សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

«ក្រុមស្រ្តីថ្ងៃសុក្រ» បន្តការតស៊ូតាមរយៈការឈរឈ្មោះជាបេក្ខជន​​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

នកស្រី  ព្រំ ចន្ថា ប្រធានចលនាស្ត្រីរបស់គណបក្សកម្លាំងជាតិ ចូលរួមជួបការ​ជួបជុំ​មួយ មុន​ពេល​តុលាការកំពូលចេញសេចក្តីសម្រេច​លើបណ្តឹងឧទ្ធរណ៍របស់សកម្មជន​នយោបាយ រ៉ុង ឈុន ដែលធ្លាប់ជាប់​ពន្ធនា​គារ។ រូបថតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
នកស្រី  ព្រំ ចន្ថា ប្រធានចលនាស្ត្រីរបស់គណបក្សកម្លាំងជាតិ ចូលរួមជួបការ​ជួបជុំ​មួយ មុន​ពេល​តុលាការកំពូលចេញសេចក្តីសម្រេច​លើបណ្តឹងឧទ្ធរណ៍របស់សកម្មជន​នយោបាយ រ៉ុង ឈុន ដែលធ្លាប់ជាប់​ពន្ធនា​គារ។ រូបថតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រី ព្រំ ចន្ថា បានឈរតវ៉ានៅមុខពន្ធនាគារ តុលាការ​និង​ស្ថាន​ទូត​​បរទេស​​នានា ដើម្បីទាមទារឱ្យដោះលែងស្វាមីរបស់អ្នកស្រី និងសកម្មជន​គណបក្ស​ប្រឆាំង​រាប់សិប​នាក់​ផ្សេងទៀត ដែលអ្នកស្រីចាត់ទុកថាជាអ្នកទោសនយោបាយ។

អ្នកស្រីលើកឡើងថា ក្នុងអំឡុងពេលតវ៉ា កម្លាំងសមត្ថកិច្ចធ្លាប់រុញអ្នកស្រីឱ្យដួលទៅលើដី និងហែក​បដាតវ៉ា។ ប៉ុន្តែ បទពិសោធន៍ទាំងនោះមិនបានធ្វើឱ្យអ្នកស្រីដកខ្លួនចេញ​ពី​នយោបាយឡើយ ផ្ទុយ​ទៅវិញ វាបានជំរុញឱ្យអ្នកស្រីសម្រេចចិត្តចូលប្រឡូកក្នុងឆាក​នយោបាយ​កាន់តែខ្លាំងថែមទៀត។

អ្នកស្រី ចន្ថា អាយុ៤៨ឆ្នាំ និងជាម្តាយកូនពីរនាក់ បាននិយាយថា៖ «ខ្ញុំចង់លើកទឹកចិត្តឱ្យ​ស្ត្រី​ឈរ​ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះ​ការ​មាន​សំឡេង​ស្ត្រីកាន់តែច្រើន គឺជារឿងល្អ»។ អ្នកស្រីគ្រោងនឹងឈរឈ្មោះជាបេក្ខជន​សមាជិក​រដ្ឋសភា ខេត្តព្រៃវែង ក្នុងការបោះឆ្នោត​ឆ្នាំ២០២៨​​ខាងមុខនេះ។

ស្វាមីរបស់អ្នកស្រី គឺ កាក់ កុម្ភារ ស្ថិតក្នុងចំណោមសមាជិកគណបក្សសង្គ្រោះជាតិ (CNRP) រាប់សិប​នាក់ ​ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងញុះញង់ ក្នុងឆ្នាំ២០១៧ មុនពេល​តុលាការ​កំពូល​សម្រេចរំលាយគណបក្សប្រឆាំងនេះ។ ចំណែកកូនប្រុសរបស់អ្នកស្រី ដែល​មាន​អាយុ១៦ឆ្នាំ និងមាន​ជំងឺអូទីស្សឹម ក៏ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលប៉ុន្មានខែ​ផងដែរ ក្នុងឆ្នាំ២០២១ ពាក់ព័ន្ធនឹង​ការ​បង្ហោះ​​សាររិះគន់រដ្ឋាភិបាលនៅលើបណ្តាញសង្គម។

ធ្លាប់ជាអ្នកលក់បន្លែ អ្នកស្រី ចន្ថា និយាយថា ការចំណាយពេលជាច្រើនឆ្នាំ​ធ្វើយុទ្ធនាការ​ទាមទារ​​ឱ្យ​ដោះលែងអ្នកទោសនយោបាយ បានធ្វើឱ្យអ្នកស្រីជឿជាក់ថា ការផ្លាស់ប្តូរ មិនអាច​សម្រេចបាន​តាមរយៈ​ការតវ៉ានៅតាមដងផ្លូវតែមួយមុខនោះទេ។

អ្នកស្រីគឺជាស្រ្តីម្នាក់ក្នុងចំណោមភរិយានិងម្តាយរបស់សកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ ដែលត្រូវបាន​គេស្គាល់ជារួមថា «ក្រុមស្រ្តីថ្ងៃសុក្រ» ហើយកំពុងត្រៀមឈរ​ឈ្មោះ​​​ប្រកួត​ប្រ​ជែង​ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំក្រោយ។ ពួកគេនិយាយថា ការចំណាយ​ពេល​ជា​ច្រើ​នឆ្នាំធ្វើយុទ្ធនាការទាមទារឱ្យដោះលែងសាច់ញាតិរបស់ខ្លួន បាន​ផ្លាស់​​​ប្តូរ​ពួកគេ​​ពីអ្នកតវ៉ា ឱ្យ​ក្លាយជាអ្នកដែលចង់ចូលរួមប្រកួតប្រជែង​ក្នុង​ឆាកនយោបាយ។ ពួកគេសង្ឃឹមថា ពួកគេ​នឹងអាច​បង្កើន​​តំណាងរបស់ស្ត្រីក្នុងរដ្ឋបាលមូលដ្ឋាន ព្រមទាំង​ជំរុញ​សេរីភាព​នយោបាយនៅកម្ពុជាផងដែរ។

អ្នកស្រី ព្រំ ចន្ថា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានខេមបូចា​នៅគេហដ្ឋានរបស់អ្នកស្រី​ក្នុង​រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

យុទ្ធនាការរបស់ពួកគេធ្វើឡើង ស្របពេលដែលអ្នកជំនាញសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យ បានសម្តែងក្តីបារម្ភ​ជាយូរមកហើយថា លំហប្រជាធិបតេយ្យ និងការប្រកួតប្រជែងក្នុងការបោះឆ្នោតនៅកម្ពុជា បាន​រួមតូចយ៉ាងខ្លាំង។

អ្នកស្រី ចន្ថា ដែលបច្ចុប្បន្នជាប្រធានចលនាស្ត្រីរបស់គណបក្សកម្លាំងជាតិ (NPP) បាន​បញ្ចាក់​ថា៖ «ខ្ញុំចង់មានសំឡេងនៅក្នុងរដ្ឋសភា ព្រោះគួរតែមានសំឡេងពីគណបក្សប្រឆាំង​ឱ្យបាន​ច្រើន​។ វាមិន​មែន​ជារឿងល្អទេ ដែលគណបក្សប្រជាជនកម្ពុជាដែលជា​គណបក្សកាន់​អំណាច​ជិះ​សេះ​​លែង​​ដៃ​នោះ​»​។

គណបក្សប្រជាជនកម្ពុជា (CPP) បានគ្រប់គ្រងឆាកនយោបាយកម្ពុជាអស់រយៈពេលជាង ៤​ទសវត្សរ៍​មកហើយ។ លោក ហ៊ុន សែន បានដឹកនាំប្រទេសស្ទើរតែពេញ៤ទសវត្សរ៍នោះ មុន​នឹង​ផ្ទេរអំណាចទៅកាន់កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៣។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានច្រានចោលការព្រួយបារម្ភដែលថា កម្ពុជា​បាន​​ក្លាយ​​ជារដ្ឋមានគណបក្សតែមួយ ដោយអះអាងថា នៅមានគណបក្សនយោបាយជាច្រើន ហើយ​ប្រជាពលរដ្ឋមានសេរីភាពក្នុងការចូលជាសមាជិក ឬបោះឆ្នោតឱ្យគណបក្សណាមួយ​ក៏​បាន​។

លោកក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមស្រ្តីថ្ងៃសុក្រ ក្នុងការចូលប្រឡូកក្នុងឆាក​នយោបាយ​​ផង​​ដែរ។

អ្នកស្រី ចន្ថា គឺជាសមាជិកម្នាក់ក្នុងចំណោមក្រុមស្រ្តីថ្ងៃសុក្រយ៉ាងហោចណាស់ ៧នាក់ ដែលបាន​សម្រេច​ចិត្តឈរឈ្មោះបោះឆ្នោត។ ក្នុងចំណោមនោះ ក៏មានអ្នកស្រី អ៊ុក ចន្ធី ដែល​គ្រោង​ឈរឈ្មោះ​ជាបេក្ខជន​ក្រុមប្រឹក្សាសង្កាត់ព្រៃស រាជធានីភ្នំពេញ។​ ខ្សែជីវិតរបស់អ្នកស្រី ចន្ធី ក៏មិនខុសពីអ្នកស្រី ចន្ថា ប៉ុន្មានដែរ។

​ការចំណាយពេលជាច្រើនឆ្នាំធ្វើយុទ្ធនាការទាមទារឱ្យដោះលែង​ស្វាមីរបស់អ្នក​ស្រី​ គឺអតីត​សមាជិក​គណបក្សសង្គ្រោះជាតិ លោក យឹម សារ៉េត បានជំរុញឱ្យអ្នកស្រីសម្រេចចិត្ត​ឈរ​ឈ្មោះ​ជាបេក្ខជន​ដោយខ្លួនឯង។ លោក សារ៉េត ត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំ បន្ទាប់​ពីត្រូវ​បាន​​ផ្តន្ទា​ទោស​ក្នុងឆ្នាំ២០២២ ពីបទរួមគំនិតក្បត់ និងញុះញង់។

អ្នកស្រី ចន្ធី បានឱ្យដឹងថា៖ «ពីមុន ខ្ញុំគ្រាន់តែជាស្រ្តីធម្មតាម្នាក់ ហើយមិនដែលចាប់​អារម្មណ៍​លើ​នយោបាយ​ទេ។ ប៉ុន្តែ បន្ទាប់ពីប្តីខ្ញុំត្រូវបានចាប់ខ្លួន ហើយខ្ញុំបាន​ចំណាយពេល​ជា​ច្រើនឆ្នាំ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែងគាត់ ខ្ញុំក៏បានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងឈរឈ្មោះក្នុងការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ខាងមុននេះ»។

អ្នកស្រីបានបន្តថា ប្រសិនបើជាប់ឆ្នោត អ្នកស្រីចង់រួមចំណែកស្ដារលទ្ធិប្រជាធិបតេយ្យ​នៅក្នុង​សង្កាត់របស់​អ្នកស្រីឡើងវិញ និងជួយគាំទ្រអ្នកដែលធ្លាប់រងការធ្វើទុក្ខបុកម្នេញ​ដោយសារហេតុផល​នយោបាយ។

អាជ្ញាធរបានរារាំងក្រុមគ្រួសាររបស់សមាជិកគណបក្សសង្គ្រោះជាតិ (CNRP) ដែល​កំពុង​ជាប់​​ពន្ធនាគារ រួមទាំងអ្នកស្រី  ព្រំ ចន្ថា ផងដែរ ខណៈពួកគេព្យាយាមដង្ហែក្បួនពីសាលាដំបូង​រាជធានី​ភ្នំពេញ ទៅកាន់ស្ថានទូតបារាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ (ខេមបូចា)

នៅខេត្តកណ្តាលឯណេះវិញ អ្នកស្រី ជ័យ ស្រីវិ គ្រោងនឹងឈរឈ្មោះជាបេក្ខជនសមាជិក​ក្រុមប្រឹក្សា​​​សង្កាត់​ដើមមៀន ក្នុងក្រុងតាខ្មៅ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយ ព្រោះ​គ្រួសារ​ខ្ញុំ​បាន​រង​នូវ​ភាព​អយុត្តិធម៌ ហើយខ្ញុំចង់ស្វែងរកយុត្តិធម៌»។

ធ្លាប់ជាកម្មកររោងចក្រ ហើយបច្ចុប្បន្នជាអ្នកលក់សម្លៀកបំពាក់ ស្វាមីរបស់អ្នកស្រី វិ គឺ​លោក តុន និមល បានជាប់ពន្ធនាគាររយៈពេល ២០ខែ បន្ទាប់ពីអំពាវនាវឱ្យរដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស និងប្រឆាំងនឹងវត្តមានយោធាចិននៅមូលដ្ឋាន​ទ័ពជើង​ទឹក​រាម ដែល​លោកជឿថាមាននៅទីនោះ ក៏ដូចជាទាមទារឱ្យដោះលែងមេដឹកនាំសហជីព រ៉ុង ឈុន ដែលកំពុងជាប់ពន្ធនាគារនៅពេលនោះផងដែរ។

សម្រាប់អ្នកស្រី សាន ផាត វិញ ការចាប់ខ្លួន និងការជាប់ពន្ធនាគាររបស់ម្តាយអ្នកស្រី គឺជាចំណុច​ប្រែប្រួល​ដ៏សំខាន់មួយក្នុងឆាកជីវិតរបស់អ្នកស្រី។

អ្នកស្រីបានបន្តថា៖ «ដំបូងឡើយ ខ្ញុំមិនចាប់អារម្មណ៍រឿងនយោបាយទេ។ ប៉ុន្តែ នៅពេល​ម្តាយ​ខ្ញុំ​ត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ វាបានធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង ហើយជំរុញ​ឱ្យខ្ញុំ​ប្រឡូក​ក្នុងឆាក​នយោបាយ»។​ អ្នកស្រីបន្ថែមថា អ្នកស្រីគ្រោងឈរឈ្មោះជាបេក្ខជន​ក្រុមប្រឹក្សា​ឃុំកំពង់ស្វាយ ក្នុងខេត្តកណ្តាល។

ម្តាយរបស់អ្នកស្រី គឺអ្នកស្រី លឹម សាន ត្រូវបានផ្តន្ទាទោសជាមួយ​​លោក និមល បន្ទាប់ពីអំពាវនាវ​ឱ្យ​រដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ទោះបីជាពួកគេត្រូវបានគេបោះឆ្នោតជ្រើសតាំងនាពេលខាងមុខក្តី ក្រុមស្រ្តីថ្ងៃសុក្រ នឹងនៅតែជា​ក្រុម​តូចមួយក្នុងចំណោមអ្នកនយោបាយកម្ពុជាដដែល។

យោងតាមអង្គការ​ឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល ស្ត្រីកាន់តំណែងជាសមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់ ត្រឹមតែ ២២ភាគរយប៉ុណ្ណោះ ខណៈជិត ៩០ភាគរយនៃមេឃុំ និងចៅសង្កាត់ គឺជា​បុរស​។

គណបក្សប្រជាជនកម្ពុជា (CPP) កាន់កាប់ស្ទើរទាំងអស់នៃអាសនៈនៅក្នុងរដ្ឋសភា និងគ្រប់គ្រង​អាសនៈភាគ​ច្រើនលើសលប់ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ជាង ១១ ០០០ ​អាសនៈ​នៅទូទាំងប្រទេស។

អ្នកស្រី ព្រំ ចន្ថា ចូលរួមកម្មវិធីរបស់គណបក្សកម្លាំងជាតិ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦។ (រូបភាពផ្តល់ឱ្យ)

លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការ ខុមហ្រ្វែល បាននិយាយថា ការដែលស្ត្រីមានតំណាងនៅក្នុងស្ថាប័ន​នយោបាយនៅមាន​ចំនួន​តិច គឺបណ្តាលមកពីការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ថ្នាក់ដឹកនាំ​គណបក្ស​នៅមិន​ទាន់​គ្រប់​គ្រាន់ និងដោយសារវិធានការផ្លូវច្បាប់ដែលជំរុញសមភាពយេនឌ័រ​ក្នុងការបោះឆ្នោត​នៅមាន​កម្រិត។

អ្នកស្រីបានបន្ថែមថា ការមានស្ត្រីកាន់តំណែងដឹកនាំកាន់តែច្រើន អាចជួយពង្រឹង​ឯករាជ្យ​ភាព​​ផ្នែក​​សេដ្ឋកិច្ច​​របស់ស្ត្រី ព្រមទាំងរួមចំណែកកាត់បន្ថយអំពើហិង្សា និងការរើសអើង។

ខណៈយុទ្ធនាការឃោសនាបោះឆ្នោតអាចនឹងមានភាពតានតឹង លោកស្រី អេង ចាន់ឌី នាយិកា​ប្រតិបត្តិ​​នៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បាននិយាយថា អ្នកស្រី​នៅតែ​មាន​ក្តីបារម្ភអំពី​សុវត្ថិភាព​របស់​បេក្ខជនទាំងនេះ បន្ទាប់ពីបានឃើញ​សមាជិកក្រុម​ស្រ្តី​ថ្ងៃ​សុក្រ រងអំពើហិង្សាក្នុង​អំឡុងការតវ៉ាកន្លងមក។

លោកស្រី ចាន់ឌី បានលើកឡើងថា៖ «រឿងនេះបានផ្ញើសារទៅកាន់ស្ត្រីគ្រប់រូបថា ទី​សាធារណៈ​​​​មិន​មែន​ជាកន្លែងមានសុវត្ថិភាពសម្រាប់អ្នកទេ ហើយសំឡេង​របស់​អ្នក​ក៏​មិន​ត្រូវ​បាន​ស្វាគមន៍​ដែរ​។ ខ្ញុំ​សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់​កម្លាំង​គ្រប់​ទម្រង់​លើក្រុម​អ្នក​តវ៉ា​ដោយសន្តិវិធី ជាពិសេសស្ត្រី។ រាងកាយរបស់ស្ត្រីដែលចេញតវ៉ា មិនគួរត្រូវបានប្រើ​ជា​កន្លែង​​សម្រាប់​ការដាក់​ទណ្ឌកម្មពីអាជ្ញាធររដ្ឋនោះឡើយ»។

លោកស្រីបានបន្តថា កម្ពុជាបានបោះជំហានទៅមុខហើយក្នុងការបង្កើនការ​ចូលរួម​របស់ស្ត្រី​ក្នុង​ឆាក​​នយោបាយ ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។

អ្នកស្រីបានបញ្ជាក់ថា៖ «យើងចង់ឃើញវាបន្តរីកចម្រើនទៀត ជាពិសេសនៅពេល​យើងខិត​ជិតដល់ការបោះឆ្នោតឆ្នាំ២០២៧។ ប្រជាធិបតេយ្យដែលមានភាពរឹងមាំ ត្រូវការសំឡេង​របស់​​ស្ត្រី​​នៅគ្រប់កម្រិត»។

អ្នកស្រីក៏បានលើកឡើងដែរថា ក្រុមស្រ្តីថ្ងៃសុក្រ បានបង្ហាញពីភាពជាអ្នកដឹកនាំ​ក្នុងការ​ចូលរួម​​កិច្ចការ​​សាធារណៈរួចមកហើយ តាមរយៈការតវ៉ា និងការចូលរួមជាមួយស្ថាប័នរដ្ឋ​អស់រយៈពេល​ជាច្រើនឆ្នាំ។

សម្រាប់ លោកស្រី ចន្ថា និងសមាជិកដទៃទៀតនៃក្រុមស្រ្តីថ្ងៃសុក្រ គោលដៅរបស់​ពួកគេ​នៅ​ពេល​នេះ គឺប្រែក្លាយការតស៊ូអស់រយៈពេលជាច្រើនឆ្នាំ​​ទៅជាជ័យជម្នះក្នុងការបោះឆ្នោត។ ពួកគេ​លើកឡើងថា ពួកគេ​សង្ឃឹមថា តាមរយៈការឈ្នះអាសនៈក្នុងការបោះឆ្នោត មនុស្ស​ជំនាន់​ក្រោយនឹង​មិនចាំ​បាច់​ឆ្លង​កាត់បទពិសោធន៍ដូចពួកគេ ដែលត្រូវរស់នៅជាមួយការ​ជាប់​ពន្ធនាគារ ការតវ៉ា និងការបំភិតបំភ័យ ដែលជាហេតុជំរុញឱ្យពួកគេចូលប្រឡូកក្នុងឆាក​នយោបាយ​បែបនេះ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម