គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អះអាងថា ខ្លួនកំពុងធ្វើការដើម្បីធានាថា ប្រជាពលរដ្ឋអាចចុះឈ្មោះ និងអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនបានរួមទាំងប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបានដោយសារវិវាទព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ ការអំពាវនាវជាច្រើនឆ្នាំពីអង្គការសង្គមស៊ីវិលនិងឥស្សរជនគណបក្សប្រឆាំងដើម្បីឱ្យពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោតបាន នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។
ការបោះឆ្នោតសម្រាប់ពលរដ្ឋនៅក្រៅប្រទេស គឺជាក្តីកង្វល់មួយរបស់ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត និងគណបក្សប្រឆាំងដែលបានលើកឡើងថាពលរដ្ឋខ្មែរដែលរស់នៅនិងធ្វើការនៅក្រៅប្រទេសមានសិទ្ធិស្មើគ្នាក្នុងការចូលរួមបោះឆ្នោតដូចពលរដ្ឋនៅក្នុងប្រទេសដែរ។
គ.ជ.ប. បានរៀបចំសិក្ខាសាលាមួយនៅវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ដើម្បី ផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោតទៅកាន់ភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈដែលស្ថាប័ននេះក៏កំពុងត្រៀមរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាឆ្នាំ២០២៧ ផងដែរ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. បានថ្លែងថា ការបោះឆ្នោតឃុំ-សង្កាត់ ត្រូវបានកំណត់ធ្វើឡើងនៅខែមិថុនា ឆ្នាំក្រោយ ដោយបន្ថែមថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចុះឈ្មោះ និងចូលរួមក្នុងដំណើរការបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
លោកបានលើកឡើងថា នាពេលកន្លងមក មានសំណើពីក្រុមខ្លះពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ដែលលោកថាសំណើនោះជា«បំណងរបស់ពួកគេផ្ទាល់»ដោយចង់ឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសត្រូវបានអនុញ្ញាតឱ្យបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ បានថ្លែងថា៖ «ពួកគេចង់ឱ្យយើងធ្វើដូចប្រទេសផ្សេងៗ ប៉ុន្តែច្បាប់របស់យើងមិនមានបែបហ្នឹងទេ។ វាមិនអាចទៅរួចឡើយ»។ លោកបានអះអាងថា ដំណើរការបោះឆ្នោត ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោត ព្រមទាំងបទបញ្ជា និងនីតិវិធីជាធរមាន។
លោកបានគូសបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅក្នុងស្ថានភាពលំបាក ដោយសារស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានទាំងទីតាំងដែលកងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ផងដែរ។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរជាង ២០ ០០០ នាក់ ដែលបានផ្លាស់ទីលំនៅនៅតែមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ដែលបណ្ដាលឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ត្រូវចុះអនុវត្តការងារដោយផ្ទាល់នៅតាមខេត្តជាប់ព្រំដែន។
លោកបានឱ្យដឹងថា ពលរដ្ឋប្រមាណ ១៣ ០០០ នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចុះឈ្មោះបោះឆ្នោត ក្នុងនោះមាន ១០ ៨៩០ នាក់ ជាប្រជាពលរដ្ឋដែលកំពុងផ្លាស់ទីលំនៅដោយសារភៀសសឹក។
តាមការលើកឡើងរបស់លោក ប្រាជ្ញ ចន្ទ គ.ជ.ប. បានបំពេញតួនាទីដោយឯករាជ្យ និងអព្យាក្រឹត ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ មក ដោយគ្រប់គ្រងដំណើរការបោះឆ្នោតប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព។
លោកបានលើកឡើងថា៖ «ខ្ញុំជឿថា ការងារណាក៏ដោយ តែងតែមានបញ្ហា។ ភារកិច្ចណាក៏ដោយ សុទ្ធតែអាចមានកំហុសខ្លះៗ ប៉ុន្តែសំណួរគឺថា កំហុសនោះស្ថិតក្នុងកម្រិតណា និងភាពយុត្តិធម៌មានក្នុងកម្រិតណា»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកគោលនយោបាយ និងតស៊ូមតិ របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (Comfrel) ដែលជាអង្គការឃ្លាំមើលការបោះឆ្នោត បាននិយាយថា ពួកគេ «ជាធម្មតាយល់» អំពីការអនុវត្តការងាររបស់ គ.ជ.ប. ស្របតាមច្បាប់ «ក្នុងករណីការចុះឈ្មោះអ្នកបោះឆ្នោតនៅក្រៅប្រទេស»។
ទោះយ៉ាងណា លោកបានបន្ថែមថា៖ «គ្មានបទប្បញ្ញត្តិណាមួយហាមឃាត់ គ.ជ.ប. មិនឱ្យស្នើសុំកែប្រែច្បាប់ ឬផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល ដើម្បីបង្កលទ្ធភាពឱ្យមានការចុះឈ្មោះអ្នកបោះឆ្នោតនៅក្រៅប្រទេសឡើយ។ គ្មានអ្វីរារាំងពួកគេទេ»។
លោក សាវាង្ស បានលើកឡើងថា៖ «យើងជឿថា គ.ជ.ប. គួររាយការណ៍អំពីចន្លោះប្រហោងនៃច្បាប់ ដើម្បីឱ្យដំណើរការចុះឈ្មោះអ្នកបោះឆ្នោតអាចអនុវត្តបានដោយជោគជ័យ។ ប្រទេសផ្សេងៗជាច្រើននៅអាស៊ី បានអនុវត្តរួចហើយ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ដោយពលរដ្ឋក្នុងឃុំ-សង្កាត់ចំនួន ១ ៦៥២ នៅទូទាំងប្រទេស នឹងចូលរួមក្នុងការបោះឆ្នោត។ គិតត្រឹមឆ្នាំ២០២៥ អ្នកមានឈ្មោះបោះឆ្នោតក្នុងបញ្ជីមានលើស១០លាននាក់។ គ.ជ.ប. បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំនេះ និងពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីឈ្មោះបោះឆ្នោត។
នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិមុន គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងគាំទ្រជាង៧៤ភាគរយ ខណៈគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេ ទទួលបាន ២២,៣ភាគរយ។
លោក គង់ ម៉ូនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ បានថ្លែងថា ដំណើរការបោះឆ្នោតត្រូវកែសម្រួល និងធ្វើឱ្យកាន់តែមានតម្លាភាព ដោយកត់សម្គាល់ថា៖ «គ.ជ.ប. នៅតែធ្វើការពន្យល់ថា ខ្លួនគ្រាន់តែអនុវត្តតាមច្បាប់ប៉ុណ្ណោះ» និង «គ្មានអំណាចធ្វើអ្វីលើសពីអ្វីដែលច្បាប់កំណត់»។
លោកបានបន្តថា៖ «ពួកគេ [គ.ជ.ប.] មានសិទ្ធិស្នើទៅរាជរដ្ឋាភិបាល ឬស្ថាប័ន ពាក់ព័ន្ធឱ្យធ្វើវិសោធនកម្ម ឬកែលម្អច្បាប់ និងនីតិវិធី។ ការធ្វើបែបនេះនឹងជួយឱ្យដំណើរការបោះឆ្នោតមានភាពប្រសើរឡើង ជាពិសេសលើចំណុចដែលពួកគេយល់ថានៅមានភាពខ្វះខាត បានប្រសើរជាងមុន»។
លោក ម៉ូនីកា បានបន្ថែមថា៖ «ពួកគេមានសិទ្ធិពេញលេញក្នុងការធ្វើដូច្នេះ ប៉ុន្តែតាមការសង្កេតរបស់ខ្ញុំ ពួកគេមិនទាន់បានពិចារណាដាក់បញ្ហាទាំងនេះដើម្បីអនុវត្តនៅឡើយទេ»។
លោកបានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញ ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស មានសិទ្ធិស្មើគ្នានឹងពលរដ្ឋដែលរស់នៅក្នុងប្រទេស រួមទាំងសិទ្ធិក្នុងការចុះឈ្មោះ និងបោះឆ្នោតផងដែរ៕









