សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មេធាវីរបស់លោក កើត សារ៉ាយ ស្នើឱ្យតុលាការកំពូលបដិសេធ​សាលដីកាសាលាឧទ្ធរណ៍

លោក កើត សារ៉ាយ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
លោក កើត សារ៉ាយ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

មេធាវីរបស់លោក កើត សារ៉ាយ បានស្នើឱ្យតុលាការកំពូលបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ និងសុំឱ្យកូនក្តីរួចផុតពីបទចោទ ដោយសារតែសកម្មភាពកូនក្តីរបស់លោកដែលចុះទៅកន្លែងកើតហេតុនោះក្នុងនាមជាមន្ត្រីអង្គការសង្គមស៊ីវិលដើម្បីប្រជាពលរដ្ឋរងគ្រោះបញ្ហាដីធ្លី។ មេធាវី លោក លី សុចិត្រា បានលើកឡើងក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

លោកមេធាវីបានថ្លែងថា ការចោទប្រកាន់របស់តុលាការថ្នាក់ក្រោម មិនត្រឹមត្រូវតាមសកម្មរបស់កូនក្តីលោកទេ ដោយសារតែកូនក្តីលោកជាមន្ត្រីសង្គមស៊ីវិល មានសិទ្ធិទៅឃ្លាំមើលប្រជាពលរដ្ឋរងគ្រោះ និងសកម្មភាពផ្សេងៗរបស់អាជ្ញាធរ ម៉្យាងវិញទៀត កូនក្តីលោកគ្រាន់តែចង់ឱ្យរដ្ឋាភិបាល និងអាជ្ញាធរកាត់ឆ្វៀលដីដែលមានជម្លោះជូនប្រជាពលរដ្ឋ និងរកដំណោះស្រាយតាមសន្តិវិធីតែប៉ុណ្ណោះ។

លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបានចោទប្រកាន់ពីបទ «ប្រព្រឹត្តបទបជ្ឈិម បន្ទាប់ពីត្រូវបានកាត់ទោសពីបទមជ្ឈិមមួយផ្សេងទៀត»។ នៅក្នុងបន្ទប់សវនាការនោះដែរ លោកក៏បានបញ្ជាក់ថា​ លោកយល់ព្រមតាមការលើកឡើងរបស់មេធាវី ហើយលោកមិនបានមានមតិច្រើនទេ ដោយសារតែចៅក្រមបានប្រាប់ថា តុលាការកំពូលជំនុំជម្រះតែអង្គច្បាប់។

សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំលើសកម្មជន លោក កើត សារ៉ាយ ពីបទញុះញង់ នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។

សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល (ប្រហែល ៥០០ ដុល្លារ) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ពីបទញុះញង់ក្នុងសំណុំរឿងជម្លោះដីធ្លី ។

លោក សារ៉ាយ អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីគាត់បានជួបជាមួយអ្នកភូមិដែលរងផលប៉ះពាល់ដោយជម្លោះដីធ្លីដ៏យូរអង្វែងមួយនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ នៅពេលនោះ អ្នកស្រុកកំពុងស្វែងរកកន្លែងជ្រកកោននៅក្នុងព្រៃក្បែរនោះ បន្ទាប់ពីរត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារការភ័យខ្លាចការចាប់ខ្លួនដោយកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីការផ្តល់ដីសម្បទានចំនួន ៩ ០០០ ហិកតាទៅឱ្យក្រុមហ៊ុនកៅស៊ូ Seladamex ក្នុងឆ្នាំ២០១១។

តុលាការបានចោទប្រកាន់លោក សារ៉ាយ ក្រោមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ក៏ដូចជាមាត្រា ៨៨ នៃច្បាប់ដូចគ្នា ពីបទ «ប្រព្រឹត្តបទបជ្ឈិម បន្ទាប់ពីត្រូវបានកាត់ទោសពីបទមជ្ឈិមមួយផ្សេងទៀត» ដែលធ្វើឱ្យទោសជាប់ពន្ធនាគាររបស់គាត់កើនឡើងទ្វេដង។ លោក សារាយ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ដោយមេធាវី និងក្រុមសិទ្ធិមនុស្សបានអះអាងថា មិនមាន «ចេតនាឧក្រិដ្ឋ» ក្នុងការចូលរួមជាមួយអ្នកភូមិនោះទេ។

នេះមិនមែនជាការប្រឈមមុខផ្នែកច្បាប់លើកដំបូងរបស់លោក សារាយ នោះទេ។ ក្នុងឆ្នាំ ២០២១ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២០ខែ ពីបទចូលរួមក្នុងការតវ៉ាដោយសន្តិវិធីគាំទ្រលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលត្រូវបានជាប់ពន្ធនាគារនៅពេលនោះ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម