សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អតីតមេបក្សប្រឆាំង លោក កឹម សុខា ត្រូវបានលើកលែងទោស

លោក កឹម សុខា ស្វាគមន៍អ្នកគាំទ្រលោកកាលពីថ្ងៃពុធ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលរួមសវនាការនៅថ្ងៃនោះ។ រូបភាពថតកាលពីថ្ងៃទី១៩ មករា។ ខេមបូចា/ ព្រីង សំរាំង
លោក កឹម សុខា ស្វាគមន៍អ្នកគាំទ្រលោកកាលពីថ្ងៃពុធ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលរួមសវនាការនៅថ្ងៃនោះ។ រូបភាពថតកាលពីថ្ងៃទី១៩ មករា។ ខេមបូចា/ ព្រីង សំរាំង

អតីតមេបក្សប្រឆាំង លោក កឹម សុខា ត្រូវបានលើកលែងទោសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ យោងតាមព្រះរាជក្រឹត្យដែលចុះព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន។

យោងតាមព្រះរាជក្រឹត្យ បានឱ្យដឹងថា ត្រាស់បង្គាប់លើកលែងទោស លោក កឹម​ សុខា ដែលតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន​ ២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ព្រះរាជក្រឹត្យក៏បានបញ្ជាក់ថា៖ «ការលើកលែងទោសនេះអនុវត្តតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ»។

លោក ផែង ហេង មេធាវីការពារលោក កឹម សុខា បានថ្លែងក្នុងហ្វេសប៊ុករបស់ថា ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កឹម សុខ តាមរយៈលោកជាមេធាវី បានយកលិខិតបញ្ជាក់មិនប្តឹងសារទុក្ខមកចុះបញ្ជីនៅរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ។

លោក ផែង ហេង បានបញ្ជាក់ថា៖ «ក្រោយភ្លៀងរាំង មេឃស្រឡះល្អ នៅក្រោមពន្លឺ «ព្រះចន្ទ ឬ ព្រះអាទិត្យ» ហើយអ្នកភ្នំពេញក៏មិនស្ទះលូ ស្ទះចរាចរណ៍ដែរ»។

លោក កឹម សុខា អតីតមេបក្សប្រឆាំង ត្រូវបានលើកលែងទោស បន្ទាប់ពីលោកត្រូវបានអនុញ្ញាតឱ្យជួបម្តាយចំនួនពីរដង គឺនៅថ្ងៃទី២០ ខែឧសភា និងព្រឹកថ្ងៃទី២៥ ខែឧសភា រួចមក​។

គួររំលឹកថា សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដោយផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំដដែល ពីបទសន្និដ្ឋិភាពជាមួយបរទេស បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។

ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុង​កាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។

តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាព​ផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម