សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សហព័ន្ធគុនខ្មែរ មានផែនការ​ត្រួត​ពិនិត្យ​សារធាតុ​លើក​កម្លាំង និងសារធាតុ​ញៀន​លើ​គ្រប់កីឡាករ ក្រោយអ្នកប្រដាល់ឆ្នើមម្នាក់ត្រូវ​បាន​ចាប់ខ្លួន

កីឡាករ សុខ ធី ហៅ កាកា បានទាត់ទៅលើកីឡាករបរទេស ក្នុងពេលប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀនហង្សមាស កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)
កីឡាករ សុខ ធី ហៅ កាកា បានទាត់ទៅលើកីឡាករបរទេស ក្នុងពេលប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀនហង្សមាស កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)

ករណីចាប់​ខ្លួន​​កីឡាករ​​ឆ្នើម សុខ ធី ហៅ កាកា ​របស់​​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន កាលពីពេលថ្មីៗនេះ បានក្លាយជាប្រធានបទក្តៅ ដែល​បាន​ប៉ះពាល់​​ធ្ងន់​​​​ដល់​​វិស័យ​ប្រដាល់​​គុនខ្មែរ ហើយថ្នាក់ដឹក​នាំ​​សហព័ន្ធ​​កីឡា​ប្រដាល់​​គុនខ្មែរ ​មាន​​ផែន​ការ​ដាក់​ចេញនូវ​​គោលការណ៍​​ត្រួត​ពិនិត្យ​សារធាតុលើក​កម្លាំង និងសារធាតុញៀន ចំពោះកីឡាករ កីឡាការិនីទាំងអស់ ដើម្បីបង្ក និងទប់ស្កាត់កុំ​ឱ្យកើត​មានបញ្ហា​បែបនេះទៀត។

កីឡាករ សុខ ធី ត្រូវបាន​សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ​ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់​ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោយ​រក​ឃើញ​ថា រូបគេបាន​ជាប់ពាក់ព័ន្ធនឹង​​បទ​ល្មើស​​ប្រើប្រាស់ (ជក់) និង​រក្សាទុក ដោយខុសច្បាប់​នូវ​​សារធាតុញៀន ហើយ​កីឡាករវ័យ​២៩ឆ្នាំរូបនេះ ប្រឈមមុខនឹងការចោទប្រកាន់ក្រោមមាត្រា ៤០ និង ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដោយ​ចៅក្រមស៊ើបសួរបានបញ្ជាឱ្យ «ឃុំខ្លួនមុនការកាត់ក្តី»។ នេះបើយោងតាមសារព័ត៌មាន​ Khmer Times

ករណីចាប់​ខ្លួន​របស់ សុខ ធី នៅតែជា​ប្រធានបទ​ក្តៅ ដែល​អ្នកគាំទ្រ និង​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​កីឡា​ប្រដាល់គុនខ្មែរ លើក​យកមក​និយាយ​នៅលើបណ្តាញសង្គមមិនចប់ ដោយពួកគេ​ភាគ​ច្រើន បានបង្ហាញ​ការ​សោកស្តាយ​ចំពោះសមត្ថ​ភាព​ និងទេពកោសល្យ​ដ៏លេច​ធ្លោ​របស់កីឡាករ​រូប​នេះ ហើយ សុខ ធី នេះឯង ដែលជាអ្នក​បញ្ចប់​ភាព​ខ្លាំង​របស់ ពេជ្រ សម្បត្តិ តាម​​រយៈ​ការ​យក​ឈ្នះ​ពិន្ទុ ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ POWERBOOM ​កាលពី​រសៀល​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០២៥​។

ជាមួយគ្នានេះ សុខ ធី ក៏​ធ្លាប់ដណ្តើមបានខ្សែ​ក្រវាត់ និងពាន​រង្វាន់ជាច្រើន​ទៀត​ផងដែរ ហើយ​ភាពជោគជ័យនេះ បាន​ធ្វើ​ឱ្យ​រូប​គេ និង​ភរិយា មាន​លទ្ធភាព​​ទិញ​ឡាន​ថ្មី ​តម្លៃ​ចូល​​២ម៉ឺន​ដុល្លារ ដោយ​ប្រើប្រាស់ថវិកា​បាន​ពីការប្រដាល់​​សុទ្ធសាធតែម្តង ប៉ុន្តែពេលនេះ​ភាព​ល្បីល្បាញ និង​កិត្តិយស​​របស់ សុខ ធី ត្រូវបានរលាយអស់ ដោយសារតែ​រូបគេបានជាប់ពាក់ព័ន្ធនឹងការ​ប្រើ​ប្រាស់ និងចែក​ចាយគ្រឿងញៀន ហើយ​ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន កាលពី​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦។

យ៉ាងណាក៏​ដោយ បើតាមប្រភព​ច្បាស់​ការណ៍បាន​ឱ្យ​ដឹង​ថា សុខ ធី ធ្លាប់បានប្រើប្រាស់​គ្រឿងញៀន តាំងពីពេលរូបគេចូល​ហ្វឹកហាត់ប្រដាល់​នៅប្រទេស​ថៃ ហើយ​កីឡាករ​កម្ពុជា ដែលបានធំធាត់នៅ​ថៃរូបនេះ ធ្លាប់ត្រូវបាន​តម្រួតថៃចាប់ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹងការ​ប្រើប្រាស់​​គ្រឿង​ញៀន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមការ​ផ្សព្វផ្សាយរបស់ទូរទស្សន៍ថៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នោះ បាន​ឱ្យ​ដឹង​ថា ការឃាត់ខ្លួន អ្នកប្រដាល់ សុខ ធី ត្រូវបានធ្វើឡើង បន្ទាប់​តម្រួតថៃត្រួតពិនិត្យ និង​បានដកហូត​ថ្នាំញៀនគ្រាប់​ប្រភេទ​​មេតំហ្វី​តាមីន ចំនួន​៥គ្រាប់ ដែល​បាន​លាក់​ទុក នៅ​ក្នុងកា​បូប​របស់គេ នៅ​តំបន់រ៉ង់​ស៊ីតខ្លង១ ( Rangsit Khlong 1) នៅទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២។

ករណីនេះ តម្រួតថៃ​បាន​ចាប់ សុខ ធី ទៅដាក់គុក​​នៅ​ក្នុង​ប្រទេស​​ថៃ អស់​មួយ​​រយៈពេល ប៉ុន្តែ​​រូបគេ នៅតែមិនចោល​គន្លងចាស់ ដោយនៅតែ​ឆ្លៀត​ប្រើប្រាស់​​គ្រឿង​ញៀន ពេលវិល​ត្រឡប់មក​រស់​នៅកម្ពុជាវិញ ព្រោះតាម​លោក​គ្រូ សួង បញ្ញា បាន​ឱ្យ​ដឹង​ថា នៅមុនការចាប់​ខ្លួន កាលពី​ថ្ងៃទី២៦ ខែកក្កដានេះ សុខ ធី ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​​កម្ពុជា​​ចាប់​ខ្លួន និង​បញ្ជូន​​ទៅ​​មណ្ឌល​​កែ​ប្រែ​​ម្តង​ហើយ កាលពីពេល​កន្លងមកនេះ។

តាម​រយៈការ​ឡាយវីដេអូ លោក សួង បញ្ញា បានលើកឡើង​​ថា៖​ «សុខ ធី ធ្លាប់​ត្រូវ​បាន​​ចាប់​​ខ្លួន​​ម្តងនៅ​ប្រទេស​​ថៃ ពាក់ព័ន្ធ​នឹង​​ការ​​ប្រើ​ប្រាស់​​គ្រឿងញៀន​​នេះ ហើយ​ការបាត់​ខ្លួនមួយ​រយៈពេលមុន​របស់​គាត់ ក៏​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ដែរ ដោយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​​យក​​ទៅ​ដាក់​មណ្ឌល​កែ​ប្រែ នៅ​ម្តុំ​វត្ត​ឃ្មួញ ខណ្ឌ​សែន​សុខ ប៉ុន្តែព័ត៌មាននេះ​ត្រូវបានគេបិទ»។

គ្រូមហាដឹង សួង បញ្ញា បានអះអាង​ថា លោកបានដឹងព័ត៌មាននៃការ​ចាប់​ខ្លួនលើកទី​១​​របស់ សុខ ធី តាម​រយៈ​គ្រូ​បង្វឹក​របស់​ សុខ ធី ផ្ទាល់ ដែលបាន​ឆ្លើយឆ្លងគ្នាតាមឆាត។ លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង សុខ ធី ត្រូវបានចាប់​ខ្លួន​ពាក់ព័ន្ធនឹង​គ្រឿង​ញៀន នៅខ្មែរ​យើង ចំនួន​២ដង ទាំង​លើកនេះ​ហើយ ហើយខ្ញុំក៏មិន​ចង់យកគាត់មក​ធ្វើជា​ប្រធានបទនិយាយ​នោះ​ដែរ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យ​កីឡាករ​គុនខ្មែរមួយចំនួន កុំ​យក​គំរូតាម​គាត់»។

យ៉ាងណាក៏​ដោយ លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ នៅតែបង្ហាញ​ការសោកស្តាយចំពោះករណីចាប់​ខ្លួន សុខ ធី ព្រោះ​រូបគេជាកីឡាករកម្រិត A ដ៏មានសមត្ថ​ភាពម្នាក់។ ប៉ុន្តែ​លោកបានបញ្ជាក់​ថា លោក​គោរពទាំងស្រុង​ចំពោះនីតិវិធី​របស់​សមត្ថកិច្ច និង​តុលាការ ហើយរង់ចាំលទ្ធផលនៃការស៊ើបអង្កេត និងការសម្រេចតាមផ្លូវច្បាប់ ព្រោះនេះជា​ករណីរបស់បុគ្គល មិនតំណាងឱ្យសហគមន៍​អ្នកប្រដាល់គុនខ្មែរទាំងមូលនោះទេ។

យ៉ាងណាក៏​ដោយជុំវិញបញ្ហា​នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែងតែយកចិត្តទុកដាក់ខ្ពស់​លើការអប់រំសីលធម៌ វិន័យ និងការយល់ដឹងអំ​ពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់កីឡាករ គ្រូបង្វឹក និងក្លិបជាសមាជិក ដោយ​កន្លងមក សហព័ន្ធក៏បានសហការជាមួយ​​​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាដៃគូ MoU ដើម្បីផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃសារធាតុញៀន និងគ្រឿងញៀន ការការពារ និងអនុវត្តវិធានការចាំបាច់នានា។

លោក ខូវ ឆាយ បញ្ជាក់​ថា៖ «ក្នុងករណីដែលមានកីឡាករប្រព្រឹត្តល្មើសច្បាប់ ឬផ្ទុយនឹងបទបញ្ជារបស់សហព័ន្ធ សហព័ន្ធនឹងពិនិត្យ និងអនុវត្តវិធានការវិន័យស្របតាមបទបញ្ជា និងនីតិវិធីជាធរមាន ដោយមិនលើកលែងចំពោះបុគ្គលណាម្នាក់ឡើយ»។ លោក​បន្ថែម​ថា៖ «សម្រាប់កីឡាករគុនខ្មែរទាំងអស់ ខ្ញុំសូមផ្តាំផ្ញើថា កីឡាករម្នាក់ៗមិនត្រឹមតែតំណាងឱ្យខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យគ្រួសារ ក្លិប សហព័ន្ធ និងកិត្តិយសជាតិផងដែរ ដូច្នេះ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើខុសច្បាប់គ្រប់ប្រភេទ»។

លោក​បន្ថែម​ទៀត​ថា ការខិតខំប្រឹងប្រែងហ្វឹកហាត់ដោយស្មោះត្រង់ មានវិន័យ និងរស់នៅប្រកបដោយគុណធម៌ គឺជាផ្លូវតែមួយដែលនឹងនាំឱ្យទទួលបានជោគជ័យយូរអង្វែង និងក្លាយជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ។ ហេតុនេះ​សហព័ន្ធនឹងបន្តពង្រឹងការអប់រំ ការត្រួតពិនិត្យ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីរក្សាភាពថ្លៃថ្នូរ កិត្តិយស និងកិត្យានុភាពរបស់កីឡាគុនខ្មែរ និងធានាថា បរិយាកាសកីឡារបស់យើងនៅតែស្អាតស្អំ និងគ្មានគ្រឿងញៀន។

នៅក្នុង​វិធានការនេះ លោក ខូវ ឆាយ បាន​សង្កត់​ធ្ងន់លើការ​ធ្វើ​តេស្តទៅលើ​គ្រប់​កីឡាករ​កីឡាការិនីទាំងអស់ មុនឡើង​ប្រកួត។ «យើងកំពុងតែសិក្សាជាមួយខាង​ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា Cambodia Anti-Doping Agency (CADA) អំពីវិធីសាស្ត្រ​ត្រួត​ពិនិត្យ​​សារធាតុលើក​កម្លាំង និង​សារធាតុញៀន និង​​ការចំណាយ​ទៅ​លើ​ឧបករណ៍​តេស្ត។ សហព័ន្ធ ​មាន​ផែនការ​ចេញ​គោលការណ៍​ត្រួត​ពិនិត្យ​សារធាតុលើក​កម្លាំង និងសារធាតុញៀន ចំពោះកីឡាករ កីឡាការិនីទាំងអស់ នូវរាល់មុនការប្រកួតគុនខ្មែរ»។

​អ្នក​ពាក់ព័ន្ធ នៅក្នុង​វិស័យ​កីឡាប្រដាល់​គុនខ្មែរ បានបង្ហាញការគាំទ្រ ទៅលើ​​​ការដាក់ចេញនូវ​ផែនការ​ត្រួត​​ពិនិត្យ​​ស្វែង​​រក​សារធាតុលើក​កម្លាំង និងសារធាតុញៀន ទៅលើ​គ្រប់អត្តពលិក​គុនខ្មែរនេះ ប៉ុន្តែពួកគេ បានស្នើ​ឱ្យ​សហព័ន្ធ ធ្វើ​ឱ្យបានច្បាស់លាស់ និងមាននិរន្តរភាព កុំ​ធ្វើតែមួយ​ខ្យល់ រួច​ក៏​ឈប់​វិញ។

លោក ម៉ុល នី ប្រធានរៀបចំ​កម្មវិធី​ប្រកួត​ និងជាប្រធានផ្គូផ្គងកីឡាករ​ប្រចាំនៅ​សង្វៀនប្រដាល់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) បានប្រាប់សារព័ត៌ខេមបូចា នៅថ្ងៃទី២៩ ខែកក្កដា​នេះ​​ថា ខាង​ស្ថានីយ​របស់​លោក មានគម្រោងស្នើ​ទៅ​សហព័ន្ធយូរ​ហើយ ជុំវិញ​វិធានការ​ធ្វើ​តេស្តពិនិត្យ​រក​សារធាតុញៀន ហើយបើ​រក​ឃើញ​ថា អត្តពលិកណាជាប់ពាក់ព័ន្ធ គឺមិន​អនុញ្ញាត​ឱ្យ​ឡើង​ប្រកួត​តែម្តង។

លោក​បញ្ជាក់​ថា៖ ​«​ខ្ញុំឯក​ភាព និងគាំទ្រ​១០០​ភាគ​រយ បើ​សហព័ន្ធ ​ធ្វើ​តេស្ត​រកសារធាតុ​អ្វី​ផ្សេងៗ ជាពិសេស​គ្រឿងញៀន ព្រោះមក​ដល់​ពេលនេះ បើ​យើង​មិន​វិវឌ្ឍ​ខ្លួនក៏មិនកើត​ដែរ។ នៅតាមបណ្តា​ប្រទេសជឿនលឿន​​គេ​ធ្វើ​អស់​ហើយ ពាក់ព័ន្ធ​នឹង​បញ្ហាហ្នឹង នៅតែយើងទេ អ៊ីចឹងយើង​ត្រូវតែ​ធ្វើ​រឿងនេះតែម្តង»។

ជាមួយគ្នានេះ លោក ម៉ុល នី បានស្នើ​ឱ្យ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ មានការចង​ក្រងនូវច្បាប់ ហើយ​ធ្វើ​ឱ្យបានជាប់ជាប្រចាំ និង​ត្រូវ​មាន​វិធានការច្បាប់​ពាក់ព័ន្ធ​នឹងការ​ធ្វើ​តេស្ត​រក​សារធាតុញៀន​នេះ។ លោកបន្ត​ថា នៅពេល​ធ្វើ​តេស្ត​ឃើញ​ហើយ ត្រូវកំណត់គោលការណ៍​ថា តើ​កីឡាករ​រូប​​នោះ ត្រូវសម្រាក និង​​ទទួល​ទណ្ឌ​កម្មយ៉ាងម៉េច? ចំណែក​ក្លិប​វិញ ត្រូវ​គិត​យ៉ាងម៉េច នៅពេល​កីឡាករ​ខ្លួនជាប់ពាក់ព័ន្ធនឹង​គ្រឿងញៀន?

លោកបានបញ្ជាក់​ថា៖ «​យើង​ត្រូវពិភាក្សា​ចង​ក្រង​ឱ្យបានច្បាស់លាស់។ បើ​យើង​ធ្វើទៅតាមតែការ​នឹក​ឃើញ ពេល​ចង់​ក៏​ធ្វើ ពេលអត់ចង់​ក៏ឈប់ មិនអាចទៅមុខ​រួច​ទេ អ៊ីចឹង​ធ្វើ​ហើយ យើងជជែក និង​ប្រជុំ​គ្នា​យក​ជា​ផ្លូវការ រួចចង​ក្រងជាច្បាប់ អនុវត្ត​ទៅតែម្តង ព្រោះនៅក្នុង​កីឡា មិនត្រូវមានគ្រឿងញៀននោះ​ទេ»។

ចំណែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) បាន​ឱ្យ​ដឹង​ថា ការគ្រប់​​គ្រង​កីឡាករអាជីព ដូចជាប្រដាល់ ដែល​ឡើង​​ប្រកួតយក​តម្លៃខ្លួន មិនស្ថិតក្រោមការ​គ្រប់​គ្រង​របស់ NOCC នោះ​ទេ បើកីឡារបស់​អូឡាំពិក និង​កីឡា​ក្នុង Games មិនមែនអាជីព ទើបស្ថិតក្រោមការ​គ្រប់​គ្រង ហេតុនេះការ​​គ្រប់​គ្រង​​កីឡាអាជីព វាអាស្រ័យ​ទៅ​សហព័ន្ធជា​សាមី ថា​ត្រូវមាន​វិធានការបែបណា ដើម្បីទប់ស្កាត់ការ​ប្រើប្រាស់សារធាតុលើក​កម្លាំង ជាពិសេស​សារធាតុ​ញៀន។​

លោកបាន​បញ្ជាក់​ថា៖ «យើង​គ្រប់​គ្រង​អាទិភាពទី​១​ ទៅលើកីឡាករ កីឡាការិនី ក្នុង​ក្រប​ខណ្ឌមិនអាជីព​ គឺ​មិន​ឱ្យ​មាន​​ការ​ប្រើ​សារធាតុ​លើក​កម្លាំង និងសារធាតុ​គ្រឿងញៀន ជាដាច់​ខាត អ៊ីចឹង​ហើយ​រាល់​អត្តពលិកទាំ​ងអស់ មុន​​ចូលរួមជាមួយ​​ជម្រើសជាតិ ត្រូវ​បានធ្វើការ​ពិនិត្យសុខភាព និង​ពិនិត្យ​រក​ផលប៉ះពាល់សារធាតុ​ហាមឃាត់នេះ»។

យ៉ាងណាក៏​ដោយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា លោក វ៉ាត់ ចំរើន បានសាទរ និង​លើកទឹក​ចិត្ត​ដល់​សហព័ន្ធ​ ដែលមានឆន្ទៈ​ក្នុងការ​ពង្រឹង​ការងារ​ទប់ស្កាត់កុំ​​ឱ្យមានការ​ប្រើប្រាស់​សារធាតុលើក​កម្លាំង ជាពិសេសសារធាតុញៀន ដែល​បានចូល​​ដល់បទល្មើសព្រហ្មទណ្ឌ​ ចំពោះអ្នកប្រើប្រាស់ និងចែក​ចាយ ខុសពី Doping ដែលជាសារធាតុលើកកម្លាំង ហើយ​ត្រូវបាន​អន្តរជាតិ​ហាមឃាត់​កុំ​ឱ្យប្រើ​នៅក្នុង​វិស័យ​កីឡា។

អ្នកជំនាញ​កីឡា លោក វ៉ាត់ ចំរើន បាន​ថ្លែងថា៖ «យើងអបសាទរ បើសិនជា​សហព័ន្ធជាតិទាំងអស់ មានការ​ប្តេជ្ញាចិត្តក្នុងការ​រៀបចំកុំ​ឱ្យកីឡាករ​​ប៉ះពាល់​គ្រឿង​ញៀន ព្រោះអាហ្នឹងជា​គោលនយោបាយ​របស់ជាតិ ដោយមានការចូលរួម​ពី​វិស័យ​​កីឡា​ដែរ ហើយ​នៅក្នុងនោះ ក្រសួងអប់រំ យុវជន និង​កីឡា ក៏ជា​សមាជិក​ ចូលរួមចំណែកនៅក្នុងការ​​កាត់បន្ថយ និងលុបបំបាត់​គ្រឿងញៀនហ្នឹង​ដែរ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម