សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជនភៀស​សឹក​បាន​ទទួល​​ផ្ទះ​​ថ្មី​ តែ​ឱកាស​រក​​ចំណូល​​ចិញ្ចឹម​ជីវិត​​នៅ​​​​មាន​កម្រិត​

ជន​ភៀស​សឹក​ម្នាក់​ អ្នកស្រី សុខ ហ៊ន មាន​អារម្មណ៍​ក្ដុក​ក្ដួល​​ពេល​រំឭក​ដល់​សកម្មភាព​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ​អ្នកស្រី​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន​ ណារីម​)​
ជន​ភៀស​សឹក​ម្នាក់​ អ្នកស្រី សុខ ហ៊ន មាន​អារម្មណ៍​ក្ដុក​ក្ដួល​​ពេល​រំឭក​ដល់​សកម្មភាព​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ​អ្នកស្រី​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន​ ណារីម​)​

បន្ទាយមានជ័យ, ស្រុក​ស្វាយចេក៖ ប្រជា​ពល​រដ្ឋ​ដែល​ជា​ជន​ភៀស​សឹកពី​ជម្លោះព្រំ​ដែន​រាប់​ពាន់​គ្រួសារ​​បាន​ចាកចេញពី​ជំរំ​តង់​មក​នៅ​ផ្ទះ​ដែល​រដ្ឋាភិបាលបាន​ផ្ដល់​ជូន។ ​ទន្ទឹម​នឹង​បាន​ផ្ទះ​ថ្មី​ស្នាក់​នៅ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ទី​តាំង​រស់​នៅ​ថ្មី​​បាន​កែ​ប្រែ​ជីវភាព​របស់​ពូក​គាត់បាន​តិច​តួច​នៅ​ឡើយ​។​

ជា​ច្រើន​ខែ​ក្រោ​យពី​ការ​រត់គេច​ចេញពី​ផ្ទះ​ដោយសារ​គ្រាប់​ផ្លោង និង​ការ​ប៉ះទង្គិច​គ្នារវាង​ទាហាន​កម្ពុជា-ថៃ​តាម​បណ្ដោយ​ព្រំដែន ប្រជាពល​រដ្ឋ​មួយ​ចំនួន​អះអាង​ថា​ពួក​ខ្លួន​កំពុង​ប្រឈម​នឹង​ការ​ពិបាក​ក្នុង​ការ​រក​ការងារ​ធ្វើ សាលារៀន​មិន​ទាន់គ្រប់​គ្រាន់​សម្រាប់​តម្រូវការ​​កូន​ៗ​​ ហើយ​លក្ខខណ្ឌ​រស់​នៅ​ក៏​មាន​ការ​លំបាក និង​មិន​ទាន់​ច្បាស់​ថា​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​បាន​វិញ​នៅ​ពេល​ណា​។​

អ្នកស្រី សុខ ហ៊ន វ័យ​៦២​ឆ្នាំ​លើក​ឡើង​ថា៖ «ពេល​មេឃភ្លៀង​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ផ្ទះ​»។ បច្ចុប្បន្ន​ផ្ទះ​របស់​អ្នក​ស្រី​​ត្រូវ​បាន​ទាហាន​ថៃ​ព័ន្ធ​បន្លាលួស​យក​នៅ​តាម​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្រោយមាន​ជម្លោះព្រំដែនកាលពីខែ​ធ្នូ ឆ្នាំ​មុន​។​

​អ្នកស្រី ហ៊ន គឺជា​ជន​ភៀសសឹក​ម្នាក់​ក្នុង​ចំណោម​​ជនភៀស​សឹក​ជាង​១១ ៦០០​នាក់​ដែល​កំពុង​រស់​នៅ​​ក្នុង​ផ្ទះ​ដែល​​រៀបចំ​ដោយ​រដ្ឋាភិបាល​កាលពី​ដើម​ឆ្នាំ​នេះ។ នេះ​បើ​តាម​តួលេខ​ផ្លូវ​ការ​។​

ផ្ទះ​បណ្ដោះ​អាសន្ន​សម្រាប់​ប្រជា​ពល​រដ្ឋ​ភៀស​សឹក​ត្រូវ​បាន​សាងសង់​រួច​រាល់​កាល​​ពី​ខែ​មីនា ប៉ុន្មាន​ខែ​ក្រោយ​មាន​បទឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ម្ដង​កាលពី​ខែ​កក្កដា និង​ម្ដងទៀ​តកាលពី​ខែធ្នូ​ នៅ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេសទាំងពីរ​ដែល​មាន​ប្រវែងប្រហែល​៨១៧​គីឡូម៉ែត្រ​។​ ការ​ប្រយុទ្ធគ្នា​នេះ​បានធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​ជិត​១០០​នាក់ និង​មាន​ជនភៀស​សឹក​ប្រហែល​១លាន​នាក់​សម្រាប់​ប្រទេស​ទាំង​ពីរ​។​

ស្រ្តី​ម្នាក់​បង្ហាញ​បណ្ណ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​សម្រាប់​គ្រួសារភៀសសឹក​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦​។ (ខេមបូចា/ឃួន ណារីម​)​

ប្រជាពល​រដ្ឋ​កម្ពុជា​រាប់ពាន់​គ្រួសារ​ភាគច្រើន​មកពី​ខេត្ត​បន្ទាយមានជ័យ និង​ព្រះវិហារ បាន​ចំណាយ​ពេល​​ស្នាក់​នៅ​ក្នុងជម្រក​ប្រក់​តង់​នៅ​​ជំរំភៀស​សឹកជា​ច្រើន​ខែ បន្ទាប់ពី​ទាហាន​ថៃ​បាន​ចូល​កាន់​កាប់​ទីតាំង​លំនៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ក្រោយ​មាន​បទឈប់​បាញ់​កាល​ពីខែ​ធ្នូ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកក្រុម​ទាហាន​ថៃ​ថាបាន​ទន្ទ្រានកាន់​កាប់​តំបន់​ក្នុង​អធិបតេយ្យ​​ភាព​របស់​ខ្លួន តែ​រដ្ឋាភិបាល​ថៃ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។​​

នៅ​ខេត្តព្រះវិហារ ប្រជា​ពល​រដ្ឋ​ជា​ជន​ភៀស​សឹក​ជា​ង​៦០០​គ្រួសារ​បាន​ប្ដូរទៅ​រស់​នៅ​ផ្ទះ​ដែល​​រដ្ឋា​ភិបាល​​រៀបចំឲ្យ​ជា​បណ្ដោះអាសន្ន​។ នេះ​បើ​តាមការ​ឲ្យ​ដឹង​ពី​អភិបាល​រង​ខេត្ត​​លោក គឹម ចាន់​បញ្ញា។ ដោយ​ឡែក​លោក​ថា​នៅ​មាន​ប្រជា​ពល​រដ្ឋ​ប្រហែល​៧០០​គ្រួសារ​ទៀត​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​តង់​នៅ​ឡើយ​ដោយសារ​តែ «លក្ខខណ្ឌមិនមាន​សុវត្ថិភាព»​។​​

អ្នកស្រី ហ៊ន និង​ស្វាមី បាន​ចាកចេញពីការរស់នៅ​ក្នុង​តង់​នៅ​ក្នុង​វត្ត​មួយ​កន្លែង​មក​រស់​នៅ​ក្នុង​ផ្ទះ​ដែល​រដ្ឋាភិបាល​សង់ឲ្យ និង​មាន​ដី​ទំហំ​២០ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ​ កាលពី​ខែមីនា​ ដូច​ទៅ​នឹង​ប្រជា​ពល​រដ្ឋ​រាប់ពាន់​គ្រួសារ​ផ្សេ​ងទៀត​ក្នុង​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​ដែរ។​

អ្នកស្រី​ ហ៊ន កាល​មុន​ផ្ទុះ​ជម្លោះ​ព្រំដែន គឺជា​ម្ចាស់​ហាង​សម្លៀក​បំពាក់​មួយ​កន្លែង​នៅ​ក្នុង​តំបន់​បឹង​ត្រកួន​។ អ្នកស្រី​ឲ្យ​ដឹងថា​៖ «ផ្ទះ​ថ្មី​វាមិន​ដូច​ផ្ទះ​ចាស់​របស់​យើង​ទេ​។ តាំងពី​មក​នៅ​ទី​នេះ វា​ស្ងាត់ខ្លាំងណាស់។ អ្នក​ទាំងអស់គ្នា​សុទ្ធជា​ជនភៀស​សឹក ហើយ​ពួក​គាត់​ក៏​មិន​សូវ​មាន​លុយ​ច្រើន​មក​ទិញ​ខោអាវ​យើង​ដែរ»។​

កូន​សិស្ស និង​ប្រជា​ពល​រដ្ឋ​ភៀស​សឹក​កំពុង​ដើរ​លើ​ផ្លូវ​លំមួយ​ខ្សែ​នៅ​ក្នុង​តំបន់​ផ្ទះ​បណ្ដោះ​អាសន្ន​ក្នុង​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦​។ (ខេមបូចា/គុជ ស៊ីកុល)

​ទោះ​ជា​បាន​ចាកចេញ​ពី​ជំរំតង់​មក​រស់នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង​ដែលមាន​ប្រព័ន្ធ​ទឹក ភ្លើង ក៏មា​ន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ប្រាប់សារព័ត៌មាន​ខេមបូចា​កាលពីខែ​ឧសភា ថា ជីវភាព​របស់​ពួក​គាត់​បាន​ធ្លាក់​ក្នុង​ភាព​ក្រីក្រ និង​ភាព​មិនច្បាស់​លាស់​សម្រាប់អនាគត​។​

ក្រ​សួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី​៣០ ខែឧសភា ថា ​ប្រជាពល​រដ្ឋ​ជិត​​ ៣០ ០០០​នាក់​កំពុង​នៅ​តំបន់ជម្លៀស​នៅ​ឡើយ និង​ថា​មានស្រ្តី​ជាង​១៥ ៣០០​នាក់ និង​មាន​កុមារ​ជាង​​១០ ០០០​នាក់​។​

កូនប្រុស​អ្នកស្រី ហ៊ន គឺ​លោក ហួរ គឹមហាក់ បាន​មក​នៅ​ជាមួយ​ម្ដាយ​ជា​បណ្ដោះអាសន្ន​ ដោយមាន​ទាំង​កូន​ប្រុស​អាយុ​៦ឆ្នាំ​ម្នាក់​ផង ក្រោយ​ពី​ភៀស​ខ្លួន​ពី​តំបន់ព្រំដែន​។ លោក​ថា​ពេល​នេះ​លោក​កំពុង​ពិបាក​ក្នុងការ​រក​ការងារធ្វើ​។​

មុនមាន​ជម្លោះព្រំដែន លោក គឹមហាក់ បានបើក​ហាង​លក់ទូរសព្ទ​ដៃ និង​អាច​រក​ប្រាក់ចំណូល​ប្រហែល​៧០០​ដុល្លារ​ក្នុង​មួយ​ខែ។ លោក​ថា​ផ្ទះ​របស់​លោក​​រង​ការខូច​ខាត​នៅ​អំឡុងពេល​ប្រយុទ្ធគ្នា​។​

លោក​លើកឡើងថា៖ «​វា​នឹង​ត្រូវការ​ពេលច្រើន ដើម្បី​កសាង​ជីវិត​នៅ​ទីនេះ​ឲ្យ​ប្រសើរឡើងវិញ​។ បញ្ហា​ធំ​បំផុត​នៅពេលនេះ​គឺមិ​នមាន​ប្រាក់​ដើម្បី​បើក​អាជីវកម្ម​។ ទោះបីជា​យើង​លក់​ដូរ​​របស់របរ​បន្តិច​បន្តួចនៅទីនេះ ក៏​​មិន​សូវ​មាន​អ្នក​ទិញ​ដែរ។ វាមិន​ដូច​នៅ​តំបន់​បឹង​ត្រកួន នៅនោះ​មាន​មនុស្ស​រស់នៅច្រើន​»។​

ប្រជា​ពល​រដ្ឋមួយ​ចំនួន​ទៀត​​ដែល​កំពុង​រស់​នៅ​តំបន់​ផ្សេង​មួយ​ទៀត​ក្នុង​តំបន់​លំនៅឋា​ន​បណ្ដោះអាសន្ន​ដែលមាន​ផ្ទះ​ប្រហែល​ ២ ៨០០​ខ្នង ក្នុង​ស្រុក​ស្វាយ​ចេក ក៏បាន​លើក​ពី​បញ្ហា​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។​

អ្នកស្រី ឆាយ សៀវឡាង មក​ពី​តំបន់​ជម្លោះភូមិព្រៃចាន់​ ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ស្ថានភាព​រស់​នៅ​ក្នុង​ផ្ទះ​បណ្ដោះ​អាសន្ន​មាន​សភាព​ល្អ​ប្រសើរ​ជាង​កាល​រស់​នៅ​ក្នុង​តង់​​នៅ​ក្នុង​វត្ត​​។ អ្នក​ស្រី និងគ្រួសារ​បាន​រស់​នៅ​ជំរំ​ក្នុង​វត្ត​អស់ពេល​ជាច្រើន​ខែមុន​នឹង​មក​រស់​នៅ​ក្នុង​ផ្ទះ​ដែល​រដ្ឋាភិបាល​ផ្ដល់​ជូន​។ ប៉ុន្តែ​បញ្ហា​នៅ​តែមាន​សម្រាប់​អ្នកស្រី​។​

អ្នកស្រី​លើក​ឡើងថា៖ «​ពេល​ខ្លះ​ទឹក​ចេញ​តែពេល​យប់​ ហើយ​ខ្ញុំ​ត្រូវ​ក្រោក​តាំងពី​ម៉ោង​៣ទាបភ្លឺ​ដើម្បី​បើក​ទឹក​ទុក​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​មួយ​ថ្ងៃ ព្រោះថាមាន​អ្នកប្រើប្រាស់​ច្រើន​ ហើយ​ប្រព័ន្ធ​ទឹក​ក៏​មិន​សូវ​ដំណើរ​ការ​បាន​ស្រួល​ដែរ»។​

អ្នកស្រី​បន្ថែម​ថា​ពេល​មាន​ខ្យល់ខ្លាំងម្ដងៗ​​ភ្លើង​ដាច់​ជា​ច្រើន​ម៉ោង​ផង​ដែរ​។​

អ្នក​ស្រី​បន្ត​ថា៖ «វា​ក្ដៅ​ណាស់ ប៉ុន្តែ​យើង​ចេះតែទ្រាំទៅ ព្រោះ​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត»​។ អ្នកស្រី​លើកឡើងទៀតថា​ ពេល​មាន​ខ្យល់​ខ្លាំង និង​ភ្លៀង​ធ្លាក់ក្នុងខែវស្សា​ គឺ​ធ្វើ​ឲ្យ​អ្នក​ស្រី​កាន់តែ​ព្រួយបារម្ភ​ថាផ្ទះប្រក់ស័ង្គសី សសរធ្វើពីដែក​របស់អ្នកស្រី​អាច​នឹង​រលំ​។​

ប្រព័ន្ធទឹក​តភ្ជាប់​ទៅ​កាន់​ផ្ទះសង់​ថ្មី​សម្រាប់គ្រួសារ​ប្រជាពល​រដ្ឋភៀសសឹក​ក្នុង​ស្រុក​ស្វាយចេក​។ រូបភាពថតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦​។ (ខេមបូចា/ឃួន ណារីម)

អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ក៏​មាន​កាន់តែតិច​តាំងពី​គ្រួសារ​ប្រជាពល​រដ្ឋភៀស​សឹក​ប្ដូរមក​នៅ​ផ្ទះ​របស់​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​។​

អ្នកស្រី​ឱ្យដឹងថា ​ជំនួយ​ដែល​អ្នកស្រី​បាន​ទទួល​លើក​ចុងក្រោយនៅខែ​មេសា ដែល​មាន​ដូច​ជា​អង្ករ មី និងទឹកស៊ីអ៊ីវ​។​

អ្នកស្រីបន្តថា៖ «វា​ពិបាក ព្រោះយើងមិន​ទាន់អាច​រកចំណូល​បាន​នៅ​ឡើយ»។​

អ្នកស្រី សៀវឡាង បាន​ស្នាក់​នៅ​និង​ធ្វើការងារនៅផ្ទះ ខណៈ​ស្វាមី​អ្នកស្រី​បានការងារ​ជា​ជាងសំណង់ និង​ពេល​ខ្លះធ្វើជាជាង​ជួសជុល​នៅ​ខេត្ត​ជិតៗ​​តែ​បាន​ចំណូល​មិន​សូវច្រើននោះទេ​។​

ភ្នាក់​ងារ​ផ្ដល់ជំនួយ​ដល់​គ្រួសារ​ប្រជា​ពល​រដ្ឋភៀសសឹក​ក៏​បាន​បង្ហាញ​កង្វល់​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​។​ 

លោក ឈុំ ស៊ីវុទ្ធិន មន្ត្រី​បច្ចេកទេសជាន់ខ្ពស់គ្រប់គ្រងការប្រែប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយ ​របស់​អង្គការទស្សនៈ​ពិភព​លោកមាន​ប្រសាសន៍​ថា៖ «នៅ​ដំណាក់​កាល​នេះ​ គ្រួសារ​ភាគច្រើន​គឺកំពុងពិបាកជីវភាព ដោយសារតែ​ពួកគាត់​ពឹង​លើ​ជំនួយ​ឧបត្ថម្ភ​ច្រើន​ដើម្បី​បំពេញ​តម្រូវការ​ប្រចាំ​ថ្ងៃ​។ ខណៈ​ដែល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៅ​តែ​បន្ត ស្ថានភាព​ទូទៅ​ក៏​ហាក់​នៅតែ​មាន​ភាព​ផុយ​ស្រួយ និង​មិន​ច្បាស់​លាស់»។​

លោក​បន្ថែមថា ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​គឺ​ការ​បាត់​បង់ប្រាក់ចំណូល និង​កម្រិតជីវភាពធ្លាក់​ចុះ​ និង​ភាព​មាន​កម្រិត​ក្នុង​ការ​ស្វែង​រក​​អ្វី​ផ្សេង​​បាន​លើស​ពីការ​ផ្គត់​ផ្គង់អង្ករ​ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់​។​

ប្រជា​ពល​រដ្ឋ​លក់​ដូរ​ម្ហូបអាហារ​នៅ​តំបន់​ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុ​ងស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦​។ (ខេមបូចា/គុជ ស៊ីកុល)

តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា Will Parks បាន​ឲ្យ​ដឹង​ថា​ គេត្រូវ​ការ​ប្រាក់​ជាង​២,១​លាន​ដុល្លារ​ដើម្បីស្ដារ​ឡើងវិញ​នូវ​សេវា​ចាំបាច់នានា និង​ការគាំទ្រ​ដល់​ក្រុម​គ្រួសារ និង​កុមារ​​ភៀស​សឹក​ទាំង​នោះ​។​

អាជ្ញាធរ​បាន​ឲ្យ​ដឹងថា​ខ្លួន​មាន​ផែនការ​រួច​រាល់​ហើយ​ក្នុង​ការអភិវឌ្ឍ និង​បន្ថែម​ប្រភព​ធនធាន​ដល់​ក្រុម​គ្រួសារ​ភៀស​សឹក​។​

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក ឃ្លោក នួយ មាន​ប្រសាសន៍​ថា ​​រដ្ឋាភិបាល​កំពុង​​រៀប​ចំ​កម្មវិធី​លើក​កម្ពស់​ជីវភាព​ដល់​ក្រុម​គ្រួសារ​ប្រជាពល​រដ្ឋ​ភៀស​សឹក​​​។​

លោក​បានឲ្យ​ដឹងថា៖ «ពេល​នេះ​យើង​កំពុង​រៀបចំ​ឲ្យមានឱកាស​ការងារ​សម្រាប់​ពួក​គាត់ រួម​ទាំង​គម្រោង​កសិកម្ម​ទំនើប និង​ការ​ចិញ្ចឹម​សត្វ ដើម្បី​លើក​កម្ពស់ជីវភាព​របស់​ពួក​គាត់​»។​

អភិបាល​រង​ស្រុក​ថ្មពួក លោក ឈើយ ជឿម ស្រុក​របស់​លោក​មាន​ប្រជាពល​រដ្ឋ​ភៀស​សឹក​ច្រើន បាន​ឲ្យ​ដឹងថា ​បញ្ហា​ប្រឈម​នៅតែមាន ជា​ពិសេស​គឺ​បញ្ហា​ទឹក​លិច​ផ្លូវ​ទីលំ​នៅ​ក្នុង​តំបន់​ផ្ទះ​ស្នាក់នៅ និង​កង្វះ​ការងារ​​។​

លោក​បន្ថែម​ថា ​ក្រសួង​ពាក់ព័ន្ធ​ រួម​ទាំង​ក្រសួង​កសិកម្ម បាន​រៀបចំផែនការគាំទ្រ​កម្មវិធី​ចិញ្ចឹម​សត្វ និង​​បាន​ចែក​មេមាន់​១៥០​ក្បាល​ដល់ប្រជាពល​រដ្ឋ​មួយ​គ្រួសារ​ៗ​ផងដែរ​។ លោក​មិន​បាន​បញ្ជាក់ទេថា​តើ​កម្មវិធីនេះ​នឹង​ចាប់​ផ្ដើម​នៅពេល​ណា​។​

ចាប់​ពីខែ​ឧសភា​ គ្រួសារ​ប្រជាពល​រដ្ឋភៀសសឹក​នឹង​ចាប់​ផ្ដើម​ទទួល​ប្រាក់​ឧបត្ថម្ភបន្ថែម​​ក្នុង​មួយ​ខែ​២០​ម៉ឺន​រៀល​​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ នេះ​បើ​តាម​លោកអភិបាលរង​ស្រុក​ ដែល​ចំនួន​ប្រាក់​ឧបត្ថម្ភ​សរុប​ឡើង​ដល់​៣០ម៉ឺន​រៀល​ក្នុង​មួយ​ខែ។​

លោក ជឿម ​ឲ្យ​ដឹង​ទៀតថា​ ក៏មាន​ជំនួយ​បន្ថែម​ដោយ​ផ្ដល់​​ស៊ីទែន​ទឹក​សម្រាប់​គ្រួសារ​មួយៗ​ផង​ដែរ​។ ដូចគ្នា​ដែរ រដ្ឋាភិបាល​នឹង​ជួយ​ចេញ​ថ្លៃ​ទឹក និង​ភ្លើង​ក្នុង​មួយ​គ្រួសារ​រហូត​ដល់​៣០គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ និង​មាន​ផ្ទៃ​ដី​៥០​ហិកតា​ផ្សេង​ទៀត​បម្រុងទុក​សម្រាប់​សហគមន៍​កសិកម្ម​។​

លោក ឈើយ ជឿម អភិបាលរងស្រុក​​ថ្មពួក កំពុង​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ផ្ទះ​បណ្ដោះអាសន្នរបស់​លោក​ក្នុង​ស្រុក​ស្វាយចេក​​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦​។ (ខេមបូថា/ គុជ ស៊ីកុល)

លោក​បន្ថែម​ថា កាកបាទក្រហម​កម្ពុជា​ និង​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​​ក៏​បាន​ជួយជីក​អណ្ដូង​សម្រាប់​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់​ផង​ដែរ។​​

លោក នួយ ឲ្យ​ដឹងដែរថា ​កូនសិស្ស​ចំនួន ​១ ៧៣៥​នាក់​បាន​ចុះ​ឈ្មោះចូល​រៀន​នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ដែល​ទើប​​បង្កើត​ថ្មី​នៅ​ក្នុង​តំបន់​ផ្ទះ​បណ្ដោះអាសន្ន​។ លោក​បន្ថែម​ថា ការសិក្សា​អប់រំ «​ដំណើរការ​ទៅ​ដោយ​រលូន» និងថា​អាជ្ញាធរ​មាន​គម្រោង​ដំឡើង​កម្រិត​សិក្សា​ឲ្យដល់​​ថ្នាក់​វិទ្យាល័យ​។​

សាលា​រៀន​ចំនួន​១២ នៅ​ខេត្ត​បន្ទាយមានជ័យ និង​ព្រះវិហារ​​នៅ​បន្ត​បិទដំណើរ​ការ។ នេះ​បើ​តាមការ​ឲ្យ​ដឹង​របស់​​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃព្រហស្បតិ៍​។ ក្នុង​ខេត្ត​ឧត្តមានជ័យ​ ដែល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​កាលពី​ឆ្នាំទៅដែរនោះ នៅ​មាន​សាលារៀនចំនួន​ប្រាំបី និង​មន្ទីរពេទ្យ​ចំនួន​ប្រាំ​នៅ​បន្ត​បិទទ្វារ។​

អ្នកស្រី ថៃ សាខេង គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ទើប​បង្កើតថ្មី​នៅ​តំបន់​ផ្ទះ​ប្រជាពល​រដ្ឋភៀស​សឹក​បាន​ឲ្យ​ដឹងថា ​គ្រូៗ​នៅ​ខ្វះខាត​សម្ភារ​សិក្សា បរិក្ខារបង្រៀន​នៅ​មាន​កម្រិត ហើយ​កូនសិស្ស​ពិបាក​​ទៅ​រៀន​ដោយ​សារ​ផ្លូវ​ពិបាក​ធ្វើដំណើរ​មាន​ភក់ជ្រាំច្រើន និង​ទឹក​លិច​ផង​ដែរ​។​

អ្នកស្រីបន្ថែម​ថា​ មុខវិជ្ជា​កីឡា និង​សិល្បៈ​ត្រូវ​បាន​កាត់ចោល​ដោយសារតែ​ខ្វះ​សម្ភារ ទីតាំង និង​គ្រូបង្រៀន​។​

អ្នកស្រី​ឲ្យ​ដឹងទៀតថា៖​ «​យើង​តែងតែមានការព្រួយបារម្ភ ប៉ុន្តែស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​យើងត្រូវតែសម្របខ្លួន»។​

កូន​សិក្សកំពុង​រៀន​​នៅ​ក្នុង​សាលាទើប​ង្កើតថ្មី​ក្នុង​តំបន់ប្រជា​ពល​រដ្ឋ​ភៀស​សឹក​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៦។ (ខេមបូចា/គុជ ស៊ីកុល)

មិនមែន​ប្រជា​ពល​រដ្ឋ​ភៀស​សឹក​ទាំង​អស់​បាន​ទទួល​ផ្ទះ​បណ្ដោះអាសន្ន​ទេ នៅមាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​កំពុង​រង់ចាំ​ផ្ទះ​ដែល​កំពុងសាងសង់​។

បើ​តាម​លោក ជឿម នៅ​មាន​ប្រជា​ពល​រដ្ឋ​យ៉ាង​តិច​២៧៧​គ្រួសារ​ទៀត​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មិន​ទាន់​បាន​ទទួល​ផ្ទះ​បណ្ដោះអាសន្ន​នេះ​នៅ​ឡើយ និង​ថា​មាន​ខ្លះ​ទៀត​កំពុង​ស្នាក់​នៅជាមួយ​សាច់ញាតិ​​​​ទម្រាំ​ផ្ទះ​ដែល​រដ្ឋាភិបាល​ផ្ដល់ជូន​សាង​សង់​រួច​រាល់​។​

សម្រាប់​អ្នកស្រី ហ៊ន ជីវិត​នៅ​ទីតាំងថ្មី​នេះ​ប្រៀប​ដូច​ជាល្បែង​រង់ចាំ​អ៊ីចឹង​ដែរ​។​

អ្នកស្រី​បន្ថែមថា៖ «យើង​ពិបាកចិត្ត ប៉ុន្តែ​យើងមិន​ដឹង​ធ្វើម៉េច​។ យើង​បាន​ត្រឹមសង្ឃឹមថា​រដ្ឋាភិបាល​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​ឆាប់ៗ ហើយ​យើង​អាច​ត្រឡប់ទៅផ្ទះវិញ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ជាថ្មី»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Houses, Few Opportunities for Cambodia’s Border Displaced

ព័ត៌មានថ្មី

អត្ថបទពេញនិយម