សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ភាពចង្អៀតណែនក្នុងពន្ធនាគារ បង្កក្តីបារម្ភពីបញ្ហាផ្លូវចិត្ត និងសន្តិសុខ

ពន្ធនាគារខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
ពន្ធនាគារខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ចំនួនអ្នកជាប់ឃុំនៅតាមពន្ធនាគារទូទាំងប្រទេសកម្ពុជាបានកើនឡើងដល់កម្រិតមួយដែល «គួរឱ្យ​ព្រួយ​បារម្ភ» ដោយសារការអនុវត្តច្បាប់កាន់តែតឹងរ៉ឹង​លើបទល្មើសពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ការ​ឆបោក​តាមអនឡាញ ក្រុមក្មេងទំនើង និងបទល្មើសផ្សេងៗទៀតដែលនាំឱ្យមាន​ការកក​ស្ទះ​ក្នុងពន្ធនាគារ។ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារបានលើកឡើងថា ស្ថានភាព​នេះ​អាច​បង្ក​ឱ្យ​មាន​ភាពតានតឹងផ្លូវចិត្ត និងក្តីបារម្ភផ្នែកសន្តិសុខ។

លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែង​កាល​ពី​ថ្ងៃទី៤ ខែកក្កដា ថា នៅកម្ពុជា មន្ត្រីអនុរក្សពន្ធនាគារម្នាក់​ត្រូវទទួលបន្ទុកមើល​អ្នក​ជាប់​ឃុំចន្លោះ​ពី​២០​ទៅ២៥នាក់ ខណៈនៅប្រទេសកូរ៉េខាងត្បូង មន្ត្រីម្នាក់ទទួលខុសត្រូវ​លើអ្នកជាប់ឃុំត្រឹម​តែ៣នាក់​ប៉ុណ្ណោះ។

លោក សាណាត បានឱ្យដឹងថា ចំនួនអ្នកជាប់ឃុំបានកើនឡើងជាបន្តបន្ទាប់​ក្នុងរយៈពេល​ប៉ុន្មាន​​ខែ​កន្លង​​មកនេះ ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកជាប់​ឃុំ​សរុប​ចំនួន ​៦៧ ៦៧៧​ នា​ក់ ក្នុងនោះមានស្ត្រីចំនួន ៤ ៥៣០ នាក់ អនីតិជនចំនួន ៣ ០៤៧ នាក់ និង​ជនបរទេសចំនួន​ ៧ ៤៣៤ ​នាក់។ ចំណោមអ្នកជាប់ឃុំនោះមាន ៥១ភាគរយ ជាប់ពាក់ព័ន្ធ​នឹង​បទល្មើសគ្រឿងញៀន ខណៈ ២ ៥៥៤នាក់ ត្រូវបានឃុំខ្លួនក្នុងសំណុំរឿងឆបោក​តាម​អនឡាញ និង ៣ ០១០ នាក់ ពាក់ព័ន្ធនឹងករណីក្មេងទំនើង។

លោក សាណាត មានប្រសាសន៍ថា៖ «ក្នុងរយៈពេលត្រឹម៦ខែកន្លងមកនេះ ចំនួនអ្នកជាប់ឃុំ​បាន​កើន​ឡើងជិត ៥ ០០០ នាក់»។ លោកបន្ថែមថា៖ «នៅចុងឆ្នាំ២០២៨ ចំនួនអ្នកជាប់ឃុំ​សរុប​​អាចនឹងកើនឡើងដល់ប្រមាណ ៨៥ ០០០ នាក់»។

លោកបានបន្តថា ការកកស្ទះនៅក្នុងពន្ធនាគារបានធ្វើឱ្យពិបាក​ក្នុងការបែងចែកអ្នកជាប់ឃុំ​ទៅតាម​ប្រភេទ​បទល្មើស កម្រិតហានិភ័យផ្នែកសន្តិសុខ និងស្ថានភាពសុខភាព ស្របតាមស្តង់ដារច្បាប់ ហើយថែមទាំងបង្កើនហានិភ័យសន្តិសុខនៅក្នុងពន្ធនាគារទៀតផង។

ស្ថានភាពនេះក៏បានធ្វើឱ្យមន្ត្រីអនុរក្សពន្ធនាគារម្នាក់ត្រូវទទួលបន្ទុកមើលអ្នកជាប់ឃុំពី២០ទៅ២៥ នាក់​ ដែល «លើសឆ្ងាយពីចំនួនដែលត្រូវបានណែនាំគឺពី៦ទៅ១០នាក់»។ ជាមួយគ្នានេះ អ្នកជាប់​ឃុំ​ម្នាក់ៗ​​មាន «ទំហំកន្លែងរស់នៅត្រឹមតែ១.០៥ម៉ែត្រការ៉េប៉ុណ្ណោះ» ខណៈស្តង់ដារ​អប្បបរមារ​បស់​អង្គ​ការ​​សហប្រជាជាតិ កំណត់ថា គួរមានទំហំយ៉ាងហោចណាស់​៣.៤ម៉ែត្រ​ការ៉េ​សម្រាប់​អ្នកជាប់ឃុំ​ម្នាក់​។​

លោក សាណាត បានថ្លែងថា៖ «ការដាក់អ្នកជាប់ឃុំជាច្រើននាក់ក្នុងបន្ទប់ឃុំតែមួយ បាន​បង្ក​​ឱ្យមាន​សម្ពាធ​ផ្លូវអារម្មណ៍ និងផ្លូវចិត្ត»។ លោកបន្ថែមថា អ្នកជាប់ឃុំមួយ​ចំនួន​បាន​បង្ហាញ​​គំនិត​ចង់ធ្វើអត្ត​ឃាត​ ប៉ុនប៉ងរត់គេចពីពន្ធនាគារ ឬមានគំនិតបះបោរ​នៅក្នុង​ពន្ធនាគារ​។

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានលើកឡើងថា ការពង្រីក​អគារពន្ធនាគារ​បន្ថែមតែមួយមុខ មិនអាចដោះស្រាយបញ្ហាកកស្ទះរ៉ាំរ៉ៃ​នៅក្នុង​ពន្ធនាគារ​បានឡើយ។

ផ្ទុយទៅវិញ លោកថា អាជ្ញាធរគួរពង្រឹងវិធានការទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈ​តុលាការ​គួរកាត់បន្ថយការបញ្ជូនជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ន ពង្រីកការ​ផ្តន្ទាទោស​​ដោយ​ការ​​​បម្រើការងារ​សហគមន៍ និងបង្កើនការដោះលែងដោយមានលក្ខខណ្ឌ​សម្រាប់អ្នកជាប់ឃុំ​ដែល​មាន​​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់។

លោក សំអាត ក៏បានផ្ដល់អនុសាសន៍ឱ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ និងសេរីភាពដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញផងដែរ។

លោកបានថ្លែងថា៖ «យើងបន្តមើលឃើញថា ការឃុំខ្លួនបណ្តោះអាសន្ននៅតែត្រូវបាន​អនុវត្ត​ជា​ទូទៅ ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការកកស្ទះនៅក្នុងពន្ធនាគារ»។ លោក​បន្ថែម​ថា៖ «តុលាការគួរវាយតម្លៃដោយប្រុងប្រយ័ត្នថា តើជនជាប់ចោទ​អាចស្ថិត​នៅក្រៅ​ពន្ធនាគារ ក្រោមការត្រួតពិនិត្យរបស់តុលាការ បានដែរឬទេ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មិនទាន់បានឆ្លើយតប​នឹងសំណើសុំ​អត្ថាធិប្បាយ​​​របស់​ខេម​បូចា​នៅឡើយទេ គិតត្រឹមពេលចុះផ្សាយអត្ថបទនេះ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម