សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស លោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន៤ឆ្នាំ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ខណៈសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសំណុំរឿងរបស់លោកនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ខណៈសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសំណុំរឿងរបស់លោកនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពី​បទ​​ញុះញង់​បង្ក​ភាពវឹកវរ​ក្នុង​សង្គម និងបទមិនរាងចាល ដែលលោកបាន​អត្ថាធិប្បាយ​​អំពី​បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា និង​វៀត​ណាម​។

ជាមួយគ្នានេះដែរ លោក រ៉ុង ឈុន ក៏ត្រូវបានតុលាការសម្រេចដកហូតសិទ្ធិពលរដ្ឋក្នុងការបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ និងពិន័យជាប្រាក់៤លានរៀលចូលជាសម្បត្តិរដ្ឋ។

នៅក្នុងពេលប្រកាសសាលក្រម លោកចៅក្រម លិ សុខា មិនបានប្រកាសថា តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក រ៉ុង ឈុន នោះទេ។

ករណី លោក រ៉ុង ឈុន ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ បើកការជំនុំជម្រះ កាលពី​ថ្ងៃទី២៣ ខែមេសា ហើយចៅក្រមជំនុំជម្រះ លោក លិ សុខា បានសម្រេចប្រកាសសាលក្រម​នៅ​ថ្ងៃទី​៥ ខែឧសភានេះ។​ 

បទ​ចោទ​នេះ កើត​ឡើង​​ពី​វីដេអូ​ឃ្លីបរបស់​លោក​​មួយ​ដែល​ថត​កាលពី​ខែ​កក្កដា នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាទី​ដែល​លោក​បាន​ថ្លែងទៅកាន់សមាជិក​គណបក្ស​កម្លាំងជាតិ និង​បាន​រិះគន់​រដ្ឋាភិបាល​ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជា​ធិបតេយ្យ​។ ក្នុង​វីដេអូ​ឃ្លីប​នោះ លោក​បាន​លើក​ឡើង​ថា​កម្ពុជា «ជាប់​ចំណាត់ថ្នាក់លេខ​មួយ​ខាង​ឆបោក ឧក្រិដ្ឋជន បទល្មើស​អនឡាញ និងចាប់​ជំរិត»។​ ​ 

លោក​ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុអាស៊ីសេរី ទាក់ទង​​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ទៅ​កាន់​តំបន់​ព្រំដែនកម្ពុជា-​វៀតណាម​។ ក្នុង​បទ​សម្ភាសន៍ លោក​បាន​លើក​ឡើង​ថាមាន «ភាពមិនប្រក្រតី» ក្នុង​ចំណោម​បង្គោល​ព្រំ​ដែន​ដែល​បាន​បោះ​រួច​៨៤% រវាង​ប្រទេស​ទាំង​ពីរ​។

លោក រ៉ុង ឈុន ជា​មេដឹកនាំសហជីព និង​ជាអ្នក​នយោបាយ​លេចធ្លោ​មួយ​រូប​ ហើយ​កន្លង​មក​លោក​ក៏​ធ្លាប់ជា​ប្រធានសមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ផង​ដែរ។​ ក្រៅពីនេះ លោក​ក៏​ធ្លាប់​បំពេញ​ការងារ​ជា​សមាជិក​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ផង​ដែរ។​ 

កាល​ពី​ឆ្នាំ២០១៨ លោក រ៉ុង ឈុន ជា​ថ្នាក់​ដឹក​នាំសហជីព​ម្នាក់ ក្នុង​ចំណោម​ប្រាំមួយ​នាក់​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ទនាគារ​ពីរ​ឆ្នាំ​កន្លះ ទាក់ទង​បទចោទ «អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។ បទ​ចោទ​នេះ កើត​ចេញ​ពី​ការចោទ​ប្រកាន់ថា​លោក​បាន​ដឹកនាំការ​តវ៉ា​ដោយ​ហិង្សា​នៅ​តាម​បណ្ដោយ​ផ្លូវវេងស្រេង​ក្នុង​រាជធានីភ្នំពេញ៕

426 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម