អតីតមេបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអនុញ្ញាតឱ្យជួបម្តាយជាលើកទី២ និងចូលរួមធ្វើបុណ្យសង្ឃទានជូនម្តាយរបស់លោក គឺអ្នកស្រី សៅ ង៉ែត ព្រះជន្ម ១០១ឆ្នាំ កំពុងឈឺធ្ងន់ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ យោងតាមមេធាវី លោក ផែង ហេង បានលើកឡើងក្នុងហ្វេសប៊ុករបស់លោក។
លោក ផែង ហេង បានថ្លែងថា៖ «ពិតជាឆុតជាងឱសថ ក្រោយមានការលើកទឹកចិត្តពីកូនសំណព្វចិត្ត ដែលគាត់ទន្ទឹងរង់ចាំ ឥឡូវសភាពសុខភាពលោកយាយដូចជាមានការវិវឌ្ឍធូរស្រាល អាចបើកភ្នែកមើលកូនៗ និង មានទឹកមុខស្រស់ស្រាយខុសពីថ្ងៃមុនឆ្ងាយ នឹងស្មានមិនដល់ ពិតជាអច្ឆរិយៈមែនកម្លាំងចិត្តចង់ជួបកូន»។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី២៥ ខែឧសភា ថា សង្ឃឹមថាការអភ័យទានរបស់ប្រមុខរដ្ឋស្តីទី នឹងលើកលែងទោសរូបលោក ក្នុងនាមជាអតីតមេដឹកនាំកំពូលជាតិមួយរូបដែរ ប្រយោជន៍ដើម្បីការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ នៅពេលវេលាឆាប់ៗខាងមុខ។
នៅថ្ងៃពុធ ទី២០ ខែឧសភា លោក កឹម សុខា អតីតមេបក្សប្រឆាំង ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃជូនលោកទៅជួបមុខម្តាយរបស់លោក នៅផ្ទះប្អូនស្រីរបស់លោកនៅផ្ទះបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកបានស្នើទៅតុលាការកាលពីថ្ងៃទី១៩ ខែឧសភា។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដោយផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំដដែល ពីបទសន្និដ្ឋិភាពជាមួយបរទេស បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។
ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។
តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាពផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង៕









