សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក កឹម សុខា ចង់ឃើញការផ្សះផ្សាជាតិ និងស្នើUN ឱ្យជួយពលរដ្ឋ​ខ្មែរភៀសសឹករងការរំលោភសិទ្ធិមនុស្សដោយសារសង្គ្រាម​ព្រំដែនខ្មែរ-ថៃ

លោក ថូម៉ាស់ អេនឌ្រូ ( Thomas Andrews ) អ្នករាយការណ៍ពិសេសទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ បានជួបជាមួយលោក កឹម សុខា នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/វ៉ា សុភានុត)
លោក ថូម៉ាស់ អេនឌ្រូ ( Thomas Andrews ) អ្នករាយការណ៍ពិសេសទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ បានជួបជាមួយលោក កឹម សុខា នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/វ៉ា សុភានុត)

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា លើកឡើងពីបំណងចង់ឃើញការផ្សះ​ផ្សា​ជាតិ និងប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) ថា ពលរដ្ឋខ្មែរភៀសសឹកកំពុងរងការរំលោភសិទ្ធិមនុស្ស ដោយ​សារ​សង្គ្រាមព្រំដែនខ្មែរ-ថៃ​ នៅក្នុងជំនួបនាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦។

ជំនួបដែលមានរយៈពេលជិត២ម៉ោង​ នៅគេហដ្ឋានរបស់លោក កឹម សុខា ស្ថិតក្នុងខណ្ឌទួលគោក​ រាជធានីភ្នំពេញ លោកមេធាវី ផែង ហេង ដែលចូលរួមក្នុងជំនួបពិភាក្សានោះផងដែរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា លោក កឹម សុខា បង្ហាញពីបំណងចង់ឱ្យមានការផ្សះផ្សាជាតិខ្មែរ ទៅកាន់អ្នករាយការណ៍ពិសេស។

លោក ផែង ហេង ក៏បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់លោកបន្ថែមថា លោក​ កឹម សុខា ចង់ឱ្យកម្ពុជាមានការផ្សះផ្សាជាតិ ព្រោះបច្ចុប្បន្ន ប្រទេសកំពុងរងការឈ្លានពានពីបរទេស ដែលការផ្សះផ្សាជាតិ សាមគ្គីផ្ទៃក្នុងមានសារសំខាន់ ហើយបន្ថែមថា មានច្បាប់មិនគ្រប់គ្រាន់ទេ បើគ្មានការគោរពសិទ្ធិមនុស្ស និងគ្មានការអត់ឱនឱ្យគ្នា។

លោក បញ្ជាក់ថា៖ «ក្នុងជំនួបមិញនេះ ឯកឧត្តម កឹម សុខា ក៏បានចង់ឱ្យឃើញមានការផ្សះផ្សាជាតិ។ ធ្វើម៉េចឱ្យយល់ពីស្ថានភាពសិទ្ធិមនុស្ស ដែលកំពុងរំលោភនៅតាមជំរំភៀសខ្លួន ដោយសារ​សង្រ្គាមព្រំដែនខ្មែរ-ថៃ និងក៏ចំណុចមួយដែលគាត់បានលើក បានស្នើទៅកាន់ យូអិន អ្នករាយការណ៍ពិសេស ហើយធ្វើម៉េចជួយធ្វើកិច្ចការនេះឱ្យបានមានប្រសិទ្ធភាព»។

លោក ផែង ហេង បានបន្តថា លោក ថូម៉ាស់ អេនឌ្រូ ក៏បានប្រាប់លោក កឹម សុខា​​ ដែរថា លោក​បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សទៅកាន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងជំនួបថ្មីៗនេះ ដូចករណី លោក កឹម សុខា ជាដើម ដែលរួចផុតពីការឃុំខ្លួន ប៉ុន្តែសេរីភាពផ្សេងៗ ក៏ដូចអ្នកជាប់ឃុំផ្សេងទៀតដែរ។

ជុំវិញករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ ថ្លែងថា ការស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសលើលោក កឹម សុខា កន្លងមក ជាការឆ្លុះបញ្ចាំងពីនយោបាយផ្សះផ្សាជាតិ និងគុណធម៌នយោបាយរបស់ថ្នាក់ដឹកនាំហើយ។

លោកបានថ្លែងថា៖ «ហើយអីឡូវនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅព្រះមហាក្សត្រដើម្បី​ឱ្យបន្ធូរបន្ថយរហូតដល់ការលែងហាមប្រាមលោក កឹម សុខា ទៅក្រៅប្រទេសថែមទៀត​។ នេះហើយជានយោបាយផ្សះផ្សាជាតិ និងជាគុណធម៌នយោបាយរបស់សម្ដេច ហ៊ុន ម៉ាណែត​»​។

នៅមួយថ្ងៃមុនការជួបជជែកគ្នារវាងអតីតមេដឹកនាំបក្សប្រឆាំង និងមន្រ្តីសិទ្ធិមនុស្ស UN ព្រះមហាក្សត្រ បានត្រាស់បង្គាប់លើកលែងទោសបន្ថែមលោក កឹម សុខា ត្រង់ចំណុច ហាមចាកចេញទៅក្រៅប្រទេស ដែលបានន័យថា លោក សុខា អាចធ្វើដំណើរទៅក្រៅប្រទេស ចាប់ពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ តទៅ។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិអាយុ៧២ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧ បន្ទាប់ពីអាជ្ញាធរបានចោទប្រកាន់លោកពីបទគប់គិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលលោក កឹម សុខា បានបដិសេធ ហើយក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញអង្គការសហប្រជាជាតិបានពិពណ៌នាថា វាជាករណីដែលពាក់ព័ន្ធនឹងរឿងនយោបាយ។ ប៉ុន្មានសប្តាហ៍ក្រោយមក តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ហើយលោក សុខា ត្រូវបានកាត់ទោសនៅឆ្នាំ២០២៣។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថា ការលើកឡើងរបស់លោក កឹម សុខា ទំនងចង់ឱ្យអ្នករាយការណ៍ពិសេសUN ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រិះរកមធ្យោបាយក្នុងការជំរុញឱ្យបើកលំហសេរីភាពនយោបាយរបស់គាត់ឡើងវិញ ដើម្បីឱ្យមានការប្រកួតប្រជែងការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌។

លោកបានថ្លែងថា៖ «អ្នកនយោបាយចង់ធ្វើនយោបាយ ចង់បង្ហាញពីឆន្ទៈធ្វើនយោបាយដែរ។ ចឹងនៅពេលដែលគាត់បាត់បង់សិទ្ធិហ្នឹង វាហាក់ដូចជា អន់ជាងពលរដ្ឋសាមញ្ញ ពលរដ្ឋសាមញ្ញមានសិទ្ធិជាងអ្នកធ្វើនយោបាយ និងបញ្ចេញមតិផ្សេងៗ។ […] គាត់ចង់ឱ្យបេសកជនអង្គការសហប្រជាជាតិពាំនាំពាក្យហ្នឹង ហើយរកមធ្យោបាយជួយបើកលំហសេរីភាពនយោបាយរបស់គាត់ឡើងវិញ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម