សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គណបក្សកម្លាំងជាតិនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ​(ICC) ជុំវិញជម្លោះព្រំដែនខ្មែរ-ថៃ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បង្ហាញឯកសារដែលមានស្នាមមេដៃរបស់អ្នកគាំទ្រ ដែលនឹងត្រូវដាក់ជូនទៅកាន់តុលាការ ICC ជាពាក្យបណ្តឹងប្រឆាំងនឹងប្រទេសថៃជុំវិញជម្លោះព្រំដែន។ រូបថតថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។(ខេមបូចា/ព្រីង សំរាំង)
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បង្ហាញឯកសារដែលមានស្នាមមេដៃរបស់អ្នកគាំទ្រ ដែលនឹងត្រូវដាក់ជូនទៅកាន់តុលាការ ICC ជាពាក្យបណ្តឹងប្រឆាំងនឹងប្រទេសថៃជុំវិញជម្លោះព្រំដែន។ រូបថតថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។(ខេមបូចា/ព្រីង សំរាំង)

គណបក្សប្រឆាំង គឺគណបក្សកម្លាំងជាតិ កំពុងដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

កាលពីខែមិថុនាឆ្នាំមុន កម្ពុជាបានដាក់សំណើទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ជុំវិញតំបន់ប្រាសាទបុរាណមួយចំនួន នៅក្នុងតំបន់មុំបី។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សប្រឆាំង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទ ទី៨ ខែមិថុនាថា អ្នកគាំទ្រចំនួន ៥ ៧៨៩នាក់ ជាពិសេសប្រជាពលរដ្ឋខ្មែរបានផ្តិតស្នាមមេដៃដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹងការឈ្លានពានរបស់ថៃ។

តុលាការព្រហ្មទណ្ឌអន្តរជាតិ មានតួនាទីស៊ើបអង្កេតនិងកាត់ទោសភាគីទាំងឡាយណា ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មឈ្លានពាន។

លោក រ៉ុង ឈុន បានថ្លែងថា៖ «យើងត្រូវតែធ្វើឱ្យអស់ពីសមត្ថភាព ក្នុងនាមជាគណបក្សប្រឆាំង និងអ្នកតស៊ូមតិ។ ប្រសិនបើយើងមិនធ្វើអ្វីសោះ យើងនឹងទទួលបានលទ្ធផលស្មើសូន្យ»។

លោកបានចោទប្រកាន់ថា ថ្នាក់ដឹកនាំថៃបានប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» ដោយសារការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ហើយពួកគេគួរតែទទួលខុសត្រូវចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធ តំបន់ប្រាសាទបុរាណ និងជនស៊ីវិល។

លោក រ៉ុង ឈុន បានចោទប្រកាន់ទៀតថា ប្រទេសថៃបានរំលោភលើទឹកដីកម្ពុជា តាមរយៈការសាងសង់របងលួសបន្លា ការសាងសង់សំណង់នានាតាមបណ្តោយព្រំដែន ការបណ្តេញពលរដ្ឋខ្មែរឱ្យចាកចេញពីលំនៅឋាន និងបង្កឱ្យមានមនុស្សស្លាប់ ក្នុងកំឡុងពេលប្រយុទ្ធគ្នាកាលពីឆ្នាំមុន។

កងកម្លាំងថៃក៏បានបើកការវាយប្រហារតាមអាកាស ទម្លាក់គ្រាប់បែកចង្កោម វាយប្រហារដោយឧស្ម័នពុល បាញ់កាំភ្លើងធំធុនធ្ងន់ ប្រតិបត្តិការយន្តហោះដ្រូន និងការលុកលុយពីសំណាក់យន្តហោះចម្បាំងប្រភេទ F-16 និង Gripen ចូលក្នុងទឹកដីកម្ពុជាផងដែរ។ 

លោកបានបន្តថា៖ «បន្ទាប់ពីសន្និសីទសារព័ត៌មាននេះ យើងនឹងប្រមូលស្នាមមេដៃទាំងនេះ រួចផ្ញើទៅកាន់សាខារបស់គណបក្សនៅអឺរ៉ុប ដើម្បីរៀបចំដាក់ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ»។

កាលពីសប្តាហ៍មុន កម្ពុជាបានចាប់ផ្តើមដំណើរការសម្រុះសម្រួលមួយដែលកម្រនឹងត្រូវបានយកមកប្រើប្រាស់ ស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានលុបចោលជាឯកតោភាគី នូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ស្តីពីតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ និងការរុករករ៉ែអ៊ីដ្រូកាបូនរួមគ្នានៅក្នុងតំបន់ដែលគេជឿថា មានស្តុកប្រេង និងឧស្ម័នធម្មជាតិ រហូតដល់ទៅ ៣០០ ប៊ីលានដុល្លារ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនបានឆ្លើយតបភ្លាមៗទេ នៅពេលអត្ថបទនេះត្រូវបានចុះផ្សាយ។

ចំណែកឯស្ថានទូតថៃប្រចាំនៅភ្នំពេញ និងក្រសួងការបរទេសថៃ ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ។

រីឯ លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NPP to File Complaint Against Thailand With ICC Over Border Dispute

ព័ត៌មានថ្មី

អត្ថបទពេញនិយម