គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៥ ស្នើទៅស្ថាប័នព្រឹទ្ធសភា បង្វែរវិសោធនកម្មច្បាប់ស្ដីពីរដ្ឋបាលឃុំ សង្កាត់ ទៅកាន់រដ្ឋសភាដើម្បីកែសម្រួលឡើងវិញ ក្រោមហេតុផលថា ច្បាប់ថ្មីនេះ ផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ និងបាត់បង់តុល្យភាពអំណាចនៅថ្នាក់មូលដ្ឋាន។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ គណបក្សនយោបាយចំនួន៥ បានចេញលិខិតចំហរួមគ្នា ស្នើទៅកាន់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងអង្គព្រឹទ្ធសភា ផ្ដល់អនុសាសន៍ឱ្យកែសម្រួលឡើងវិញ លើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធកម្មច្បាប់រដ្ឋបាលឃុំ សង្កាត់ ដែលសភាទើបអនុម័ត។
បក្សប្រឆាំងទាំងនោះ លើកឡើងថា ការកែប្រែឱ្យបក្សឈ្នះសំឡេងឆ្នោតច្រើនអាចក្ដោបក្ដាប់មុខតំណែងដឹកនាំប្រតិបត្តិឃុំ សង្កាត់ទាំងអស់ គឺជាការប្រមូលផ្ដុំអំណាច ប៉ះពាល់ដល់អភិបាលកិច្ចនៅមូលដ្ឋាន។
លិខិតចំហ បន្ថែមថា រយៈពេលជាង២០ឆ្នាំកន្លងមកនេះ ការអនុវត្តមាត្រា៣៣(ចាស់) បានកសាងនូវវប្បធម៌សហការ និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមករវាងខ្មែរ និងខ្មែរនៅថ្នាក់មូលដ្ឋាន និងអះអាងថា ការដកចេញនូវយន្តការនេះ អាចបង្កឱ្យមានការប្រកួតប្រជែងបែបចាញ់-ឈ្នះ ផ្ដាច់មុខ ថែមទាំងបង្កើតឱ្យមានការរើសអើងនយោបាយនៅសហគមន៍។
កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជា បានអនុម័តជាផ្លូវការដោយសំឡេងគាំទ្រលើសលប់លើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដោយកែសម្រួលមាត្រាចំនួន ៤ រួមមាន មាត្រា ៣៣, ៣៤, ៣៥ និង ៣៨។
វិសោធកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ថ្មីនេះ បានកំណត់តំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ បានទៅលើគណបក្សនយោបាយណាដែលទទួលបានសំឡេងឆ្នោត ពីរភាគបីនៃសំឡេងឆ្នោតសរុបដែលជំរុញឱ្យមានក្ដីបារម្ភថា បក្សនយោបាយមានសំឡេងគាំទ្រតិច អាចបាត់បង់តំណែងសំខាន់នៅមូលដ្ឋាន។
អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគតលោក គឹមសួរ ភិរិទ្ធ មានប្រសាសន៍ថា ការធ្វើវិសោធកម្មច្បាប់រដ្ឋបាលឃុំ សង្កាត់ មានការប្រញាប់ប្រញាល់ ដោយមិនបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធឡើយ។ លោកអះអាងថា ច្បាប់ថ្មីនេះ បានអំណោយផលដល់បក្សកាន់អំណាច ដែលបក្សក្រៅរដ្ឋាភិបាល ពិបាកទទួលយកក្នុងការការប្រកួតប្រជែងមិនស្មើភាពគ្នានេះ។
ជាងនេះទៅទៀត លោកថា សមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរ ប្រហែលនឹងជំទាស់ទៅនឹងវិសោធនកម្មច្បាប់នេះផងដែរ នៅពេលព្រឹទ្ធសភាបើកអង្គប្រជុំដើម្បីពិនិត្យវិសោធនកម្មច្បាប់ស្ដីពីរដ្ឋបាលឃុំ សង្កាត់នេះ។
លោកបន្ថែមទៀតថា ប្រសិនបើព្រឹទ្ធសភានៅតែបន្តអនុម័ត ដោយព្រងើយកន្តើយចំពោះការស្នើសុំរបស់បក្សទាំង៥នោះ បក្សនយោបាយក្រៅរដ្ឋាភិបាលក៏គ្រោងស្នើទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញឱ្យពិនិត្យមើលថាតើ ស្របតាមរដ្ឋធម្មនុញ្ញ ឬយ៉ាងណា។
លោកបានបញ្ជាក់ថា៖ «សមាជិកព្រឹទ្ធសភារបស់គណបក្សឆន្ទៈខ្មែរ ប្រហែលនឹងជំទាស់នឹងសេចក្ដីព្រាងច្បាប់នេះហើយ អំឡុងពេលប្រជុំព្រឹទ្ធសភា ព្រោះយើងមានគោលជំហរច្បាប់នេះ ធ្វើការកែប្រែវិសោធកម្មរយៈពេលខ្លីពេកមុនការបោះឆ្នោត ថែមទាំងមិនបានពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយជាមួយនឹងភាគីពាក់ព័ន្ធ សង្គមស៊ីវិល គណបក្សផ្សេងៗ ដែលត្រូវចូលរួមប្រកួតប្រជែង»។
រីឯប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា ការស្នើទៅកាន់ព្រឹទ្ធសភា ស្របតាមនីតិវិធី ហើយលោកទន្ទឹងរង់ចាំការឆ្លើយតបពីព្រឹទ្ធសភាដើម្បីផ្ដល់យោបល់បន្ថែមទៀត។។
លោកបានថ្លែងថា៖ «បើសិនជាមានការឆ្លើយតបដោយប្រការណាមួយ យើងនឹងពិនិត្យពិចារណាដើម្បីគិតគូរទៅតាមនីតិវិធីច្បាប់ ដែលបានកំណត់ក្នុងការចូលរួមផ្ដល់មតិយោបល់ ឬការស្នើសុំផ្សេងៗ»។
ឆ្លើយតបចំពោះក្ដីកង្វល់នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា លើកឡើងថា ការសម្រេចបែបណា អាស្រ័យលើការពិនិត្យមើលជាក់ស្ដែង និងការជជែកគ្នានៅស្ថាប័នព្រឹទ្ធសភា។
យ៉ាងណាលោកថា ប្រសិនបើខ្លឹមសារក្នុងវិសោធនកម្មច្បាប់មិនប្រាសចាកពីរដ្ឋធម្មនុញ្ញ ថែមទាំងមានប្រយោជន៍សម្រាប់ជាតិទៀតនោះ មិនគួរមានការបដិសេធនោះទេ។ បន្ថែមពីនេះលោកក៏ផ្ដាំទៅអ្នករិះគន់ទាំងឡាយ សុំអានខ្លឹមសារនៃច្បាប់ឱ្យច្បាស់ មុនធ្វើការតិះដៀល។
លោកបានថ្លែងថា៖ «ការវិសោធនកម្មនេះ ខ្លឹមសារទាំងឡាយដែលមិនប្រាសចាកពីរដ្ឋធម្មនុញ្ញហើយមានប្រយោជន៍សម្រាប់ប្រទេសជាតិទៀតនោះ មិនគួរណាយើងបដិសេធចោលទេ។ […] ចឹងគួរតែពុំទាន់ធ្វើការវាយតម្លៃលឿនពេក»។
ចំណែកអ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស មានប្រសាសន៍ថា លោកគាំទ្រចំពោះការស្នើពិនិត្យឡើងវិញរបស់បក្សនយោបាយទាំង៥ ប្រសិនបើពួកគេមិនយល់ស្របត្រង់ប្រការណាមួយក្នុងខ្លឹមសារនៃច្បាប់នេះ។
វិសោធនកម្មច្បាប់ថ្មីនេះត្រង់មាត្រា៣៣ថ្មី ចែងថា បញ្ជីបេក្ខជនណាមួយបានសំឡេងពីរភាគបីនៃសំឡេងឆ្នោតសរុប ត្រូវជ្រើសរើស ឱ្យទទួលតំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ តាមលំដាប់លេខរៀងក្នុងបញ្ជីបេក្ខជននោះ។
ចំណុចនេះ បានផ្ទុយពីមាត្រា៣៤ (ចាស់) ដែលចែងថា ការទទួលបានតំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់ចៅ/សង្កាត់រងទី២ ទាំងអស់ លុះត្រាតែឃុំសង្កាត់ណាដែលផ្ដល់សំឡេងគាំទ្រដល់បញ្ជីបេក្ខជនតែមួយ ដែលទទួលបានអាសនៈទាំងអស់ក្នុងក្រុមប្រឹក្សា។
រីឯមាត្រា៣៣ (ចាស់) គូសបញ្ជាក់ថា ជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលទទួលបានសំឡេងឆ្នោតលំដាប់ទី២ និងលំដាប់ទី៣។
គណបក្សកម្លាំងជាតិកាលពីថ្ងៃសុក្រ ទី២១ ខែសីហា បានចេញសេចក្តីថ្លែងការណ៍ផងដែរ ដោយសម្តែងការសោកស្តាយ និងមិនគាំទ្រ ចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់នេះឡើយ។
គណបក្សប្រឆាំងមួយនេះបានចាត់ទុក ការកែប្រែនីតិវិធីនៃការជ្រើសរើសមេឃុំ និងជំទប់ទី១ និងជំទប់ទី២ បានទៅលើបក្សឈ្នះឆ្នោតច្រើនលើសលប់បែបនេះ ថានាំឱ្យមានទម្រង់ដឹកនាំបែប «ឯកបក្ស» នៅថ្នាក់មូលដ្ឋាន ដែលនឹងធ្វើឱ្យមានអតុល្យភាពអំណាច និងងាយប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរមូលដ្ឋាន។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែល គណបក្សកម្លាំងជាតិ ក៏បានស្នើទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ បង្អាក់ដំណើរការអនុម័តវិសោធនកម្មច្បាប់នេះ ដោយរក្សាទុកច្បាប់ចាស់ ឬបើកឱ្យមានការពិគ្រោះយោបល់ជាសាធារណៈពីគ្រប់ភាគីពាក់ព័ន្ធសំដៅធានាឱ្យបាននូវការគោរពឆន្ទៈម្ចាស់ឆ្នោត៕










