ការរីកចម្រើននៃវិស័យកីឡាប្រដាល់គុនខ្មែរទាំងលើឆាកជាតិ និងអន្តរជាតិ ជួយឱ្យកីឡាករកីឡាការិនីមានសមត្ថភាពលេចធ្លោមួយចំនួន អាចរកបានចំណូលរាប់ពាន់ដុល្លារក្នុង១ប្រកួតៗ ដើម្បីបង្កើតជីវភាពរស់នៅដ៏ប្រសើរមួយ ប៉ុន្តែចំពោះអត្តពលិកមួយចំនួនទៀត នៅតែគេចមិនផុតពីការខ្ចីបុលគេ ដើម្បីទោះទល់ក្នុងគ្រួសារ ពេលជួបបញ្ហា ជាពិសេសនៅពេលមានរបួសបាក់ដៃបាក់ជើង ត្រូវវះកាត់ ខកខានបានឡើងប្រកួតរយៈពេលយូរ។
កីឡាករជើងចាស់ អ៊ុំ ចំរើន ដែលបានចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរ តាំងពីឆ្នាំ២០០៨ ជាមួយការឈ្នះបានមេដាយមាស៥ ប្រាក់២ សំរឹទ្ធ២ ខ្សែក្រវាត់២ និងពានចំនួន៣ ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនោះ បានកំពុងនឹងជួបវិបត្តិនេះ បន្ទាប់ពីរូបគេមានរបួសរហែកសរសៃចងនៅផ្នែកខាងក្នុងនៃជង្គង់ (MCL) ហើយត្រូវការព្យាបាលរយៈពេលវែង ដែលធ្វើឱ្យខ្សែជីវិតរបស់គេអាចវិលទៅរកការខ្ចីបុលគេម្តងទៀត។
ចំរើន បានរងរបួសដាច់សរសៃ MCL នៅពេលរូបគេប្រកួតដណ្តើមយកមេដាយមាស ក្នុងព្រឹត្តិការណ៍គុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦ នៅវៀតណាម ជាមួយកីឡាករចិន Peng Fajun ក្នុងទម្ងន់ក្រោម៦៧គីឡូក្រាម កាលពីថ្ងៃទី៥ ខែកញ្ញា។ នេះជារបួសចាស់ ដែល ចំរើន ធ្លាប់បានវះកាត់ កាលពីឆ្នាំ២០២៣ ហើយកាលពីឆ្នាំ២០១៧ ចំរើន ក៏ធ្លាប់បានវះកាត់ម្តងដែរ។
នៅក្នុងបទសម្ភាសជាមួយខេមបូចា អ៊ុំ ចំរើន បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលរូបគេបានរងរបួសធ្ងន់ គឺលើកទី១ របួសដាច់សរសៃ ACL នៅឆ្នាំ២០១៧ ដោយរូបគេបានមើលគ្រូខ្មែរចូល១ឆ្នាំ មុនពេលសម្រេចវះកាត់ និងសម្រាកព្យាបាលចូល៦ខែ ទើបបានជាសះស្បើយ។
«ខ្ញុំបានខ្ចីលុយគេ ដើម្បីមើលរបួសនេះជាមួយគ្រូខ្មែរ ព្រោះខ្ញុំអត់ដឹងថា មានរបួស ACL នេះ ប៉ុន្តែចូលជិត១ឆ្នាំ ទើបខ្ញុំបានទៅជួបលោកដុកទ័រ នៅពេទ្យរុស្ស៊ី។គាត់ថា ខ្ញុំមានរបួសនេះ ត្រូវវះកាត់»។ ចំរើន បន្ថែមថា៖«ខ្ញុំបានពន្យារពេលការវះកាត់ជាង១ខែ ព្រោះអត់លុយ តែទីបំផុត ខ្ញុំបង្ខំចិត្តលក់ឡានរបស់ខ្ញុំ បានចូល៨ពាន់ដុល្លារ ហើយត្រូវចំណាយការវះកាត់ និងព្យាបាលអស់ដល់៦ពាន់ដុល្លារ គឺកាលនោះ គ្មានខាងណាជួយយើងនោះទេ លុយខ្លួនឯងទាំងអស់»។
តែទោះបីជាយ៉ាងណា ក្រោយវះកាត់របួស ACL នោះ អ៊ុំ ចំរើន មិនត្រូវបានក្រុមគ្រួសារ គាំទ្រឱ្យវិលចូលប្រដាល់ទៀតនោះទេ។ ចំរើន បានសម្រេចខ្ចីលុយធនាគារចំនួន ១៧០០០ដុល្លារដើម្បីបើកតូបសាក់រូបមួយកន្លែងនៅផ្លូវចម្ការដូង និងបានប្រើមុខរបរនេះ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារជំនួសការឡើងប្រដាល់រហូតដល់ឆ្នាំ២០២៣។
ប៉ុន្តែដោយសារមុខរបរសាក់រូប ធ្លាក់ចំណូល ហើយចិត្តនៅតែស្រឡាញ់ប្រដាល់ ចំរើន ដែលបានឡើងទម្ងន់ពីជាង៦០គីឡូក្រាម ដល់៩៤គីឡូក្រាមនោះ បានចូលហាត់ប្រដាល់វិញ ដោយខំសម្រាកទម្ងន់មកនៅ៦៧គីឡូក្រាម ប៉ុន្តែការបុកហាត់ខ្លាំងពេកធ្វើឱ្យ ចំរើន មានរបួសដាច់សរសៃ MCL ហើយត្រូវវះកាត់ម្តងទៀតនៅពាក់កណ្តាលឆ្នាំ២០២៣ ដោយត្រូវចំណាយចូល៣ពាន់ដុល្លារ ជាថវិកានៅជាប់ខ្លួន និងខ្ចីគេបន្ថែមខ្លះ ទើបបានជាសះស្បើយ។
២ខែក្រោយមក ចំរើន បានឡើងប្រកួតវិញក្នុងតម្លៃខ្លួន៣០០ដុល្លារ នឹងបានឡើងដល់ជាង៧០០ដុល្លារ ហើយការទទួលបានឱកាសប្រកួតបន្តបន្ទាប់សរុបជាង៣០ដងនោះ ធ្វើឱ្យស្ថានភាពរស់នៅរបស់កីឡាករមានប្រពន្ធ និងកូន២នាក់រូបនេះ មានភាពប្រសើរមួយកម្រិតវិញ។ ប៉ុន្តែបញ្ហារបួស MCL លើកក្រោយនេះ ធ្វើឱ្យស្ថានភាពរស់នៅរបស់ ចំរើន កំពុងស្ថិតក្នុងក្តីបារម្ភជាថ្មី។
របួស MCL នេះ ចំរើន ថា គ្រូពេទ្យឱ្យសម្រាកព្យាបាល៣ខែ មិនទាន់តម្រូវឱ្យវះកាត់ទេ គឺរង់ការពិនិត្យ និងវាយតម្លៃម្តងទៀតក្នុងរយៈពេល១ខែក្រោយ ខណៈការចំណាយគ្រប់បែបយ៉ាង ជាបន្ទុករបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ទោះយ៉ាងណាការខកខានប្រកួតរយៈពេលវែងនេះធ្វើឱ្យ ចំរើន មានការព្រួយបារម្ភខ្លាំងទៅលើជីវភាពគ្រួសារ ព្រោះប្រពន្ធរបស់គេឈ្មោះ កែវ ស្រីលក្ខិណ៍ ក៏បានវះកាត់របួសបាក់ភ្លៅ ទើបដើរបានវិញតិចៗ មិនទាន់អាចធ្វើការងារបានដូចគ្នា។
អ៊ុំ ចំរើន បានបញ្ជាក់ដោយទឹកមុខស្រងូតស្រងាត់ថា៖ «ប្រពន្ធខ្ញុំ បានដួលបាក់ភ្លៅ ពេលដេញចាប់កូន។ ទោះគាត់មានបណ្ណបសស ទទួលបានការវះកាត់ និងព្យាបាលមិនបង់ប្រាក់ ប៉ុន្តែពួកខ្ញុំ បានចងការលុយគេ២ពាន់ដុល្លារ ដើម្បីចំណាយបន្ថែមទៅលើការសម្រាកព្យាបាល និងការហូបចុកផ្សេងៗទៀត»។
និយាយដល់ការខ្ចីលុយគេ ដើម្បីដោះទាល់នេះ អ៊ុំ ចំរើន បានដកដង្ហើមធំ ហើយនិយាយថា៖ «វាគេចមិនផុតពីការខ្ចីលុយគេទេបង នៅពេលយើងមានបញ្ហាបែបនេះ ព្រោះខ្ញុំជាបង្គោលសំខាន់ ក្នុងគ្រួសារ អ៊ីចឹងពេលមានរបួស ឡើងប្រកួតអត់កើត តើយើងបានប្រាក់ពីណាទៅផ្គត់ផ្គង់ការរៀនសូត្ររបស់កូន និងការចំណាយផ្សេងៗទៀត?»។
នៅក្នុងស្ថានភាពដ៏លំបាកនេះ ចំរើន បានពឹងផ្អែកទៅលើចំណូលបានពីការសាក់រូបភាព ដោយរូបគេនៅតែត្រូវចំណាយពេលទៅសាក់រូបឱ្យភ្ញៀវ ទោះខ្លួនឯងកំពុងមានរបួស MCL ហើយគ្រូពេទ្យតម្រូវឱ្យសម្រាកព្យាបាលនៅផ្ទះ។ ចំរើន ប្រាប់ថា មុខរបរសាក់រូបពេលនេះរកមិនសូវបានទេ តែគ្មានជម្រើសអ្វីក្រៅពីនេះឡើយ ព្រោះក្នុង១ខែៗគ្រួសាររបស់ ចំរើន ត្រូវការថវិកាជិត៥០០ដុល្លារ ដើម្បីបង់ការប្រាក់ឱ្យគេ។
កីឡាករវ័យ៣២ឆ្នាំរូបនេះ បានទម្លាយដោយមិនលាក់ថា៖ «ពេលនេះខ្ញុំនៅជំពាក់លុយចងការគេ២ពាន់ដុល្លារ ដែលត្រូវបង់ការប្រាក់១ខែ២០០ដុល្លារជាប្រចាំ ហើយលុយដែលខ្ញុំបានខ្ចីពីខាងធនាគារចំនួន១៧០០០ដុល្លារ ដើម្បីបើកហាងសាក់រូប ក៏នៅមិនទាន់ដាច់នោះដែរ ដោយខ្ញុំត្រូវបង់១ខែ២៨០ដុល្លារ»។
ជាមួយគ្នានេះ អ៊ុំ ចំរើន ក៏មានក្របខណ្ឌជាទាហាននៅក្រសួងការពារជាតិដែរ បន្ទាប់ពីរូបគេ ដណ្តើមបានមេដាយមាសការប្រកួតជើងឯកថ្នាក់ជាតិឱ្យស្ថាប័ននេះ។ ក្របខណ្ឌទាហាន ដែលទទួលបានកាលពីឆ្នាំ២០២៤នេះ ចំរើន អាចទទួលបានប្រាក់បៀរវត្សរ៍ក្នុង១ខែប្រមាណ ១លាន៣០ម៉ឺនរៀល។
ប៉ុន្តែប្រាក់បៀរវត្សរ៍នេះ បានត្រឹមរួចថ្លៃបង់ធនាគារប្រចាំខែ ចំណែកការបង់ការប្រាក់ក្នុង១ខែ២០០ដុល្លារទៀត រួមទាំងការចំណាយទៅលើកូនរៀន និងចំណាយផ្សេងៗទៀត នៅក្នុងគ្រួសារ បានក្លាយជាបន្ទុកកាន់តែធំ ហើយសូម្បី ចំរើន ខ្លួនឯង ក៏មិនទាន់ដឹងថា ត្រូវដោះស្រាយទៅមុខដល់ពេលណានោះដែរ ខណៈបងប្អូនរបស់គេ ក៏មានជីវភាពលំបាក មិនអាចជួយបានដែរនោះ។
កីឡាករមានរហស្សនាម «ក្រមុំតែងខ្លួន» អ៊ុំ ចំរើន បញ្ជាក់ថា៖ «បញ្ហាសំខាន់នៅចំពោះមុខពេលនេះ ត្រូវធ្វើម៉េចរកលុយបង់ការប្រាក់ឱ្យគេ ហើយខ្ញុំមិនដឹងថា អាចរត់រួចដល់ពេលណានោះទេ ព្រោះប្រពន្ធខ្ញុំពេលនេះ ក៏មិនទាន់អាចធ្វើអ្វីបាននោះដែរ ខណៈការចំណាយកាន់តែអស់ច្រើន»។
អ្វីដែលជាក្តីសង្ឃឹមចុងក្រោយរបស់ ចំរើន ពេលនេះគឺអាចទទួលបានការសណ្តោសប្រណីពីសប្បុរសជន ក្នុងការជួយទំនុកបំរ៉ុងដល់រូបគេ ក្នុងពេលឡើងប្រកួតមិនបាននេះ ហើយបញ្ហារបួសលើកនេះ ចំរើន ក៏មិនទាន់ប្រាកដថា អាចឡើងប្រកួតបានវិញ ឬបញ្ចប់អាជីពកីឡាត្រឹមនេះទេ។
«បើពេទ្យប្រាប់ថា របួសក្រោយនេះ ខ្ញុំមិនអាចប្រកួតកើត មានតែចាប់ធ្វើជាគ្រូបង្វឹក ព្រោះក្រៅពីប្រដាល់នេះ ខ្ញុំក៏មិនដឹងទៅរំពឹងអ្វីទៀតនោះដែរ! បើសង្ឃឹមលើរបរសាក់រូប ក៏ពិបាកដែរ ព្រោះពេលនេះស្ងាត់តែម្តង។ ពីមុនក្នុង១ខែៗ រកបានគួរសមដែរ ដោយមានភ្ញៀវមកសាក់ពី២០ទៅ៣០នាក់អីនោះ តែឥឡូវ១ខែ បានត្រឹម៤ទៅ៥នាក់អីហ្នឹង»។
អ៊ុំ ចំរើន បានសង្កត់ធ្ងន់ថា៖ «ជាអ្នកប្រដាល់ នៅពេលមានរបួសបែកបាក់បែបហ្នឹង គឺពិបាកណាស់ ព្រោះយើងបានចំណូលពីការប្រកួត។ ទោះ១ខែវ៉ៃបានម្តង ក៏យើងបានចំណូលសម្រាប់ទប់ដែរ ប៉ុន្តែពេលអត់បានឡើងប្រកួតរយៈពេលយូរ វាបាត់ចំណូល ហើយត្រូវចំណាយកាន់តែច្រើនទៀត»។

ចំណែកកីឡាករ នៅ សុខទី ដែលធ្លាប់បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនោះ ក៏មានរបួសដាច់សរសៃ ACL ផងដែរ ហើយគេបានប្រើបណ្ណបសស ដើម្បីធ្វើការវះកាត់ និងព្យាបាលរបួសនេះ កាលពីខែតុលា ឆ្នាំ២០២៥ ហើយមកដល់ពេលនេះ សុខទី មិនទាន់បានឡើងប្រកួតវិញទេ។
បើទោះបីជា សុខទី មានក្របខណ្ឌជាមន្រ្តីប៉ូលិស តាំងពីឆ្នាំ២០២៣ ដោយទទួលបានប្រាក់បៀវត្សរ៍ជាង ១ ៥០០ ០០០រៀល ក្នុងមួយខែៗ ប៉ុន្តែកំលោះរូបនេះ អះអាងថា ការខកខានឡើងប្រកួតរយៈពេលវែងនេះ ធ្វើឱ្យជីវភាពរបស់គេមានការលំបាកច្រើន ព្រោះ សុខទី ជាបុគ្គលសំខាន់ម្នាក់ ក្នុងការជួយទំនុកបម្រុងដល់គ្រួសារ ដែលមានស្ថានភាពលំបាក និងជំពាក់អង្គការផងដែរ។
សុខទី បញ្ជាក់ថា៖ «ប៉ាម៉ាក់របស់ខ្ញុំជាអ្នកដើរលក់កន្ទេលនៅតាមភូមិ មានជីវភាពពិបាក ហើយក៏បានជំពាក់លុយអង្គការដែរ អ៊ីចឹងពេលឡើងប្រកួតម្តងៗ ខ្ញុំតែងដកប្រាក់បានពីប្រកួតមួយផ្នែក យកទៅជួយដល់គាត់ ដើម្បីចំណាយក្នុងគ្រួសារផង និងបង់អង្គការផង ប៉ុន្តែពេលនេះខ្ញុំខកខានឡើងប្រកួតចូល១ឆ្នាំហើយ ដល់អ៊ីចឹងវាអត់ស្រួលទេ»។
យ៉ាងណាក៏ដោយ សុខទី បានទម្លាយថា រូបគេ នឹងចូលសង្វៀនប្រកួតវិញ នៅខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែមិនមែនប្រកួតគុនខ្មែរនោះទេ ជាការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ព្រោះមុនចូលប្រកួតគុនខ្មែរ នៅអំឡុងឆ្នាំ២០២៣ សុខទី ជាកីឡាករថ្នាលជម្រើសជាតិប្រដាល់សកល រហូតដល់ឈុតធំ ដោយធ្លាប់ឈ្នះមេដាយមាសជើងឯកថ្នាក់ជាតិ ជាច្រើនលើក និងឈ្នះមេដាយសំរឹទ្ធ២គ្រឿង ពីការចេញទៅប្រកួតនៅប្រទេសកាហ្សាក់ស្ថានផងដែរ។
លទ្ធផលទាំងនោះហើយ ទើបជួយឱ្យ នៅ សុខទី ទទួលបានក្របខណ្ឌជាមន្រ្តីប៉ូលិស នៅក្រសួងមហាផ្ទៃ ហើយ សុខទី គ្មានបំណងបោះបង់ចោលអាជីពប្រដាល់ទេ។ «ដរាបណាខ្ញុំវាយលែងកើត ទើបខ្ញុំបោះបង់ ព្រោះខ្ញុំស្រឡាញ់ និងបានតស៊ូក្នុងអាជីពមួយនេះតាំងពីតូចមក។ កាលនោះខ្ញុំវេទនាណាស់ គ្មានអ្វីទេ ប៉ុន្តែបន្ទាប់ពីបានចូលហាត់នៅក្លិបតាឡីដំរីមានរិទ្ធ និងបានឡើងប្រកួតមក ធ្វើឱ្យជីវភាពរស់នៅខ្ញុំមានភាពប្រសើរមួយកម្រិត ហើយអាជីពនេះ ក៏បានជួយឱ្យខ្ញុំទទួលបានក្របខណ្ឌជាប៉ូលិសផងដែរ»។
កីឡាករវ័យ២៥ នៅ សុខទី បន្ថែមថា៖ «សម្រាប់ការវិលចូលទៅប្រកួតជាថ្មីនេះ ខ្ញុំនៅតែបារម្ភខ្លាចរបួសចាស់នេះមានបញ្ហាម្តងទៀត ព្រោះគ្រូពេទ្យប្រាប់ថា ជើងឆ្វេងរបស់ខ្ញុំ មិនអាចបាន១០០ភាគរយវិញទេ គឺអាចបានពី៧០ទៅ៨០ភាគរយអីហ្នឹង អ៊ីចឹងខ្ញុំចូលប្រកួតប្រដាល់សកលឱ្យបានរឹងមាំសិន ទើបវិលមកប្រកួតគុនខ្មែរវិញ»។
យ៉ាងណាក៏ដោយ នៅ សុខទី មិនរំពឹងថា អាចអភិវឌ្ឍសមត្ថភាពបានខ្លាំងជាងមុនពេលរបួសនោះទេ។ «ខ្ញុំក៏មានបំណងចង់ក្លាយជាកីឡាករមានឈ្មោះល្បីអាចរកបានចំណូលរាប់ពាន់ដុល្លារដូចកីឡាករជួរមុខដែរ ប៉ុន្តែតាមស្ថានភាពជើងរបស់ខ្ញុំពេលនេះ ប្រហែលមិនអាចនោះទេ។ បានត្រឹមមុនពេលរបួស ខ្ញុំយកហើយ ដោយកាលនោះឈ្មោះ នៅ សុខទី ល្បីគួរសមដែរ ហើយបានប្រកួតអន្តរជាតិជាបន្តបន្ទាប់ជាមួយប្រាក់តម្លៃខ្លួនប្រមាណ៤០០ដុល្លារដែរហ្នឹង»។
ចំណែកកីឡាករជើងចាស់ ឡុង សុវណ្ណឌឿន ធ្លាប់វះជើង១ដង ប្រេះឆ្អឹងប្រអប់ជើងឆ្វេងម្តង ស្តាំម្តង វះកែងដៃឆ្វេងម្តង ស្តាំម្តង បាក់ម្រាមដៃ២ដង និងរបួសក្តោងច្រមុះគាស់៤ដង ធ្ងន់ធ្ងរ២ដងប៉ុន្តែរបួសជំនាន់នោះ ខាងស្ថានីយ និងសហព័ន្ធ បានជួយជាកញ្ចប់មិនច្រើនប៉ុន្មានទេ ហេតុនេះសាមីខ្លួន ត្រូវដោះស្រាយខ្លួនឯង ឬក៏ត្រូវខ្ចីលុយគេ មកមើលរបួសរហូតដល់ជា ដើម្បីបានឡើងប្រកួតវិញ។
ឡុង សុវណ្ណឌឿន បានបញ្ជាក់ថា៖ «ជីវិតអ្នកប្រដាល់តែប៉ុណ្ណោះ កម្រគេចផុតពីការមានរបួសធ្ងន់ណាស់! ដូចខ្ញុំអីមានស្នាមរបួសស្ទើរសុសសាច់ទៅហើយ តែសំខាន់ពេលមានរបួស ដេកព្យាបាល និងខំរកស៊ីរបរផ្សេង សម្រាប់ទ្រទ្រង់គ្រួសារ ហើយពេលហាត់បាន ក៏ឡើងប្រកួតវិញ។ ខ្ញុំមិនបានត្អូញត្អែរឱ្យអ្នកណាដឹងពីទុក្ខលំបាកទាំងនេះទេ»។
យ៉ាងណាក៏ដោយ ស្ថានភាពប្រដាល់ពេលបច្ចុប្បន្ន សុវណ្ណឌឿន អះអាងថា មានភាពប្រសើរច្រើន ទាំងការរកចំណូល ហើយពេលមានរបួសក៏មានការយកចិត្តទុកដាក់ព្យាបាល។ នេះក៏ជាផ្នែកមួយដែល សុវណ្ណឌឿន នៅតែបន្តឡើងប្រកួត ខណៈការប្រកួតគុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦ នៅវៀតណាម កាលពីដើមខែកញ្ញានេះ សុវណ្ណឌឿន ត្រូវបានជ្រើសរើសឱ្យកាន់ដងជាតិកម្ពុជា ចូលរួមដង្ហែនៅក្នុងពិធីបើក ហើយ សុវណ្ណឌឿន ក៏បានឈ្នះមេដាយប្រាក់ផងដែរ ក្រោយចាញ់ពិន្ទុកីឡាករវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងជាគ្រូបង្វឹកមួយរូបផងនោះ បានបញ្ជាក់ថា៖ «ស្ថានភាពប្រដាល់នៅពេលបច្ចុច្បន្ន មានភាពប្រសើរជាងមុខរហូតដល់៨០ទៅ៩០ភាគរយហើយ ព្រោះមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ពីគ្រូពេទ្យ និងសហព័ន្ធ ដោយមានការធានារ៉ាប់រងថ្លៃព្យាបាល ទៅតាមស្ថានភាពរបួសជាក់ស្តែង ធ្វើឱ្យអ្នកជំនាន់ក្រោយ កាន់តែមានទឹកចិត្តហាត់ និងមានសមត្ថភាពប្រកួតកាន់តែល្អ»។
លោក ជឹម ផល្លា ជាគ្រូពេទ្យជំនាញប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា បញ្ហារបួសរបស់កីឡាករកីឡាការិនីមាន២ គឺរបួសស្រាល សំដៅលើរបួសបែក ត្រូវបានដេរនិងព្យាបាលដោយគ្រូពេទ្យប្រចាំសង្វៀន និងរបួសធ្ងន់ ដែលត្រូវបញ្ជូនទៅព្យាបាល និងវះកាត់នៅមន្ទីរពេទ្យ។
លោកបញ្ជាក់ថា៖ «ចំពោះបញ្ហារបួសកីឡាករនៅលើសង្វៀនណាក៏ដោយ គឺដំបូងគ្រូពេទ្យសហព័ន្ធ ជាអ្នកពិនិត្យ និងបញ្ជូនទៅមន្ទីរពេទ្យ ហើយបន្ទាប់មកសហព័ន្ធចេញលិខិតមួយសុំការលើកលែងការបង់ថ្លៃទៅកាន់មន្ទីរពេទ្យ។ មានន័យថា ការព្យាបាលនៅមន្ទីរពេទ្យ គឺសហព័ន្ធ ជាអ្នកទទួលខុសត្រូវទាំងស្រុង»។

ចំពោះបញ្ហានេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ថា សហព័ន្ធ តែងតែយកចិត្តទុកដាក់ទៅលើបញ្ហារបួសរបស់កីឡាករទាំងពេលហាត់ ពេលប្រកួត និងចេញមុខទទួលខុសត្រូវក្នុងការព្យាបាល ដោយសារសហព័ន្ធ មានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន គឺពេលគាត់មានគ្រោះថ្នាក់ យើងបានចាត់ចែងឱ្យគ្រូពេទ្យសហព័ន្ធ បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយទទួលបានការព្យាបាលដោយអត់គិតថ្លៃ ហើយពេលខ្លះក៏មានការឧបត្ថម្ភនៅក្រៅមួយចំនួន និងជួយដល់កីឡាករមានបញ្ហារបួសបែកបាក់ផងដែរ។
លោក ខូវ ឆាយ បន្ថែមថា សហព័ន្ធ មានកិច្ចសហការជាមួយម្ចាស់ស្ថានីយ និងអ្នកឧបត្ថម្ភ ដោយបានបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវទៅលើបញ្ហាដែលបានកើតមានឡើង រួមទាំងបញ្ហាកីឡាករ កីឡាការិនីមានរបួសបែកបាក់នេះ ដើម្បីធានាថា រាល់បញ្ហារបួសបែកបាក់ និងថ្លៃព្យាបាលទាំងអស់ ត្រូវបានដោះស្រាយ និងរ៉ាប់រង មិនឱ្យអ្នកជំងឺមានការលំបាកទេ។
ទន្ទឹមនឹងនេះ សហព័ន្ធក៏មានគម្រោងធ្វើបណ្ណបសសដល់កីឡាករកីឡាការិនី ប៉ុន្តែគម្រោងនេះ មិនទាន់អាចដំណើរការបានទេ ដោយសារក្លិបមួយចំនួន មិនទាន់បានធ្វើបច្ចុប្បន្នភាពចំនួនអត្តពលិក និងគ្រប់គ្រងពួកគេបានច្បាស់លាស់ ហេតុនេះសហព័ន្ធ មិនចង់ចំណាយថវិកាបង់ថ្លៃបណ្ណបសស ដោយខ្ចះខ្ជាយ គឺស៊ូទុកកញ្ចប់ថវិកានោះ មកជួយទំនុកបម្រុងដល់អ្នកមានរបួសទៅតាមស្ថានភាពជាក់ស្តែងវិញ។
យ៉ាងណាក៏ដោយ នៅក្នុងការងារនេះ លោក ឆាយ ទទួលស្គាល់ថា សហព័ន្ធនៅមិនទាន់មានលទ្ធភាពជួយទំនុកបម្រុងទៅលើជីវភាពរបស់កីឡាករកីឡាការិនី នៅក្នុងអំឡុងពេលសម្រាកព្យាបាលរបួសនោះទេ ព្រោះនេះជាបន្ទុកធំពេក គឺអាចជួយទៅតាមលទ្ធភាព។
លោកបញ្ជាក់ថា៖ «ពិតណាស់ យើងមិនអាចមានលទ្ធភាពទ្រទ្រង់ទាំងស្រុងទៅលើការព្យាបាល ក៏ដូចជាការថែទាំខ្លួនឱ្យដូចដើមឡើងវិញនោះទេ ព្រោះពេលខ្លះរបួសកីឡាករមួយចំនួនត្រូវការពេលយូរ អ៊ីចឹងយើងមានស្ថានីយជាដៃគូអភិវឌ្ឍរៀបចំព្រឹត្តិការណ៍ និងអ្នកឧបត្ថម្ភ ដែលគាត់អាចចូលរួមជាមួយសហព័ន្ធ ក្នុងការដោះស្រាយបញ្ហាអស់ហ្នឹង ពិសេសនៅពេលមានរបួសបែកបាក់ អ្នករៀបចំកម្មវិធី ត្រូវរ៉ាប់រងការព្យាបាលរហូតដល់ជាសះស្បើយ»។
យ៉ាងណាក៏ដោយ នៅត្រង់ចំណុចនេះ លោក ខូវ ឆាយ បានអះអាងថា កន្លងមក សហព័ន្ធ មិនដែលទម្លាក់ការទទួលខុសត្រូវទៅឱ្យអ្នករៀបចំកម្មវិធីទាំងស្រុងនោះទេ គឺសហព័ន្ធ តែងចូលរួមជួយសម្រួលដល់អ្នករៀបចំកម្មវិធី ដោយសហព័ន្ធ បានធ្វើការងារជាមួយមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជន ដើម្បីជួយសង្រ្គោះកីឡាករ កីឡាការិនី ដែលមានរបួសបែកបាក់បានទាន់ពេលវេលា។
លោកបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ដូចជាមិនមានកីឡាករកីឡាការិនីណាមិនទទួលបានការព្យាបាលនោះទេ លើកលែងតែអត្តពលិកមួយចំនួន ដែលគាត់របួសនៅតាមបណ្តាខេត្តហើយគាត់មិនព្រមមកពេទ្យ គឺអាហ្នឹងធ្លាប់មាន។ យើងរ៉ាប់រងឱ្យគាត់មកពេទ្យ តែគាត់មិនព្រមទេ គាត់បែរជាទៅរកគ្រូខ្មែរ ហើយត្រង់ហ្នឹងរាងពិបាកដែរ អ៊ីចឹងយើងមានតែផ្តល់ថវិកាមួយចំនួនឱ្យគាត់រ៉ាប់រងព្យាបាលខ្លួនឯង»។
យ៉ាងណាក៏ដោយ បើក្រឡេកមើលទៅលើស្ថានភាពប្រដាល់គុនខ្មែរ កាលពីប្រមាណ១០ឆ្នាំមុន កីឡាករ កីឡាការិនី ដែលរងរបួសបាក់ដៃ បាក់ជើង បាក់ឆ្អឹងជំនីរ ត្រូវរត់ទៅរកពេទ្យព្យាបាលដោយខ្លួនឯង ដោយពេលខ្លះត្រូវដេកចាំជាង១សប្តាហ៍ក៏មាន ទើបទទួលបានការវះកាត់ ទម្រាំមានអ្នកជួយទំនុកបម្រុង ឬខ្ចីលុយគេមកឱ្យពេទ្យ ខណៈអ្នកខ្លះទៀត ក៏បង្ខំចិត្តទៅរកគ្រូខ្មែរព្យាបាល ព្រោះអស់លុយតិចជាង។
បញ្ហាទាំងអស់នោះ បានធ្វើឱ្យអ្នកប្រដាល់មួយចំនួន មានការអស់សង្ឃឹម ហើយអ្នកខ្លះត្រូវបង្ខំចិត្តបោះបង់ចោលអាជីពឈឺសាច់មួយនេះ ទៅរកមុខរបរផ្សេងជំនួសវិញ គឺខុសពីបច្ចុប្បន្ន ដែលកីឡាករកីឡាការិនីមួយចំនួនធំ បានប្រើអាជីពនេះ ប្រែក្លាយជាអ្នកមានបាន ប៉ុន្តែពួកគេ នៅតែបែកគំនិតបង្កើតមុខរបររកស៊ីបន្ថែម ដើម្បីត្រៀមខ្លួន នៅពេលខ្លួនចាស់ឡើងប្រកួតលែងកើត។
លោក ខូវ ឆាយ បានគាំទ្រចំពោះគំនិតនៃការបង្កើតមុខរបរបន្ថែម ក្រៅពីការឡើងប្រដាល់នេះ។ ទោះយ៉ាងណា លោកអះអាងថា សហព័ន្ធ ក៏មានផែនការសម្រាប់កីឡាករ កីឡាការិនីទៅថ្ងៃអនាគតដែរ ហេតុនេះលោកតែងតែបានប្រាប់ទៅគ្រប់ក្លិបឱ្យមានការអភិវឌ្ឍសមត្ថភាពអត្តពលិករបស់ខ្លួនទាំងជំនាញ និងចំណេះដឹង ជាពិសេសភាសាអង់គ្លេស។
លោកផ្តោតខ្លាំងទៅលើអត្តពលិកមានវ័យចំណាស់ ដែលត្រូវមានការវិនិយោគទៅលើចំណេះដឹងដូចជាការទៅរៀនវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល ជំនាញខាងផ្នែកភាសា និងជំនាញផ្សេងៗទៀត ដើម្បីបង្កើនចំណេះដឹងខ្លួនឯង ព្រោះវិស័យគុនខ្មែរ កំពុងបោះជំហានទៅមុខ ដោយបច្ចុច្បន្នមានប្រទេសជាង៦០ ជាសមាជិករបស់សហព័ន្ធគុនខ្មែរអន្តរជាតិ ហើយប្រទេសទាំងនោះ ត្រូវការធនធានមន្រ្តីអាជ្ញាកណ្តាលចៅក្រម ជាពិសេសគ្រូបង្វឹក ដើម្បីទៅបង្វឹកគុនខ្មែរ ដោយផ្តល់ប្រាក់ខែ ចន្លោះពី១ពាន់ដុល្លារ រហូតដល់ជាង៣ពាន់ដុល្លារ។
លោក ឆាយ ដែលជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិផងដែរ បានឱ្យដឹងថា គ្រាន់តែប្រទេសចិនមួយ ត្រូវការគ្រូបង្វឹកគុនខ្មែររាប់រយនាក់ វៀតណាម ត្រូវការរាប់សិបនាក់ ម៉ាឡេស៊ី អូស្រ្តាលី និងប្រទេសនៅតំបន់អាមេរិកឡាទីន ដូចជាប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្កាយឈីលី អ៊ុយរ៉ាហ្កាយ និងតំបន់មួយចំនួនទៀត សុទ្ធតែត្រូវការគ្រូបង្វឹកពីយើង ទៅបង្វឹកនៅទីនោះ។
ប៉ុន្តែលោកបញ្ជាក់ថា៖ «ដើម្បីក្លាយជាគ្រូបង្វឹកនៅតាមបណ្តាប្រទេសអភិវឌ្ឍទាំងអស់នោះបាន យើងត្រូវមានជំនាញនិងត្រូវមានចំណេះទៀត។ យ៉ាងហោចណាស់ក៏ត្រូវមានមូលដ្ឋានគ្រឹះភាសាអង់គ្លេស អាចទំនាក់ទំនងខាងផ្នែកបច្ចេកទេសបានដែរ អ៊ីចឹងការវិនិយោគទៅលើចំណេះដឹងនេះ ខ្ញុំជឿថា នឹងជួយឱ្យពួកគាត់ ពេលផុតពីអាជីពជាកីឡា អាចរស់រានបានយ៉ាងស្រួល»។
លោកបន្ថែមថា៖ «ជាគ្រូនៅក្រៅប្រទេស ប្រាក់ខែសុទ្ធតែចាប់ពី១ពាន់ដុល្លារឡើងលើ ហើយនៅអូស្រ្តាលី ប្រាក់ខែចាប់ពី៣ពាន់ដុល្លារ ហេតុនេះខ្ញុំបានប្រាប់ទៅអត្តពលិកគុនខ្មែរទាំងអស់ថា ត្រូវតែមានក្តីសង្ឃឹម! មិនចាំបាច់ព្រួយបារម្ភថា ចប់ពីអាជីពទៅ មិនដឹងធ្វើអីនោះទេ យើងសម្បូរការងារ ហើយរឿងគ្រូបង្វឹកនេះ ត្រូវការរាប់ម៉ឺននាក់នៅលើពិភពលោក គ្រាន់តែយើងមិនទាន់មានគ្រូមានកម្រិតគរុកោសល្យ ទៅបង្វឹកដើម្បីមុខមាត់គុនខ្មែរបាន»។
យ៉ាងណាក៏ដោយ ចំពោះការងារនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនខេមបូឌាន នូន ហ្វីអឺ មូន សេង ឯ.ក តាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីបង្កើតឱ្យមាន «វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ» ជាលើកដំបូងនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានគ្រូបង្វឹកទាំងលើសមត្ថភាព និងចំណេះដឹងភាសាអង់គ្លេស និងចិន សម្រាប់ចេញទៅបង្វឹកនៅតាមក្លិបនានា នៅចិន និងប្រទេសផ្សេងៗទៀតលើពិភពលោក។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បានបញ្ជាក់ក្នុងពេលចុះ MoUនោះថា៖ «គ្រូបង្វឹកចេញពីវិទ្យាស្ថាននេះ មានសញ្ញាបត្រត្រឹមត្រូវ មានចំណេះជំនាញច្បាស់លាស់ពីគុនខ្មែរ ដែលទទួលស្គាល់ដោយវិទ្យាស្ថាននេះ និងវាយតម្លៃដោយក្រសួងអប់រំ គឺជាគ្រូដែលមានលក្ខណៈសម្បត្តិ និងមានគុណវុឌ្ឍច្បាស់លាស់ ដើម្បីទៅបង្ហាត់នៅក្រៅប្រទេសនៅថ្ងៃក្រោយ ដែលមានតម្រូវការរាប់ពាន់នាក់ អ៊ីចឹងទាំងអស់នេះហើយ ជាចំណុចរបត់ថ្មីសម្រាប់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិរបស់យើង»៕










