ប្រជាពលរដ្ឋប្រមាណ ៧០នាក់ដែលទិញដីពីគម្រោងដីឡូតិ៍ ពៅ វណ្ណា នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានទៅចូលរួមប្រជុំនៅរដ្ឋបាលខេត្ត ដើម្បីរកដំណោះស្រាយករណីទិញដីអត់បានដី។
ការប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនេះ ដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តបន្ទាយមានជ័យឱ្យជួយដោះស្រាយបញ្ហានេះ កាលពីដើមខែសីហា ឆ្នាំ២០២៦ កន្លងទៅ។
លោក ឈី ឆន ជាពលរដ្ឋដែលមានបញ្ហាដីធ្លីបានប្រាប់សារព័ត៌មានខេមបូចានៅថ្ងៃទី៨ ខែកញ្ញានេះថា ការដែលប្រជាពលរដ្ឋទៅប្រជុំនៅរដ្ឋបាលខេត្តបន្ទាយមានជ័យគឺតាមការអញ្ជើញពីអាជ្ញាធរខេត្ត ដោយសារពលរដ្ឋបានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកាលពីថ្ងៃទី៦ ខែសីហាកន្លងទៅ។
ពលរដ្ឋវ័យ៤៥ឆ្នាំរូបនេះឱ្យដឹងថា ក្នុងកិច្ចប្រជុំមានវត្តមានលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងភាគីក្រុមហ៊ុនដីឡូត៍ និងប្រជាពលរដ្ឋចូលរួមប្រមាណ៧០នាក់ ដែលតំណាងឱ្យ ៧០គ្រួសារ។
លោក ឈី ឆន ដែលជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ «ការលើកឡើងនៅក្នុងអង្គប្រជុំហ្នឹង បងប្អូនប្រជាពលរដ្ឋគាត់ចង់បានរកដំណោះស្រាយឱ្យពិតប្រាកដ។ ក៏ប៉ុន្តែអ្វីដែលជាក់លាក់បានត្រឹមតែឱ្យបងប្អូនយើងហ្នឹងរង់ចាំ។ ប៉ុន្តែមន្ត្រីខាងសាលាខេត្តហ្នឹងគាត់ប្រាប់ថាក្នុងពេលឆាប់ៗ មិនដឹងពេលណា ប៉ុន្តែដល់ពេលដាច់ខែហ្នឹងយើងអាចសួរនាំគាត់បាន»។
លោក ឆន ឱ្យដឹងថា កាលពីឆ្នាំ២០១៩ លោកបានខ្ចីប្រាក់ពីធនាគារចំនួនប្រមាណ ៩ពាន់ដុល្លារ ទៅទិញដីដែលមានទទឹង ៤,២ និងបណ្ដោយ ២០ម៉ែត្រ នៅគម្រោងដីឡូតិ៍ ពៅ វណ្ណា ក្នុងតម្លៃ១ម៉ឺន៣ពាន់ដុល្លារអាមេរិក ដែលធ្វើឱ្យលោកជាប់បំណុលដល់សព្វថ្ងៃ ហើយត្រូវសងធនាគារចំនួន៤៥០ដុល្លារប្រចាំខែ។
បរុសដែលមានកូន៤នាក់ក្នុងបន្ទុករូបនេះបានបន្ថែមថា៖ «អត់មានមុខរបរទេនៅតែផ្ទះ ខ្ញុំកំពុងតែរកការងារដែរតែរកអត់ទាន់បានវាចូល៥ខែហើយ[…]លុយដែលយើងរក្សាទុកជិតអស់ហើយ ស្ទើរតែឥឡូវចង់ប្រកាសលក់ផ្ទះហើយបង បើសិនដោះស្រាយដីនេះអត់ចេញទៀត ខ្ញុំពិបាកអត់មានផ្លូវចេញទេ»។ លោក ឈី ឆន មានប្រសាសន៍ទៀតថា៖ «សំណូមពរឱ្យអភិបាកលខេត្តរហូតដល់ថ្នាក់ដឹកនាំ មានតែម្រាមដៃដប់សូមសំពះពីចម្ងាយទេសូមឱ្យយល់ចិត្តប្រជាពលរដ្ឋនៅព្រំដែនផង សព្វថ្ងៃនេះពិបាកខ្លាំងណាស់[…]សុំឱ្យជួយដោះស្រាយដីហ្នឹងឱ្យចប់ផង»។
ចំណែកឯពលរដ្ឋមួយរូបទៀតគឺអ្នកស្រី ផុន ស្រីនាង បានទិញដីឡូត៍ចំនួនពីរឡូត៍ពីគម្រោងដីឡូតិ៍ ពៅ វណ្ណា ដោយចំណាយអស់ ១ម៉ឺន៤ពាក់ដុល្លារ ដែលជាប្រាក់ផ្ទាល់ខ្លួនពាក់កណ្ដាល និងខ្ចីធនាគារពាក់កណ្ដាល់។
ពលរដ្ឋវ័យ ៣៦ឆ្នាំរូបនេះ ដែលបានចូលរួមកិច្ចប្រជុំដែរនោះបានប្រាប់ថា កិច្ចប្រជុំនៅរដ្ឋបាលខេត្តបន្ទាយមានជ័យនេះ ហាក់មិនទាន់មានផ្លែផ្កាយ៉ាងណា ហើយក៏មិនទាន់មានជាក្ដីសង្ឃឹមអ្វីនៅឡើយទេ។
អ្នកស្រី ផុន ស្រីនាង ជាពលរដ្ឋខេត្តបន្ទាយមានជ័យបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលគាត់នឹងផ្ដល់ភាពយុត្តិធម៌ឱ្យប្រជាពលរដ្ឋហ្នឹងហើយ ព្រោះប្រជាពលរដ្ឋរងគ្រោះមានតែពឹងពាក់ថ្នាក់ដឹកនាំហ្នឹងហើយដែលជាអ្នកដោះស្រាយឱ្យ។ តែសម្រាប់ក្ដីសង្ឃឹមខ្ញុំអត់ហ៊ានសង្ឃឹមនៅក្នុងការប្រជុំព្រឹកមិញ ខ្ញុំអត់ទាន់អាចសង្ឃឹមថាលទ្ធផលទៅជាយ៉ាងណា[…]ទាល់តែខាងខេត្តប្រាប់ថាដំណើរការលទ្ធផលបានអញ្ចេះហើយ[…]ឥឡូវនេះអត់ទាន់ដឹងថាអាចសង្ឃឹមអីបានទេ»។
ដំណោះស្រាយចំពោះបញ្ហាដីធ្លីនេះដែល ស្រីនាង ចង់បានគឺមាន២ជម្រើស ដោយបានជាដីឡូត៍ដែលអ្នកស្រីបានទិញក៏បាន ឬសងប្រាក់ថ្លៃដើមជូនគាត់វិញក៏បាន។
អ្នកស្រី ពៅ វណ្ណា ម្ចាស់គម្រោងដីឡូតិ៍ ពៅ វណ្ណា បដិសេធធ្វើអធិប្បាយជុំវិញវិវាទដីធ្លីនេះ។
លោក តុល សារិន មេឃុំអូរបីជាន់ និងជាស្វាមីរបស់អ្នកស្រី ពៅ វណ្ណា មានប្រសាសន៍ថា៖ «អូអាហ្នឹងទាល់តែសួរគេខាងប៉ោយប៉ែត»។
លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍យ៉ាងខ្លីថា៖ «ខ្ញុំកំពុងដំណើរការនីតិវិធី ខ្ញុំអត់អាចទៅអង្គុយជជែកជាមួយបងកើត។ ព្រឹកមិញខ្ញុំទើបតែបានចូលរួមដឹកនាំកិច្ចប្រជុំ ហើយខ្ញុំត្រូវការប្រមូលឯកសារសិន»។ ប៉ុន្តែលោកសុំមិនអត្ថាធិប្បាយច្រើនទេ។
ជុំវិញករណីនេះ លោក ស៊ំ ច័ន្ទគា អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ ប្រាប់ថា នៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ ពលរដ្ឋ និងតំណាងក្រុមហ៊ុនដីឡូត៍នៅព្រឹកនេះ អាជ្ញាធរបានប្រមូលព័ត៌មាននានាអំពីបញ្ហាដីធ្លី ស្រង់ឈ្មោះពលរដ្ឋនៅតាមគម្រោងដីឡូត៍លេខ១០ និងលេខ១១ ដោយញែកពួកគេចេញពីគ្នា ហើយអាជ្ញាធរក៏បានសន្យានឹងពលរដ្ឋថានឹងពិនិត្យកិច្ចការនេះ រហូតដល់ដំណាច់ខែកញ្ញានឹងជូនដំណឹងដល់ពលរដ្ឋពីជំហានដែលត្រូវធ្វើបន្ទាប់ទៀត។
លោក ស៊ំ ច័ន្ទគា មានប្រសាសន៍ថា៖ «ចំពោះយើងគឺមានការសោកស្ដាយខ្លះ ដោយសារតែបញ្ហាដែលកើតឡើង គឺកើតឡើងនៅក្នុទឹកដីខេត្តបន្ទាយមានជ័យ និយាយឱ្យចំទៅរឿងហ្នឹងគឺមន្ត្រីទាំងអស់បានដឹង[…]ប៉ុន្តែហេតុអីបាននាំគ្នាបណ្ដែតបណ្ដោយឱ្យទៅអង្កន់លក់ ហើយឱ្យប្រជាពលរដ្ឋជាអ្នករងគ្រោះ[…]មន្ត្រីអង្គុយកៅអីរដ្ឋ ត្រូវការដោះស្រាយជូនរាស្ត្រ បើមិនដោះស្រាយទេអ្នកដែលបញ្ហាហ្នឹងនឹងតាមកកេរតាមហៅតាមរំខានគាត់ដដែលៗ»។
ពលរដ្ឋដែលទិញដីនៅគម្រោងដីឡូតិ៍ ពៅ វណ្ណា នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានដឹងថាដីមានបញ្ហា កាលពីឆ្នាំ២០២៥ នៅពេលដែលពួកគាត់មិនអាចចូលទៅប្រើប្រាស់និងអាស្រ័យផលលើដីធ្លីដែលខ្លួនបានទិញ ដោយសារមានភាគីទី៣បានរារាំងមិនឱ្យពួកគេចូលប្រើប្រាស់ដី ដែលភាគីទី៣នោះបានអះអាងថាខ្លួនជាម្ចាស់កម្មសិទ្ធិដីធ្លីនៅទីនោះ។
ពលរដ្ឋដែលប៉ះពាល់ដោយសារទិញដីឡូតិ៍អត់បានដីអះអាងថា ពលរដ្ឋរងគ្រោះមានចំនួនសរុប ៨៧៥គ្រួសារ ក៏ប៉ុន្តែពួកគេលើកឡើងថា ភាគីក្រុមហ៊ុនដីឡូត៍ទទួលស្គាល់តែចំនួន ៣៨០គ្រួសារ។ អ្នករងគ្រោះទាំងនោះបានព្យាយាមតវ៉ាទាមទារដំណោះសា្រយជាបន្តបន្ទាប់ទាំងការជួបប្រជុំនានាជាង១០លើកមកហើយ ក៏ប៉ុន្តែមកដល់ពេលនេះ ពួកគេមិនទាន់ទទួលបានដូចការទាមទារនៅឡើយទេ៕








