សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាត្រូវបានដកចេញជាផ្លូវការពីបញ្ជីហាមឃាត់ការទិញអាវុធពីសហរដ្ឋអាមេរិក

រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅទីក្រុងកូឡាឡាំពួរ ក្នុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសថៃ។ រូបភាពតាមរយៈការបង្ហោះរបស់លោក Pete Hegseth នៅលើបណ្តាញសង្គម X នាថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅទីក្រុងកូឡាឡាំពួរ ក្នុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសថៃ។ រូបភាពតាមរយៈការបង្ហោះរបស់លោក Pete Hegseth នៅលើបណ្តាញសង្គម X នាថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥។

សហរដ្ឋអាមេរិកបានលុបចោលជាផ្លូវការនូវការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យកម្ពុជា កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រទេសមហាអំណាចនេះជាច្រើនឆ្នាំមកហើយបានចោទពីវត្តមានយោធាក្រុងប៉េកាំង កង្វល់ពីសិទ្ធិមនុស្ស និងអំពើពុករលួយ។​ ការប្រកាសផ្លូវការនេះធ្វើឡើងតាមសេចក្តីប្រកាសដែលចេញដោយការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់សេតវិមានកាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានត្រួសត្រាយកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានបរាជ័យប្រហែលពីរបីសប្តាហ៍ក្នុងខែធ្នូ ដោយបញ្ជាក់ថា ការហាមឃាត់ដែលដាក់ដោយអតីតប្រធានាធិបតី Joe Biden នឹងត្រូវលុបចោល។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានថ្លែងថា រដ្ឋបាលលោកត្រាំបានធ្វើការសម្រេចចិត្តនេះដោយសារតែ «ការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងសន្តិសុខ ដែលក្នុងនោះរួមមានការចូលរួមឡើងវិញជាមួយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន»។

ប្រទេសទាំងពីរក៏បានព្រមព្រៀងផងដែរក្នុងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាឡើងវិញជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។

ទោះបីជាមានសម្ពាធពីវ៉ាស៊ីនតោនក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលរួមមានការដាក់ទណ្ឌកម្មលើឥស្សរជន និងក្រុមហ៊ុនកម្ពុជាដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មឆ្លងដែន និងបណ្តាញឆបោកអនឡាញ ក៏ដូចជាពន្ធគយអាករបន្ថែម ទំនាក់ទំនងកម្ពុជាជាមួយរដ្ឋបាលលោកត្រាំហាក់បានខិតកាន់តែជិតគ្នា។ កម្ពុជាក៏បានស្នើបេក្ខភាពលោកត្រាំសម្រាប់ពានរង្វាន់ណូបែលសន្តិភាព និងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមដោយប្រធានាធិបតីរូបនេះទៀតផង។

មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដែលពីមុនបានធ្វើឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភថា មានការចូលរួមរបស់ចិន ក៏បានទទួលស្វាគមន៍នាវាចម្បាំងអាមេរិកកាលពីខែមករា ដែលជាការចូលចតនៅកំពង់ផែយោធាជាលើកដំបូងរបស់យោធាអាមេរិកនៅទីនោះ។

វានៅតែមិនច្បាស់នៅឡើយទេថា តើកង្វល់របស់សហរដ្ឋអាមេរិកចំពោះឥទ្ធិពលយោធាចិននៅកម្ពុជាត្រូវបានដោះស្រាយយ៉ាងពេញលេញឬអត់ មុនពេលលុបចោលការហាមឃាត់នេះ។

ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញបានបង្វែរសំណួរទៅកាន់ការិយាល័យឧស្សាហកម្មនិងសន្តិសុខរបស់ក្រសួងពាណិជ្ជកម្មវិញជុំវិញបញ្ហានេះ។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានសរសេរនៅលើ Facebook របស់លោកនាថ្ងៃពុធនេះថា ការលុបចោលការហាមឃាត់នេះអាចបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបរបស់អាមេរិក ដែលផ្ទុយនឹងទស្សនៈរបស់អ្នកវិភាគខ្លះដែលថារដ្ឋាភិបាល​កម្ពុជាខ្វះសមត្ថភាពក្នុងការទទួលបានសព្វាវុធអាមេរិកទំនើបៗ។

ចិននៅតែជាអ្នកផ្គត់ផ្គង់អាវុធសំខាន់បំផុតរបស់កម្ពុជា និងទទួលបានផងដែរនូវទីផ្សារនៅប្រទេសថៃ ដែលសហរដ្ឋអាមេរិកធ្លាប់ជាអ្នកផ្គត់ផ្គង់អាវុធសំខាន់ចាប់តាំងពីសម័យសង្គ្រាមត្រជាក់ មុនពេលប៉េកាំងយកតំណែងនេះនៅឆ្នាំ២០១៦៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Officially Removed from US Arms Embargo List

ព័ត៌មានថ្មី

អត្ថបទពេញនិយម