កម្ពុជាទទួលបានជំនួយសន្តិសុខផ្លូវការ ( OSA ) ជាលើកដំបូងពីប្រទេសជប៉ុន ដែលមានតម្លៃ ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារអាមេរិក។ បើតាមស្ថានទូតជប៉ុន កញ្ចប់ជំនួយនេះរួមមាន នាវាល្បាត សម្រាប់កងទ័ពជើងទឹក និង ឧបករណ៍បញ្ជូនសារ សម្រាប់កងទ័ពជើងគោក ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ខណៈជម្លោះព្រំដែនគោក និងសមុទ្ររវាងកម្ពុជា-ថៃនៅមិនទាន់ដោះស្រាយរួចនៅឡើយ។
ជប៉ុនរំពឹងថា គម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពសន្តិសុខ និងការរារាំងរបស់កម្ពុជា ព្រមទាំងរួមចំណែកការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា។ ទោះជាយ៉ាងណា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ទៀ សីហា មិនបានលើកឡើងពីជំនួយនេះទេ ដោយគ្រាន់តែបញ្ជាក់ថា លោកបានទទួលជួបឯកអគ្គរាជទូតជប៉ុន ដែលចូលជួបសម្តែងការគួរសម និងជម្រាបលា។
គេនៅមិនទាន់ដឹងនៅឡើយទេអំពីការទាក់ទងទៅនឹងព័ត៌មានលម្អិតអំពីចំនួនជាក់លាក់នៃនាវាល្បាត និងឧបករណ៍បញ្ជូនសារ។ អ្នកសារព័ត៌មានខេមបូចា ក៏បានទាក់ទងទៅស្ថានទូតបញ្ជាក់ផងដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបភ្លាមៗឡើយ។
សារព័ត៌មានជប៉ុនដូចជា The Japantime លើកឡើងថា នេះជាលើកដំបូងដែលកម្ពុជាទទួលបានជំនួយក្រោមកម្មវិធី OSA របស់ជប៉ុន ដែលជាកម្មវិធីផ្តល់សម្ភារៈការពារជាតិដោយឥតគិតថ្លៃទៅកាន់ប្រទេសដៃគូ។ នេះក៏ជាការផ្តល់ជំនួយថ្មីមួយទៀតរបស់ជប៉ុនមកកម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ប្រទេសជប៉ុន ក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណ ១,៨លានដុល្លារ ដល់ជនភៀសសឹកកម្ពុជាផងដែរ។
កញ្ចប់ជំនួនពីប្រទេសជប៉ុននេះក៏ធ្វើឡើងស្របពេលដែលភាគីកម្ពុជា-ថៃ បានព្រមព្រៀងពន្យារពេលនៃការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រដ៏យូរអង្វែងមួយនេះ។
ការផ្តល់ជំនួយពីជប៉ុនលើកនេះ ក៏កើតឡើងនៅចំពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែជាប្រធានបទសំខាន់ក្នុងតំបន់ ដោយទាំងចិន និងជប៉ុន សុទ្ធតែបានអំពាវនាវឱ្យមានការរកដំណោះស្រាយដោយសន្តិវិធី និងរក្សាស្ថិរភាពក្នុងតំបន់៕










