ក្នុងឱកាសទិវាជនជាតិដើមភាគតិចពិភពលោក យុវជនជនជាតិដើមភាគតិចនៅកម្ពុជាស្នើរដ្ឋាភិបាលគិតគូរបន្ថែម ក្នុងការជំរុញឱ្យស្ថាប័នអប់រំ និងសេវាសាធារណៈនានាឱ្យដាក់នៅជិតសហគមន៍ជនជាតិដើមភាគតិច ដែលភាគច្រើនរស់នៅតំបន់ដាច់ស្រយាល ពិបាកក្នុងការទទួលបានសេវាទាំងនោះ។
ការប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។ ឆ្នាំនេះ ការប្រារព្ធទិវាជនជាតិដើមភាគតិច ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការលើកតម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព»។
ក្នុងប្រទេសកម្ពុជា នារយៈពេលថ្មីៗនេះ សហគមន៍ជនជាតិ និងសមាគមជនជាតិដើមភាគតិចជាច្រើន បាននាំគ្នាប្រារព្ធទិវានេះ នៅតាមតំបន់ និងសហគមន៍រៀងៗខ្លួនជាបន្តបន្ទាប់។
ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែសីហា សមាគមយុវជនជនជាតិដើមភាគតិចនៅកម្ពុជា បានរៀបចំប្រារព្ធទិវានេះនៅទីស្នាក់ការសមាគម នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីជនជាតិដើមភាគតិចចម្រុះ និងពលរដ្ឋខ្មែរសរុបប្រមាណជាង១០០នាក់។
ក្នុងពេលប្រារព្ធពិធី ក៏មានការសម្ដែងជាល្ខោនពាក់ព័ន្ធនិងការងារឆ្មបរបស់ជនជាតិដើមភាគតិច រួមទាំងការបង្ហាញពីសាវតារនៃការប្រារព្ធទិវាជនជាតិដើមភាគតិចនៅកម្ពុជាផងដែរ។
ជនជាតិដើមភាគតិចកួយលោក ខេន វឌ្ឍនា អាយុ២១ឆ្នាំ ជាសមាជិកនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា និងជាអ្នករៀបចំកម្មវិធីមួយរូបផងដែរ លើកឡើងថា ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ ប្រពៃណី ភាសា និងចង់ឱ្យជនជាតិដើមភាគតិចនៅរាជធានីភ្នំពេញ បានមកជួបជុំគ្នាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក វឌ្ឍនា ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធនឹងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យនៅកៀកនឹងសហគមន៍ជនជាតិដើមភាគតិចដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ ដោយសារភាគច្រើនជនជាតិដើមភាគតិច រស់នៅឆ្ងាយពីទីប្រជុំជនដែលពិបាកក្នុងការទទួលបានសេវាទាំងនោះ។
លោកបន្ថែមទៀតថា ជនជាតិដើមភាគតិចភាគច្រើនមានជីវភាពលំបាកដោយសារតែការបាត់បង់ព្រៃឈើ និងដីធ្លីដែលជាប្រភពសម្រាប់ចិញ្ចឹមជីវិត។ កត្តានេះក៏ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កូនៗជនជាតិដើមភាគតិចផងដែរ។
លោកនិយាយថា៖ «ចង់សំណូមពរដល់រាជរដ្ឋាភិបាលនៅក្នុងការជួយជ្រោមជ្រែង ក៏ដូចជាដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ នៅតាមតំបន់ជនជាតិដើមភាគតិចរស់នៅ ដូចជាវិស័យអប់រំ វិស័យសុខាភិបាល វិស័យសេដ្ឋកិច្ច»។
លោក បន្ថែមថា៖ «ដោយសារតែជនជាតិដើមភាគតិច គឺរស់នៅក្នុងតំបន់ដាច់ស្រយាល។ អ៊ីចឹងជាបញ្ហាប្រឈម សម្រាប់ពួកគាត់គឺខ្វះខាតទៅលើការចូលរួមនៅក្នុងការទទួលបានការសិក្សា ការទទួលបានសេវាសុខភាព។ មួយវិញទៀតគឺផ្នែកហិរញ្ញវត្ថុ ដែលពួកគាត់មានបំណុល ជំពាក់ធនាគារ»។
ចំណែកយុវតីជនជាដើមភាគតិចមួយរូបទៀត កញ្ញា ម៉ៅ វិច្ឆិកា វ័យ២០ឆ្នាំ លើកឡើងថា ជនជាតិដើមភាគតិចនៅតែជួបបញ្ហាពាក់ព័ន្ធនឹងសិទ្ធិដីធ្លីជាមួយក្រុមហ៊ុន ស្របពេលដែលជនជាតិដើមដែលរស់នៅតំបន់ដាច់ស្រយាល ក៏មានការយល់ដឹងតិចតួចអំពីសិទ្ធិរបស់ខ្លួន។
ទន្ទឹមនឹងនេះ កញ្ញា វិច្ឆិកា ទទូចឱ្យរដ្ឋាភិបាលកំណត់ដីធ្លីដែលជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចឱ្យបានច្បាស់លាស់ ដោយសារពួកគេភាគច្រើនពឹងផ្អែកលើការធ្វើស្រែចំការ និងបរបាញ់សត្វជាដើម។ បន្ថែមពីលើនេះ កញ្ញា ក៏ស្នើឱ្យក្រសួងអប់រំផ្ដល់អាហាររូបករណ៍រៀនភាសាអង់គ្លេសជូនជនជាតិដើមភាគតិចដែលមកបន្តការសិក្សានៅរាជធានីភ្នំពេញ ដែលភាគច្រើនភាសាបរទេសរបស់ពួកគេនៅមានកម្រិត។
កញ្ញា និយាយថា៖«ដីមានសារៈសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ដោយសារតែពួកគាត់រស់នៅដោយពឹងផ្អែកទឹកដីព្រៃឈើតាំងតែបុរាណមកហើយ។ មានន័យថាពួកគាត់តែងតែប្រកបរបរដូចជាធ្វើស្រែចម្ការ ក៏ដូចជាបរបាញ់សត្វនៅក្នុងព្រៃ។ អ៊ីចឹងដីព្រៃរបស់ពួកគាត់ ដីចម្ការអីពួកគាត់រស់រានក៏ដូចជាចែកបន្តកូន បន្តចៅរហូត ចឹងពួកគាត់អត់មានពឹងផ្អែកដូចជាជីវិតនៅទីក្រុងនោះទេ»។
យុវតីជនជនដើមភាគតិចកួយរូបនេះ រស់នៅភូមិត្រឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សហគមន៍នាងរស់នៅទីនេះ មានត្រឹមសាលាបឋមសិក្សា ហើយមណ្ឌលសុខភាព និងសាលាឃុំ ក៏ស្ថិតនៅឆ្ងាយ ខណៈអនុវិទ្យាល័យ និងវិទ្យាល័យ មានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រ។
កញ្ញា វិច្ឆិកា និយាយថា៖«ពិបាកក្នុងការធ្វើដំណើរ ព្រោះមណ្ឌលសុខភាព និងសាលាឃុំនៅឆ្ងាយពីភូមិ។ សាលារៀនក្នុងភូមិសម្រាប់ក្មេងៗរៀនគឺមានត្រឹមបឋម»។

អភិបាលរងខេត្តមណ្ឌលគិរីលោក ជាក់ ម៉េងហ៊ាង បានប្រាប់សារព័ត៌មានខេមបូចាកាលពីថ្ងៃទី១៩ ខែសីហាថា ជនជាតិដើមភាគតិចមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានសេវាផ្សេងៗដូចពលរដ្ឋខ្មែរទូទៅផងដែរ។ លោកបន្ថែមថា កន្លងមក អាជ្ញាធរបានជំរុញឱ្យជនជាតិដើមភាគតិចសុំគោលការណ៍ពីក្រសួងអភិវឌ្ឍន៍ជនបទដើម្បីរក្សាអត្តសញ្ញាណរបស់ពួកគាត់ និងការទទួលស្គាល់ពីក្រសួងមហាផ្ទៃផងដែរ។
បើតាមលោក ម៉េងហ៊ាង ក្នុងខេត្តមណ្ឌលគិរី មានជនជាតិដើមភាគតិចចំនួន៧ អម្បូរ ដែលក្នុងនោះភាគច្រើនជាជនជាតិពូនង។
លោកបានថ្លែងថា៖ «អាជ្ញាធរឃុំ មិនទុកគាត់ចោល មានន័យថា មានបញ្ហាអីគាត់ទៅទទួលសេវាដូចពលរដ្ឋដទៃទាំងអស់គ្នា»។
ចំណែកអភិបាលស្រុកឆែប ខេត្តព្រះវិហារ លោក ឃិត សុធារ៉ា ក៏បានប្រាប់សារព័ត៌មានខេមបូចានៅថ្ងៃទី១៩ ខែសីហាផងដែរថា ជនជាតិដើមភាគតិចដែលរស់នៅក្នុងស្រុករបស់លោក នៅមិនទាន់មានការប្រកាសទទួលស្គាល់អត្តសញ្ញាណពីក្រសួងនៅឡើយទេ ដែលនាំឱ្យរដ្ឋបាលស្រុកនៅមិនទាន់ដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធនឹងជនជាតិដើមនៅឡើយដែរ។
លោកបន្ថែមថា ជនជាតិដើមភាគតិចទាំងនោះ ទើបតែដាក់ស្នើសុំទទួលស្គាល់អត្តសញ្ញាណក្នុងឆ្នាំនេះ ខណៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក៏កំពុងពិនិត្យមើលនៅឡើយ។
លោកបានឱ្យដឹងថា៖ «អត់មានគោលនយោបាយលើជនជាតិភាគតិចនៅស្រុកខ្ញុំនេះទេ ដោយសារពួកគាត់អត់មានការទទួលស្គាល់ផ្លូវការពីក្រសួង»។
យ៉ាងណាក្តី អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងថា រដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋ រាប់ទាំងជនជាតិដើមភាគតិច ដោយបានកសាងសាលារៀន ហេដ្ឋារចនាសម្ព័ន្ធនានារហូតដល់តំបន់ដាច់ស្រយាល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។
លោក និយាយថា៖ «យ៉ាងណាក៏ដោយ ក៏ជឿថា នៅមានតំបន់ដាច់ស្រយាលមួយចំនួននៅមានការខ្វះខាត ហើយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ គឺខិតខំដោះស្រាយជូនបងប្អូនជានិច្ច ដោយមិនបោះបង់ចោលបងប្អូនណាម្នាក់ឡើយ»។
ក្នុងលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្ញើទៅកាន់ជនជាតិដើមភាគតិចនៅកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិជនជាតិដើម ឆ្នាំ២០២៦ នេះឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការងារអភិរក្ស និងអភិវឌ្ឍជនជាតិដើមភាគតិច តាមរយៈការជួយឲ្យទទួលបានឱកាសស្មើគ្នា ក្នុងការវិវត្តនៃសង្គមទំនើប ដោយផ្តល់តម្លៃខ្ពស់បំផុតដល់ភាពសម្បូរបែបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ។
លិខិតដដែល បន្ថែមថា ដើម្បីបន្តលើកកម្ពស់ផលប្រយោជន៍របស់ជនជាតិដើមភាគតិច ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព លោកនាយករដ្ឋមន្រ្តី ណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការកំណត់អត្តសញ្ញាណ និងពន្លឿនការចុះបញ្ជីដីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិច ដើម្បីរក្សាបាននូវវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ព្រមទាំងធានាភាពជាម្ចាស់ក្នុងដំណើរការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន។
លោកនាយករដ្ឋមន្ត្រី បន្តទៀតថា ស្ថាប័នពាក់ព័ន្ធ ក៏ត្រូវជំរុញ និងលើកទឹកចិត្តជនជាតិដើមភាគតិចឱ្យទទួលបានការបណ្តុះបណ្តាលជំនាញឆ្មបតាមបែបវេជ្ជសាស្ត្រ ទំនើបស្របតាមគោលការណ៍សុខាភិបាល ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាពសហគមន៍ជនជាតិដើមភាគតិច។
ជាងនេះទៅទៀតលោកនាយករដ្ឋមន្រ្តី បានប្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិរក្ស និងអភិវឌ្ឍជនជាតិដើមភាគតិច ដើម្បីបង្កើនមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិនៅក្នុងសហគមន៍ជនជាតិដើមភាគតិច។
ទោះយ៉ាងណា នាយិកាប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជាលោកស្រី យុន ម៉ាណេ មានប្រសាសន៍ថា ជនជាតិដើមភាគតិចបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាសុខភាព ដោយសារតំបន់របស់ពួកគេនិយមផឹកភេសជ្ជប៉ូវកម្លាំង។ ក្រៅពីនេះ លោកស្រីបន្តថា យុវជនជនជាតិដើមភាគតិចខ្លះទៀត បានប្រើប្រាស់គ្រឿងញៀន ស្របពេលដែលការទទួលបានសេវាគាំពារផ្សេងៗនៅមានកម្រិតនៅឡើយ ពាក់ព័ន្ធនឹងកត្តាផ្លូវឆ្ងាយ និងពេលវេលាក្នុងការធ្វើដំណើរ។
ជាងនេះទៅទៀត លោកស្រីអះអាងថា ជនជាតិដើមភាគតិចភាគច្រើនក៏ប្រឈមនឹងបំណុលដែលជាប្រភេទបំណុលវ័ណ្ឌក ដែលបណ្ដាលឱ្យកូនៗរបស់ពួកគេ ត្រូវបោះបង់ការសិក្សា បាត់បង់ផ្ទះសម្បែង និងមួយចំនួនសម្រេចធ្វើចំណាកស្រុក។
លោកស្រីស្នើថា៖ «មានតែគ្រឹះស្ថានផ្ដល់កម្ចី និងរដ្ឋពិនិត្យឡើងវិញ ដើម្បីគាត់អាចស្ដារជីវភាព និងមុខរបរឡើងវិញ ដែលនាំឱ្យកូនចៅបានទទួលសេវាផ្សេងៗទៀត។ ពេលខ្លះមួយចំនួនអត់លុយបង់ រហូតដល់សម្លាប់ខ្លួនក៏មាន រត់ចោលស្រុកអីជាដើម»។
បើយោងតាមឯកសារមួយចំនួន ប្រទេសកម្ពុជាមានក្រុមជនជាតិដើមភាគតិចចំនួនពី ២៤ ទៅ ២៥ អម្បូរ ដែលមានចំនួនប្រជាជនសរុបប្រមាណពី ១៨ម៉ឺនទៅ ២០ម៉ឺននាក់ (ស្មើនឹងប្រហែល ១.២% នៃប្រជាជនកម្ពុជាសរុប)។ ពួកគេភាគច្រើនរស់នៅក្នុងតំបន់ខ្ពង់រាប និងខេត្តភាគឦសាន៕









