សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សិស្សដែលរៀនសូត្រនៅជំរំភៀសសឹកមួយចំនួនក៏បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦

សិស្សានុសិស្សប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង​ ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦​ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស​ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ។ (រដ្ឋបាលខេត្តព្រះវិហារ)
សិស្សានុសិស្សប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង​ ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦​ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស​ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ។ (រដ្ឋបាលខេត្តព្រះវិហារ)

សិស្សដែលរៀនសូត្រនៅជំរំភៀសសឹកបណ្ដោះអាសន្នមួយចំនួនក៏បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ប៉ុន្តែត្រូវទៅប្រឡងនៅមណ្ឌលផ្សេង។ ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបទូទាំងប្រទេសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រាប់សារព័ត៌មានខេមបូចាឱ្យដឹងថា សម្រាប់សិស្សវិទ្យាល័យដែលត្រូវប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យមានចំនួនតិចតួចប៉ុណ្ណោះដែលជាកូនរបស់ពលរដ្ឋភៀសសឹក ហើយត្រូវរៀននៅតាមជំរំ ដោយមិនអាចទៅរៀននៅវិទ្យាល័យរបស់ខ្លួនបាន។

លោកបន្តថា សម្រាប់ខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងចំនួន៨មណ្ឌល សរុប២៦៦បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌល ស្មើនឹង៦៩បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៥មណ្ឌល ស្មើនឹង១៩៧បន្ទប់។

លោកអះអាងថា សម្រាប់គុណភាពសិក្សារបស់សិស្សសម្រាប់បាក់ឌុបឆ្នាំនេះនៅតែរក្សាបាននូវគុណភាពល្អប្រសើរ ទោះបីជាសិស្សមួយចំនួនតូចត្រូវរៀនតាមអនឡាញនៅជំរំភៀសសឹកក៏ដោយ។

លោកលើកឡើងថា៖ «ពួកគាត់មកប្រឡងនៅទីរួមខេត្តទាំងអស់។ ចង់និយាយថានៅខាងខ្ញុំមានមណ្ឌល៨ អត់មានបញ្ហាអីទេ។ […] គាត់ប្រឡងធម្មតា អត់មានលក្ខខណ្ឌអីត្រូវបំពេញបែបបទអីទេ ប្រឡងតាមមណ្ឌលដូចគេដូចឯង»។

លោកបន្ថែមថា៖ «លទ្ទផលការសិក្សា ជឿថាឆ្នាំនេះគឺមិនមានអីទេ នឹងទទួលបានលទ្ធផលល្អប្រសើរដូចដែលឆ្នាំមុនៗដែរ គ្រាន់តែថានៅខាងយើង កន្លងមកនេះយើងប៉ះពាល់តិចតូចកំឡុងខែធ្នូ ឆ្នាំ២០២៥ អីចឹងប៉ះពាល់រយៈពេលខ្លីដែរទេ»។

ដោយឡែក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ លោក ប៉ិច រតនា ឱ្យដឹងថាសិស្ស​ចូលរួមប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ មានចំនួនច្រើន ហើយក្នុងនោះក៏មានសិស្សា​នុសិស្ស​មកពីជំរំភៀសសឹក មានចំនួន១០នាក់ផងដែរ។ លោកបន្តថា ដោយហេតុសិស្សភាគច្រើន រៀននៅតាមសាលារបស់ពួកគេបានពេញលេញ និងធម្មតាក្រោយស្ថានភាពព្រំដែនស្ងប់ស្ងាត់ ចាប់ខែធ្នូឆ្នាំ២០២៥មកទល់នឹងថ្ងៃប្រឡងបាក់ឌុប។

លោកបញ្ជាក់ថា មានតែសាលារៀនបីប៉ុណ្ណោះដែលមិនអាចដំណើរការបាន ដោយសារនៅកៀកនឹងតំបន់យោធាថៃគ្រប់គ្រងពេក គឺសាលាបឋមសិក្សាទួលឈើក្រម សាលាបឋមសិក្សាតេជោមរកត និងសាលាបឋមសិក្សាតេជោមុំបី។

លោកលើកឡើងថា៖ «ឆ្នាំនេះក្រោយជម្លោះស្ងាប់ស្ងាត់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បញ្ចប់ការបាញ់ប្រហារគ្នា ប៉ុន្តែក្រោយមកសាលាខ្លះបានរៀន សាលាខ្លះអត់ទាន់បានទេ ប៉ុន្តែអត់ច្រើនដូចឆ្នាំមុន [ប្រឡងបាក់ឌុបឆ្នាំ២០២៥]អត់ទេ»។

បើតាមរដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន ក្រោយបញ្ចប់ដំណើរការប្រឡង ក្រសួងនឹងចាប់ផ្ដើម កំណែវិញ្ញាសាបេក្ខជន នឹងចាប់ផ្តើមពីថ្ងៃទី១៣-១៩ ខែសីហា បន្ទាប់មកស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជន ចាប់ពីថ្ងៃទី២០-៣០ ខែសីហា។ ក្រោយបញ្ចប់ការបូកស្រង់ពិន្ទុ ក្រសួងបោះពុម្ពលទ្ធផលប្រឡងរបស់បេក្ខជន នៅថ្ងៃទី១ ខែកញ្ញា ហើយការប្រកាសលទ្ធផលបេក្ខជនទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ចំពោះពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងជាសាច់ញាតិមួយរូបដែលមានក្មួយត្រូវទៅប្រឡងនៅក្រុងសេរីសោភ័ណ គឺអ្នកស្រី នង ពៅ បាននិយាយថា សិស្សដែលត្រូវប្រឡងឆ្នាំនេះ ពួកគេរៀននៅតាមសាលាផ្សេងៗតាមតំបន់ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ហើយពួកគេភាគច្រើនទៅប្រឡងនៅក្រុងសេរីសោភ័ណដូចគ្នា រួមទាំងក្មួយអ្នកស្រីដែរ។ អ្នកស្រីបន្តថា សិស្សខ្លះក៏ដាក់ឈ្មោះប្រឡងនៅខេត្តក្បែរៗ ដូចជាខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ផងដែរ។

អ្នកស្រីនិយាយថា៖ «ពួកគាត់ចេះតែផ្ញើកូននៅបងប្អូននៅតំបន់ផ្សេងៗគ្នា ដើម្បីបានរៀនដូចជានៅខេត្តពោធិ៍សាត់ បាត់ដំបងអីចឹងទៅ។ ដូចតំបន់ខ្ញុំអីចឹងរត់ពេក [កំឡុងពេលជម្លោះ] រៀនអត់កើត យកទៅផ្ញើនៅ [ស្រុក] ថ្មគោល ខេត្តបាត់ដំបង។ បើអ្នកភៀសឹកនៅទីនេះ កូនមិនអាចយកទៅផ្ញើនៅឆ្ងាយៗទេ អីចឹងពួកគាត់ទៅប្រឡងនៅខេត្ត»។

លើសពីនេះអ្នកស្រីនិយាយថា ការមិនបានសិក្សានៅតាមសាលាវិទ្យាល័យរបស់ក្មួយអ្នកស្រីតម្រូវឱ្យគេរៀនតាមអនឡាញនៅជំរំភៀសសឹកខ្លះ និងចំណែកឯសិស្សខ្លះអាចទៅសិក្សានៅវិទ្យាល័យផ្សេង បើតាមអ្នកស្រីដឹង។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ប្រឡង​នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នា​ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ​ថា​ ការ​ប្រឡងបាក់​ឌុប​ឆ្នាំ​នេះ ​មាន​សភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច ដោយហេតុ​ថា បាក់ឌុប​ឆ្នាំ​២០២៥ ធ្វើ​ឡើងនៅ​ថ្ងៃទី២៨ ខែសីហា គឺ​​ក្នុង​រយៈពេល ១ខែ​គត់ ក្រោយ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​លើក​ទី១ ​នៅ​ព្រំដែន​កម្ពុជា-ថៃ។ 

លោកបន្តថា ចំពោះការប្រឡងនៅឆ្នាំនេះ គឺមានភាពល្អប្រសើរជាងឆ្នាំទៅមិញ មិនមានវិទ្យាល័យណាមួយប៉ះពាល់នោះឡើយ បើទោះបីជាមានសាលារហូតដល់២៥ មិនទាន់អាចឲ្យសិស្សត្រឡប់ទៅសិក្សាវិញបានក្ដី ដោយសារតែមូលហេតុ គឺការឈ្លានពានរបស់យោធាថៃ។ ក្នុងនោះរាជរដ្ឋាភិបាលកំពុងទាមទារ ដើម្បីអាចធ្វើយ៉ាងណាឲ្យសិស្ស អាចត្រឡប់ទៅសាលារៀនឡើងវិញ។

លោកបានបញ្ជាក់ថា៖ «ចំពោះឆ្នាំនេះ ការរៀបចំការប្រឡង គឺល្អប្រសើរជាងឆ្នាំមុន ដោយសារ​តែឆ្នាំមុនទាំងសាលា ទាំងគ្រូ ទាំងសិស្ស គឺប៉ះពាល់ដោយសារតែការឈ្លានពានរបស់ថៃ»។

លោក​បានថ្លែង​ថា៖«ឆ្នាំ​មុន​ដូច​យើង​ដឹង​ស្រាប់​ហើយ គឺ​ជា​ឆ្នាំ​ដែល​ថៃ​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា។ នៅ​ខេត្ត​ឧត្តរមានជ័យ​ ​សិស្ស​ខ្លះ​​គាត់​រៀន​នៅ​លើ​គោយន្ត ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ សិស្ស​យើង​ម្នាក់​ដែល​ខ្ញុំ​បាន​ជួបសម្រេច​បាន​និទ្ទេស A ហើយ​បាន​ចូលរៀន​នៅ​ឧត្តម​សិក្សា​​មួយ​ដែល​មាន​គុណភាព»។

លោករដ្ឋមន្ត្រី​អប់រំបានបន្ត​ថា បច្ចុប្បន្ន​នេះ មានសាលា​ចំនួន ២៥ នៅ​ខេត្ត​ជាប់​ព្រំដែននៅតែ​បន្ត​បិទទ្វារ ដោយ​សារ​ស្ថិត​ក្រោមការ​ឈ្លានពាន​របស់​ថៃ ដែលធ្វើ​ឲ្យ​​សិស្ស​មិន​ទាន់​អាច​ត្រឡប់​ទៅ​រៀន​វិញ​បាន។

លោកបញ្ជាក់ថា៖«រាជរដ្ឋាភិបាល​កំពុង​ទាមទារ​ធ្វើ​យ៉ាង​ណា​ឲ្យ​​សិស្ស​នៃ​សាលា​ទាំង​អស់​អាច​ត្រឡប់​ទៅរៀន​វិញ​បាន។ មានតែ​សិស្ស​ពី​អនុវិទ្យាល័យ​មួយ​គឺ អនុវិទ្យាល័យ​បន្ទាយ​មានរិទ្ធ​ នៅខេត្ត​ឧត្តរមានជ័យ ដែល​សិស្ស​កំពុង​រៀន​នៅ​ជំរំបណ្ដោះអាសន្ន»។ លោកបន្តថា ក៏មិន​មាន​សកម្មភាព​ណា​មួយ​ប៉ះពាល់​ដល់​ការ​ប្រឡងទេ​ ទោះបី​មាន​ភ្លៀង​ធ្លាក់​បន្តិច​បន្តួច​នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួន។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។

អ្នកស្រី ឃួន វិច្ឆិកា ជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទោះបីសាលារៀន​ចំនួន២៥ នៅ​ខេត្ត​ជាប់​ព្រំដែននៅតែ​បន្ត​បិទទ្វារ ដោយ​សារ​ស្ថិត​ក្រោមការ​ឈ្លាន​ពាន​​របស់​ថៃ ក៏សិស្សអាចប្រឡងបាក់ឌុបនៅមណ្ឌលដែលបានរៀបចំនៅតាមសាលាផ្សេងដែរ​។ លោកស្រីអះអាងថា៖ «ឆ្នាំ២០២៦នេះមិនមានករណីផ្អាកដំណើរការមណ្ឌលប្រឡងនៅខេត្តជាប់ព្រំដែនទេ»។

លោកស្រី វិច្ឆិកា បន្តថា វិទ្យាល័យនៅតាមខេត្តតាមព្រំដែនដំណើរការជាធម្មតា។ ឆ្នាំនេះបេក្ខជនប្រឡងក្នុងខេត្តបន្ទាយមានជ័យមានចំនួនសរុប ៦ ៥០២នាក់, ព្រះវិហារ ១ ៩៥២នាក់ និងខេត្តឧត្តរមានជ័យ មាន ៦ ១៩២នាក់។ បើតាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងចំនួន៨មណ្ឌល ស្នើនឹង២៦៦បន្ទប់ ខេត្តព្រះវិហារមាន៤មណ្ឌល ស្មើនឹង៨០បន្ទប់ និងខេត្តឧត្តរមានជ័យ មាន៣មណ្ឌល ស្មើនឹង៧៧បន្ទប់។

អំឡុងពេលផ្ទុះសង្រ្គាម មានសាលារៀនសរុបចំនួន ១ ០៣៩សាលា ក្នុងខេត្តជាប់ព្រំដែនទាំង៦ រួមមាន ឧត្ដរមានជ័យ, បន្ទាយមានជ័យ, ព្រះវិហារ, ពោធិ៍សាត់ បាត់ដំបង និងកោះកុង ត្រូវបានបិទទ្វារ ដោយ​សារការបាញ់ប្រហារឈ្លានពានពីយោធាថៃ។ បើតាមក្រសួងអប់រំ យុវជន និងកីឡា ការឈ្លានពានពី យោធាថៃនេះ បានប៉ះពាល់ដល់សិស្សាសិស្ស ២៤២ ៨៨១នាក់ និងគ្រូបង្រៀន ៩ ៧៩៧នាក់។ តែយ៉ាងណា គិតមកដល់ពេលនេះសាលារៀនមួយចំនួនធំបានបើកដំណើរការឡើងវិញ​ ក្រោយស្ថានភាពជម្លោះស្ងប់ស្ងាត់។

លោកស្រី អ៊ុក ឆាយ៉ាវី   ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លើកឡើងថា ចំពោះសិស្ស ដែលមកពីតំបន់ជម្លោះព្រំដែន ហើយត្រូវប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ អាចនឹងមិនអាចទទួលបានការសិក្សារពេញលេញ ព្រោះពួកគេមួយចំនួនរៀនតាមតំបន់ភៀសសឹក និងតាមអនឡាញ ដែលបង្កការលំបាកមួយចំនួន។ អ្នកស្រីបន្តថា សិស្សមកពីតំបន់ជម្លោះមកពីគ្រួសារក្រីក្រ ដោយកត្តាជីវភាពមានបញ្ហាមួយចំនួនបណ្ដាលមកពីជម្លោះនេះ ភាគីពាក់ព័ន្ធគួរជំរុញឱ្យពួកគេអាចមានលទ្ធភាពរៀនបន្តនៅសាកលវិទ្យាល័យ ឬចាប់យកជំនាញបច្ចេកទេស ដែលពួកគេស្រលាញ់។

លោកស្រីថ្លែងថា៖ «ខ្ញុំដឹងថាក្រសួងមានយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យពួកគាត់មានឱកាសរៀនបន្តនូវជំនាញដែលពួកគាត់ចូលចិត្ត ព្រោះយើងឃើញហើយថាយុទ្ធសាស្ត្ររបស់ក្រសួងអ្នកចេះ គឺជាប់ ចំពោះអ្នកបានរៀនសូត្រផងដែរបើគាត់បានរៀនសូត្រដែរតែខ្វះសម្ភារៈ ឬក៏សេវាទូរសព្ទអី ប៉ុន្តែខ្ញុំសង្ឃឹមថាក្រសួងមានវិធីសាស្ត្រឱ្យពួកគាត់បន្តការសិក្សានៅផ្នែកណាមួយដែលអាចធ្វើបាន»។

លោកស្រីបន្ថែមថា៖ «ខ្ញុំគ្រាន់តែផ្ដាំផ្ញើដល់យុវជនទាំងអស់ឱ្យធ្វើយ៉ាងណាយកបេះដូងពួកគាត់ដែលគាត់ចង់បានផ្នែកអី ឱ្យដាក់សំណើទៅកាន់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ ធ្វើយ៉ាងណាបង្កើនចំណេះរបស់គាត់ បង្កើនជំនាញដែលគាត់ចង់បាន»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម