សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មនុស្ស១០នាក់បានស្លាប់នៅចម្ការចេកមួយកន្លែងក្នុងខេត្តរតនគិរី ខណៈមន្ត្រីសង្ស័យថាជាករណីពុលថ្នាំគីមី

កម្មករទៅដល់ចម្ការចេករបស់ក្រុមហ៊ុនវៀតណាម Thagrico ក្នុងខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២១។ (រូបថតលោក ស៊ុន ណារិន)
កម្មករទៅដល់ចម្ការចេករបស់ក្រុមហ៊ុនវៀតណាម Thagrico ក្នុងខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២១។ (រូបថតលោក ស៊ុន ណារិន)

យ៉ាងហោចណាស់ កម្មករ១០នាក់បានស្លាប់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ នៅចម្ការចេក​មួយ​កន្លែង ក្នុងខេត្តរតនគិរី នេះបើតាមសម្ដីលោកអភិបាលខេត្តរតនៈគិរី ដែលបានមានប្រសាសន៍ថា ប៉ូលិស​កំពុង​ស៊ើបអង្កេតករណីនេះថាតើការស្លាប់នេះ បណ្តាលមកពីសារធាតុគីមី​ដែលប្រើប្រាស់លើចេក ឬយ៉ាង​ណា។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រាប់ខេមបូចា កាលពីថ្ងៃទី២៩ ខែមិថុនា ថា អាជ្ញាធរ​ខេត្ត​កំពុងស៊ើបអង្កេតការស្លាប់កម្មករចំនួន១០នាក់នៅចម្ការចេក Thagrico ដែល​គ្រប់គ្រង​ដោយជនជាតិ​វៀតណាម ក្នុងស្រុកកូនមុំ ខេត្តរតនគិរី ដែលករណីនេះកើតឡើងចាប់តាំងពីថ្ងៃទី១៦ ខែមិថុនា មកម្ល៉េះ។

លោក សំអឿន បញ្ជាក់ថា៖ «តាមការសន្និដ្ឋានជាបឋមយើងសន្មត់ថា វាអាចបណ្តាលមកពីសារធាតុគីមី ឬការពុលអាហារ ប៉ុន្តែមិនមែនមកពីជំងឺឆ្លងទេ។ យើង​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយទេ»

លោកអភិបាលខេត្ត​បានប្រាប់ខេមបូចា ឱ្យ​សាកសួរ​បន្ថែមទៀត​ទៅ​កាន់មន្ទីរពេទ្យ​ខេត្តរតនគិរី។

ដោយឡែកលោកវេជ្ជៈបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​រតនគិរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ទន្នឹមនឹងនេះស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក អ៊ុង សុភាព មាន​ប្រសាសន៍​ថា មន្ត្រី​នគរបាល និង​អាជ្ញាធរ​​កំពុង​បន្ត​ស៊ើបអង្កេតលើ​ករណី​នេះ។

លោក ​បាន​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​យើង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ព្រោះ​អ្នក​ខ្លះ​ឈឺ ហើយ​ខ្លះ​ទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ យើង​កំពុង​ធ្វើ​ការ​ដើម្បី​បញ្ជាក់​​ថាពាក់ព័ន្ធអីខ្លះទៀត។»

មន្ត្រីថ្នាក់​ខេត្ត​ផ្សេង​ទៀត​មិន​អាចបញ្ជាក់​ប្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ស្លាប់​នេះ​ទេ។ លោក យិន យុទ្ធ មន្រ្តី​រដ្ឋបាល​ស្រុក​កូនមុំ បាន​ឱ្យដឹង​ថា លោក​មិន​អាច​បញ្ជាក់​ចំនួន​អ្នក​ស្លាប់​បាន​ទេ ប៉ុន្តែ​បាន​ឃើញថា​មនុស្ស​ស្លាប់​ម្តង​ហើយ​ម្តង​ទៀត។

ចំពោះលោក ភោគ បូរិទ្ធ អធិការ​នគរបាល​ស្រុក​កូនមុំ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ករណីចម្ការចេក ខេមបូចា ធ្លាប់បានរាយការណ៍នៅឆ្នាំ២០២១ មានបញ្ហាធ្ងន់ធ្ងរ​លើកម្មករ​ដែល​ធ្លាក់ខ្លួន​ឈឺ​នៅ​ចម្ការចេក Thagrico ដោយមនុស្សជាច្រើនសង្ស័យថា វាបណ្តាលមកពីសារធាតុគីមី​ដែល​ពួកគេ​បាញ់​ទៅ​លើផ្លែឈើ។ កម្មករ​តែងតែត្អូញត្អែរ​ពី​អាការៈ​វិលមុខ បញ្ហា​ក្រពះ ក្អួតចង្អោរ និង​ឈឺក្បាល បន្ទាប់​ពី​បាញ់​ថ្នាំ​រួច។

កម្មករ​ក៏​បាន​លើកឡើងទៀត​ថា ពួកគេ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង ហើយ​មាន​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ពីកុមារមិន​គ្រប់​អាយុ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុងចម្ការនេះទៀតផង។

រាយការណ៏បន្ថែមដោយ ពក ពន្លឺ

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ 10 Dead At Ratanakiri Banana Farm, Officials Suspect Chemical Poisoning

ព័ត៌មានថ្មី

អត្ថបទពេញនិយម