សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជនជាតិដើមភាគតិចកួយដាក់បណ្ដាសាមន្ត្រីបរិស្ថានដែល​សាង​សង់​ក្រោលគោនៅក្នុងដែនជម្រកសត្វព្រៃ

ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយនៅស្រុកឆែបខេត្តព្រះវិហារបានរៀបចំ«ពិធីដាក់បណ្ដាសា» នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ (រូបភាពផ្ដល់ឱ្យ)
ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយនៅស្រុកឆែបខេត្តព្រះវិហារបានរៀបចំ«ពិធីដាក់បណ្ដាសា» នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ (រូបភាពផ្ដល់ឱ្យ)

អ្នកភូមិជនជាតិដើម​ភាគតិច​កួយ​នៅស្រុក​ឆែប​ ខេត្ត​ព្រះវិហារ បាន​បួងសួង​ដល់​ព្រលឹង​បុព្វការី​ជន​​ និង​បានរៀបចំ​ធ្វើ«ពិធី​សែនព្រេន»​ដើម្បីដាក់​បណ្ដាសា​លើ​បុគ្គល​មាន​អំណាច ដែលក្នុង​នោះ​រួមទាំង​មន្ត្រីបរិស្ថាន​ផង ដែលពួកគេ​និយាយថា បាន​រំលោភ​សិទ្ធិ​ដីធ្លីរបស់ពួកគេ។  ​

ក្រុមអ្នកភូមិ​ជនជាតិ​ដើមភាគតិច​កួយ​ប្រមាណ៥០នាក់ បាន​ស្រែក​ដាក់បណ្ដាសា​នៅក្នុង​ឃ្លីប​វីដេអូ​មួយ​នៃ​ពិធីដែល​ត្រូវបាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែសីហា ដែល​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​កំពុង​ជួប​ការលំបាក មាន​ជន​ដែលមាន​អំណាច​នាំគ្នា​មក​ទន្រ្ទាន​​រំលោភ​បំពាន​លើ​ដីធ្លី​របស់​យើង»។ «ប្រសិនបើ​បុគ្គលមានអំណាចណាម្នាក់​នៅតែបន្ត​រំលោភ​បំពាន​ទៀត សូម​ព្រលឹង​លោកតា ដងផ្លិត លោកតា ត្រឹប កាច់បំបាក់ក​របស់ពួកគេ ។ ប្រសិនបើ​ពួកគេ​មកតាមផ្លូវ​​ទឹក សូម​ឱ្យ​លិចទូក បើពួកគេ​មកតាម​ផ្លូវគោក សូម​ឱ្យ​ក្រឡាប់​ឡាន ហើយ​បើ​សិន​ពួកគេ​មកតាម​យន្តហោះ សូម​ឱ្យធ្លាក់​យន្តហោះ»។

ពិធីសែនព្រេន​នេះ​បាន​កើតឡើង​បន្ទាប់ពី​មន្ត្រី​បរិស្ថាន​បាន​ហាមឃាត់​អ្នកភូមិ​មកពី​ឃុំ​ឆែប​២ មិន​ឱ្យ​ចូលធ្វើ​ចម្ការ​នៅលើ​ដី​កាន់កាប់ជាប្រពៃណី​របស់​ពួកគេ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា ។ នេះ​បើ​យោងតាម​សមាជិក​សហគមន៍​ និង​មន្ត្រីអង្គការ​សង្គមស៊ីវិល​ដែលបានប្រាប់​ ខេមបូចា។

លោក សុង ចន្ទ​សុជាតិ ប្រធានមន្ទីរបរិស្ថាន​ខេត្តព្រះវិហារ បានប្រាប់​ ខេមបូចា ថា មន្ទីរ​របស់លោក​ពិត​ជាមានផែនការ​ដើម្បី​សាងសង់​ក្រោលគោ​មួយ​កន្លែង​ដើម្បី​បង្កាត់​ពូជគោ សម្រាប់​ក្រុមគ្រួសារ​របស់មន្ត្រី ដោយ​លោក​បាន​បន្ថែមថា ប្រជាជនជនជាតិដើមភាគតិច​មិនមាន​សិទ្ធិ​ក្នុង​ការរារាំង​មិន​ឱ្យ​ក្រុមមន្ត្រីធ្វើ​ដូច្នេះ​បានទេ។

លោក សុជាតិ បាន​និយាយ​យ៉ាងដូច្នេះ​ថា៖ «ពួកគេ​មិនចង់​ឱ្យ​យើងសាងសង់។ វាជាដីនៅក្នុង​តំបន់​អភិរក្ស ហេតុអ្វី​បានជាយើង​មិនអាច​សាងសង់​វាបាន?»។ លោកបន្តថា៖ «ក្រោល​គោ​នោះ​តូចទេ មិនធំទេ»។ 

ប៉ុន្តែ លោកបានទទួលស្គាល់ថា លោក​មិនបានដឹងពីទំហំ​ពិតប្រាកដ​ទេ ពីព្រោះ​ក្រោលគោ​នោះ​មិនទាន់​ត្រូវបាន​សាងសង់​នៅឡើយទេ។

សមាជិកសហគមន៍​និយាយថា ពួកគេ​បាន​ចូលទៅក្នុង​ព្រៃ​កាលពី​ពាក់កណ្ដាល​ខែ​សីហា ដើម្បី​ព្យាយាម​រុះរើ​ក្ដារឈើ​ដែល​គេប្រើប្រាស់ដើម្បីសាងសង់​ក្រោល​គោ​ចេញ ។

អ្នកភូមិជនជាតិដើមភាគតិចកួយ​​ជួបជុំ​គ្នា​នាថ្ងៃទី១២ ខែសីហា នៅ​ស្រុក​ឆែប ដើម្បីនាំគ្នារុះរើ​ចេញ​នូវ​ធ្នឹម​ឈើ​ដែល​មន្ទីរបរិស្ថាន​ខេត្ត​បានប្រើប្រាស់​ដើម្បី​សាងសង់​ក្រោល​គោ​​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា។ នេះ​បើ​តាម​ការនិយាយតៗគ្នា​ពី​សមាជិក​សហគមន៍​។ (រូបភាព​ផ្ដល់​ឱ្យ)

អ្នកភូមិជនជាតិដើមភាគតិចកួយ​ ឈ្មោះ សោម ណៃ បាននិយាយថា មន្ត្រី​មន្ទីរបរិស្ថាន​ខេត្ត​បាន​កាត់​យក​ដី​ប្រមាណ២០ហិកតា​នៃតំបន់​ដែល​ត្រួត​ស៊ីគ្នា​នឹង​តំបន់​ដែល​ត្រូវបាន​អាស្រ័យ​ផល​តាម​បែប​ប្រពៃណី​ដោយ​សមាជិក​សហគមន៍។ ​

លោក ណៃ បាន​និយាយ​យ៉ាង​ដូច្នេះថា៖ «ចំពោះខ្ញុំ​ ការលំបាកជាមួយ​មន្ទីរបរិស្ថាន​គឺថា អ្នកភូមិ​​ពិបាក​ក្នុង​ការធ្វើចម្ការ និងប្រើប្រាស់​អនុផល​ព្រៃឈើ​ពី​ធនធាន​ធម្មជាតិ»។ លោកបន្ត​ថា៖ «ប្រជាជន​មិនហ៊ាន​សូម្បី​ចូលទៅកាន់ចម្ការ​របស់ពួកគេ។ អ្វីដែលប្រជាជន​ចង់បាន គឺ​កុំ​ឱ្យ​ពួកគេ​សាងសង់​កន្លែងចិញ្ចឹមគោ និង​ទុកដីនោះ​ឱ្យកូនចៅជំនាន់ក្រោយ»។

លោក ណៃ និង​អ្នកភូមិផ្សេងទៀត​បាន​និយាយថា ចាប់តាំងពី​ក្រសួង​បរិស្ថាន​បាន​មក​ដល់​តំបន់​​នេះ​នៅក្នុង​ឆ្នាំ២០១៨ ជនជាតិដើមភាគតិច​បាន​រងគ្រោះ​កាន់តែខ្លាំង​ជាងមុន។ ពួកគេ​និយាយថា ពួកគេបាន​ប្រើប្រាស់ដីធ្លី​នេះ​តាំងពី​តំបន់​ការពារនេះ​ត្រូវបាន​បង្កើត​ឡើង​នៅឆ្នាំ​២០១៦មកម្ល៉េះ។

តំណាងជនជាតិដើមភាគតិចកួយ​ម្នាក់ទៀត​មកពី​ឃុំ​ឆែប២ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​និយាយថា មន្ត្រីបរិស្ថាន​ធ្លាប់បានព្យាយាមសាងសង់​ក្រោលគោ​នៅក្នុង​តំបន់​ការពារ កាល​ពីខែ​កក្កដា ឆ្នាំទៅមិញ ប៉ុន្តែ អ្នកភូមិ​ប្រមាណ​១០០នាក់​នៅក្នុងសហគមន៍​បាននាំគ្នា​រុះរើ​ក្រោល​គោ​នោះ​ចោល​វិញ។ មន្ត្រីបានប្រាប់ពួកគេថា ពួកគេ​បាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​បរិស្ថាន​​​ដើម្បី​សាងសង់​នៅក្នុង​តំបន់​ការពារ​ ប៉ុន្តែសមាជិក​សហគមន៍​និយាយថា ពួកគេ​មិន​ដែល​បាន​ទទួល​ការជូនដំណឹង​ជាមុន​ឡើយ។

អ្នកភូមិដដែល​បាន​និយាយ​យ៉ាងដូច្នេះ​ថា៖ «ពួកគេ​អាច​ពង្រីក​គ្រប់កន្លែង​ដែលពួកគេ​ចង់​ពង្រីក ប៉ុន្តែសូម​កុំ​មក​ប៉ះពាល់​ដីដែល​ប្រជាជន​ធ្វើចម្ការ»។ អ្នកភូមិម្នាក់នោះបន្តថា៖ «សូម​មេត្តា​ក្រសួង​បរិស្ថាន​ យើង​សង្ឃឹមថាក្រសួង​យល់​ពី​ទំនៀមទម្លាប់​របស់​ជនជាតិដើម​ភាគ​តិច»។

រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី លោក អ៊ាង សុផល្លែត មិនអាចទាក់ទង​សុំ​ការអធិប្បាយ​បានទេ។

យោងតាម​អនុក្រឹត្យដែលចេញកាលពីពេលថ្មីៗនេះ ដីជាង១លានហិកតា​នៅ​ក្នុង​ខេត្តចំនួន ១៣ត្រូវបាន​ពង្រីក​ដាក់បញ្ចូលទៅក្នុង​របៀងជីវចម្រុះ ដែល​បាន​បង្កើតឡើង​កាលពីឆ្នាំ២០១៧ ។

តំណាងជនជាតិដើមភាគតិចកួយ បាននិយាយថា ពួកគេ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​កាន់​អភិបាល​ខេត្ត​ព្រះវិហារ​ កាលពីច្រើនសប្ដាហ៍​មុនរួចហើយដែរ អំពី​ការពង្រីក​ព្រំដែន​តំបន់​ការពារ​ ប៉ុន្តែពុំទាន់​បានទទួល​ការឆ្លើយតប​ណា​មួយ​នៅ​ឡើយទេ។

អភិបាល​ខេត្តព្រះវិហារ​ លោក គីម ឫទ្ធី មិនអាចទាក់ទង​សុំ​ការអធិប្បាយបានទេ ។

លោក ផាវ ឈឿន មេភូមិ​ដងផ្លិត បានបញ្ជាក់ប្រាប់ ខេមបូចា ថា វាជាការពិត​ដែល​ថា ក្រសួង​បរិស្ថាន​មិន​អនុញ្ញាត​ឱ្យ​ប្រជាជន​ធ្វើចម្ការ ឬ​ចូលទៅក្នុង​ព្រៃ​ដើម្បី​រកផល​អនុផលព្រៃឈើ។

លោកប្រធានភូមិបានលើកឡើងថា៖ «វាជាតំបន់​ដែន​ជម្រក​សត្វព្រៃ ហើយ​[ក្រសួង​បរិស្ថាន]​និយាយថា ពួកគេ​គឺជា​អ្នក​ការពារ។ ប្រជាជន​មិនត្រូវបានអនុញ្ញាត​ឱ្យ​ធ្វើចម្ការនៅទីនោះទេ»។ លោកបន្តថា៖ «វាជាការពិត ក្រសួង​បរិស្ថាន​គំរាម​ប្រជាជន​មិន​ឱ្យ​ប្រជាជន​ធ្វើចម្ការ​ទេ។ ប្រសិន​​​បើ​ពួកគេ​ធ្វើ​ចម្ការ ពួកគេ​នឹង​ត្រូវចាប់ខ្លួន និង​បញ្ជូនទៅ​ពន្ធនាគារ»។

លោក ឈៀន ចិន មេឃុំ​ឆែប​២ បានថ្លែងថា ប្រជាជន​១០គ្រួសារ​កំពុងធ្វើចម្ការ​នៅលើ​ដី​ទំនាស់​ និង​ថា អាជ្ញាធរ​មូលដ្ឋាន​មិនមានសិទ្ធិមិន​ឱ្យ​មន្ត្រីបរិស្ថាន​សាងសង់​ក្រោលគោ​និង​វាលស្មៅ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​នោះ​ទេ។

លោក​បាន​បញ្ជាក់យ៉ាងដូច្នេះ​ថា៖ «ពួកគេ​មិនបានកំណត់ព្រំដែន​ដីទេ ដូច្នេះ​ពួកគេ​មិន​ដឹង​ ពីព្រោះ​​វា​ជា​ដែន​ជម្រក​សត្វព្រៃ ហើយ​ពួកគេទើបតែបានជូនដំណឹង​មក​យើង​នៅពេល​ក្រោយ​មកទៀត»។ លោកបន្តថា៖ «ប្រជាជន​មិនយល់ព្រម ។ ពួកគេ​ស្នើសុំ​ឱ្យ​ដកគម្រោង​នេះ​ចេញ​វិញ»។

លោកបាន​កត់សម្គាល់ថា ក្រសួងបរិស្ថាន​បាន​កាន់កាប់​តំបន់​នេះ​នៅឆ្នាំ២០១៨ ប្រជាជន​បាន​ធ្វើចម្ការ​វិលជុំ​តាមប្រពៃណី​ ប៉ុន្តែចាប់តាំងពីពេលនោះ​មក ពួកគេ​មិនត្រូវបានអនុញ្ញាត​ឱ្យ​ចូល​ធ្វើ​ចម្ការ​នៅក្នុង​ដែន​ជម្រកសត្វ​ទៀត​ឡើយ ។

លោក ចិន ឱ្យដឹងថា៖ «ក្នុងនាមអាជ្ញាធរមូលដ្ឋាន វាពិបាកណាស់។ ម្ខាងជាច្បាប់ ហើយម្ខាង​ទៀតជាប្រជាពលរដ្ឋ។ យើង​មិន​ដឹង​ថា​ត្រូវ​សម្រេច​យ៉ាងណាទេ»។

ជនជាតិដើមភាគតិច​កួយ​នៅក្នុងឃុំ​ឆែប​២ មិនមានបណ្ណកម្មសិទ្ធិ​កាន់កាប់​ដីរួម​សហគមន៍​ ដើម្បី​ទទួល​ស្គាល់​ការទាមទារ​សិទ្ធិលើដីជាប្រពៃណី​របស់​ខ្លួននៅក្នុង​តំបន់នេះ​ឡើយ ចំណែក​អ្នកផ្សេងទៀត​ក៏​ពុំមាន​បណ្ណកម្មសិទ្ធិ​ប្រភេទណា​មួយ​ដែរ។  

ប៉ុន្តែ លោក ចិន បាននិយាយថា លោក​សង្ឃឹមថា អនុក្រឹត្យ​លេខ២៤៥ ដែល​ចេញកាល​ពី​ខែវិច្ឆិកា ឆ្នាំកន្លងទៅ ដែល​ធ្វើឡើងដើម្បី​បង្កើត​តំបន់​សហគមន៍ ​និងផ្ដល់​បណ្ណកម្មសិទ្ធិ​ដីធ្លី​សម្រាប់​​ដីជិត​មួយលាន​ហិកតា​នៅក្នុង​តំបន់​ការពារ នឹង​អនុញ្ញាត​ឱ្យ​ជនជាតិ​ដើមភាគតិច​ទទួល​​​បានការទទួលស្គាល់​ពី​សិទ្ធិ​កាន់កាប់ដីធ្លីរបស់ពួកគេ។ ប៉ុន្តែក្រមបរិស្ថានថ្មី ដែល​ដាក់​បញ្ចូលនូវច្បាប់​អភិរក្ស​ និងដែល​ត្រូវបាន​អនុម័ត​កាលពីដើមឆ្នាំ បានលុបចោលនូវពាក្យ​«ជនជាតិ​ដើមភាគតិច» និង​ប្រើពាក្យ​«សហគមន៍​មូលដ្ឋាន» ជំនួសវិញ ដែលនាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភពី​ក្រុម​ការពារសិទ្ធិជនជាតិដើមភាគតិច​ថា ការទាមទារ​កម្មសិទ្ធិ​ដីធ្លី​របស់ជនជាតិ​ដើមភាគតិច​អាចនឹងមានទម្ងន់កាន់តែខ្សោយជាងមុនថែមទៀត។ 

ជនជាតិដើមភាគតិចកួយ​នៅក្នុងខេត្តព្រះវិហារ​ កន្លងមក ធ្លាប់បានធ្វើពិធីដាក់បណ្ដាសា​ទៅ​លើ​​​ក្រុមហ៊ុន​អភិវឌ្ឍន៍ចិន​ដែលរារាំង​ពួកគេ​មិន​ឱ្យចូលទៅដីចម្ការរបស់ពួកគេ។ កាលពីខែមុន នៅក្នុង​ខេត្ត​ក្រចេះ អ្នកភូមិមកពីសហគមន៍ជនជាតិដើមភាគតិចក្រោល បានដុតទីស្នាក់ការ​បរិស្ថាន​មួយ​ បន្ទាប់ពី​មន្ត្រីនៅទីនោះ​ត្រូវបានចោទប្រកាន់ថា បាន​រារាំង​ប្រជាជន​មិន​ឱ្យ​ចូល​ទៅ​​កាន់ចម្ការរបស់ពួកគេ នៅក្រោយ​ពេល​ដែល​គេ​ពង្រីក​ផ្ទៃដី​នៃតំបន់​ការពារ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ethnic Kuy Put Curse on Environment Officials Building Cow Stable in Wildlife Sanctuary

ព័ត៌មានថ្មី

អត្ថបទពេញនិយម