សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នៅ​តាម​ភូមិ ស្ត្រីខ្មែរ​បង្កើត​​​​មធ្យោបាយ​ផ្ទាល់​ខ្លួន​ ដើម្បី​​សុវត្ថិភាព

អ្នកស្រី កាន សាមីន អាយុ៤១ឆ្នាំ គាំទ្រស្ត្រីដែលប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ នៅភូមិបឹងព្រីង ខេត្តបាត់ដំបង។ (រូបភាព៖ កែវ ប៉ូនីតា /HaRDstories)
អ្នកស្រី កាន សាមីន អាយុ៤១ឆ្នាំ គាំទ្រស្ត្រីដែលប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ នៅភូមិបឹងព្រីង ខេត្តបាត់ដំបង។ (រូបភាព៖ កែវ ប៉ូនីតា /HaRDstories)
នៅតាម​តំបន់​ជនបទនៃប្រទេសកម្ពុជា អំពើហិ​ង្សាក្នុងគ្រួ​​សារ​តែងតែលាក់បាំងពីក្រោយទំនៀម​ទម្លាប់​​ប្រពៃណីអំពីភាព​​ឯកជន​របស់​គ្រួ​សារ​។ ស្ត្រីដូចជាអ្នកស្រី កាន សាមីន កំពុងបង្កើតបណ្តាញក្រៅផ្លូវការ ដែលផ្តល់ ​​ឱ្យស្ត្រី​ជិតខាងដែលរងការ​រំលោភបំពាននូវ​មធ្យោបាយមួយ​នៅ​ចន្លោះ​ភាពស្ងៀម​ស្ងាត់ និងយុត្តិ​ធម៌​ផ្លូវ​ការ។

អ្នក​ស្រី កាន សាមីន មាន​វិធីសាស្ត្រ​មួយ​។ នៅ​ពេល​អ្នកស្រី​បាន​ដឹងថា ​​បុរស​ម្នាក់​នៅ​​​ក្នុង​ភូមិ​វាយ​ប្រពន្ធ​របស់ខ្លួន ​​អ្នក​ស្រី​ធ្វើ​ការ​ព្រមាន​បុរសរូប​នោះ​។ ប្រ​សិន​បើរឿង​​នេះ​កើ​ត​ឡើងម្តងទៀត អ្នក​ស្រី​ព្រ​មាន​បុរសរូប​នោះ​ជាលើកទីពីរ។ បើ​នៅ​តែ​បន្តកើត​ឡើង​ទៀត​ អ្នក​ស្រីនឹង​​​ទូរសព្ទ​​​ហៅ​​មន្ត្រី​នគរបាល​។

ជាមួយ​នឹង​តួនាទី​ជា​ជំនួយការភូមិ​បឹងព្រីង ខេត្តបាត់ដំបង ភាគពាយ័ព្យនៃប្រទេ​ស​​កម្ពុជា អ្នកស្រី កាន សាមីន បានចំ​ណាយពេល២០ឆ្នាំ ឃ្លាំមើល​ស្ត្រីនៅក្នុងសហ​​គមន៍របស់គាត់​ ដែល​ស៊ូទ្រាំនឹងការរំលោភបំពាន។ អ្នក​ស្រី​ដឹង​ថា ​ពេល​ខ្លះ​អន្តរាគមន៍​តាម​របៀប​​ទន់ភ្លន់​មិន​គ្រប់គ្រាន់​ទេ​។

ស្ត្រី​​វ័យ​៤១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ «​នៅ​ពេល​ពួក​គេ​មិន​ស្តាប់ ហើយ​នៅ​តែ​បន្តប្រើ​​អំពើ​ហិង្សា ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​អាជ្ញាធរ»។

អ្នកស្រី សាមីន បានឃើញទម្រង់​ នៃអំពើហិង្សាក្នុងគ្រួសារតាំងពីអ្នក​ស្រីនៅ​ក្មេង​។ ដោយ​ធំដឹងក្តីនៅក្នុង​ភូមិបឹងព្រីង អ្នក​ស្រី​បានមើលឃើញ​ម្តាយមីង និងស្ត្រីផ្សេង​​ទៀត ត្រូវ​ប្តី​របស់​ពួកគាត់​​វាយដំ និងត្រួត​ត្រា​។ នៅ​ពេល​ពេញវ័យ មាន​ពីរនាក់​​ក្នុង​ចំណោម​បងប្អូនស្រី​​របស់អ្នក​ស្រី​បានជួបនូវ​ជោគវាសនា​បែប​នេះ​ដែរ។

អ្នក​ស្រី​​មិន​ជឿ​ថា ​អ្នក​ស្រី​​មាន​សមត្ថភាព​​អាចជួយពួកគាត់​​បាន​ទេ ពោល​គឺ​អ្នកស្រី​​​ខ្វះ​ការ​អប់រំ​ផ្លូវ​ការ និង​មិន​ដឹង​ពី​របៀប​កត់​ត្រា​​ឯកសារ​ផ្លូវ​ការ​ឱ្យ​បាន​ត្រឹម​ត្រូវ។ ប៉ុន្តែ​​ទោះបីជាយ៉ាងណា អ្នកស្រី​​បាន​​សម្រេច​ចិត្ត​ធ្វើ​ជា​ជំនួយការ​ភូមិ​ ជា​តំណែងកម្រិត​​ទាបក្នុងជួរ​​​រដ្ឋាភិបាល​ ​ដែល​ជួយ​អ្នក​ភូមិ​​នាំ​យក​បញ្ហា​របស់ពួកគាត់​​ទៅជម្រា​ប​ជូន​​អាជ្ញាធរ​ភូមិ។

ជាងពីរទសវត្សរ៍កន្លង​​មកនេះ​ អ្នក​ស្រី​បានបង្កើតវិធីសាស្រ្តផ្ទាល់​ខ្លួន ​​គឺ​​​​អប់​រំប្តីប្រ​ពន្ធ​​អំពីទំនាក់ទំនងល្អ ផ្តល់ជំនួយដល់ស្ត្រីដែលចង់គេចពីអ្នករំលោភបំពាន និងហៅទូរសព្ទទៅអាជ្ញាធរនៅពេលអំពើហិង្សានៅតែបន្តកើតមាន​។​

ទោះបីជាទិន្នន័យថ្នាក់​ជាតិបង្ហាញថា អំពើហិង្សាក្នុង​គ្រួសារ​ធ្លាក់ចុះក៏ដោយ ក៏​ស្ត្រី​​កម្ពុជានៅក្នុងសហគមន៍ជនបទនៅតែបន្ត​រងគ្រោះ​ពី​ការរំលោភបំពានពីដៃគូ និង​សមាជិកគ្រួសាររបស់ពួកគេ។ សម្រាប់ពួកគេ​ ការ​ស្វែង​រក​យុត្តិធម៌តាម​ផ្លូវ​ច្បាប់​ជា​ញឹកញាប់ គឺ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ ឬអាច​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយ​ស​គ្រួ​សារ​ខ្លាំងតែម្តង​។

ខណៈពេលដែលស្ត្រីជាច្រើននៅតែបន្ត​រក្សា​ទំនាក់ទំនងទាំងនោះ ដោយមិនអាច​រក​​ច្រ​ក​ចេញបាន​ មានស្ត្រី​មួយចំនួនតូចកំពុងស្វែងរកវិធី​ចាក​ចេញពីការរំលោភបំ​​ពាន​តាមរយៈសហគមន៍របស់ពួកគេ និងបង្កើនការអប់រំអំពីទំនាក់ទំនងល្អ​​។

គ្រួសារ​ធំ​របស់​អ្នកស្រី​ កាន សាមីន នៅក្នុង​ផ្ទះ​នៅ​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា​។ អ្នក​ស្រី សាមៀត បី​កូនប្រុស ដែលទើបនឹងកើតរបស់​អ្នកស្រី សាមីន រួម​នឹង​កូនស្រីរបស់​អ្នកស្រី​ ក្មួយស្រី និងចៅ​ក្មួយ។ (រូបភាព៖ កែវ ប៉ូនីតា /HaRDstories)

កន្លែងដែលបញ្ហានៅតែធ្ងន់ធ្ងរ

អំពើហិ​ង្សាក្នុងគ្រួសាររាប់​ចាប់តាំងពី​ អំពើហិង្សាលើរូបរាងកាយ ការគ្រប់គ្រងហិ​រញ្ញវត្ថុ ការ​បំពានលើផ្លូវចិត្ត​ និងការបង្ខិតបង្ខំផ្លូវភេទ ប៉ុន្តែពាក្យខ្មែរនិយាយ​​​តែអំ​ពី​​ហិ​ង្សាលើរាងកាយក្នុងគ្រួសារប៉ុណ្ណោះ។ យោងតាមអង្គការសិទ្ធិស្ត្រី ប្រ​ជា​ពល​​រដ្ឋ​នៅតាមសហគមន៍ជនបទ និងសហគមន៍ដែលមានប្រាក់ចំណូលទាប ជារឿយៗ មិនចាត់​ទុក​ទម្រង់នៃការរំលោភបំពានដែល​មិន​ពាក់​ព័ន្ធ​រាងកាយថា ជា​អំពើហិង្សាក្នុងគ្រួសារនោះទេ​។

ការស្ទង់មតិ​ប្រជា​សាស្ត្រ​និង​សុខភាពថ្មីៗបំផុតរបស់កម្ពុជាចេញ​ផ្សាយ​នៅឆ្នាំ២០​២៣ បង្ហាញថា ២១​ភាគរយ នៃស្ត្រី​ដែលមានដៃគូស្និទ្ធស្នាល​​ធ្លាប់​ជួប​អំពើហិង្សា គឺធ្លាក់​ចុះ​ពី​ ២៩​ភាគរយនៅ​ក្នុងឆ្នាំ២០១៤​។ ការស្ទង់មតិនេះ វាស់ស្ទង់ជាក់​លាក់​លើ​អំពើហិង្សាដៃគូ​ស្និទ្ធស្នាល​​​ ដែលជាផ្នែក​មួយ​នៃ​អំពើហិង្សាក្នុងគ្រួសារទូ​ទៅ​ ​ក៏​រួមបញ្ចូល​ការរំលោភបំពានលើកុមារ និងសមាជិកគ្រួសា​រ​ផ្សេងទៀត​ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យនេះ បង្ហាញពីនិន្នាការមួយចំនួន ដែលបង្ហាញថា អំពើហិង្សាដៃគូស្និទ្ធស្នាល​​កើតឡើងនៅក្នុងគ្រួសារ ដែលមានប្រាក់ចំណូលទាប ហើយជាទូទៅកើតមាននៅក្នុងសហគមន៍ជនបទ។ អំពើហិង្សាពីដៃគូស្និ​ទ្ធ​ស្នាល​​កំ​ពុង​កើនឡើងនៅក្នុងចំណោម​គ្រួសារជនជាតិដើមភាគតិច។ នេះបើយោង​តាមការស្ទង់មតិដាច់ដោយឡែកមួយ​នៅឆ្នាំ២០២៣ ដោយអង្គការក្រៅរដ្ឋា​ភិបាល។

ទោះបីជាមានការថយចុះនៃអត្រាអំពើហិង្សាក្នុង​គ្រួសារ​​ក៏ដោយ ក៏​អង្គការសិទ្ធិមនុស្ស លីកាដូបានកត់​ត្រា​ករណី​ស្លាប់ចំនួន១៤៦នាក់ទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ រួមទាំងកុមារចំនួន៤៦នាក់ ចាប់តាំងពីឆ្នាំ២០២០។ យោងតាមរបាយការ​ណ៍​ថ្មីរបស់អង្គការលីកាដូ​ ករណីអំពើហិង្សាក្នុងគ្រួសារដែលបណ្តាលឱ្យមាន​មនុស្ស​ស្លាប់បាន​កើនឡើងក្នុងរយៈពេល ៥​ឆ្នាំកន្លងមក ហើយគេរំពឹងថា មាន​ករណី​ស្លាប់ផ្សេងទៀត​មិនត្រូវ​​បាន​រាយការណ៍។

លោក អំ សំអាត នាយក​​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​​អង្គការ​ លីកាដូ បាន​ថ្លែង​ថា​៖ «ការ​​ចាត់​​ទុក​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​រឿង​ឯកជន ​គឺ​ជា​ការ​យល់​​​​ខុស និង​ការភ័ន្តច្រឡំ​​ដ៏ធំ​មួយ។ បញ្ហាអំពើហិង្សាក្នុងគ្រួសារ និងអំពើ​ហិង្សា​ផ្លូវ​ភេទ គឺជាបញ្ហាសង្គម ដូច្នេះគ្រប់គ្នា​ រួមទាំងរដ្ឋាភិបាល និងអា​ជ្ញា​ធរពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់ និងចាត់វិធានការ ដើម្បីបង្រ្កាប ប្រយុទ្ធ​ប្រ​ឆាំង និងធានាថា ជនល្មើសត្រូវបានកាត់ទោសតាមច្បាប់»។

អ្នក​ស្រី ណាណា កាន់​រូបថត​ដែល​កត់​ត្រា​អំពី​ស្នាម​​របួស ​ដែល​​​អតីត​ស្វាមី​​បាន​ធ្វើ​មក​លើ​អ្នក​ស្រី​ និង​កូនៗរបស់​អ្នក​ស្រី​។ រូបភាពទាំង​នេះ ​ត្រូវ​បាន​​ប្រើ​ជា​ភស្តុតាង​​នៅ​តុលាការ។ (រូបភាព​៖ កែវ ប៉ូនីតា/HaRDstories)

«កុំនាំ​ភ្លើង​ទៅ​ក្រៅ​​»

អ្នករស់រានមានជីវិតពីអំពើហិ​ង្សាក្នុងគ្រួសារបានប្រាប់ HaRDstories ថា ពួកគេពិបា​ក​ក្នុងការរាយការណ៍ពីការរំលោភបំពានដែលពួកគេស៊ូទ្រាំ ទោះបីជាអំពើ​ហិ​ង្សា​នេះ បង្ក​ហានិភ័យ​ដល់កូនៗ ឬជីវិតរបស់ពួកគេនៅខាងក្រៅគ្រួសារក៏ដោយ​។

ការ​លើក​ឡើង​ទាំង​នេះ គឺ​​ស្របទៅ​នឹង​​និន្នាការ​ក្នុង​របាយការណ៍​ស្ទង់មតិ​ប្រជាសា​ស្ត្រ​និង​សុខភាព​​ថ្នាក់​ជាតិ ដែល​បង្ហាញ​ថា ​​ជាង​ពាក់​កណ្តាលនៃ​ស្ត្រី​ ​ដែល​ទទួ​ល​​រង​អំពើ​ហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល​ ​មិន​បាន​ស្វែង​រក​​ជំនួយទេ​។

អ្នកស្រី ណាណា ជាកសិករ និងជាស្ត្រី​កូន៤នាក់​ នៅខេត្តសៀមរាប ដែលឈ្មោះ​របស់​គាត់​ត្រូវបាន​អ្នកសរសេរដាក់ឱ្យ បាននិយាយថា អ្នក​ស្រី​បានចំណាយពេល ២៣ឆ្នាំ រស់នៅ​ក្នុង​ជីវិត​អា​ពា​ហ៍ពិពាហ៍បែបហិង្សា​ ដោយគិតថា ប្តីរបស់អ្នកស្រី​នឹងកែប្រែ​ចិត្តគំនិត​នៅ​ពេលគាត់ចាស់​ទៅ។

តាមពិតទៅ​ ស្ត្រីទំនងជាជួបប្រទះអំពើហិង្សាពីដៃគូស្និទ្ធស្នាល​​របស់ខ្លួន​ នៅពេ​ល​​ពួកគេមាន​វ័យ​កាន់តែចាស់ នេះបើយោងតាមលទ្ធផល​នៃ​ការស្ទង់មតិប្រជាសាស្ត្រនិង​សុខភាព​ជាតិឆ្នាំ​២០២១-២០២២។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី ណាណា ដក​ខ្លួន​មិន​រួច​ គឺ​ប្តី​របស់​អ្នក​ស្រី​​ទុក​អ្នក​ស្រី​​​និង​កូន​ៗ​ ឱ្យ​នៅ​ឯកោ​ ​ក្រៅ​ពី​ការ​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ និង​ហិង្សា​ផ្លូវ​ភេទលើ​អ្នក​ស្រី​​។ អ្នក​ស្រី​បាន​​និយាយ​ថា អ្នកស្រី​​បាន​បាត់​បង់​ទំនាក់ទំនងទាំង​អស់​​ជាមួយ​មិត្តភ័ក្ដិ និង​​គ្រួសារ ហើយ​អ្នក​ស្រី​អាច​​ចេញ​ពី​ផ្ទះបានតែ​នៅពេល​​យក​​​កូន​ទៅ​​សាលា​ប៉ុណ្ណោះ។

អ្នកស្រី​បានប្រាប់ HarDstories ថា៖ «នៅពេលគាត់វាយខ្ញុំខ្លាំងពេក​ គាត់គំរាមខ្ញុំច្រើន​ពេក​ ធ្វើ​ឱ្យ​​ខ្ញុំភ្លេច​ក៏ច្រើនដែរ​​​»។ អ្នក​ស្រី​បាន​និយាយ​ថា ​ការ​ភ្លេច​ភ្លាំងនេះ​ ​គឺ​ធ្ងន់​ធ្ងរ​មែនទែន រហូត​ដល់​ពេល​ខ្លះ​អ្នក​ស្រី​​វង្វេង​ផ្លូវ​នៅ​ពេល​ត្រឡប់​មក​​ផ្ទះវិញ​​ ដោយ​ភ្លេច​ផ្លូវ​ដែល​អ្នកស្រី​​ដើរ​ជា​រៀង​រាល់ថ្ងៃច្រើន​​ឆ្នាំ​មកហើយ​​នោះ​។

កូនប្រុសរបស់អ្នក​ស្រី ណាណា​ ដែល​រង​ការ​វាយដំ​រហូតដល់ស្តាប់លែង​ឮនោះ បាន​​ប្រាប់អ្នក​ស្រី​ថា ប្រសិនបើអ្នក​ស្រី​បន្តរស់​​នៅជាមួយ​ប្តី​ អ្នក​ស្រីនឹងស្លាប់។ កូន​ប្រុស​បានប្រាប់អ្នកស្រី​ថា «ប្រសិនបើម៉ែ​មិនស្លាប់ទេ ប្រហែលជាខ្ញុំស្លាប់មុនម៉ែ​ហើយ​មើលទៅ​»។

អ្នកស្រី ណាណា បាន​និយាយ​ថា អំពើ​ហិង្សា​បាន​ឈាន​​ដល់ចំណុច​​ដែល​​​ប្តីរបស់​អ្នក​ស្រី​​​ព្យាយាម​សម្លាប់​អ្នកស្រីចោល​​ ហើយ​បាន​បណ្តេញ​អ្នក​ស្រី​ និង​កូនៗ​ចេញ​​ពី​ផ្ទះ។ នៅ​ទីបំផុត​ នៅឆ្នាំ២០២៣ អ្នកស្រី ណាណា បានគេចខ្លួនទៅអង្គការ​​កម្ពុជា​ ដើម្បី​ស្ត្រីមាន​វិបត្តិ ជាកន្លែង​ជ្រក​កោនសម្រាប់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ហើយអ្នក​ស្រី​អាចទទួលបានសេវា​ព្យាបាលបញ្ហាសុខភាព និង​សុខ​ភាពផ្លូវចិត្តរបស់កូនប្រុសតាមរយៈអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Lotus World។

កត្តាមួយ​ក្នុងចំណោម​កត្តា​ចម្បង​ដែល​ជំរុញឱ្យ​មាន​អំពើហិង្សាទាក់ទង​យេនឌ័រ​នៅ​​ក្នុង​ប្រទេសកម្ពុជា គឺបទដ្ឋានសង្គម និងផ្នត់​គំនិតយេនឌ័រ ដែលបានបង្រៀន​នៅតាម​សាលារៀន គ្រួសារ និងបណ្តាញ​ផ្សព្វផ្សាយសង្គម នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ។

ទោះបីជាការ​បង្រៀន​បែបនេះ ត្រូវបានដកចេញពីកម្មវិធីសិក្សាផ្លូវការរបស់សា​លា​រដ្ឋក្នុងឆ្នាំ២០០៧ ក៏ដោយ ក៏ពលរដ្ឋ​កម្ពុជាជាច្រើនបានធំធាត់​ឡើងដោយ​យ​ល់​​ដឹង​ពី​ច្បាប់​ស្រី​និង​ច្បាប់​ប្រុស​ គឺ​ជា«ក្រម​សីលធម៌​សម្រាប់ស្ត្រី និង​ក្រម​សីលធម៌សម្រាប់បុរស» ដែលអប់រំ​ឥរិយាបទរបស់បុរសដែល​ជាអ្នកមាន​អំណាច​​ជាង និងតួនាទីរបស់ស្ត្រីជាអ្នក​ស្តាប់បង្គាប់​ និងអ្នក​បន្ទាប់​បន្សំ​។

ក្រមសីលធម៌ដែលសរសេរជាកំណាព្យនេះ​ ត្រូវបានគេដក​ចេញ​ពីកម្មវិធី​អប់រំដោយ​​សារតែ​​​បង្រៀន​វិសមភាពយេនឌ័រ ប៉ុន្តែស្ត្រី ៧៧,៥​ ភាគរយ ដែលត្រូវបានស្ទង់​មតិ​ ដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកកាល​ពី​ឆ្នាំ២០២៣​ បាននិយាយថា ច្បាប់​ស្រីនៅតែត្រូវបានបង្រៀននៅតាម​សាលារបស់ពួកគេ ទាំងការសិក្សាអក្សរសាស្ត្រ ឬក្រមសីលធម៌។

គ្រប់​ឃ្លា​​នៃ​កំណាព្យ​ច្បាប់​ស្រី​ ដែលគេ​សូត្រឱ្យ​កុមារតូចៗស្តាប់​ ដូចជាបទចម្រៀង ឬរឿងនិទាននោះ​ ប្រៀន​ប្រដៅ​ស្ត្រីឱ្យរក្សា​អាកប្បកិរិយាស្ងប់ស្ងាត់និង​មាន​ការ​ថ្លឹង​ថ្លែង​ ហើយជៀសវាងការបង្ហាញអារម្មណ៍អវិជ្ជមាន ជាពិសេសចំពោះបុរស។

ឃ្លា​មួយ​នៅក្នុង​ច្បាប់​ស្ត្រី​ណែនាំ​ស្ត្រី​ថា​៖ «​[​នៅ​ពេល​អ្នក​] សើច​ព្រៀង​បញ្ឆៀង​មិនគិត​ ប្រុស​ព្រើល​បាន​ចិត្ត​ វា​ហ៊ាន​ដោយសារ​។ ​ហៅ​ស្រី​អប្រិយ​ឥតការ ឥតមាន​ឥរិយា មាយាទក្នុងខ្លួន​»។​

ឃ្លា​មួយ​ទៀត​ទូន្មាន​ស្ត្រី​ឲ្យ​ទទួល​យក​អាកប្បកិរិយា​របស់​បុរស​ដោយ​មិន​មាន​ការ​​តវ៉ា​៖ «ទោះ​បី​បើ​​ប្ដី​នាង​ជេរ នាង​ចូល​ទៅឯ ដំណេក​គិត​សិន​»។

ច្បាប់​ស្រី​ថែម​ទាំង​​បំបាក់​ទឹកចិត្ត​ស្ត្រី​មិន​ឱ្យ​រាយការណ៍​ពី​បញ្ហា​ណា​មួយ​ដែល​ពួកគេ​ជួប​ប្រទះ​នៅក្នុង​ផ្ទះ ដោយ​ព្រមាន​ពួកគេ​កុំ​ឱ្យ «នាំ​​ភ្លើង​ក្នុង​ទៅ​ខាងក្រៅ​»​។

កំណា​ព្យនេះ ក៏បានជំរុញ​ឱ្យ​មាន​សុភាសិតខ្មែរមួយ ​ដែលគេ​និយាយ​ជាទូទៅអំពីស្ត្រី និងបុរស គឺថា​ «បុរសប្រៀបដូចជាមាសទឹក​១០​ រីឯ​ស្ត្រីប្រៀបដូចជាកំ​ណាត់ស» ដែល​ផ្តល់តម្លៃដល់បុរស ខណៈដែលស្ត្រីត្រូវបាន​គេចាត់ទុក​ថា សភាព​ងា​យ​ប្រឡាក់​។

ក្រមសីលធម៌​ទាំងនេះជារឿយៗត្រូវបានតម្កល់ទុកនៅតាម​សាលារៀនជាផ្នែក​នៃមរកត​វប្បធម៌ខ្មែរ ដោយសារមានប្រភពដើមពីបុរាណ ប៉ុន្តែអង្គការធ្វើ​ការ​លើ​សិទ្ធិស្ត្រី ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាហៅកាត់​ថា​ CEDAW លើកឡើងថា ផលប៉ះពាល់​នៃ​ច្បាប់​ទូន្មាន​នេះ មកលើ​ទស្សនៈ និងជំនឿសង្គមអំពីយេនឌ័រ​គឺ​មាន​​ច្រើន​ជាង​សារៈសំ​ខាន់​ជា​ប្រវត្តិសាស្ត្រ ជាពិសេសនៅពេលគេយក​ច្បាប់ទូន្មាន​នេះ ទៅ​​បង្រៀនដល់យុ​វ​ជន។

អ្នកស្រី កាន​ សាមី អាយុ ៤០ឆ្នាំ ជាស្ត្រី​កូន៤នាក់ នៅភូមិបឹងព្រីង ខេត្ត​​បាត់ដំបង បាននិយាយថា អ្នក​ស្រី​មានអារម្មណ៍ថា អ្នក​ស្រី​សមនឹងទទួលយក​​រឿង​បែបនេះ​ នៅពេលប្តីរបស់​អ្នក​ស្រី​វាយ និងស្តីបន្ទោសអ្នក​ស្រី​កាលពី​ដើម​ឆ្នាំនេះ។

អ្នក​ស្រី​​បានប្រើ​ឈ្មោះ​ខ្លួន​ឯង​ទៅ​​ខ្ចី​ប្រាក់​ពី​ធនាគារ​​ឱ្យ​​អ្នក​ជិត​ខាង​របស់​អ្នកស្រី​ បន្ទាប់​ពី​អ្នក​ជិត​ខាង​រូប​​នោះ​បាន​មក​សុំ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ។ អ្នក​ស្រី​​បាន​និយា​យ​​ថា ពេល​អ្នក​ស្រី​​ប្រាប់​ប្តី​​អំពី​ប្រាក់​កម្ចីនេះ  ​ប្តី​របស់​អ្នក​ស្រី​បាន​យក​ដំបងវាយ​អ្នក​ស្រី​ ធ្វើ​ឱ្យ​អ្នក​ស្រីខៀវ​​ភ្នែក។

អ្នកស្រី សាមី បាននិយាយថា អ្នកស្រី​បានចាកចេញពីប្តីរបស់អ្ន​ក​ស្រី​អស់រយៈពេលមួយខែហើយ​ បន្ទាប់ពីអ្នក​ស្រីរង​ការ​វាយធ្វើបាប ប៉ុន្តែក្រោយមកបានត្រឡប់​​មករកប្តី​វិញ ហើយបានអធ្យាស្រ័យ​ឱ្យប្តី​របស់អ្នក​ស្រី​។

ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នកស្រីគិត​ថា ​អំពើ​ហិង្សាដែល​កើត​ឡើង​នេះ​ គឺជា​​រឿង​សម​ហេតុ​ផលនោះ​​ អ្នកស្រី​​បាន​បន្តថា​៖ «ពីព្រោះ​ខ្ញុំ​ខុស​ ហើយ​ដូច្នេះ​ គាត់​វាយ​ខ្ញុំ ​ព្រោះ​ខ្ញុំ​ខ្ចី​លុយ [​ឱ្យ​អ្នក​ផ្សេង]។ ​ប្រសិន​បើ​ខ្ញុំ​មិន​ខ្ចី​​ប្រាក់​​ទេ គាត់​ក៏​​មិន​វាយ​ខ្ញុំ​ដែរ​»។

អ្នកស្រី កាន សាមីន អង្គុយ​ជាមួយ​កូន​ប្រុស​និង​ប្តីរបស់​អ្នក​ស្រី​​នៅ​ខេត្ត​បាត់ដំបង ប្រ​ទេស​កម្ពុជា។ ប្តីរបស់អ្នកស្រី​វាយអ្នកស្រី​ បន្ទាប់ពីអ្នក​ស្រី​ខ្ចីលុយឱ្យ​អ្នកជិតខាង ប៉ុន្តែអំពើហិ​ង្សានេះ បានបញ្ចប់​ទៅវិញ បន្ទាប់ពីអ្នក​ស្រី សាមីន ដែល​ជា​បងស្រី​របស់​អ្នក​ស្រី​ និង​ជាជំនួយការភូមិបាន​ជួយអន្តរាគមន៍។ (រូបភាព៖ កែវ ប៉ូនីតា/HaRDstories)

ផ្លូវទៅរក​យុត្តិធម៌

ច្បាប់កម្ពុជាផ្តល់យន្តការក្នុងការរាយការណ៍អំពីបញ្ហានៃអំពើហិង្សាក្នុងគ្រួសារ និងហិង្សា​ផ្លូវភេទ ប៉ុន្តែអង្គការស្ត្រីនិយាយថា ពួកគេមិនឆ្លើយតបគ្រប់គ្រាន់ចំ​ពោះ​បញ្ហានេះទេ​ ឬជួនកាលធ្វើឱ្យការរំលោភបំពាននោះកាន់តែធ្ងន់ធ្ងរ។

អ្នក​ស្រី ម៉ាលីស ជាម្តាយម្នាក់​នៅខេត្តសៀមរាប ដែលសុំឱ្យ​ប្រើ​នាម​ខ្លួន​ បានប្ដេ​ជ្ញា​ស្វែងរកយុត្តិធម៌ បន្ទាប់ពីដឹងថា សាច់ញាតិ​ដែល​ត្រូវ​ជា​ពូបាន​រំលោភកូនស្រីជំទង់របស់​អ្នក​ស្រីឈ្មោះ​ បុប្ផា ខណៈពេល​អ្នក​ស្រី​ ម៉ាលីស កំពុងសម្រាល​កូន​នៅមន្ទីរពេទ្យ។​

អ្នកស្រី ម៉ាលីស បានប្រាប់ HarDstories ថា អ្នក​ស្រី​បានរាយការណ៍ករណីនេះទៅនគរបាល​មូលដ្ឋាន ប៉ុន្តែសាច់ញាតិម្នាក់នេះ បានរត់គេច​ចេញពីគ្រួសារពីខេត្តសៀមរាបទៅខេត្តផ្សេង។

នៅពេលអ្នកស្រី ម៉ាលីស ដឹងថា សាច់ញាតិ​ត្រូវ​ជា​ពូបានត្រឡប់មកវិញ អ្នក​ស្រី​បានជូនដំណឹងទៅនគរបាល​ម្តងទៀត ហើយនគរបាល​បានចាប់ខ្លួនគាត់​ ហើយឃុំខ្លួនបណ្តោះអាសន្ននៅខែកក្កដា ឆ្នាំ២០២៥​។

បុប្ផា បាន​និយាយ​ថា ហេតុការណ៍​​ចាប់​រំលោភនេះ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​សុខភាព​ផ្លូវ​ចិត្ត​របស់​នាង។ បុប្ផាបានឱ្យដឹង​​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ខ្លាំង​​ណាស់។ ខ្ញុំ​គិត​​ចង់​ធ្វើ​អត្តឃាត ព្រោះ​ខ្ញុំ​រស់​នៅបន្តទៀត​ក៏គ្មាន​ន័យដែរ​​»។ យុវតី​វ័យ​​១៩​ឆ្នាំរូបនេះ​ បាននិយាយថា នាង​បោះ​បង់​ចោលគំនិត​ចង់ធ្វើអត្តឃាតវិញ ព្រោះ​នាងដឹងថា ម្តាយនិងបងប្អូនរបស់នាងពឹងផ្អែកលើការគាំទ្ររបស់នាង។

អ្នកស្រី ម៉ាលីស ​បាន​សង្កេត​​ឃើញ​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​កូន​ស្រី​របស់​អ្នក​ស្រី​​ចាប់​តាំង​ពីមាន​​ហេតុការណ៍​ចាប់​រំលោភនេះ​។ បុប្ផា​ គេងមិន​​លក់​ ហើយតែង​តែមើលរឿង​ដល់​យប់ជ្រៅ។ ពេលអ្នកស្រី ​ម៉ាលីស ​ប្រាប់​​ឱ្យ​ឈប់​មើល​​រឿង​ បុប្ផា ​ឆ្លើយ​ថា ចង់​​មើល ព្រោះ​មិន​អាច​ឃាត់​​ខ្លួន​ឯង​មិន​​ឱ្យ​គិត​ច្រើន​ពេល​​យប់បាន​​ទេ​។ អ្នក​ស្រី​បន្ត​ថា អ្នកស្រីនិង​កូន​ស្រី​​ក៏​បាន​ដក​ខ្លួន​ចេញ​ពី​សហគមន៍​ ​ដែលបាន​​បន្ទោស​ បុប្ផា ថា បណ្តាល​ឱ្យ​​ពូ​របស់​នាងធ្វើ​បែប​នេះ។

អ្នកស្រី ម៉ាលីស បាន​និយាយថា៖ «កូន​មាន​អារម្មណ៍ភ័យខ្លាច​និង​មិន​ចង់និយា​យ​​ច្រើន​ គ្មាន​អារម្មណ៍​រីករាយ​ទេ។ ខ្ញុំ​តែង​តែ​ណែនាំ​កូន​កុំឱ្យ​គិត​ និង​ឈប់​មាន​អា​រម្មណ៍​បាក់ទឹកចិត្ត​»។​

រូបភាព​ឆ្លុះ​លើកញ្ចក់គឺ​​ បុប្ផា​ អាយុ​១៩​ឆ្នាំ​បាន​ជូត​ទឹកភ្នែក​ ខណៈ​នាង​រៀបរាប់​អំពី​ហេតុ​ការណ៍​រំលោភប្រព្រឹត្ត​ដោយ​ពូរបស់នាង​ នៅពេល​នាង​កំពុង​ដេក​។ (រូបភាព៖ កែវ ប៉ូនីតា/ HaRDstories)

ប្រទេសកម្ពុជា​ក៏មាន​យន្ត​ការ​ច្បាប់​ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ​និង​បញ្ហា​ផ្សេងទៀត​នៅ​ក្រៅប្រព័ន្ធ​​តុលាការដែរ​​ ដែលហៅថាដំណោះស្រាយ​វិវាទក្រៅប្រ​ព័ន្ធ​តុលា​ការ​ (ADR) ដែលបានក្លាយជាច្បាប់កម្ពុជានៅឆ្នាំ២០២៣ តាមរយៈព្រះរាជ​ក្រឹត្យ​។​

ដំណើរ​ការ​​នេះ ផ្តោតលើការដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ តាមរយៈការចរ​ចា និងការផ្សះផ្សាជាមួយមេភូមិ ឬមេ​ឃុំ។ ប៉ុន្តែអ្នករិះគន់អះអាងថា នៅក្នុងបរិ​បទ​នៃអំពើហិ​ង្សាក្នុងគ្រួសារ ជារឿយៗ​ គេលើកទឹកចិត្តឱ្យ​អ្នករស់រានមានជីវិតពីអំពើហិង្សា​បន្ត​រស់​នៅជាមួយជនរំលោភបំពានដដែល។

អ្នក​ស្រី ឆិ​ក ស្រី ជា​ស្ត្រី​កូនបីរស់​នៅខេត្តសៀមរាប ដែលសុំឱ្យប្រើ​តែ​នាម​ខ្លួន​ បាននិ​យា​យ​ថា អ្នក​ស្រីបានព្យាយាមប្រើវិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ នៅក្នុងភូមិរបស់អ្នកស្រី​ ដើម្បីសុំលែងលះពីប្តីរបស់​អ្នកស្រី​ ប៉ុន្តែវាធ្វើឱ្យ​​បញ្ហាកាន់​តែ​ធ្ង​ន់​ធ្ងរទៅៗ។

ជីវិត​អាពាហ៍ពិពាហ៍របស់អ្នកស្រី​ចាប់ផ្តើម​ធ្លាក់ចុះ បន្ទាប់ពីអ្នក​ស្រី​មានកូនដំបូងក្នុងឆ្នាំ១៩៩៨។ ភ្លាមៗ បន្ទាប់ពីសម្រាលកូនរួច អ្នកស្រីបាន​ធ្លាក់ខ្លួនឈឺ និងមិនទទួលបានការថែទាំគ្រប់គ្រាន់ទេ។ ជំងឺ​នេះ​​បាន​ធ្វើ​ឱ្យ​អ្នកស្រី​​បាត់បង់​លំនឹង និង​ដើរ​លែង​កើត​ ហើយ​អ្នក​ស្រី​​ត្រូវ​អង្គុយ​លើ​រទេះរុញ។ នោះ​ហើយ​ជា​ពេល​ដែល​ប្តី​របស់​អ្នក​ស្រី​​ចាប់​ផ្តើម​ចាក​ចេញ​ពី​ផ្ទះ​ស្វែង​រក​ស្ត្រី​ផ្សេង​ទៀត។

អ្នក​ស្រី ឆិ​ក ​ស្រី បាននិយាយថា៖ «គ្មានពេលណាមួយ​សប្បាយទេ មានតែពេលទឹកភ្នែក។ ខ្ញុំ​ហូ​ប​អ្វីក៏​​មិន​បាន​​​ ទោះ​ម្ហូប​នោះ ឆ្ងាញ់​ប៉ុណ្ណា​ក៏​ដោយ ក៏​ខ្ញុំ​ហូប​​មិន​បាន​​​​។ ប៉ុន្តែ​ដើម្បី​កូន ខ្ញុំហូប​ទាំង​​ទឹក​ភ្នែក ដើម្បី​ឲ្យ​ក្រពះ​ខ្ញុំ​មាន​បាយខ្លះ​»។

អ្នកស្រីបន្តថា ប្តីរបស់អ្នកស្រី​បានគប់របស់របរ​ និងស្រែកគំហក​ដាក់អ្នក​ស្រី​ម្តងម្កាល ប៉ុន្តែរឿងនេះ​បាន​កើនឡើង បន្ទាប់ពីអ្នកស្រី​និង​ប្តី​បាននាំគ្នា​ទៅជួប​មេឃុំនៅឆ្នាំ២០២៣​ ដោយសុំឱ្យប្រើប្រាស់វិធីសាស្ត្រ​ដោះស្រាយ​វិវាទក្រៅតុលាការ​ និង​ដាក់ពាក្យសុំលែងលះ​។

អ្នក​ស្រី​​បាន​រំឭក​ថា​៖ «គាត់​បាន​ច្របាច់ក​ខ្ញុំ កូន​ខ្ញុំ​ជួយ ហើយ​រុញ​គាត់​ចេញ​​។ ពេល​​គាត់​ខឹង គាត់​គំរាម​ខ្ញុំ គាត់​ចង់​សម្លាប់​ខ្ញុំ»។

អ្នកស្រី ឆិក ស្រី បាន​និយាយ​ថា នៅ​ទី​បំផុត ប្ដី​របស់​អ្នកស្រី​​បាន​ចាក​ចេញ​ពី​ផ្ទះ​ម្ដង​ទៀត ​ដើម្បី​រក​សង្សារ​ថ្មី ហើយ​ចុង​ក្រោយ​អ្នកស្រី​​បាន​រួច​ផុត​ពី​ការ​រំលោភ​បំពាន​រយៈពេល៣០ឆ្នាំ ដោយ​​ស្វែង​រក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​អង្គការ​​បន្ទាយ​​ស្រី។

ការស្ទង់មតិឆ្នាំ២០២០ លើស្ត្រីដែលបានសាកល្បងប្រើប្រាស់​ដំណោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ​ចំពោះ​អំពើ​ហិង្សា​ក្នុងគ្រួសារបានរកឃើញថា ៨០​ភាគរយនៃពួកគេមានបទពិសោធន៍អវិជ្ជមានក្នុងការស្វែងរកយុត្តិធម៌នៅក្នុងសហគមន៍របស់ពួកគេ​។

យោងតាមការស្ទង់មតិរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក Women Peace Makers ស្ត្រីយល់​ថា ពួកគេមិនអាចបង្វែរ​ករណីរបស់ពួកគេទៅអាជ្ញាធរ​សម​ស្របជាងនេះ​​ មិនអាចលែងលះ ឬពិបាក​ទទួល​បាន​តុល្យ​ភាព​អំណាចនៅក្នុងភូមិរបស់​ពួកគេ។

រូបទី៨៖ អ្នកស្រី ឆិ​ក ស្រី អាយុ៥៤ឆ្នាំ អង្គុយ​នៅ​មុខ​ផ្ទះ​របស់អ្នកស្រី​ក្នុង​ខេត្ត​សៀមរាប ដែល​អ្នកស្រី​​រស់​នៅ​ជាមួយ​កូន​ពីរ​នាក់​។ (រូបភាព៖ កែវ ប៉ូនីតា/HaRDstories)

ត្រូវ​ការ​ពេលវេលាច្រើនទៀត​​

ស្ត្រីដែលរកច្រក​ចេញពីអំពើហិ​ង្សាក្នុងគ្រួសារបានប្រាប់ HaRDStories ថា ពួកគេ​មិនអាចធ្វើការងារ​​នេះបាន​ដោយខ្លួនឯងទេ។

អ្នកស្រី ឈឿន សារ៉ាន់​ ជា​អ្នក​ប្រឹក្សា​យោបល់​នៅ​អង្គការ​បន្ទាយស្រី ក្នុង​ខេត្ត​សៀ​ម​រាបបាន​ពន្យល់​ថា ហេតុផល​ ​ដែល​ស្ត្រី​ជាប់​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ភាពស្មុគស្មាញ។

ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការគ្រប់គ្រងថវិកា​ តែងតែប្រឈម​នឹង​បញ្ហាផ្សេងទៀត ដូចជាភាពឯកោ និងភាពក្រីក្រ ដូច្នេះហើយពួកគេយល់​ថា ពួកគេនឹងមានជីវិតកាន់តែលំបាក ប្រសិនបើពួកគេចាកចេញពីទំនាក់ទំនង​បែបហិង្សា​នេះ។

អ្នកស្រី សារ៉ាន់ ដឹងរឿងនេះតាមរយៈ​បទពិសោធន៍។ នៅពេលដែលអ្នកស្រី​ចាប់ផ្តើម​ធ្វើការងារ​ស្ម័គ្រចិត្ដនៅអង្គការ​បន្ទាយស្រីក្នុងឆ្នាំ២០១២​ អ្នកស្រី​ធ្លាប់​ឆ្លង​កាត់​ជី​វិត​អាពាហ៍ពិពាហ៍បែប​ហិង្សា​ដែរ​ ប៉ុន្តែមិនបាន​ទទួល​ស្គាល់​ថា វាជារឿងហិង្សា​ទេ​។ ការរៀនសូត្រ​អំពីអំពើហិង្សាក្នុងគ្រួសារតាមរយៈការងាររបស់អ្នកស្រី​បានផ្លាស់ប្តូរស្ថានភាព​នោះ។ ដោយមាន​ប្រាក់ខែផ្ទាល់ខ្លួន និងចំណេះ​ដឹងថ្មី អ្នក​ស្រី​ហ៊ាន​ប្រឈមមុខនឹងប្តីរបស់អ្នក​ស្រី។

អ្នកស្រី​​បាន​ផ្តល់​ជម្រើស​ឱ្យ​​ប្តី​របស់​អ្នកស្រី​ គឺ​បញ្ឈប់ការរំលោភ​បំពាន​​ ឬ​ក៏ចង់​បាត់​បង់​​គ្រួសារ​។ អ្នកស្រី​បាន​និយាយ​ថា​៖ «​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ​គាត់​បាន​សម្រេ​ច​​​​ចិត្ត​បញ្ឈប់​សកម្មភាពទាំង​អស់​ [​ដើម្បី​ត្រួត​ត្រា​ខ្ញុំ​] ។ ហើយចាប់ពីថ្ងៃនោះមក គាត់បាន​ឈប់​មែន​»។

ឥឡូវនេះ ជា​អ្នក​ប្រឹក្សាយោបល់​ពេញម៉ោងម្នាក់ អ្នកស្រី​ សារ៉ាន់​​ បាន​និយាយ​ថា ការ​អនុវត្តច្បាប់តែមួយ​មុខ​ មិនអាចទប់ទល់នឹងអំពើហិង្សាក្នុងគ្រួសារបានទេ ហើយផ្ទុយទៅវិញ ការផ្លាស់ប្តូរពិតប្រាកដកើតចេញពីការអប់រំសង្គមឱ្យ​យល់​ដឹង​អំ​ពី​ផល​ប៉ះពាល់​នៃការរំលោភបំពាន​។

អ្នកស្រី សារ៉ាន់​ ចោទជា​សំណួរថា៖ «ប្រសិន​បើ​នគរបាល​​ចាប់​ [​ជន​ដៃដល់​​] ​តើ​ពួកគេ​នឹង​ដោះលែង​ជន​ដៃដល់​​ម្តងទៀត​ទេ​? ប្រសិនបើជនដៃដល់​ត្រឡប់មកវិញ [ជនរងគ្រោះ] ទាំងអស់នឹងស្លាប់ដូចគ្នា»។

រូបទី១០៖ អ្នក​​ស្រី ឈឿន​ សារ៉ាន់​ មន្ត្រីកម្មវិធី​ផ្ទះសវុត្ថិភាព​នៅ​អង្គការ​បន្ទាយ​ស្រី​បាន​បម្រើ​ការងារ​ជាង​១០​ឆ្នាំមកហើយ​ ដើម្បី​គាំទ្រ​ដល់​ស្ត្រីដែល​គេចចេញ​ពីអំពើហិង្សា​។ (រូបភាព៖ កែវ ប៉ូនីតា/ HaRDstories)  

ត្រឡប់​មកមើលករណី​នៅ​ភូមិបឹងព្រីងវិញ អ្នក​ស្រី​ កាន​ សាមីន បានជ្រើ​ស​រើស​យកវិធីដូចគ្នានេះ​ គឺនិយាយអំពីអំពើហិង្សាក្នុងគ្រួសារដោយបើកចំហ ជាជាងចាត់​ទុកវាជារឿង​ឯកជនរបស់​គ្រួសារ​។

បន្ទាប់​ពី​បាន​សិក្សា​ពី​បញ្ហា​ស្ត្រី អ្នកស្រី សាមីន ​បាន​យល់​​ថា ​អ្នក​ស្រី​​អាច​ជួយ​អ្នក​ដទៃ​បាន​ តាមរយៈ​ការ​ចែក​រំលែក​ចំណេះដឹង​នោះ។ អ្នកស្រី​​បាន​និយាយ​ថា​៖ «ក្នុង​នាម​ជា​​ស្ត្រី ខ្ញុំ​អាច​ជួយ​​ស្ត្រី​ផ្សេង​ទៀត​បាន​។ ​វា​នឹង​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួកគេ​ឲ្យ​មាន​ភាពក្លាហាន​បន្ថែម​ទៀត​»។

អ្នកស្រីបាននិយាយថា អំពើហិង្សាក្នុងគ្រួសារនៅតែកើតមាននៅក្នុងភូមិរបស់អ្នក​ស្រី​ ប៉ុន្តែចាប់តាំងពីអ្នកស្រី​ចាប់ផ្តើមផ្សព្វផ្សាយការយល់ដឹង និងណែនាំដល់គ្រួសារពលរដ្ឋ​ ពួកគេ​ភាគច្រើនបានស្តាប់ និងគោរពអ្នកស្រី​។ ស្ថានភាព​ឥឡូវ​នេះ ​អាច​គ្រប់គ្រង​បាន​ច្រើន​ជាងមុន​។

សម្រាប់ស្ត្រីនៅក្នុងសហគមន៍​ អ្នកស្រី សាមីន ​ចង់ឱ្យ​មាន​​កម្មវិធី​បណ្តុះបណ្តា​លវិជ្ជាជីវៈ និងកម្មវិធីផ្សេងៗ ដែលនឹងផ្តល់ឱ្យពួកគេនូវឯករាជ្យភាពផ្នែកថវិកា​ និងមធ្យោបាយបោះ​ជំហាន​ទៅមុខ​​ពិតប្រាកដ។

ប៉ុន្តែ​សហគមន៍​ត្រូវ​ការ​មនុស្ស​ម្នាក់​​ដូច​ជា​អ្នកស្រី​ មនុស្ស​​ម្នាក់ ដើម្បីចុះបញ្ជី​​ ធ្វើ​អន្តរាគមន៍ និង​ផ្តល់​មធ្យោបាយ មុន​តម្រូវ​ការ​ទាំង​នោះទៅទៀត​​​។

អ្នក​ស្រី​បាន​និយាយ​​ថា​៖ «​​វា​សំខាន់​សម្រាប់​សហគមន៍​ក្នុង​ការ​មាន​របៀបធ្វើ​​ការ​បែប​​​​នេះ។ វាអាចជួយកាត់បន្ថយបញ្ហាជាច្រើន ហើយខ្ញុំដឹងរបៀប​ធ្វើការ​​ងារនេះ​ តាម​រយៈ​បទពិសោធន៍ផ្ទាល់ខ្លួន»៕

អត្ថបទបកប្រែនេះត្រូវបានស្នើសុំចុះផ្សាយពីអ្នកសរសេរ ដែលបកប្រែសម្រួលពីសារព័ត៌មាន HARDSTORIES៖ In Cambodian Villages, Women Create Their Own Path To Safety

ព័ត៌មានថ្មី

អត្ថបទពេញនិយម