គណបក្សនយោបាយមួយចំនួន ត្អូញត្អែរចំពោះការស្នើសុំលើកស្លាកបក្សនៅទីសាធារណៈ ដែលត្រូវបានអាជ្ញាធរបដិសេធក្រោមហេតុផលផ្សេងៗ ស្របពេលដែលបក្សទាំងនោះ សង្កេតឃើញថា ស្លាកគណបក្សប្រជាជនកម្ពុជា អាចលើកនៅទីតាំងទាំងនោះបាន។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មន្រ្តីគណបក្សជំនាន់ថ្មីខេត្តតាកែវ សម្រេចប្ដឹងមេឃុំប្រាំបីមុំ ក្នុងស្រុកទ្រាំង ទៅតុលាការខេត្ត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរដ្ឋបាលខេត្ត ដោយចោទថា រំលោភអំណាច និងគំរាមកំហែង ជាពិសេសចាក់សោរបងសាលាឃុំដែលបានឃុំមន្រ្តីបក្ស២នាក់ អស់រយៈពេល៤០នាទី អំឡុងពេលដាក់លិខិតស្នើលើកស្លាកបក្ស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
បើតាមខ្លឹមសារនៃពាក្យបណ្ដឹងដាក់ទៅកាន់ស្ថាប័នជាតិទាំងបី បានចោទប្រកាន់លោកមេឃុំ ខៀវ ជិ្រន ថា បានតម្រូវឱ្យមន្រ្តីបក្សជំនាន់ថ្មី លើកស្លាកបក្សចម្ងាយ១គីឡូម៉ែត្រពីស្លាកបក្សរបស់មេឃុំ នៅទីតាំងដែលស្នើសុំ ដោយប្រើពាក្យថា«ច្បាប់ហ្នឹង អញជាអ្នកចែង អត់មានថ្នាក់លើខាងណាឡើយចែងមកទេ អញចែងចឹង បើហែងមិនសុខចិត្តទេ ហែងប្តឹងអញទៅ!»បន្ទាប់ពីមន្រ្តីបក្សប្រឆាំង សួររកគោលការណ៍ ឬច្បាប់ដែលកំណត់លើកស្លាកឆ្ងាយពីគ្នាបែបនេះ។
ខ្លឹមសារនៃពាក្យបណ្ដឹងខាងលើបានឱ្យដឹងថា លុះក្រោយមក មេឃុំ បានបញ្ជាទៅនគរបាល ដោយគំរាមឱ្យវាយខ្នោះ និងប្រាប់ឱ្យមន្ត្រីសាលាឃុំចាក់សោរបងបិទទ្វារសាលាឃុំតែម្តង។
ពាក្យបណ្ដឹង បានស្នើឱ្យស្ថាប័ន តុលាការ គជប និងរដ្ឋបាលខេត្ត ចាត់វិធានការលើលោកមេឃុំ ខៀវ ជ្រិន តាមផ្លូវច្បាប់ដើម្បីផ្ដល់យុត្តិធម៌ដល់បក្សជំនាន់ថ្មី។ អនុប្រធានបក្សជំនាន់ថ្មីខេត្តតាកែវលោក នី សោភ័ណ្ឌ ថ្លែងថា លោកនិងសហការីមួយរូប បានជាប់នៅសាលាឃុំប្រាំបីមុំ អស់រយៈពេលប្រមាណ៤០នាទី ទម្រាំមេឃុំចាក់សោវិញ ក្រោយសហការីរបស់លោកម្នាក់ទៀតនៅក្រៅរបង យល់ព្រមតាមសំណើមេឃុំក្នុងការលុបឃ្លីបវីដេអូដែលថតអំឡុងពេលមេឃុំនោះ ប្រើពាក្យមិនសមរម្យ។
លោកបន្ថែមថា ករណីនេះលោកសម្រេចដាក់ពាក្យប្ដឹងទៅស្ថាប័នជាតិទាំង៣ នៅថ្ងៃទី៣០-៣១ ខែកក្កដា ក្នុងគោលបំណងចង់ឱ្យមេឃុំ អនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយកុំរើសអើងនិន្នាការនយោបាយបន្តទៀត។
លោកបានថ្លែងថា៖ «យើងមិនប្ដឹងទេ គាត់អនុវត្តបែបហ្នឹង គឺមេឃុំអនាធិបតេយ្យហើយ លែងមានការអនុវត្តសិទ្ធិសេរីភាពអីទាំងអស់ក្នុងឃុំហ្នឹង។ ចឹងយើងត្រូវតែប្ដឹងគាត់។ ខ្ញុំចង់គាត់ធ្វើការងារឱ្យបានត្រឹមត្រូវក្នុងនាមជាមេឃុំ។ […] ឱ្យបក្សនយោបាយអនុវត្តសកម្មភាពនយោបាយស្មើភាពគ្នា»។
តែទោះជាយ៉ាងណា មេឃុំប្រាំបីមុំ លោក ខៀវ ជិ្រន បានច្រានចោលការប្រកាន់របស់មន្រ្តីបក្សជំនាន់ថ្មីនេះ ថែមទាំងចោទបកវិញថា គឺលោក សោភ័ណ្ឌ ទេជាអ្នកនិយាយគ្មានសីលធម៌ដាក់រូបលោកនោះ។
លោកបានលើកឡើងថា៖«ខ្ញុំមិនបានគំរាមគាត់ទេ មានតែគាត់ទេដែលគំរាមខ្ញុំឱ្យខ្ញុំឆ្លើយទាំងកំរោល។ […] ខ្ញុំអត់មានបានចាក់សោទេ អត់មានទេ។ […] គាត់មកប្ដឹងខ្ញុំ ខ្ញុំមិនយល់។ […] គាត់និយាយមកកាន់ខ្ញុំដូចគ្មានសីលធម៌»។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានឆ្លើយតបយ៉ាងខ្លីជាមួយសារព័ត៌មានខេមបូចាថា គជប ទទួលបានលិខិតសុំអន្តរាគមន៍របស់បក្សជំនាន់ថ្មីហើយ ក៏កំពុងពិនិត្យដែរ។ លោក បញ្ជាក់ថា៖ «គជប កំពុងពិនិត្យលិខិតនោះ»។
កាលពីចុងខែមេសា ឆ្នាំ២០២៦ បក្សកម្លាំងជាតិក្រុងបាត់ដំបង បានចោទអាជ្ញាធរមូលដ្ឋានថារើសអើងនយោបាយ ទាក់ទិនការបដិសេធក្នុងការលើកស្លាកបក្សនៅចំណុចចុងស្ពានស្លាកែតដែលមានស្លាកបក្សជាច្រើន បានលើកនៅទីតាំងនោះ។

ជុំវិញករណីរឹតត្បិតការលើកស្លាកគណបក្សនេះ អនុប្រធានគណបក្សកម្លាំងជាតិលោក សុខ គឹមសេង លើកឡើងថា អាជ្ញាធរស្ទើរតែគ្រប់ខេត្ត បានបង្កការលំបាកដល់ការលើកស្លាករបស់បក្សកម្លាំងជាតិ។
លោកបន្តថា ចំពោះអាជ្ញាធរខេត្តដែលរារាំងជាងគេ គឺខេត្តតាកែវ ព្រះសីហនុ កំពង់ធំ បាត់ដំបង និងខេត្តកំពត ខណៈតំបន់មួយចំនួន ដែលលើកស្លាករួចហើយ ក៏ត្រូវអាជ្ញាធរបញ្ជាឲ្យរុះរើ និងមានពេលខ្លះអាជ្ញាធររុះរើចេញដោយខ្លួនឯង ដែលជាក់ស្ដែង មាននៅស្រុកអង្គរបុរី ខេត្តតាកែវ ជាដើម។
លោកបន្តថា៖ «រឿងដែលញឹកញាប់ជាងគេ គឺអាជ្ញាធរគំរាមម្ចាស់ផ្ទះដែលអនុញ្ញាតឲ្យកម្លាំងជាតិលើកស្លាក។ អាជ្ញាធរតែងប្រើប្រាស់អំណាចខ្លួនទៅសួរនាំរកនេះ រកនោះ ពីម្ចាស់ផ្ទះ បង្កបញ្ហាឲ្យពួកគាត់ព្រួយបារម្ភ។ ចុងក្រោយស្នើឲ្យយើងដកស្លាក ឬស្នើមិនឲ្យយើងលើកវិញ ទោះគាត់អនុញ្ញាតឲ្យក៏ដោយ»។
លោកអះអាងទៀតថា កន្លងមកបក្សកម្លាំងជាតិ ក៏ធ្លាប់សុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃផងដែរ ប៉ុន្តែលទ្ធផលមានការប្រែប្រួលតិចតួច ដោយលោកថា អាជ្ញាធរមូលដ្ឋាននៅតាមខេត្តមួយចំនួនមិនសូវយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន។
ចំណែកអ្នកនាំពាក្យប្រជាធិបតេយ្យជឿនលឿនលោក ប៉ោ មករា លើកឡើងថា ចំពោះការបដិសេធលើកស្លាកនេះ បក្សរបស់លោកក៏ធ្លាប់កើតមានប្រហែល៣ករណីផងដែរ។ កាលនោះ មន្រ្តីបក្សបានស្នើសុំលើកស្លាកបក្សនៅតាមផ្លូវជាតិលេខ៦ A ខណ្ឌជ្រោយចង្វារ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន បានជំទាស់ ដោយអះអាងថា ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
តែទោះជាយ៉ាងណាលោក សង្កេតឃើញថា ស្លាកគណបក្សប្រជាជនកម្ពុជា ត្រូវបានលើកនៅចំណុចបក្សរបស់លោកស្នើសុំ។ លោកបន្តអះអាងថា មានករណីខ្លះ នៅពេលស្លាកបក្សប្រជាធិបតេយ្យជឿនលឿនរលំ ហើយស្នើសុំលើកវិញ អាជ្ញាធរក៏មិនយល់ព្រមដែរ។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ថ្លែងថា មន្រ្តីបក្សឆន្ទៈខ្មែរជួបប្រទះការលំបាកក្នុងការស្នើសុំលើកស្លាកនៅទីសាធារណៈមានភាពញឹកញាប់ផងដែរ ជាពិសេសនៅខេត្តព្រៃវែង កំពត កំពង់ស្ពឺ និងរាជធានីភ្នំពេញ។ លោកបន្តថា មានពេលខ្លះអាជ្ញាធរ ថែមទាំងបានបំភិតបំភ័យម្ចាស់ផ្ទះដែលយល់ព្រមឱ្យបក្សឆន្ទៈខ្មែរលើកស្លាកបក្សនោះ រហូតលែងឱ្យលើកស្លាកវិញ។
លោកបានថ្លែងថា៖«ករណីទាំងអស់នេះ ខ្ញុំគិតថា កើតឡើងដោយសារការមិនយល់នូវនីតិវិធីរបស់អាជ្ញាធរនៅមូលដ្ឋាន ដែលគាត់មិនបានគោរពទៅតាមប្រកាស ឬសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ»។
ជុំវិញករណីនេះ សារព័ត៌មានខេមបូចា នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស យល់ថា អាជ្ញាធរមូលដ្ឋានចាំបាច់អនុវត្តការងារដោយស្មើភាពគ្នា ចៀសវាងបក្សនេះលើកស្លាកបានបក្សនោះលើកស្លាកបក្សមិនបាន។
លោកបានថ្លែងថា៖ «ប្រសិនបើគណបក្សផ្សេងដាក់បាន ហើយគណបក្សមួយទៀតទៅសុំដាក់ដែរ ដាក់មិនបាន អាហ្នឹងជាបញ្ហាភាពលម្អៀងរបស់អាជ្ញាធរ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា គណបក្សនយោបាយនីមួយៗដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ មានសិទ្ធិក្នុងការលើកស្លាកគណបក្សដើម្បីឱ្យពលរដ្ឋបានស្គាល់ បានឃើញ ដែលបង្កើនការទាក់ទាញប្រជាប្រិយភាពរបស់ខ្លួន។
លោកបានថ្លែងថា៖ «កន្លែងទីសាធារណៈណាដែលគណបក្សនយោបាយណាមួយលើកស្លាកបាន ហើយគណបក្សផ្សេងទៀតក៏មានសិទ្ធិក្នុងការលើកស្លាកបានដូចគ្នា។ ចឹងអាជ្ញាធរមូលដ្ឋាន មេឃុំ ចៅសង្កាត់ គឺត្រូវផ្ដល់សេវា កិច្ចគាំពារទៅលើគណបក្សនយោបាយទាំងអស់ឱ្យស្មើភាពគ្នា នេះបានជាតួនាទីរបស់មេឃុំ និងចៅសង្កាត់»៕










