សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពីតំបន់អភិរក្សព្រៃឈើ ប្រែទៅជាតំបន់នៃទីតាំងឆបោកមួយនៅកម្ពុជា

អគារ ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ អឹ​ម​.​ឌី​.​អេស​ ក្នុងខេត្តពោធិ៍សាត់់ ប្រទេសកម្ពុជា ថតកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ អំឡុងពេលរឹតបណ្តឹង​សន្តិសុខបន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលនៅទូទាំងប្រទេសលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត​។ ក្រុមសិទ្ធិមនុស្សបានលើកឡើងពីការព្រួយបារម្ភអំពីទំនាក់ទំនងដែលត្រូវបានចោទប្រកាន់ក្នុង តំបន់នេះទៅ​នឹងសកម្មភាពឆបោកតាមអ៊ីនធឺណិត។ (រូបថត៖ គុជ ស៊ីកុល) 
អគារ ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ អឹ​ម​.​ឌី​.​អេស​ ក្នុងខេត្តពោធិ៍សាត់់ ប្រទេសកម្ពុជា ថតកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ អំឡុងពេលរឹតបណ្តឹង​សន្តិសុខបន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលនៅទូទាំងប្រទេសលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត​។ ក្រុមសិទ្ធិមនុស្សបានលើកឡើងពីការព្រួយបារម្ភអំពីទំនាក់ទំនងដែលត្រូវបានចោទប្រកាន់ក្នុង តំបន់នេះទៅ​នឹងសកម្មភាពឆបោកតាមអ៊ីនធឺណិត។ (រូបថត៖ គុជ ស៊ីកុល) 
ស្របពេលដែលអាជ្ញាធរបើកការបង្ក្រាបលើប្រតិបត្តិការឆបោក ដែលត្រូវបានចោទប្រកាន់ថាកើតមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មដា ជម្លោះដ៏យូរអង្វែងលើការបាត់បង់ព្រៃឈើតំបន់ការពារ ដីសម្បទាន និងការផ្លាស់ទីលំនៅរបស់ពលរដ្ឋ នៅតែមិនទាន់ដោះស្រាយបានឡើយ​។

ខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា៖ តំបន់មួយដែលធ្លាប់ជាព្រៃការពារដ៏ក្រាស់ក្រែលនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ត្រូវបានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស។ បន្ទាប់ពីព្រៃឈើរាប់ពាន់ហិកតាត្រូវបានកាប់បំផ្លាញ បរិវេណមួយចំនួននៅក្នុងតំបន់នេះត្រូវបានផ្សារភ្ជាប់ទៅនឹងករណី ដែលគេចោទប្រកាន់ពីបទឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។

តំបន់សេដ្ឋកិច្ចពិសេសថ្មដា ​អឹ​ម​.​ឌី​.​អេស​ ក្នុងខេត្តពោធិ៍សាត់ ជិតព្រំដែនកម្ពុជា-ថៃ ធ្លាប់ជាតំបន់​មមាញឹកមួយ ប៉ុន្តែមួយរយៈចុងក្រោយនេះបានប្រែជាស្ងប់ស្ងាត់ជាងមុន។ រឿងនេះកើតឡើងនៅពេលដែលអាជ្ញាធរកម្ពុជាបង្កើនការបង្ក្រាបទូទាំងប្រទេសលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត បន្ទាប់ពីមានសម្ពាធ និងការត្រួតពិនិត្យពីអន្តរជាតិកាន់តែខ្លាំងឡើង។

ការណ៍នេះក៏កើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ប្រទេសថៃក្នុងខែធ្នូឆ្នាំ២០២៥ សំដៅទីតាំងកាស៊ីណូ ដែលអាជ្ញាធរប្រទេសក្បែរខាងកម្ពុជាមួយនេះចាត់ទុកជាទីតាំងឆបោកតាមអ៊ីនធឺណិត និងជង្រុកជួញដូរមនុស្ស។ ទាំងនេះជាការចោទរបស់ភាគីថៃ ដែលកម្ពុជាតែងច្រានចោល។ 

បច្ចុប្បន្ន បរិវេណដែលត្រូវបានចោទប្រកាន់ថា ជាកាស៊ីណូនិងអគារការិយាល័យជាច្រើនស្ថិតនៅក្នុងតំបន់ទំហំ ២២៦៥ ហិកតា ហាក់ដូចជាត្រូវបានបោះបង់ចោល ពេលដែលអ្នកយកព័ត៌មានចុះទៅដល់ទីនោះ។ ជំនួសមកវិញ ទាហានជាច្រើនកំពុងឈរជើងនៅទីនោះ ហើយមិនអនុញ្ញាតឱ្យអ្នកផ្សេងចេញចូលឡើយ។ 

ប៉ុន្តែនៅពីក្រោយការបង្រ្កាបប្រតិបត្តិការឆបោកនេះ វាមានរឿងរ៉ាវច្រើនជាងនេះទៅទៀត។ មុនពេលដែលតំបន់សេដ្ឋកិច្ចពិសេសថ្មដាដដែលនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន MDS Group ដែលជាក្រុមហ៊ុនមួយមានទំនាក់ទំនងជាមួយឧកញ៉ា ទ្រី ភាព ត្រូវបានគេស្គាល់ថាជាអ្នកជំនួញឈើ តំបន់នេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើយ៉ាងក្រាស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។

ដែនជម្រកសត្វព្រៃភ្នំសំកុស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ជាតំបន់ការពារដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ដែលលាតសន្ធឹងពាសពេញជួរភ្នំក្រវាញនៅភាគខាងលិចនៃប្រទេសកម្ពុជា​។

យោងតាមក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃនេះគឺជាជម្រករបស់សត្វព្រៃជិត៦០០ប្រភេទ។ ប្រហែល ១៤% នៃពួកវាត្រូវបានចុះបញ្ជីដោយអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ថា ជាប្រភេទជិតផុតពូជ ជិតផុតពូជធ្ងន់ធ្ងរ រងការគំរាមកំហែង ឬងាយរងគ្រោះ។

ទោះបីជាទំហំសរុបនៃតំបន់ការពារបានកើនឡើងពី ៣៣៣ ៧៥០ហិកតា ដល់ ៣៦២ ៣៨៤ហិកតា ក្នុងឆ្នាំ២០២៣ក៏ដោយ ព្រំប្រទល់ថ្មីនេះមិនរាប់បញ្ចូលដីប្រហែល ៥៨ ០០០ហិកតា ដែលត្រូវបានដកចេញរួចហើយក្នុងឆ្នាំ២០១០សម្រាប់សម្បទានដីសេដ្ឋកិច្ច (ELC) និងគម្រោងអភិវឌ្ឍន៍។

យោងតាមទិន្នន័យដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្ររាជកិច្ច  រដ្ឋាភិបាលបានដកយកដីចេញពីដែនជម្រកសត្វព្រៃភ្នំសំកុសយ៉ាងហោចណាស់ ៦៥ ដងរវាងឆ្នាំ២០១០ និង២០២២។ ដីនេះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដូចជាសម្បទានដីសេដ្ឋកិច្ច ការចែកចាយដីដល់សហគមន៍មូលដ្ឋាន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

កំណត់ត្រារបស់រដ្ឋាភិបាលក៏បង្ហាញផងដែរថា តំបន់ដែលត្រូវបានដកចេញមួយចំនួនទាំងនេះនៅតែត្រូវបានរួមបញ្ចូលនៅក្នុងតួលេខផ្លូវការនៃតំបន់ការពារដែនជម្រក។

ផែនទី​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំសំកុស ដែល​បង្ហាញ​ពី​តំបន់​ដែល​ត្រូវ​បាន​កាត់​ចេញ​សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច និង​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ ដែល​បាន​ផ្លាស់ប្តូរ​ផ្នែក​ខ្លះ​នៃ​ព្រៃ​ការពារ។ ប្រភព៖ លីកាដូ។ (រូបថត៖ Mekong Eye)

ច្បាប់ភូមិបាលឆ្នាំ២០០១ របស់ប្រទេសកម្ពុជាអនុញ្ញាតឱ្យរដ្ឋាភិបាលជួលដីដែលគ្រប់គ្រងដោយរដ្ឋ រួមទាំងតំបន់ព្រៃឈើមួយចំនួន ទៅឱ្យក្រុមហ៊ុនឯកជន ឬបុគ្គលរហូតដល់ ៩៩ ឆ្នាំ។ គោលបំណងគឺដើម្បីគាំទ្រដល់កសិកម្មទ្រង់ទ្រាយធំ ទាក់ទាញការវិនិយោគពីបរទេស បង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។

មួយរយៈកាលកន្លងផុតទៅ សម្បទានដីសេដ្ឋកិច្ច (ELC) មួយចំនួនត្រូវបានប្តូរទៅជាតំបន់សេដ្ឋកិច្ចពិសេស (SEZs)។ ជាឧទាហរណ៍មួយ គឺសម្បទានដីដែលផ្តល់ឱ្យលោក ទ្រី ភាព ដែលក្រោយមកបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេស អឹ​ម​.​ឌី​.​អេស ​ថ្មដា​ ដែលត្រូវបានគេស្គាល់ផងដែរថាជាតំបន់សេដ្ឋកិច្ចពិសេស អឹ​ម​.​ឌី​.​អេស ហេងហឺ ថ្មដា ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងក្រុមហ៊ុន អឹ​ម​.​ឌី​.​អេស របស់លោក ទ្រី ភាព និងក្រុមហ៊ុនចិនហេងហឺ។

បន្ទាប់ពីក្លាយជាតំបន់សេដ្ឋកិច្ចពិសេស គម្រោងនេះមានសិទ្ធិទទួលបានការលើកទឹកចិត្តពន្ធ។ ដីនេះក៏អាចត្រូវបានបែងចែក និងជួលទៅឱ្យអាជីវកម្មផ្សេងៗគ្នា រួមទាំងក្រុមហ៊ុនបរទេសផងដែរ ដែលវាមានលក្ខខណ្ឌខុសពីដីសម្បទានដីសេដ្ឋកិច្ច។

អ្នករិះគន់និយាយថា ការផ្លាស់ប្តូរការប្រើប្រាស់ដីធ្លីនេះបានបង្កើតបរិយាកាសបទប្បញ្ញត្តិកាន់តែធូរស្រាលនៅតំបន់ព្រំដែនដាច់ស្រយាល ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់សកម្មភាពខុសច្បាប់ ជាមួយនឹងការត្រួតពិនិត្យនៅមានកម្រិត។

«ឧស្សាហកម្មបោកប្រាស់របស់ប្រទេសកម្ពុជាបានពឹងផ្អែកលើច្រើនជាងមនុស្សដែលធ្វើការហៅទូរស័ព្ទ និងប្រើប្រាស់កុំព្យូទ័រនៅក្នុងបរិវេណបោកប្រាស់»។ នេះជាការបញ្ជាក់របស់ លោក Jacob Sims អ្នកជំនាញខាងឧក្រិដ្ឋកម្មឆ្លងដែន និងសិទ្ធិមនុស្ស និងជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យ Harvard។ «វាក៏ពឹងផ្អែកលើដីធ្លី អគារ សន្តិសុខ ការការពារនយោបាយ រចនាសម្ព័ន្ធក្រុមហ៊ុន និងបរិយាកាសដែលអនុញ្ញាតឱ្យប្រតិបត្តិការទាំងនេះនៅបន្តផងដែរ»។

លោក Jacob Sims បាននិយាយថា តួនាទីរបស់លោក ទ្រី ភាព គឺជាម្ចាស់ដី និងអ្នកអភិវឌ្ឍន៍ដែលមានទំនាក់ទំនងនយោបាយ ដែលគម្រោងរបស់ពួកគេបានក្លាយជាកន្លែងដែលប្រតិបត្តិការបោកប្រាស់អាចដំណើរការបាន។

លោកបានបន្ថែមថា ការផ្តោតតែលើឧកញ៉ាល្បីៗគឺមិនគ្រប់គ្រាន់ទេ ព្រោះវាមើលរំលងបណ្តាញធំទូលាយដែលអនុញ្ញាតឱ្យប្រតិបត្តិការទាំងនេះបន្តនៅក្នុងប្រទេសកម្ពុជា។

លោកថា៖«វិធីសាស្រ្តដែលមានប្រសិទ្ធភាពជាងនេះទៅទៀតគឺការស៊ើបអង្កេតបណ្តាញទាំងមូល»។ «នេះរួមបញ្ចូលទាំងក្រុមហ៊ុនកាន់កាប់ដីធ្លី ប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា នាយកក្រុមហ៊ុន អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្តល់សន្តិសុខនិងការការពារ និងមន្ត្រីណាមួយដែលអាចបានផ្តល់ការការពារ ឬព្រមានក្រុមទាំងនោះជាមុនបាន»។

កាលពីចុងឆ្នាំ២០២១ អ្នកយកព័ត៌មានរបស់ស្ថាប័នសំឡេងប្រជាធិបតេយ្យ VOD បានចុះផ្សាយពីរបៀបដែលតំបន់សេដ្ឋកិច្ចពិសេសមួយនេះ បានប្រែក្លាយជាកន្លែងសម្រាប់ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។ របាយការណ៍ឆ្នាំ ២០២៥ របស់អង្គការលើកលែងទោសអន្តរជាតិ ក្រោយមកបានកំណត់អត្តសញ្ញាណទីតាំងបរិវេញជាច្រើននៅក្នុងតំបន់ ដែលគេស្គាល់ថាជាស៊េរី «TD01» ជាទីតាំងឆបោកសកម្ម ឬពីមុនដែលមានទំនាក់ទំនងជាមួយការជួញដូរមនុស្ស និងការក្លែងបន្លំតាមអ៊ីនធឺណិត។

អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និយាយថា ការចោទប្រកាន់ដោយអង្គការលើកលែងទោសអន្តរជាតិ និងអង្គការដទៃទៀតទាក់ទងនឹងការឆបោកនៅថ្មដា គឺជាការអះអាងដែលមិនទាន់មានភស្តុតាងបញ្ជាក់ និងតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចពិនិត្យឡើងវិញ។

អគារបេតុងនៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស អឹមឌីអេស ថ្មដា ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ ក្រុមសិទ្ធិមនុស្សនិងអ្នកស្រាវ​ជ្រាវ​បានកំណត់បរិវេណមួយចំនួននៅក្នុងតំបន់នោះដោយសង្ស័យថាជាទីតាំងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។ តំបន់នេះហាក់ដូចជាស្ងាត់ជ្រងំ បន្ទាប់ពីការបង្ក្រាបទូទាំងប្រទេសរបស់រដ្ឋាភិបាលលើការឆបោកតាមអ៊ីនធឺណិតនៅដើមឆ្នាំ២០២៦។ ទីតាំងនេះពីមុនជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំសំកុស មុនពេលត្រូវបានជួលទៅឱ្យក្រុមហ៊ុន អឹមឌីអេស ក្នុងឆ្នាំ២០១០។ (រូបថតដោយ៖ គុជ ស៊ីកុល)

ទោះបីជាអាជ្ញាធរកម្ពុជាបានបង្កើនការវាយឆ្មក់លើទីតាំងឆបោកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ ក៏លោក ទ្រី ភាព មិនត្រូវបាន​ចោទប្រកាន់ក្រោមច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែរ។ ច្បាប់នេះបានចូលជាធរមាននៅក្នុងខែមីនា ឆ្នាំ២០២៦ និងអនុញ្ញាត​ឱ្យមានការផ្តន្ទាទោសរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់ម្ចាស់ទីតាំងឆបោក។

ទោះជាយ៉ាងណាក៏ដោយ លោកនៅតែបន្តប្រឈមមុខនឹងការត្រួតពិនិត្យពីអន្តរជាតិកាន់តែខ្លាំងឡើង។ នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិក​បានដាក់ទណ្ឌកម្មលោកក្រោមច្បាប់ Global Magnitsky Act ក្រោមការចោទប្រកាន់ពីបទកាប់ឈើខុសច្បាប់។ ក្រោយមក ទណ្ឌកម្មបន្ថែមទៀតត្រូវបានដាក់លើបណ្តាញអាជីវកម្មរបស់លោកលើទីតាំងនានានៅក្នុងខេត្តពោធិ៍សាត់ ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយនឹងការក្លែងបន្លំរូបិយប័ណ្ណគ្រីបតូ កម្លាំងពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស។

អ្នកយកព័ត៌មានបានទាក់ទងលោក ទ្រី ភាព តាមលេខទូរសព្ទដែលបានចុះបញ្ជីសម្រាប់តំបន់សេដ្ឋកិច្ចពិសេស អឹមឌីអេស ថ្មដា នៅក្នុងទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ គិតត្រឹមពេលអត្ថបទចេញផ្សាយ។

ការបាត់បង់ព្រៃឈើ និងការផ្លាស់ទីលំនៅ

សម្រាប់សហគមន៍ជនជាតិដើមភាគតិចដែលរស់នៅជុំវិញភ្នំសំកុស ការប្រែ​ប្រួលព្រៃឈើបានផ្លាស់ប្តូរទាំងជីវភាពរស់នៅ និងអត្តសញ្ញាណ។

អ្នកស្រី ឌី សារុន អាយុ ៦៧ឆ្នាំ មកពីក្រុមជនជាតិដើមភាគតិចព័រ បាននិយាយថា សហគមន៍របស់អ្នកស្រីធ្លាប់រស់នៅជ្រៅក្នុងជួរភ្នំសំកុស ដោយពឹងផ្អែកលើព្រៃឈើ ធ្វើស្រែចម្ការ ប្រមូលជ័រ និងអនុផលព្រៃឈើ ដែលមិនមែនជាឈើផ្សេងទៀត។

ទោះបីជារដ្ឋាភិបាលក្រោយមកបានកំណត់តំបន់នោះជាព្រៃការពារ ដោយរឹតត្បិតសហគមន៍ជនជាតិដើមភាគតិចពីការចូលទៅក្នុងព្រៃសម្រាប់ធ្វើកសិកម្មវិលជុំក៏ដោយ ក៏ផ្នែកខ្លះនៃទីតាំងទាំងនោះ បែរជាត្រូវបានបែងចែកទៅឱ្យគម្រោងសម្បទានឯកជន។

«ពីមុនយើងអាចចូលព្រៃប្រមូលអនុផលព្រៃឈើដែលមិនមែនជាការកាប់ឈើ ដោយមិនមានការព្រួយបារម្ភពីការឃាត់ខ្លួន។ តែឥឡូវពិបាកជាងមុន ដោយសារមន្ត្រីបរិស្ថានលែងឱ្យយើងចូលដូចមុនទៀតហើយ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សារុន។

អ្នកស្រីបានបន្តថា៖ «យើងកំពុងបាត់បង់វប្បធម៌ជនជាតិដើមភាគតិចរបស់យើង ពីព្រោះយើងលែងអាចរស់នៅជាមួយព្រៃឈើបានទៀតហើយ»។

អ្នកស្រី ឌី សារុន សមាជិក​ម្នាក់​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព័រ ឈរ​នៅ​លើ​ដី​ស្រែ​ចម្ការ​របស់​អ្នកស្រី នៅ​ពីក្រោយ​ផ្ទះ​ ​ក្នុង​ឃុំ​អូរសោម ខេត្ត​ពោធិ៍សាត់ ប្រទេស​កម្ពុជា។ អ្នកស្រី​បាន​ផ្លាស់​ទៅ​តំបន់​នោះ​បន្ទាប់​ពី​ចាក​ចេញ​ពី​ដី​ដែល​ស្ថិត​នៅ​ក្នុង​ព្រំប្រទល់​ដែល​បាន​កំណត់​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស។ (រូបថត៖ គុជ ស៊ីកុល)

សហគមន៍ជនជាតិដើមភាគតិចព័រ គឺជាក្រុមមួយក្នុងចំណោមក្រុមដែលរងផលប៉ះពាល់ដោយការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខណៈដែលដីព្រៃឈើត្រូវបានឈូសឆាយសម្រាប់ការអភិវឌ្ឍ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរាយការណ៍ថា សម្បទានដីដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេស អឹម ឌី អេស ថ្មដា បាននាំឱ្យមានជម្លោះដីធ្លីដែលមិនទាន់ដោះស្រាយចេញ ហើយដែលពាក់ព័ន្ធនឹងគ្រួសារយ៉ាងហោចណាស់ ៩៧គ្រួសារនៅក្នុងឃុំថ្មដា ស្រុកវាលវែង ក្នុងឆ្នាំ២០១០។

ប្រជាពលរដ្ឋជាច្រើនដែលបាននិយាយថា ពួកគេបានបាត់បង់ដីធ្លីរបស់ពួកគេ បានបដិសេធមិនព្រមផ្តល់បទសម្ភាសន៍ទេ ដោយសារតែពួកគេខ្លាចរងការយាយី ខណៈដែលតំបន់នេះកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។

អ្នកស្រាវជ្រាវបរិស្ថាននិយាយថា ផលប៉ះពាល់រយៈពេលវែងគឺលើសពីជម្លោះដីធ្លី។

«តំបន់ភ្នំសំកុសនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។ ប្រសិនបើការកាប់បំផ្លាញព្រៃឈើ និងការអភិវឌ្ឍនៅតែបន្ត វានឹងប៉ះពាល់ដល់ទាំងជីវភាពរស់នៅក្នុងស្រុក និងបរិស្ថាន រួមទាំងតួនាទីរបស់ព្រៃឈើក្នុងការការពារប្រឆាំងនឹងទឹកជំនន់ ព្យុះ និងគ្រោះរាំងស្ងួត»។ នេះបើតាមសម្ដីរបស់អ្នកជីវវិទូកម្ពុជាលោក នាង ធី។

លោក នាង ធី និងក្រុមរបស់លោក បានកត់ត្រាប្រភេទសត្វជាច្រើនប្រភេទនៅតំបន់ភ្នំក្រវាញ រួមទាំងកង្កែបព្រៃសំកុស ពស់ចចក Zoosvictoria តុកែ Cnemaspis neangthyi និងពស់ចចកភ្នំក្រវាញ។

ផ្លូវមួយកំពុងសាងសង់ឆ្លងកាត់ព្រៃឈើក្នុងជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់។ យោងតាមក្រសួងបរិស្ថានកម្ពុជា តំបន់នេះជាជម្រករបស់សត្វព្រៃជិត ៦០០ ប្រភេទ រួមទាំងប្រភេទសត្វព្រៃជាច្រើនប្រភេទដែលត្រូវបានចុះបញ្ជីជាប្រភេទជិតផុតពូជ ជិតផុតពូជធ្ងន់ធ្ងរ រងការគំរាមកំហែង ឬងាយរងគ្រោះនៅក្នុងបញ្ជីក្រហម IUCN។ (រូបថត៖ គុជ ស៊ីកុល)

សម្ពាធពីការអភិវឌ្ឍថ្មីៗ

ក្រៅពីការពង្រីកតំបន់សេដ្ឋកិច្ចពិសេស តំបន់អភិរក្សសត្វព្រៃភ្នំសំកុសក៏កំពុងប្រឈមមុខនឹងសម្ពាធពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំផ្សេងទៀតផងដែរ។

ចម្ងាយត្រឹមតែ១០គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេស អឹមឌីអេស ថ្មដា គឺជាគម្រោងវារីអគ្គិសនីស្ទឹងមេទឹក ដែលមានតម្លៃ ៤៤០លានដុល្លារ ដែលជាប្រព័ន្ធទំនប់ចំនួនបី អនុភាព១៥០មេហ្គាវ៉ាត់ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេទឹក ខូអិលធីឌី ដែលជាក្រុមហ៊ុនរបស់មហាសេដ្ឋី លី យ៉ុងផាត់។

លោក លី យ៉ុងផាត់ និងក្រុមហ៊ុនរបស់លោកត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកចំពោះការពាក់ព័ន្ធ តួនាទីរបស់ពួកគេនៅក្នុង «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាក់ទងនឹងការប្រព្រឹត្តចំពោះកម្មករដែលរងការបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកវិនិយោគតាមអ៊ីនធឺណិត​»។

ក្រុមអ្នកបរិស្ថាន និងការស៊ើបអង្កេតរបស់ Mongabay បានរកឃើញថា ផ្លូវដែលសាងសង់សម្រាប់ចូលទៅឈូសឆាយអាងស្តុកទឹក បានលាតសន្ធឹងកាន់តែជ្រៅទៅចូលក្នុងព្រៃការពារ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចូលទៅកាន់តំបន់ដែលមានឈើមានតម្លៃ ដែលក្រោយ​មកត្រូវបានចូលទៅកាប់យកនៅពេលក្រោយ។

នៅឆ្នាំ២០២៤ ក្រសួងបរិស្ថានរបស់កម្ពុជាបានផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុនជាបណ្តោះអាសន្ន ដោយនិយាយថាវាបានរំលោភលើច្បាប់បរិស្ថាន និងព្រៃឈើ។ ចាប់តាំងពីដើមឆ្នាំ២០២៥ គម្រោងនេះត្រូវបានក្រុមហ៊ុនវារីអគ្គិសនីកោះកុង ខូអិលធីឌី ទទួលយកមកធ្វើបន្ត។

យោងតាមគេហទំព័រផ្លូវការរបស់គម្រោង ទំនប់ទាំងនេះមានបំណងផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា និងផ្តល់ថាមពលដល់ស្ថានីយអគ្គិសនីរងនៅក្នុងក្រុងកោះកុង និងខេត្តពោធិ៍សាត់។

នៅពេលដែលអ្នកយកព័ត៌មានបានទៅដល់ការដ្ឋានក្នុងខែឧសភា ការសាងសង់នៅតែដំណើរការ​។ ទឹកភក់កំពុងហូរកាត់ទន្លេ ហើយគ្រឿងចក្រធុនធ្ងន់កំពុងដំណើរការនៅក្បែរនោះ។ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅជិតគម្រោងនេះបាននិយាយថា ការបំផ្ទុះអំឡុងពេលសាងសង់ទំនប់បានបំផ្លាញផ្ទះរបស់ពួកគេ និងរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។

គម្រោង​វារីអគ្គិសនី​ស្ទឹង​មេទឹក​អនុភាព ១៥០មេហ្គាវ៉ាត់ ដែល​មាន​ទំនប់​ទឹកចំនួន​បី ស្ថិត​នៅ​កណ្តាល​​ព្រៃភ្នំ ​នៃ​ខេត្ត​ពោធិ៍សាត់ ហើយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ខេត្ត​ពោធិ៍សាត់ និង​កោះកុង។ គម្រោង​នេះ​ដំបូង​ឡើយ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​វារីអគ្គិសនី​ស្ទឹង​មេទឹក ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​ជំនួញ លី យ៉ុងផាត់ មុន​ពេល​ត្រូវ​បាន​ទិញ​យក​ដោយ​ក្រុមហ៊ុន​វារីអគ្គិសនី​កោះកុង​នៅ​ដើម​ឆ្នាំ២០២៥ បន្ទាប់​ពី​ក្រសួង​បរិស្ថាន​កម្ពុជា​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដើម​ជា​បណ្ដោះអាសន្ន​ដោយសារ​ការ​រំលោភ​ច្បាប់​បរិស្ថាន និង​ព្រៃឈើ។ (រូបថត៖ គុជ ស៊ីកុល)

ចម្ងាយប្រហែល ៨០០ម៉ែត្រពីទីតាំងទំនប់ធំជាងគេនេះ លោក សុន ធឿន អាយុ ៣៣ឆ្នាំ បាននិយាយថា លោកគឺជាម្នាក់ក្នុងចំណោមគ្រួសារប្រហែល ៤០គ្រួសារ ដែលបានផ្លាស់ទីលំនៅនៅឆ្នាំ២០២៥ ដើម្បីបើកផ្លូវសម្រាប់ការសាងសង់ទំនប់នេះ។ ទោះបីជាក្រុមហ៊ុនបានផ្តល់សំណងដល់គ្រួសាររបស់លោកចំនួន ៣០០០ដុល្លារអាមេរិកសម្រាប់ផ្ទះដែលត្រូវបានរុះរើក៏ដោយ លោកបាននិយាយថា ពួកគេមិនទាន់ទទួលបានដីជំនួសសម្រាប់រស់នៅ នៅឡើយទេ។

«ឥលូវនេះខ្ញុំមិនមានផ្ទះនៅទេ ខ្ញុំពីរនាក់ប្តីប្រពន្ធនៅបែកគ្នាដើម្បីធ្វើការ ហើយក្រុមហ៊ុនក៏មិនទាន់ឱ្យសំណងមកយើងសម្រាប់ដីនោះដែរ»។ លោក សុន ធឿន បញ្ជាក់បែបនេះ។

នៅពេលដែលអ្នកយកព័ត៌មានត្រឡប់មកវិញនៅក្នុងខែឧសភា លោក សុន ធឿន បានផ្លាស់ទីលំនៅម្តងទៀត។ អ្នកស្រុកនៅក្បែរនោះបាននិយាយថា ពួកគេជឿថាគាត់បានចាកចេញហើយ ពីព្រោះគាត់មិនប្រាកដថាតើគាត់នឹងទទួលបានសំណងបន្ថែម ឬដីជំនួសឬអត់។

អ្នកយកព័ត៌មានបានទាក់ទងលោកស្រី Suksathit Anchalee ប្រធានក្រុមហ៊ុនវារីអគ្គិសនីកោះកុង ខូអិលធីឌីតាមទូរស័ព្ទ។ លោកស្រីនិយាយថា នាងនឹងទូរស័ព្ទត្រឡប់មកវិញ។ ប្រហែល ១០ នាទីក្រោយមក បុរសម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាជំនួយការប្រធានក្រុមហ៊ុន ហើយបានស្នើសុំមិនបញ្ចេញឈ្មោះ បានទូរសព្ទត្រឡប់មកវិញ និងពន្យល់ពីជំហររបស់ក្រុមហ៊ុន។

បុរសនោះនិយាយថា អ្នកស្រុករស់នៅលើដីរដ្ឋ ហើយមិនមានឯកសារកម្មសិទ្ធិដីធ្លីស្របច្បាប់ទេ។ លោកបានបន្ថែមថា ក្រុមហ៊ុនបានទទួលការយល់ព្រមចាំបាច់ទាំងអស់ដើម្បីដំណើរការនៅក្នុងតំបន់នោះ។

ផ្ទះមួយខ្នងស្ថិតនៅជិតភ្នំមួយ ដែលកំពុងត្រូវបានបំផ្ទុះសម្រាប់សាងសង់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋនិយាយថា ពួកគេបានរងផលប៉ះពាល់ដោយសំឡេងពីការផ្ទុះ និងកម្ទេចកម្ទីថ្មដែលធ្លាក់មក ដែលពួកគេរាយការណ៍ថាបានបំផ្លាញដំបូលផ្ទះនៅក្បែរនោះ។ (រូបថត៖ គុជ ស៊ីកុល)

អ្នកភូមិម្នាក់ទៀតឈ្មោះអ្នកស្រី អួន ផុស និយាយថា លោកស្រីជឿថាទឹកហូរចេញពីការដ្ឋានសំណង់បានបំពុលទឹកស្ទឹង។

អ្នកស្រីបន្តថា៖ «ទឹកដែលមានជាតិស៊ីម៉ង់ត៍និងកខ្វក់ បានហូរចូលទៅក្នុងស្ទឹង»។ អ្នកស្រីបន្ថែមថា៖ «យើងលែងអាចប្រើប្រាស់ទឹកដូចពីមុនទៀតហើយ ហើយដើមទុរេនរបស់ខ្ញុំបានងាប់»។

លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រាប់ Mekong Eye ថា លោកមិនអាចធ្វើអត្ថាធិប្បាយលម្អិតបានទេ ព្រោះតំបន់អភិរក្សសត្វព្រៃភ្នំសំកុសគ្របដណ្តប់លើខេត្តពោធិ៍សាត់ កោះកុង និងបាត់ដំបង។ ទោះជាយ៉ាងណាក៏ដោយ លោកបានថ្លែងថា តំបន់ដែលត្រូវបានឈូសឆាយសម្រាប់គម្រោងវារីអគ្គិសនីមានទំហំតូច ហើយទំនងជាមិនមានផលប៉ះពាល់ធំដុំដល់តំបន់អភិរក្សនោះទេ។

លោកបានប​ន្ថែម​ថា៖ «ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​សម្រាប់​តែ​គម្រោង​វារីអគ្គិសនី​ប៉ុណ្ណោះ ហើយ​មិន​លើស​ពី​ការ​ចាំបាច់​សម្រាប់​ការ​សាងសង់​ទេ»។ «ទឹក​ស៊ីម៉ង់ត៍​ហូរ​ចេញ​អាច​បន្សាប​បាន​យ៉ាង​ងាយ ហើយ​មិន​មាន​គ្រោះថ្នាក់​ដូច​ផល​ប៉ះពាល់​ដែល​ទាក់ទង​នឹង​ការ​រុករក​រ៉ែ​នោះ​ទេ»៕

អត្ថបទនេះទទួលបានការគាំទ្រដោយ Environmental Reporting Collective ក្នុងភាពជាដៃគូជាមួយ Earth Journalism Network។

អត្ថបទប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស From forest sanctuary to Cambodia’s scam zone នៃសារព័ត៌មាន Mekong Eye នេះ ត្រូវបាន​ស្នើសុំឱ្យចុះផ្សាយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម