អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្រេចផ្ទេរទណ្ឌិតជាក្មេងទំនើង ចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និងពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីកែប្រែខ្លួនជួយកម្លាំងជួរមុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារ។
អគ្គនាយកដ្ឋានពន្ធនាគារ ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ចំណោមទណ្ឌិតជាក្មេងទំនើង ចំនួន ៧៩០នាក់ នឹងត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន ៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។
ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈ ការចូលរួមកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុមប្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។

អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា៖ «កម្មវិធីបណ្ដុះបណ្ដាលទាំងនោះ រួមមានជំនាញកសិកម្ម ដូចជា ការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជាការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារអិបតេយ្យជាតិ»។
អគ្គនាយកដ្ឋានពន្ធនាគារ បានបន្ថែមថា៖ «កម្មវិធីបណ្ដុះបណ្ដាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន»។
យោងតាមការសង្កេតមើលលើបណ្តាញហ្វេសប៊ុក ដែលអគ្គនាយកដ្ឋានពន្ធនាគារ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានផុសនៅថ្ងៃទី២២ និង២១ អ្នកចូលខំមិន គឺភាគច្រើនគាំទ្រការអនុវត្តរបស់សមត្ថកិច្ចទាំងអស់។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅថា លោកបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម៕










