អ្នកប្រកបរបរដឹកភ្ញៀវរាប់ពាន់នាក់នៅក្នុងរាជធានីភ្នំពេញដេកលើយានជំនិះរបស់ពួកគេ ដោយសារមិនមានលុយគ្រប់គ្រាន់សម្រាប់ជួលបន្ទប់ស្នាក់នៅ ខណៈអ្នកខ្លះអស់សង្ឃឹមក្នុងជីវិត ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា អ្នកមានកង់បី និងតាក់ស៊ីបើកមិនលំបាកពេកទេ។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឱ្យដឹងថា សមាជិករបស់លោកអ្នកបើករថយន្តតាក់ស៊ី និងរ៉ឺម៉កកង់បីនៅទូទាំងប្រទេសមានជាង២ម៉ឺននាក់ ដោយឡែកនៅរាជធានីភ្នំពេញមានជាង១ម៉ឺន៥ពាន់នាក់(១៥ ០០០នាក់)។ លោកឱ្យដឹងទៀតថា ក្នុងចំណោម១ម៉ឺន៥ពាន់នាក់នេះគឺប្រមាណ៣០ភាគរយស្មើនឹង៤ពាន់៥រយនាក់កំពុងដេកលើមធ្យោបាយដឹកជញ្ជូន។
ប្រធានសមាគមរូបនេះឱ្យដឹងថាសមាជិករបស់លោកខ្លះចំណូលបាត់បង់ទាំងស្រុង ខ្លះបាត់បង់អស់ពាក់កណ្តាលធ្វើឱ្យលំបាកខ្លាំង។
លោក វន់ ពៅ មានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះគឺចំណូលធ្លាក់ចុះខ្លាំងមែនទែន មានន័យថាធ្លាក់ចុះស្ទើរតែដល់កម្រិតសូន្យ។ អ៊ីចឹងយើងឃើញថាប្រាក់ចំណូលធ្លាក់ចុះនេះធ្វើឱ្យគាត់មានការលំបាកខ្លាំងទាក់ទងទៅនឹងការចំណាយចាយវាយប្រចាំថ្ងៃ ការចំណាយទៅលើការប្រើប្រាស់សាំងហ្គាស់ ក៏ដូចជាសេវាកម្មជួសជុលរថយន្តរឺម៉កម៉ូតរបស់គាត់ទៅវិញ»។
បើតាមលោក វន់ ពៅ ឱ្យដឹងទៀតថា អ្នកប្រកបរបរដឹកភ្ញៀវដេកលើមធ្យោបាយដឹកជញ្ជូននេះកើតឡើងតាំងពីផ្ទុះឆ្លងរាលដាលមេរោគកូវីដ ហើយបានកើនឡើងបន្តបន្ទាប់រហូតដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ។
អ្នកបើកតាក់ស៊ីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅបាវិត លោក យ៉ាន់ ផារី ឱ្យដឹងថា ពីមុនលោកជួលបន្ទប់ស្នាក់នៅប៉ុន្តែ២ឆ្នាំចុងក្រោយនេះលោកដេកលើតាក់ស៊ីដើម្បីសន្សំសំចៃលុយដោយមិនអស់ថ្លៃបន្ទប់ ថ្លៃទឹក និងថ្លៃភ្លើង។ លោកឱ្យដឹងថា ចាប់តាំងពីបុណ្យឆ្នាំខ្មែរហើយមក ភ្ញៀវធ្វើដំណើរស្ងាត់ខ្លាំងខុសធម្មតាគឺកាលមុនលោកដឹកភ្ញៀវ១ថ្ងៃ២លើក បានចំណូលប្រមាណ២០ម៉ឺនរៀល ប៉ុន្តែលោកថា ៣ថ្ងៃជាប់ៗគ្នានៅក្នុងខែមិថុនានេះលោកមិនទាន់មានភ្ញៀវដឹកចេញនៅឡើយសូម្បីមួយជើង។
បុរសវ័យ៣៩ឆ្នាំរូបនេះបន្តថា ដោយសារដេកមិនស្ងប់ និងបារម្ភច្រើន ពេលនេះលោកកំពុងមានជំងឺប្រចាំកាយមួយចំនួនដែលគួរឱ្យបារម្ភ។
លោក យ៉ាន់ ផារី ថ្លែងថា៖ «បើយើងសុខភាពអត់អំណោយផលផង ឈឺរហូត កាលពីមុនខ្ញុំមិនសូវជាមានជំងឺច្រើនទេ ទើបតែឥឡូវមួយរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខ្ញុំមានជំងឺច្រើន ដូចជាក្រពះ ពោះវៀន ស្រវាំងភ្នែក ឡើងជាតិអាស៊ីត។ អាស៊ីតមិនដឹងជាឡើងប៉ុន្មានទេបង វាឡើងស្ពឹកដៃស្ពឹកជើងម៉ង ឈឺដៃឈឺជើងម៉ង»។
លោក យ៉ាន់ ផារី មានកូន២នាក់កំពុងរៀននៅសាលាចំណេះដឹងទូទៅ ដែលត្រូវចំណាយប្រមាណ៣ម៉ឺនរៀលក្នុង១ថ្ងៃ និងត្រូវបង់សងទៅធនាគារក្នុង១ខែ៣៥០ដុល្លារ។
លោក ជ្រេស សុរ៉ាន់ អាយុ៤៤ឆ្នាំ ដេកលើកង់បីនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញរយៈពេល៣ឆ្នាំហើយ។ លោកថា ដេកនៅលើរ៉ឺម៉កកង់បីនេះ ចំណេញថ្លៃបន្ទប់៥០ដុល្លារ ថ្លៃជួលកន្លែងផ្ញើរ៉ឺម៉កកង់បី៣០ដុល្លារ និងចំណេញថ្លៃទឹកភ្លើងផងដែរ។
បុរសមានស្រុកកំណើតនៅក្នុងខេត្តតាកែវរូបនេះឱ្យដឹងថា ពីមុនលោកដឹកភ្ញៀវបានក្នុង១ថ្ងៃប្រមាណ១២ម៉ឺនទៅ១៥ម៉ឺនរៀល ទូទាត់ថ្លៃហ្គាស និងថ្លៃអាហារហើយអាចសល់យ៉ាងហោចណាស់ក៏៨ម៉ឺនរៀលដែរ ប៉ុន្តែសព្វថ្ងៃនេះក្នុង១ថ្ងៃរកបានតែប្រមាណ៤ទៅ៥ម៉ឺនរៀល ដោយទូទាត់ការចំណាយហើយអាចសល់២ម៉ឺនរៀល ឬតិចជាងនេះ។
លោកបន្តថា ការដេកលើរ៉ឺម៉កកង់បីនៅពេលយប់នេះ ប្រឈមខ្យល់ ភ្លៀង ក្មេងទំនើង និងចោរកម្មជាដើម។
លោក ជ្រេស សុខរ៉ាន់ ចូលដេកនៅម៉ោង១១ ឬ១២យប់ ហើយត្រូវក្រោកពីព្រលឹមដើម្បីរកភ្ញៀវដឹកបន្តគឺអាចដេកបាន៤ទៅ៥ម៉ោង យប់ខ្លះដេកបានតិចជាងនេះព្រោះដេកមិនលក់ក៏ចេះតែបើកកង់បីនៅលើផ្លូវទៅក្រែងបានភ្ញៀវហៅជិះខ្លះ។
លោកបន្តថា រូបលោកផ្ទាល់ក៏ដូចជា មិត្តភក្តិផ្សេងទៀត ដែលដេកមិនស្កប់ ហូបអាហារសន្សំសំចៃតែងជួបបញ្ហាវិលមុខចុកដៃចុកជើង។
លោក ជ្រេស សុខរ៉ាន់ ថ្លែងថា៖ «ពេលណាទៅយើងដាក់ផុត ពេលណាយើងសម្រាកទៅអត់ផុត[ដៃជើង] ដេកផ្អៀងទៅ ដល់ពេលយើងដេកលក់រយៈពេលប្រហែលជា១ម៉ោង ឬក៏២ម៉ោងយើងដឹងខ្លួនយើងស្រពន់ដៃស្រពន់ជើងអ៊ីចឹងទៅ។ [យើង]ឡើង[ងើបពីដេក]មកដាក់ប្រេងកូឡាច្របាច់ៗឱ្យវាដើរស្រួលឡើងវិញទៅ បានយើងដេកទៅវិញ»។
លោក ជ្រេស សុខរ៉ាន់ ឱ្យដឹងទៀតថា បញ្ហាចំណូលថយចុះនេះធ្វើឱ្យពួកគាត់ស្មុគស្មាញគិតច្រើន បារម្ភច្រើន និងពេលខ្លះក៏អស់សង្ឃឹម។
អ្នកដេកលើរ៉ឺម៉កកង់បីនៅសង្កាត់ស្រះចកម្នាក់ទៀត លោក សឿន រតនា ឱ្យដឹងថា កាលពី៣ឆ្នាំមុនលោកសម្រេចចិត្តឈប់ជួលបន្ទប់ ហើយទៅដេកលើកង់នៅទីនោះតែម្នាក់ឯងទេ ប៉ុន្តែនៅពេលនេះ អ្នកបើកកង់បីផ្សេងទៀតជាង៣០នាក់ក៏ទៅដេកនៅទីនោះដែរ។ លោកបន្តថា បើទោះជាដេកលើកង់បី និងហូបចុកសន្សំសំចៃក៏ដោយ ក៏ចំណូលរបស់លោក និងមិត្តភក្តិរួមអាជីពផ្សេងទៀតរកបានមិនគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រួសារទេ។
លោក សឿន រតនា ថ្លៃងថា៖ «ចំណូលមានតែថយចុះបងអ៊ើយ ព្រោះដោយសារមួយរយៈនេះវាយ៉ាប់មែនទែនបងប្អូនយើងទាំងអស់គ្នាទាំងខ្ញុំទាំងគេ សឹងតែថារកទប់ទល់ជីវភាពអត់គ្រាន់ទេបង ដូចពីមុនចំណូលយើងរកបាន១០ម៉ឺន ឥឡូវបានតែ៥ម៉ឺនបង»។
នៅក្នុងសង្កាត់ស្រះចក នៅតំបន់បឹងកក់ជាកន្លែងផ្សារទំនើប និងហាងផឹកស៊ីនៅពេលរាត្រីនោះ មានរ៉ឺម៉កកង់បីជាច្រើនដេកនៅជាក្រុមៗ កន្លែងខ្លះមានគ្នា៥កង់បី កន្លែងខ្លះទៀតមានពី១០ទៅ២០ ឬទៅជាង៣០កង់បី។ ពួកគាត់ដេកនៅចិញ្ចឹមផ្លូវទំនេរ ឬ ដីឡូត៍ដែលមិនទាន់មានការសាងសង់អគារ។
ម៉ោងចាប់ពី១១ទៅ១២យប់ រ៉ឺម៉កកង់បីបើចូលកន្លែងដេកជាបន្តបន្ទាប់ដូចស្រម៉ោចវាចូលរូងដើម្បីសម្រាកក្នុងពេលរាត្រី។ ពួកគាត់ម្នាក់ៗហាក់ដូចជា ហត់នឿយ មិនសូវនិយាយគ្នាច្រើនទេ ពេលទៅដល់ទីតាំងរៀងៗខ្លួនហើយក៏ចងមុងរៀបចំកន្លែងដេក អ្នកខ្លះចងមុងក្នុងរ៉ឺម៉កកង់បី អ្នកខ្លះទៀតដាក់មុខគ្របលើរ៉ឺម៉កកង់បីទាំងស្រុងតែម្តង។
ពេលសួរថា ចុះបើត្រូវបត់ជើងតូច ឬបត់ជើងធំនៅពេលយប់ តើត្រូវធ្វើយ៉ាងម៉េច?
ពួកគាត់ថា បើបត់ជើងតូចអាចរកព្រៃ ឬដីឡូត៍ទំនេរនៅក្បែរៗនោះ តែបើបត់ជើងធំត្រូវបើកកង់បីទាំងយប់ទៅបន្ទប់ទឹកនៅស្ថានីយ៍លក់ប្រេងឥន្ធនៈនៅក្បែរៗនោះ។ ជាទម្លាប់រាល់ព្រឹកពួកគាត់ទៅងូតទឹក និងបោកខោអាវនៅស្ថានីយ៍លក់ប្រេងឥន្ធនៈរួចដាក់ហាលតាមរ៉ឺម៉កកង់បី។
និយាយរួមទៅរ៉ឺម៉កកង់បីរបស់ពួកគាត់ប្រៀបដូចជាកូនផ្ទះចល័តមួយ គឺមានកាបូបសម្លៀកបំពាក់ មុង ភួយ ដាក់ទៅតាមជាមួយ។ បើមើលមួយភ្លែតហាក់ដូចជា ដំណើរទេសចរណ៍មួយយ៉ាងសប្បាយ តែបើស្តាប់ការរៀបរាប់របស់ពួកគាត់ទៅ ទើបដឹងថា ពួកគាត់លាក់ទុករឿងស្មុគស្មាញជាច្រើននៅក្នុងចិត្តគឺបារម្ភគ្រប់បែបយ៉ាងរហូតភ្លេចគិតដល់សុខភាពខ្លួនឯង ប្រឹងរកចំណូល អ្នកខ្លះស្រុកកំណើតនៅត្រឹមខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវជាដើមនោះ គឺខានទៅលេងស្រុកជួបជុំប្រពន្ធកូន៣ទៅ៤ខែហើយ ទោះនឹករលឹកយ៉ាងណាក៏ត្រូវទ្រាំព្រោះទុកពេល និងសន្សំកម្លាំងរកលុយមកផ្គត់ផ្គង់គ្រួសារ និងសងបំណុល។
ស្ថានភាពនៃការដេកលើមធ្យោបាយដឹកជញ្ជូនមិនមែនមានតែនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសង្កាត់ស្រះចក ខណ្ឌដូនពេញនេះទេ គឺមានស្ទើរគ្រប់ខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសនៅក្បែរៗផ្សារ ដូចជា ផ្សារដើមគរ ផ្សារដើមថ្កូវ ផ្សារទួលទំពូង និងនៅតំបន់កោះពេជ្រជាដើម។
ចំពោះស្ថានភាពចំណូលវិញពួកគាត់អះអាងប្រហាក់ប្រហែលគ្នាគឺថយចុះពីជាង១០ម៉ឺនរៀលក្នុង១ថ្ងៃមកនៅត្រឹមក្រោម៥ម៉ឺនរៀលក្នុង១ថ្ងៃ។
លោក នៅ នឿន វ័យជាង៥០ឆ្នាំ ដឹកភ្ញៀវជាប្រចាំនៅរង្វង់មូលជ្រោយចង្វារ ឱ្យដឹងថា អំឡុងពេលកូវីដចំណូលធ្លាក់ចុះមួយដំណាក់ហើយ តែរហូតដល់ខែមិថុនាឆ្នាំ២០២៤នេះ ចំណូលកាន់តែធ្លាក់ចុះខ្លាំងថែមមួយកម្រិតទៀតធ្វើឱ្យលោកជួបការលំបាកខ្លាំង។
លោក នៅ នឿន ថ្លែងថា៖ «ហឺ! ឥឡូវយ៉ាប់ណាស់! ឥឡូវមិនសូវមានភ្ញៀវចេញ គិតទៅធ្លាក់ចង់៣០ភាគរយជាងបន្ថែមទៀត ពីមុនយើងរកមិនបានសោះក៏បានបួនប្រាំម៉ឺនអីដែរ តែឥឡូវតែអត់គឺអត់សោះតែម្តង»។
លោកវេជ្ជបណ្ឌិត នាម លាងឈីម មានប្រសាសន៍ថា ករណីអ្នកប្រកបរបរដឹកភ្ញៀវ បរិភោគអាហារ និងគេងមិនគ្រប់គ្រាន់នេះ បានធ្វើឱ្យមានជំងឺជាច្រើនកើតឡើង ក្នុងនោះរួមមានទាំងការប៉ះពាល់ដល់ខួរក្បាលផងដែរ។
លោកវេជ្ជបណ្ឌិត លាងលីម បញ្ជាក់ឱ្យដឹងថា៖ «ជារោគសញ្ញានៃជំងឺមួយអាចទាក់ទងនឹងគេហៅថាស្ពោតខួរក្បាល បានន័យថាខួរក្បាលហ្នឹងវារួមតូចអត់មានអ៊ុកស៊ីសែនអីទៅចិញ្ចឹម អាហ្នឹងធ្វើឱ្យយើងឧស្សាហ៍ភ្លេចភ្លាំង ឧស្សាហ៍វង្វេងអ៊ីចឹង ដោយសារកង្វះឈាមទៅចិញ្ចឹមខួរក្បាល អាហ្នឹងដោយសារយើងគេងអត់សូវបានគ្រប់គ្រាន់ និងញ៉ាំអាហារអត់បានគ្រប់គ្រាន់»។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ថា បញ្ហាដែលពលរដ្ឋកំពុងជួបប្រទះពេលបច្ចុប្បន្ននេះ គឺអ្នកខ្លះដេកមិនលក់ និងអ្នកខ្លះទៀតមិនមានពេលដេក។ លោកបន្តថា បញ្ហានេះ ធ្វើឱ្យប៉ះពាល់ច្រើនដល់សុខភាពផ្លូវកាយ និងបញ្ញាស្មារតីដែលអាចប៉ះពាល់ដល់អាយុជីវិត។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា៖ «និយាយរួមទៅបញ្ហាកង្វះការគេងហ្នឹងគឺវាពាក់ព័ន្ធធ្ងន់ធ្ងរ ធ្វើឱ្យយើងឡើងសម្ពាធឈាម ហើយយូរៗទៅធ្វើឱ្យយើងទឹកនោមផ្អែម ធ្វើឱ្យយើងមានរោគគាំងបេះដូង ឬក៏បេះដូងយើងមិនដំណើរការ ឬក៏យើងអាចមានជំងឺស្ត្រូកដែលខ្លាញ់នៅក្នុងសរសៃខួរក្បាល បញ្ហាទាំងអស់នេះកើតឡើងច្រើន»។
ជុំវិញបញ្ហាកើនឡើងនៃអ្នកប្រកបរបរដឹកភ្ញៀវដេកលើមធ្យោបាយដឹកជញ្ជូននៅតាមដងផ្លូវនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មិនអត្ថាធិប្បាយទេព្រោះលោកថា មិនមានរបាយការណ៍។
ចំណែកអភិបាលខណ្ឌទួលគោក លោក ជា ពិសី និងអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ប្រាប់ថា ជាប់រវល់ក្រោយពេលស្តាប់សំណួរហើយ។
ដោយឡែក អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស ឱ្យដឹងថា នៅក្នុងខណ្ឌរបស់លោកមិនសូវមានអ្នកដឹកភ្ញៀវដេកលើតាក់ស៊ី ឬ រ៉ឺម៉កកង់បីទេ គឺមានតែអ្នកនៅរង់ចាំដឹកភ្ញៀវនៅកាស៊ីណូណាហ្គាវើលដ៍។ ចំពោះសន្តិសុខសណ្តាប់ធ្នាប់វិញលោកថា មួយរយៈចុងក្រោយនេះមានការពង្រឹងបានល្អប្រសើរជាងមុន។
លោក កៀង ល័ក្ស មានប្រសាសន៍ថា៖ «យើងសព្វថ្ងៃនេះ យើង[ធ្វើ]យុទ្ធនាការចាប់ក្មេងទំនើង ចឹងយើងការពាររឿងហ្នឹង[បញ្ហាសន្តិសុខសណ្តាប់ធ្នាប់] មកដល់ប៉ុន្មានថ្ងៃនេះឃើញស្ងាត់ល្អ។ កន្លងទៅដូចជាអ្នកបង្ហោះម៉ូតូ ហើយយើងបានបង្ក្រាបបាន ហើយពាក់ព័ន្ធនឹងសុវត្ថិភាពទូទៅ គឺប៉ូលិសរបស់យើងបានល្បាត ហើយនឹងដាក់កម្លាំងពួនស្ទាក់ជាប់ជាប្រចាំមួយយប់ទល់ភ្លឺ»។
ចំពោះការប្រកបរបរចិញ្ចឹមជីវិតវិញលោក កៀង ល័ក្ស ឱ្យដឹងថា ពលរដ្ឋទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធនៅក្នុងខណ្ឌរបស់លោក គឺរកចំណូលបានល្អធម្មតាមិនមានផលប៉ះពាល់ណាមួយគួរឱ្យគត់សម្គាល់ទេ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ពន្យល់ថា កម្ពុជារងគ្រោះពីវិបត្តិសេដ្ឋកិច្ចសកល រួមទាំងវិបត្តិកូវីដ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែលោកថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទើបពលរដ្ឋខ្មែរមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ។
លោក ប៉ែន បូណា បញ្ជាក់ថា ក្នុងអំឡុងពេលវិបត្តិកូវីដ រដ្ឋាភិបាលចំណាយលុយអស់១ពាន់២រយលានដុល្លារដើម្បីជួយដល់ពលរដ្ឋខ្វះខាត។
ចំពោះអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ លោក ប៉ែន បូណា ចាត់ទុកថា ដូចរបរទូទៅដែរគឺរកចំណូលតែងមានឡើង និងចុះជារឿងធម្មតា។ ទោះយ៉ាងណាលោកថា អ្នកដែលមានរ៉ឺម៉កកង់បី ឬ តាក់ស៊ី នៅពេលបច្ចុប្បន្ននេះ គឺមិនលំបាកពេកទេ។
លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ធម្មតា របររកស៊ីអីក៏ដោយតែងតែមានពេលខ្លះរាងធូរ ពេលខ្លះរាងលំបាកពោល គឺមានពេលឡើង មានពេលចុះ។ អ្នករកស៊ីសុទ្ធតែធ្លាប់ឆ្លងកាត់រឿងនេះ។ ពេលរកបានធូរ ចាយក៏រាងធូរ ពេលលំបាករក ចាយក៏ត្បិតត្បៀតតាមហ្នឹង។ យ៉ាងណា ខ្ញុំជឿថា មានរ៉ឺម៉កកង់បី ឬតាក់ស៊ីមួយសម្រាប់រត់មិនជាលំបាកពេកទេ»។
របាយការណ៍របស់ស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia Stats ចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី។ ចំណែកស្ថាប័នរដ្ឋក៏បានផ្សាយរបាយការណ៍ថា ចំណូលប្រជាជនម្នាក់ៗកើន ពី២៧៩ដុល្លារនៅឆ្នាំ១៩៩៨ ដល់ ២ ៦២៧ដុល្លារនៅឆ្នាំ២០២៤។
របាយការណ៍នេះក៏មានការជជែកខ្វែងគំនិតគ្នាច្រើននៅលើបណ្តាញសង្គម ខណៈពលរដ្ឋថា ជួបការលំបាករកចំណូលមិនបាន តែរបាយការណ៍ជាតិ និងអន្តរជាតិបង្ហាញថា សេដ្ឋកិច្ចកម្ពុជា និងចំណូលពលរដ្ឋកើនឡើងទៅវិញ។
នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយលោក ចាន់ សុផល ពន្យល់ថា របាយការណ៍ទំហំសេដ្ឋកិច្ចគេមើលតែលើផ្នែកធំៗមួយចំនួនរួមមាន កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលលើវិស័យធំទាំងនេះខ្លះមិនបានប្រយោជន៍សេដ្ឋកិច្ចដល់ពលរដ្ឋទូទៅទេ។
លោក ចាន់ សុផល ពន្យល់ថា៖ «បើមានការត្អូញត្អែរច្រើនក៏យើងឆ្ងល់ដែរថាប្រហែលជាមានការប៉ះពាល់ច្រើនដែរ បើសិនជាជាក់ស្តែងមានកំណើនសេដ្ឋកិច្ច៥,៨ភាគរយពិតមែនក៏ដោយក៏វាអាចថាបានតែក្នុងអ្នករកស៊ីចំនួនណាមួយ នាំចេញអ្វីមួយ ផលិតបានអ្វីមួយច្រើនចឹងទៅ អ៊ីចឹងការបែងចែកនូវកំណើនសេដ្ឋកិច្ចនេះវាពិតជាមិនស្មើគ្នាទេពីប្រជាពលរដ្ឋមួយទៅមួយ ឬក៏អាជីវកម្មមួយទៅមួយ»។
រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ទិសដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ឬហៅថាប្រទេសអ្នកមាននៅឆ្នាំ២០៥០។ ទោះយ៉ាងណារបាយការណ៍ធនាគារពិភពលោកនៅខែមិថុនាឆ្នាំ២០២៤ បញ្ជាក់ថា កម្ពុជាជួបការលំបាកក្នុងការសម្រេចគោលដៅនេះដោយសារបញ្ហាប្រព័ន្ធអប់រំមិនល្អ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាពលោក យង់ គិមអេង ជំរុញឱ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលស្រាវជ្រាវបញ្ហានេះឱ្យបានច្បាស់ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព។
លោក យង់ គិមអេង មានប្រសាសន៍ថា៖«រដ្ឋាភិបាលគួរតែគិតគូរដោះស្រាយជូនពួកគាត់របៀបណា ឬក៏បើថាគាត់ស្នាក់នៅបែបចឹង[ដេកនៅតាមឡានតាក់ស៊ី ឬរឺម៉កកង់បី] គឺគួរតែមានទីកន្លែងណាដែលមានសុវត្ថិភាពសម្រាប់ពួកគាត់ស្នាក់នៅឬក៏យ៉ាងម៉េច។ ហ្នឹងគឺជារឿងមួយដែលអាជ្ញាធររដ្ឋក៏ត្រូវតែមានការគិតគូរជុំវិញបញ្ហានេះដែរ»។
បើទោះជាមានការបកស្រាយពីភាពល្អប្រសើររបស់មន្ត្រីរដ្ឋាភិបាលជុំវិញករណីនេះក៏ដោយក៏ លោក វន់ ពៅ បញ្ជាក់ថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមានអ្នកបើកបរដឹកជញ្ជូននេះកំពុងមានការលំបាកខ្លាំង ដែលរដ្ឋាភិបាលគួរមានវិធានការជួយឱ្យបានទាន់ពេល។
លោក វន់ ពៅ ថ្លែងថា៖ «គួរតែរៀបចំជាយន្តការ រៀបចំជាប្រាក់កម្ចីយ៉ាងណាមួយដើម្បីឱ្យគាត់អាចបន្តប្រកបមុខរបរអាជីវកម្មរបស់គាត់ឡើងវិញបាន ហើយចំណុចមួយទៀតគួរតែរៀបចំជាផ្ទះល្វែង ឬក៏ផ្ទះជួលក្នុងតម្លៃថោកណាមួយដែលពួកគាត់អាចទទួលយកបានក្នុងការជួយសម្រួលដើម្បីកុំឱ្យពួកគាត់ដេកលើរឺម៉កលើឡានដូចសព្វថ្ងៃនេះអី»។
អ្នកប្រកបរបរដឹកភ្ញៀវទាំងនេះឱ្យដឹងថា អ្នកដេកលើយានជំនិះកើនឡើងបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ជ្រេស សុខរ៉ាន់ ឱ្យដឹងថា មិត្តភក្តិដែលលោកស្គាល់ប្រមាណ៧០ភាគរយហើយដែលដេកនៅលើយានជំនិះ ហើយរស់នៅក្នុងស្ថានភាពអស់សង្ឃឹមព្រោះប្រឹងធ្វើការខ្លាំងតែរកចំណូលបានមិនគ្រប់គ្រាន់សម្រាប់តម្រូវការ៕