អង្គការសង្គមស៊ីវិល និងសហព័ន្ធសហជីពជាតិ-អន្តរជាតិជាង ៥០ ស្ថាប័នបានអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យមានសកម្មភាពបន្ទាន់ក្នុងការការពារសុវត្ថិភាពនៃការធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
សេចក្ដីអំពាវនាវនេះ បានធ្វើឡើង បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីនៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែឧសភា ដែលបានបណ្ដាលឱ្យកម្មករនិយោជិតរងគ្រោះសរុប ៩៣ នាក់ មានអ្នកស្លាប់ចំនួន ១៤ នាក់ និងអ្នករងរបួសចំនួន ៧៩ នាក់ ដែលភាគច្រើនជាស្ត្រី។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់) បានលើកឡើងថា ជារៀងរាល់ថ្ងៃ កម្មករជាច្រើនពាន់នាក់ត្រូវធ្វើដំណើរទៅមករោងចក្រដោយប្រើយានយន្តដែលមានមនុស្សកកកុញ និងមិនត្រូវបានរចនាទ្បើងសម្រាប់ដឹកអ្នកដំណើរ។ កម្មករត្រូវបង្ខំឲ្យឈរ ឬអង្គុយក្នុងស្ថានភាពមិនមានសុវត្ថិភាព ដោយគ្មានខ្សែក្រវ៉ាត់សុវត្ថិភាព ឬការការពារមូលដ្ឋានណាមួយ ដែលធ្វើឱ្យពួកគេប្រឈមមុខនឹងហានិភ័យកម្រិតខ្ពស់ នៅពេលមានគ្រោះថ្នាក់កើតឡើង។
ស្រី មុំ ជាកម្មករមួយរូបដែលរងរបួសក្នុងគ្រោះថ្នាក់កាលពីពេលកន្លងទៅប្រាប់សារព័ត៌មានខេមបូចាថា ស្រីមុំនៅមានអារម្មណ៍តក់ស្លុត គិតច្រើន និងនៅឈឺមុខរបួស បើទោះបីជាបានចេញពីមន្ទីរពេទ្យក៏ដោយ។
ស្រីមុំ និយាយថា៖ «ខ្ញុំរបួសធ្ងន់ និងនៅភ័យនៅឡើយ ឥឡូវចេញពីពេទ្យបន្តព្យាបាលនៅផ្ទះ របួសនៅមិនទាន់ជា១០០ភាគរយទេ។ ខ្ញុំចង់ឃើញអ្នកបើកបរត្រូវប្រុងប្រយ័ត្នរៀងៗខ្លួន ព្រោះអ្នកធ្វើដំណើរផ្ញើជីវិតលើអ្នកបើកបរ។ ប្រសិនបើប្រហែស គឺគ្រោះថ្នាក់ដូច[ពួកខ្ញុំអ៊ីចឹង] យើងមិនដឹងមុនទេ»។
លោក ហែល សំអិត អាយុ៣៣ឆ្នាំ ជាកម្មករមួយរូបទៀតនៅរោងចក្រ Can Sport Shoes បានប្រាប់ឱ្យដឹងថា កម្មករតែងតែចង់បាននូវមធ្យោបាយធ្វើដំណើរសុវត្ថិភាព និងមានការសម្រួលពីម្ចាស់រោងចក្រ រដ្ឋាភិបាល ដើម្បីធានាថាកម្មករមានឡានធ្វើដំណើរតាមស្ដង់ដារ ផ្លូវធ្វើដំណើរមានស្លាកសញ្ញាចរាចរណ៍ត្រឹមត្រូវ និងមានការជួយសម្រួលពីប៉ូលិសចរាចរណ៍។
លោកបានបន្ថែមថា៖«គួរតែបើកបរគោរពច្បាប់ ប្រុងប្រយ័ត្ន ហើយគួរតែមានប៉ូលិសចាំជួយសម្រួលពេលកម្មករចូល និងចេញពីធ្វើការ។ ទោះយ៉ាងណាខ្ញុំនៅតែបារម្ភពីសុវត្ថិភាព មិនថាជិះឡាន ឬម៉ូតូ ព្រោះមានកត្តាច្រើន [បង្កគ្រោះថ្នាក់]»។
អង្គការសង្គមស៊ីវិល និងសហព័ន្ធសហជីពជាតិ និងអន្តរជាតិ បានអំពាវនាវឱ្យ រដ្ឋាភិបាលកម្ពុជាត្រូវពង្រឹង និងអនុវត្តយ៉ាងតឹងរ៉ឹងនូវច្បាប់ និងបទបញ្ជាពាក់ព័ន្ធនឹងការដឹកជញ្ជូនកម្មករ ខណៈបានទទូចឱ្យនិយោជក និងសមាគមនិយោជកត្រូវទទួលខុសត្រូវ ក្នុងការធានាថាកម្មករទាំងអស់អាចទទួលបានសេវាដឹកជញ្ជូនដែលមានសុវត្ថិភាពខ្ពស់ មានទំនុកចិត្ត និងមានសេចក្តីថ្លៃថ្នូរ។
បន្ថែមពីនេះ ស្ថាប័នជាង៥០នេះក៏បានអំពាវនាវឱ្យម៉ាកអន្តរជាតិ និងអ្នកបញ្ជាទិញ ត្រូវទទួលស្គាល់កាតព្វកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយហានិភ័យជាប្រព័ន្ធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធានាថារោងចក្រត្រូវវិនិយោគលើការដឹកជញ្ជូនសុវត្ថិភាព និងធានាថាសុវត្ថិភាពកម្មករ ទាំងក្នុង និងក្រៅកន្លែងការងារ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការងារធ្លាប់បានបញ្ជាក់ថា ក្រសួងការងារនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិត។
ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC ) បានប្រាប់ឱ្យដឹងថា កន្លងមកសមាគមរបស់លោកបានធ្វើការយ៉ាងជិតស្និទជាមួយក្រសួងការងារតាមរយៈក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកម្ពស់សុវត្ថិភាពចរាចរណ៍ ដូចជាអប់រំអំពីច្បាប់ចរាចរណ៍ ចុះទៅបង្ហាត់ផ្ទាល់ និងការប្រឡងយកបណ្ណបើកបរដោយឥតគិតថ្លៃ និងយករថយន្តទៅត្រួតពិនិត្យផងដែរ។
លោកបានបន្ថែមថា កន្លងមកធ្លាប់មានការសិក្សាចេញជាគម្រោងរថយន្តគម្រូជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកែច្នៃកន្លែងអង្គុយសម្រាប់កម្មករឱ្យមានផាសុកភាព និងមានសុវត្ថិភាពជាងជិះឈរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា គ្រោះថ្នាក់ចរាចរន៍នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង បណ្តាលឱ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ ដោយមានអ្នកស្លាប់ចំនួន ១៤នាក់ របួសធ្ងន់ចំនួន ១៥នាក់ និងរបួសស្រាល ចំនួន ៦៤នាក់។
ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត ដោយរថយន្តដឹកកម្មករបានដាច់ហ្វ្រាំងធ្វើឱ្យក្រឡាប់រថយន្ត នៅស្រុករំដួល ខេត្តស្វាយរៀង ដែលបណ្តាលឱ្យកម្មករ-កម្មការិនីរងរបួសសរុបចំនួន ២៧នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល ២២នាក់៕










