សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការកំពូល ​បាន​បដិសេធ​សំណើ​សុំ​ច្បាប់ ​ទៅ​បុណ្យ​ភ្ជុំនៅ​ស្រុក​កំណើតរបស់លោក ​រ៉ុង ឈុន

លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ ដើរជាមួយអ្នកគាំទ្រទៅកាន់តុលាការកំពូលក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាតធ្វើដំណើរទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ ដើរជាមួយអ្នកគាំទ្រទៅកាន់តុលាការកំពូលក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាតធ្វើដំណើរទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

តុលាការកំពូល នៅថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០២៦នេះ ​បាន​បដិសេធ​សំណើ​​​សុំ​ច្បាប់​ទៅ​​ចូល​រួម​បុណ្យ​ភ្ជុំ​ នៅ​ស្រុក​កំណើតរបស់​លោក​ រ៉ុង ឈុន ​​ដោយ​សំអាង​ថា សេចក្តី​សម្រេច​​របស់​តុលា​ការ​កំពូល​កន្លងមក ​ដែល​​ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ​ ​៤​ឆ្នាំ ​លើ​ទី​ប្រឹក្សា​គណ​បក្ស​កម្លាំងជាតិ​​​រូបនេះ ថា​​ជាសាលដីកា​ស្ថាពរ។

តាម​រយៈ​លិខិត​មួយ​ច្បាប់​នៅថ្ងៃទី​២៥ ខែកញ្ញានេះ​ លោក​ ជីវ កេង ប្រធាន​តុលាការ​កំពូល​បាន​​ប្រាប់​ទៅ​លោក​ រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​ថា តុលាការ​កំពូល ​មិន​អាច​ពិចា​រ​ណាលើពាក្យ​ស្នើសុំ​ច្បាប់​របស់​លោក​ឡើយ ​ពីព្រោះថា សាលដីកាចុះថ្ងៃទី​១៩ ​ខែមិថុនា ​ឆ្នាំ​២០២៦ ​របស់​តុលាការកំពូល​ គឺជា​សេចក្តីសម្រេចស្ថាពរ​ និង​មាន​អានុភាព​អនុវត្ត​ហើយ​ត្រូវ​បាន​បញ្ជូនទៅ​អយ្យការអម​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដើម្បី​អនុវត្ត​ជាសមត្ថកិច្ច​ តាម​មាត្រា ៤៩៧ នៃក្រម​នីតិវិធីព្រហ្មទណ្ឌ​រួច​ហើយ​។

លិខិត​របស់​តុលាការកំពូល​នេះ​ គឺ​ជាការឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក ​រ៉ុង ឈុន​ចុះថ្ងៃទី​២២ ខែកញ្ញា ​ដែលបាន​ដាក់ពាក្យសុំច្បាប់ទៅតុលាការកំពូល ដើម្បីទៅចូល​រួម​ពិធី​បុណ្យភ្ជុំបិណ្ឌរយៈ​ពេល​១៥​ថ្ងៃ ​នៅស្រុកកំណើត​របស់​លោក ក្នុងស្រុកស្អាងខេត្តកណ្តាល។

លោក ​រ៉ុង ឈុន បាន​ប្រាប់សារព័ត៌មាន​ខេម​បូចា​ថា លោក​មិន​ដឹង​ថា ការឆ្លើយ​តប​របស់​តុលាការ​កំពូល​នេះ ​ធ្វើ​ឡើង​ត្រឹមត្រូវ​ទៅ​តាម​​ផ្លូវ​ច្បាប់ ​ឬក៏​យ៉ាងណានោះទេ។ ប៉ុន្តែ​លោក​ថា ការ​បដិសេធនេះ ​វាហាក់​បីដូច​ជាមិន​មានការ​លើកលែង ​ឬក៏អនុគ្រោះនៅ​ក្នុង​រដូវ​បុណភ្ជុំ​បិណ្ឌ ​ដែល​ជាបុណ្យ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរនោះឡើយ​​​។

លោក​មាន​ប្រសាសន៍ថា៖ «បើ​មិន​បាន​អនុញ្ញាត​ច្រើន​ថ្ងៃ ក៏គួរមាន​ការអនុញ្ញាត​ថ្ងៃណាមួយ​ឱ្យ​ទៅ​ស្រុក​កំណើត ដើម្បី​បាន​ទៅ​ជួបជុំ​បងប្អូន​​ ទៅ​គោរពសក្ការៈ​អ្នកមាន​គុណ ឪពុក​ម្តាយ​។ សូម្បី​​តែ​យមរាជ ​ក៏​អនុញ្ញាតឱ្យ​ប្រេតនរក ​ឱ្យ​មក​ទទួល​សំណែន​ពី​សាច់​ញាតិ​ផងដែរ។ ប៉ុន្តែ​សម្រាប់រូប​លោក​ដែល​ជាប្រជាពល​រដ្ឋ ​បែរជាមិន​មានការ​លើកលែង​អ្វីបន្តិចសោះ​»។

យ៉ាងណា​ក្តី​ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​ បាន​ថ្លែង​ថា បើមើល​តាម​ខ្លឹម​សារ​របស់​លិខិត​តុលាការ​កំពូលដែល​ថា សាលដីកា​ស្ថាពរ​របស់​លោក​ ​​​មាន​អានុភាព​អនុវត្ត​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​អយ្យការអម​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដើម្បី​អនុវត្ត​ជាសមត្ថកិច្ច​នោះ​ នៅ​សប្តាហ៍​ក្រោយ​លោក​នឹង​សរសេរ​លិខិត​ដាក់​ទៅ​សាលា​ដំបូង​រាជធានីភ្នំ​ពេញ​​មួយ​ច្បាប់​ទៀត​ ដើម្បី​ស្នើ​សុំ​ច្បាប់​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំ​នៅឯស្រុក​កំណើត។

លោក ​រ៉ុង ឈុន ​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​សរសេរលិខិត​ដាក់​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ​ដើម្បី​តស៊ូមតិ​ឱ្យ​អស់​តែម្តងទៅ​​ ថាតើ​ផ្លូវច្បាប់​នៅកម្ពុជា​យើង​បែបម៉េច​ៗ យើង​ត្រូវ​តែតស៊ូ​មតិ​ទោះបី​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​យើង​មិន​បោះបង់​ទេ។ យ៉ាងហោច​ឱ្យ​ប្រជាពល​រដ្ឋ​លោក​បាន​ឃើញ ​ថាតើ​នៅក្នុង​សង្គម​កម្ពុជា​យើង​នឹង​វាបែបម៉េច!»។

លោក ​ជា មុនី ​ប្រធានគណបក្ស​កម្លាំងជាតិ ​បានសម្តែង​ការសោកស្តាយ​ ចំពោះ​ការ​ច្រាន​ចោល​​របស់​តុលាការកំពូល ​​លើការសុំ​ច្បាប់​របស់​លោក ​រ៉ុង ឈុន ​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ស្រុក​កំណើតនេះ​។ លោក​ថ្លែងថា ការ​ស្នើ​សុំ​របស់​លោក​គ្រូ រ៉ុង​ ឈុន ​ទៅ​តុលាការ​កំពូល​​គឺជា​សីលធម៌​ ខណៈ​លោក​គ្រូ រ៉ុង​ ឈុន​ គឺ​ជាបញ្ញវន្តមួយ​រូប​ដែល​ជាអ្នក​គោរពច្បាប់​គោរព​សាល​ដី​កា​​របស់​តុលាការ។

លោក​បញ្ជាក់​ថា៖ ​«ការ​សម្រេច​របស់​តុលាការកំពូល​​ វាជាឆន្ទានុសិទ្ធិ​របស់​តុលាការ​មែន ​​ប៉ុន្តែ​សម្រាប់​ប្រជាពល​រដ្ឋ​ គឺ​មិន​គាំទ្រនោះទេ ​ពីព្រោះគ្រាន់​តែសុំ​ទៅ​ចូល​រួម​កាន់​បិណ្ឌ​ភ្ជុំ​បិណ្ឌ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​​ក៏មិន​អនុញ្ញាតឱ្យគាត់​!»។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​​ចោទសួរ​ថា បើ​ប្រៀប​ធៀបទៅ​អ្នក​នយោបាយ​ដទៃទៀត​គឺ​អាច​ចេញទៅ​នេះទៅ​នោះបែបលក្ខណៈ​ធ្វើបុណ្យ​ធ្វើ​ទាន​បាន ហេតុ​អ្វី​លោក ​រ៉ុង ឈុន ​គេមិន​អនុញ្ញាត ​គ្រាន់​តែរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ឬក៏មួយថ្ងៃ?

លោក​ ជា មុនី ថ្លែងថា៖ «ខ្ញុំ​សោកស្តាយណាស់ សោក​ស្តាយមែន​ទែន​ ហីបើ​តុលាការ​ធ្វើ​ការ​ពិចារណា​ដោយ​យក​លក្ខណៈ​​មនោសសញ្ចេតនា ​​ឬក៏ការយោគយល់​ គឺ​ជាការ​ល្អ​ពីព្រោះ​ខ្ញុំ​មើល​ឃើញគាត់​ដូចមិន​ទាន់​ជាមនុស្ស​ក្បត់​ជាតិ ​ធ្វើ​ឱ្យ​ប្រទេសជាតិ​ខូចឈ្មោះ ដោយ​សារ​តែ​គាត់​បាន​ប្រព្រឹតអ្វីខុសនោះទេ»។

សូមរម្លឹកជូនថា លោក រ៉ុង ឈុន ដែលត្រូវ​បាន​​គេចាត់​​ទុក​ថា​ ជា​និមិត្ត​រូប​នៃ​ការ​តស៊ូមតិ​ដោយ​អហិង្សា​យ៉ាងស្វិត​ស្វាញ ដែលជាអ្នករិះគន់រដ្ឋាភិបាល​យ៉ាងសកម្ម​ លើបញ្ហាព្រំដែន​ និង​បញ្ហា​អសកម្ម​ក្នុង​សង្គម​ផ្សេងៗ ត្រូវបានតុលាការកំពូលកាលពីថ្ងៃទី​១៩ ខែ​មិថុនា ​ឆ្នាំ២០២៦ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគាររយៈពេល ៤ឆ្នាំ ដោយព្យួរទោស និងពិន័យជាប្រាក់​ ៤លានរៀល​ព្រម​ទាំង​ហាម​ធ្វើ​ដំណើរ​ចេញពីរង្វង់រាជធានីភ្នំពេញ ក្រោមការ​ចោទប្រកាន់​ពីបទ«មិនរាងចាល» ដូចអ្វីដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ 

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​រូបនេះ បាន​ថ្លែងទៅកាន់អ្នកកាសែត នៅ​ខាង​មុខរបងតុលាការកំពូល​កាលពី​ថ្ងៃទី២២ ខែកញ្ញា​ថា ការកាត់ទោសរូបលោក ព្រមទាំងហាម​ធ្វើ​ដំណើរ​ចេញពីរង្វង់រាជធានីភ្នំពេញ គឺ​ប្រៀបបានជាការធ្វើទុក្ខបុកម្នេញលើរូបលោក។

ប៉ុន្តែ​អតីតប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ​រូប​នេះ ​បាន​បញ្ជាក់​ពីជំហរថា លោកនៅតែបន្តការអត់ធ្មត់ដើម្បីមុខមាត់កម្ពុជា និងចាត់ទុកការដាក់ទណ្ឌកម្មលើ​រូបលោកនាពេលនេះ​ថា គឺដោយសារតែការតស៊ូមតិរបស់លោករឿងបញ្ហាជាតិសម្រាប់ជាប្រយោជន៍ប្រជាជនកម្ពុជា​​។

លោក​ នី សុខា ប្រធាន​សមាគមការពារ​សិទ្ធិមនុស្ស​អាដ​ហុក ​បាន​ប្រាប់​សារព័ត៌មាន​ខេមបូចា​នៅថ្ងៃទី២៥ ខែ​កញ្ញា​នេះ​ថា បើ​ផ្អែក​ទៅលើផ្លូវ​ច្បាប់​ សាលដីកា​របស់​តុលាការកំពូល​ មាន​ន័យ​ថា ជាសាលដីកា​ចុង​ក្រោយ​ ហើយ​បិទផ្លូវតវ៉ា។ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ​ លោក ​រ៉ុង ឈុន​ក៏នៅ​តែ​ជាប្រជាពល​រដ្ឋ​ខ្មែរម្នាក់​ ដែល​មាន​សិទ្ធិ​ស្នើ​សុំ​ទៅ​ស្ថាប័ន​ដែល​មាន​ឆន្ទានុសិទ្ធិ​ជាពិសេស​តុលា​ការ​ ដើម្បី​ពិចារណា​ទៅ​លើសំណើរ​របស់​គាត់​។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​រូប​នេះ​លើកឡើងថា៖ «ខ្ញុំ​យល់​ថា រឿង​នេះ​ប្រសិន​បើ​ពិនិត្យ​ទៅលើ​សំណើ​​សុំ​របស់​លោក​ រ៉ុង ឈុន​ វាមិន​មែន​ជាសំណើសុំ​មួយ​ដែល​វាហួស​ហេតុ​ពេក​ឬក៏​វាមិន​ប៉ះពាល់​ទៅដល់​ការអនុវត្ត​ច្បាប់​របស់​តុលាការ​ទេ។ ខ្ញុំ​គិត​ថា ក៏គួរ​តែមាន​ការពិចារណាដែរ​ពី​ព្រោះ​យើង​ដឹងហើយ​ថា លោក ​រ៉ុង ឈុន គឺ​ជាមេដឹកនាំ​នយោបាយ​ដ៏សំខាន់​មួយ»។

បើ​តាម​លោក ​នី សុខា ​នៅក្នុង​ដំណើរការនៃការអនុវត្តកន្លងមក​ ទៅលើ​ការចោទប្រកាន់​និង​ការកាត់​ទោស​លោក ​រ៉ុង ឈុន​នេះ ​​ត្រូវ​បាន​មតិជាតិ ​និងអន្តរជាតិ​គេមើល​ឃើញថា វា​មាន​ការ​ពាក់​ព័ន្ធ​រឿង​កក្តា​នយោបាយ ​ច្រើន​ជាង​រឿង​ការអនុវត្ត​ច្បាប់​។

ហេតុដូច្នេះ​ហើយ​សម្រាប់​រូប​លោក​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ​«បើ​សិន​ជាមិន​មាន​ការ​ទាស់​ខុសអ្វី​ទេ ហើយ​នេះ​វាជារឿង​គុណធម៌ផងដែរ ​សម្រាប់​មេដឹកនាំ​ន​យោបាយ​ដែល​ជាផ្លូវ​មួយ​បើក​ឱ្យមាន​ការបន្ធូរ​បន្ថយ​ក៏​ដូច​ជាការ​ផ្សះផ្សាខាងផ្លូវ​នយោបាយ​ផងដែរ។ ប្រសិន​បើ​យើង​អាច​ធ្វើបាន​គួរ​តែមាន​ការបន្ធូរបន្ថយ ​ក្នុងការ​អនុញ្ញាតដើម្បី​ឱ្យ​គាត់​បាន​ទៅ​ស្រុក​ដើម្បី​បាន​ធ្វើ​បុណ្យ​ធ្វើទាន​តាម​ប្រពៃ​ណី​»។

លោក​បានបន្តថា​ ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌនេះ ​ជាបុណ្យ​ដ៏​សំខាន់​សំរាប់​ប្រជាពល​រដ្ឋ​ខ្មែរ​ក្នុងការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត ​ដើម្បី​ធ្វើ​បុណ្យ​ដាក់​ទាន ​ទៅ​តាម​​ប្រពៃណីទំនៀម​ទម្លាប់។​ ដូច្នេះ​លោក​គិត​​ថា ប្រសិន​បើ​វាមិន​មានការប៉ះទង្គិច​អ្វី​ធ្ងន់​ធ្ងរទៅ​ដល់ការអនុវត្ត​​ច្បាប់​របស់​តុលាការ​ទេ គួរ​តែមាន​ការ​​បន្ធូរ​បន្ថយ​អនុញ្ញាត​ឱ្យ​លោក​ រ៉ុង ឈុន បាន​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំ​នៅ​ឯស្រុក​កំណើត។

បើ​តាម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​រូបនេះ ការ​​បង្ហាញឥរិយាបទ​បន្តរឹតបន្តឹង​​លើ​សិទ្ធិ​សេរីភាព​របស់​លោក ​រ៉ុង ឈុន ហាក់​មិនមាន​ផល​ប្រយោជន៍​អ្វីនោះ​ទេ ពីព្រោះ​អ្វីៗកន្លងមក​ រដ្ឋាភិបាល​ និង​តុលាការ​ បាន​ធ្វើ​ការសម្រសបម្រួល​​រហូត​ដល់​​អ្នក​ទោស​មួយ​ចំនួន ​​ត្រូវ​បាន​លើក​លែង​ទោស​ជាបន្តបន្ទាប់​។

លោក​ប្រធាន​សមាគម​អាដហុក​បញ្ជាក់​ថា៖ «ដូច្នេះ​ខ្ញុំ​គិត​ថា វាសំខាន់​​វាស្ថិតនៅ​លើ​ថាតើ​រដ្ឋាភិបាល​ក្តី​ តុលាការក្តី មាន​ឆន្ទៈក្នុងការបន្ធូរ​បន្ថយ​ និង​បង្កបរិយាកាសនយោបាយ​ឱ្យវាមាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញឬអត់ ​​​អាហ្នឹង​វា​ជារឿង​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក៏ដូច​ជាតុលា​ការ​ឬ​ក៏ឆន្ទៈ​របស់​អ្នក​អនុវត្ត​ច្បាប់»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម