរពិសោធន៍ និងស្រុក/ក្រុង ផ្សេងៗក៏មានករណីឆ្លងច្រើនដែរ។ ជាការឆ្លើយតបនៃការរាតត្បាតនៃជំងឺគ្រុនឈាមយ៉ាងគំហុកនេះ លោកគួង ឡូ បញ្ជាក់ថា លោកកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពឱ្យត្រៀមចាត់វិធាន​ការព្យាបាល និងបន្តផ្សព្វផ្សាយពីការបង្ការជាបន្ទាន់ដល់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ លោកកំពុងជម្រុញឱ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរបន្តសកម្មភាពដាក់ថ្នាំអាបែតតាមប្រភពទឹក និងបាញ់ថ្នាំមូសតាមតំបន់សម្បូរមូសខ្លាផងដែរ។

លោកថ្លែងថា៖ «មន្ទីរសុខាភិបាលមានផែនការក្នុងការឆ្លើយតបជំងឺគ្រុនឈាមតាំងពីដើមឆ្នាំ។ ឆ្នាំនេះគឺជាឆ្នាំមួយដែលយើងមិននឹកស្មានថាជាឆ្នាំមានការកើនឡើងនៃជំងឺគ្រុនឈាមខ្ពស់ ដោយសារគ្រុនឈាមធម្មតាតាមបែបវេជ្ជសាស្ត្រគឺបានបង្ហាញថាផ្ទុះក្នុងរយៈពេល៥ ទៅ៦ឆ្នាំម្ដង។ ឆ្នាំនេះយើងមិនគិតថាគ្រុនឈាមផ្ទុះទេ ប៉ុន្តែដោយសារកត្តាបម្រែបម្រួលអាកាសធាតុ»។​

លោកបន្ថែមថា៖ «យើងបានធ្វើការអប់រំណែនាំ និងធ្វើយុទ្ធនាការមួយចុះតាមភូមិស្រុក ដើម្បីជាគម្រូដល់ប្រជាពលរដ្ឋផ្សេងទៀត គឺយើងចូលទៅដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីលុបបំបាត់នូវវត្ថុដែលអាចដក់ទឹកបាននៅក្នុងផ្ទះ ឬនៅជុំវិញ។ ប្រជាពលរដ្ឋខ្លួនគាត់ទី១ គាត់ត្រូវធ្វើ​អនាម័យ​ផ្ទះគាត់កុំឱ្យមានស្មៅ ច្រើន ទឹកនៅទីនោះច្រើន។ វិធានការទី២ គាត់ខ្លួនគាត់​ កូនគាត់ ក្រុមគ្រួសារគាត់បើមានសមាជិកសង្ស័យកើតជំងឺគ្រុនឈាម គឺយើងស្នើប្រញាប់មកជួបពេទ្យ»។

លោក ហេង សូរិទ្ធ អនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បា​នដឹងនៅថ្ងៃទី៦ ខែសីហាថា នៅមន្ទីរពេទ្យនេះមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួនប្រហែល១ពាន់៨រយនាក់ប្រចាំថ្ងៃ ក្នុងនោះអ្នកជំងឺប្រមាណជាង៣០០នាក់ ឆ្លងជំងឺគ្រុនឈាម។ លោកអះអាងថាមន្ទីរពេទ្យពិតជាបានផ្សព្វផ្សាយពីការខ្វះខាតឈាម និងអំពាវនាវឱ្យសាធារណៈជនចូលរួមបរិច្ចាគឈាមផង តែលោកថាស្ថានភាពខ្វះឈាមគិតត្រឹមថ្ងៃទី៦ ខែសីហានេះ មន្ទីរពេទ្យអាចគ្រប់គ្រងបាន។ លោកបញ្ជាក់ថា នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧មានគ្រែសម្រាប់ឱ្យអ្នកជំងឹសម្រាកព្យាបាលចំនួន១ពាន់១រយគ្រែ ដូច្នេះអ្នកជំងឺ៧រយនាក់ទៀត ត្រូវគេងលើកន្ទេល។

លោកបានថ្លែងថា៖ «បច្ចុប្បន្នយើងគ្រប់គ្រងបានហើយ ប៉ុន្តែជាធម្មតាយើងអំពាវនាវជាទូទៅ។ ការបរិច្ចាគឈាមក្នុងការព្យាបាលជំងឺទូទៅ ក្នុងនោះក៏បានជំងឺគ្រុនឈាម ជាពិសេសនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧មានខាងសម្ភពដែលត្រូវការឈាមខ្លះដែរ»។

លោក លី សូវ៉ាន់ ជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ប្រាប់ឱ្យអ្នកសារព័ត៌មានខេមបូចាតាមដានព័ត៌មានផ្លូវការលើទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលផ្ទាល់។ លោកលើកឡើងថា៖ «បើនិយាយឱ្យខ្លីតែម្ដងទៅ រឿងជំងឺគ្រុនឈាមនេះយើងចុះជាប្រចាំ។ ទី១សូមប្រមូលព័ត៌មានពីទំព័រហ្វេសប៊ុកក្រសួង។ ទី២ មានព័ត៌មានអីខ្វះខាតចាំទាក់ទង​មន្ត្រី​ជំ​នាញខាងគ្រុនឈាម»។

សារព័ត៌មានខេមបូចាមិនទាន់អាចទាក់ទង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល សុំការបកស្រាយពីចំនួនកើនឡើងនៃជំងឺគ្រុនឈាមបានទេ គិត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ តែយ៉ាងណាលោក បញ្ជាក់ប្រាប់វិទ្យុបារាំងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ថាស្ថានភាពជំងឺគ្រុនឈាមគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦នេះ ចំនួនអ្នកឆ្លងជំងឺគ្រុនឈាមមានប្រមាណ ១២ ០០០ករណី​។ លោកបន្តថា រដូវវស្សាទើបនឹង​ចាប់ផ្តើម ប៉ុន្តែ​ករណីឆ្លង​ជំងឺគ្រុនឈាមនៅកម្ពុជាបាន និង​កំពុងកើនឡើងខ្ពស់​គួរឱ្យបារម្ភ​​។

បើតាមរបាយការណ៍អង្គការសុខភាពពិភពលោកស្ដីពីស្ថានភាពជំងឺគ្រុនឈាម  ប្រទេសកម្ពុជា​មានករណីជំងឺឆ្លងគ្រុនឈាមចំនួន ១២ ៩៤៨ ករណី គិតត្រឹមពាក់កណ្ដាលខែមិថុនា ក្នុងឆ្នាំ២០២៦ ក្នុងនោះអ្នកស្លាប់មានចំនួន១៦នាក់។ ចំនួននេះកើនឡើង ៤៦,៥ ភាគរយ បើធៀបទៅនឹងរយៈពេលដដែលនៃឆ្នាំ២០២៥។

លោកបន្តប្រាប់វិទ្យុបារាំងRFI ថា ករណីឆ្លងជំងឺគ្រុនឈាម​បានកើនឡើងខ្ពស់​រាយប៉ាយ​នៅតាមតំបន់ផ្សេងៗ​​ដែលអាចនាំ​ឱ្យ​ចំនួនអ្នកឆ្លងជំងឺ​​គ្រុនឈាម​សរុបក្នុងឆ្នាំ២០២៦ នឹងមានការប្រែប្រួលខ្លាំង។ 

ជុំវិញរឿងនេះ នាយកប្រតិបត្តិគណ:កម្មាធិការសម្របសម្រួលសុខភាព(HACC) លោក ទឹម វរ៉ា ថ្លែងថា ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរបង្កើន និងពង្រឹងយុទ្ធនាការផ្សាយ អំពី ជំងឺគ្រុនឈាមឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីបង្ការជាមុន នារដូវវស្សានេះ។

លោក ទឹម វរ៉ា មានប្រសាសន៍ថា៖ «រដូវវស្សាចូលមកដល់ត្រូវបង្កើនការអប់រំផ្សព្វផ្សាយតាមប្រពន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងទូរទស្សន៍និងប្រពន្ធផ្សព្វផ្សាយសង្គម បាញ់ថ្នាំមូស​ ចែកថ្នាំអាបែត សហការរៀបចំទាំងខាងមណ្ឌលសុខភាព និងអាជ្ញារធរដែនដី បណ្តុះបណ្តាលអ្នកទ្រទ្រង់សុខភាពភូមិឱ្យចេះផ្សព្វផ្សាយនិងអង្កេតពីជំងឺគ្រុនឈាម និងការបញ្ចួនអ្នកជំងឺមកទទួលសេវា»។

ក្នុងឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ម៉ឺនករណី ហើយក្នុងចំណោមនោះមាន ៦៤ករណី បានបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុង«សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។ ខណៈនៅដំណាច់ឆ្នាំ២០២៤ មានករណីជំងឺគ្រុនឈាមចំនួនសរុប ១៨ ៩៨៧ នាក់ ស្លាប់៤៦នាក់ ខណ:ឆ្នាំ២០២៣ មានចំនួនករណី ៣ ៥៣៩០នាក់ បាត់បង់ជីវិត៩៩នាក់៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម