គម្រោងជ្រលងដំរីរបស់កម្ពុជា ឬហៅកាត់ថា EVP ក្នុងខេត្តមណ្ឌលគិរី បានឈ្នះពានរង្វាន់អន្តរជាតិមួយលើវិស័យអេកូទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ហៅថា AEN International Ecotourism Award for Innovative Ecotourism។ ពានរង្វាន់នេះបានបង្ហាញពីការទទួលស្គាល់នូវវិធីសាស្រ្តប្រកបដោយក្រមសីលធម៌ក្នុងការមើលថែដំរី និងការអភិរក្សដែលមានសហគមន៍ជាអ្នកដឹកនាំ។
ពានរង្វាន់នេះ ដែលតំណាងដោយបណ្ដាញអេកូទេសចរណ៍អាស៊ាន បានទទួលស្គាល់អង្គការ Elephant Livelihood Initiative Environment (ELIE) និងដែនជម្រករបស់សត្វដំរីនៅទីនោះ។ គម្រោងជ្រលងដំរី (Elephant Valley Project) គឺជាគម្រោងមួយបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធានាដល់វិស័យទេសចរណ៍ដែលមានការការពារធនធានធម្មជាតិ និងវប្បធម៌។ បង្កើតឡើងក្នុងឆ្នាំ២០០៦ មានមូលដ្ឋាននៅខេត្តមណ្ឌលគិរី គម្រោងនេះបានក្លាយទៅជាគំរូមួយសម្រាប់ក្រមសីលធម៌ក្នុងការមើលថែដំរី និងការអភិរក្សដែលដឹកនាំដោយសហគមន៍ក្នុងប្រទេសកម្ពុជា។
ស្ថិតក្នុងផ្នែកមួយនៃដែនជម្រកសត្វព្រៃកែវសីមា ៣សែនហិកតា គម្រោង EVP បានរួមចំណែកជួយការពារដីព្រៃសហគមន៍ប្រហែល១ ៥០០ហិកតា និងបានជួយសង្គ្រោះដំរីឲ្យបានរស់តាមបែបធម្មជាតិនៅក្នុងដីព្រៃដែលគ្រប់គ្រងដោយជនជាតិដើមភាគតិចពូនង។ ខណៈដែលដំរីស្រុកមានចំនួនប្រាំពីរក្បាលក្នុងចំណោមដំរីស្រុកដែលគេជឿថានៅកម្ពុជាមានតិចជាង៧០ក្បាល និងដំរីព្រៃមានត្រឹមតែ៦០០ ទៅ៨០០ក្បាល គម្រោងមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ថ្នាក់ជាតិលើកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វដំរីនៅកម្ពុជា។
អ្នកស្រី Jemmo Bulloch នាយិការងអង្គការ ELIE មានប្រសាសន៍ថា គម្រោងមិនទទួលសកម្មភាពទេសចរណ៍ដែលតម្រូវឲ្យមានការជិះ ឬឲ្យដំរីសម្ដែងនោះទេ។ ជំនួសមកវិញ គម្រោងជ្រលងដំរី បានផ្ដល់នូវបទពិសោធន៍ក្នុងព្រៃដ៏អស្ចារ្យដល់អ្នកទេសចរឲ្យបានសង្កេតមើលការរស់នៅរបស់ដំរីតាមបែបធម្មជាតិ។ គម្រោងនេះមានបុគ្គលិកចំនួន៥៤នាក់ រួមទាំងសមាជិកសហគមន៍ជនជាតិពូនងចំនួន៤៧នាក់ ដែលនេះបានបង្ហាញឲ្យឃើញពីភាពជាម្ចាស់ និងការរួមចំណែកក្នុងការដឹកនាំដោយមានជនជាតិដើមភាគតិច។
អ្នកស្រីបន្តថា៖ «ការឈ្នះពានរង្វាន់នេះជាកិត្តិយសណាស់សម្រាប់ ELIE ក្នុងគម្រោងជ្រលងដំរីរបស់យើង និងសហគមន៍ជនជាតិពូនង ដែលបានខិតខំធ្វើការដោយចេញពីចិត្ត។ វាជាការអបអរខួបជិត១៨ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើសុខុមាលភាពដំរី ការអភិរក្សព្រៃឈើ និងការពង្រឹងសហគមន៍ ដោយបង្ហាញពីភាពជាអ្នកដឹកនាំដោយសមាជិកសហគមន៍ នៅជនបទខេត្តមណ្ឌលគិរី ហើយវាអាចធ្វើជាគំរូអន្តរជាតិសម្រាប់អេកូទេសចរណ៍ប្រកបដោយសីលធម៌ និងនិរន្តរភាព»។
អ្នកស្រីបានកត់សម្គាល់ថា សហគមន៍ជនជាតិដើមភាគតិចពូនងមិនត្រឹមតែជាដៃគូប៉ុណ្ណោះទេ តែក៏ជាសហគ្រប់គ្រងក្នុងដែនជម្រកសត្វព្រៃផងដែរ។ ជិត៩០ភាគរយនៃបុគ្គលិក គឺជាជនជាតិពូនង ហើយដីព្រៃទាំងនោះគឺជាដីកម្មសិទ្ធិស្របច្បាប់របស់សហគមន៍។ រាល់ការសម្រេចចិត្ត គឺធ្វើឡើងរួមគ្នាជាមួយគណៈកម្មការសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាថាគម្រោងស្ថិតនៅក្រោមការដឹកនាំរបស់សហគមន៍ និងមាននិរន្តរភាព។
អ្នកស្រីឲ្យដឹងទៀតថា មេរៀនសំខាន់ក្នុងការធានាឲ្យមាននិរន្តរភាពអេកូទេសចរណ៍គឺត្រូវចាប់ផ្ដើមពីការគោរពដល់សត្វ មនុស្ស និងបរិស្ថាន។ អ្នកស្រីលើកឡើងទៀតថា ពេលដែលគម្រោងជ្រលងដំរីចាប់ផ្ដើមដំបូងៗ គឺមើលឃើញពីការប្រើប្រាស់ដំរីសម្រាប់ជិះក្នុងវិស័យទេសចរណ៍ទាំងនៅកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។
អ្នកស្រីឲ្យដឹងទៀតថា បច្ចុប្បន្នមានជម្រើសច្រើនក្នុងការធ្វើទេសចរណ៍នៅខេត្តមណ្ឌលគិរី និងបណ្ដាប្រទេសនៅអាស៊ីផ្សេងទៀត ដោយសកម្មភាពទេសចរណ៍ទាំងនោះបានចាប់ផ្ដើមចាកចេញពីទម្លាប់ជិះដំរី មកជាសកម្មភាពដែលបង្ហា្ញភាពជិតស្និទ្ធនឹងដំរី ដូចជាការហែលទឹកក្បែរដំរី ដែលមិនបានធ្វើឲ្យដំរីមានភាពធុញថប់នោះដែរ។
អ្នកស្រីបន្តទៀតថា៖ «នេះជាអ្វីដែលយើងស្រមៃចង់បាន ពេលយើងចាប់ផ្ដើមបង្កើតដែនជម្រករបស់ដំរីកាលពី១៨ឆ្នាំមុន។ វាគួរតែអាចយកធ្វើជាគំរូបាន ហើយដំរីជាច្រើនផ្សេងទៀតនឹងមានជីវិតកាន់តែប្រសើរ និងមិនត្រូវគេចងកន្ទ្រកល្អីលើខ្នងទៀតទេ»។

គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ជាតិបានរៀបចំគោលនយោបាយ «ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥» ដើម្បីប្រែក្លាយតំបន់មានសក្តានុពលមួយចំនួននៅកម្ពុជាឲ្យទៅជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញពិសេស និងមានអ្នកទេសចរណ៍គុណភាពលំដាប់ខ្ពស់។ វិស័យទេសចណ៍ជាកូនសោគន្លឹះសម្រាប់សសរស្ដម្ភសេដ្ឋកិច្ច ដើម្បីជំរុញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈនិរន្តរភាព បរិយាប័ន និងភាពធន់ទ្រាំក្នុងវិស័យទេសចរណ៍។
ក្នុងឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរបរទេសចំនួន៦,៧លាននាក់ កើតឡើងប្រហែល២៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំនេះវិញចំនួនភ្ញៀវទេសចរអន្តរជាតិមានសេចក្ដីរាយការណ៍ថាមានចំនួនបួនលាននាក់។
លោក លី ណាវីន នាយកការិយាល័យអភិវឌ្ឃន៍ទេចរណ៍វប្បធម៌ ទេសចរណ៍សហគមន៍ កសិទេសចរណ៍ និងកាត់បន្ថយភាពក្រីក្រ បានប្រាប់ សារព័ត៌ខេមបូចា ថា ពានរង្វាន់អេកូទេសចរណ៍នេះ គឺជាសក្ខីកម្មនៃកិច្ចខិតខំប្រឹងប្រែងរបស់គម្រោងទេសចរណ៍ដែលមានរួមបញ្ចូលសហគមន៍ជនជាតិដើមភាគតិច បង្កើនចំណូល និងការពារសត្វដំរី។
លោកបន្តថា គម្រោងមេរបស់ថ្នាក់ជាតិគឺជំរុញទេសចរណ៍នៅតាមបណ្ដាខេត្ត ដែលលើកទឹកចិត្តឲ្យអង្គការដៃគួ និងសហគ្រិន ចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតតូចនៅក្នុងដែនជម្រកសត្វព្រៃទាំងនោះ។ លោកបន្ថែមថា ដែនជម្រកសត្វព្រៃទាំងប្រាំនៅខេត្តមណ្ឌលគិរី មានសក្ដានុពលទាក់ទាញអ្នកវិនិយោគក្នុងវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ រួមទាំងសហគមន៍ជនជាតិដើមភាគតិច។
យ៉ាងណា ក៏មានបញ្ហាប្រឈមក្នុងការចង់បង្កើតឲ្យមានទេសចណ៍សហគមន៍ច្រើន ដោយសារតែប្រជាសហគមន៍ជនជាតិដើមភាគតិចមានការយល់ដឹងតិច និងខ្វះដៃគូអភិវឌ្ឍន៍។
លោក ណាវិន បន្ថែមថា៖ «ភាគច្រើនយើងសម្គាល់ឃើញថា ចំណេះដឹងរបស់ប្រជាសហគមន៍នៅមានកម្រិត។ ពួកគាត់មិនសកម្មក្នុងការចូលរួមពេលយើងបង្កើតសហគមន៍ ឬក៏ដឹងពីអត្ថប្រយោជន៍របស់សហគមន៍។ បច្ចុប្បន្នយើងមានសហគមន៍ទេសចរណ៍ចំនួនប្រាំ ប៉ុន្តែខ្វះដៃគូអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Elephant Valley Project Wins International Award for Ethical Ecotourism













