ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។
កម្ពុជា-បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩ ក្នុងពេលដែលលោកប្រធានាធិបតីបារាំង Emmanuel Macron មកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ ក្នុងកិច្ចព្រមព្រៀងនោះក៏មានស្ដីអំពីការពង្រឹងកិច្ចសហការផ្នែកយោធា និងសេដ្ឋកិច្ចផងដែរ។
លោក Emmanuel Macron និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអាទិត្យនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅទីក្រុងភ្នំពេញ។ កិច្ចព្រមព្រៀងនេះមានរាប់បញ្ចូលទាំងវិស័យសុខាភិបាល ទូរគមនាគមន៍ និងវប្បធម៌។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមានចំនួនច្រើនដែលមិនធ្លាប់មាននាពេលកន្លងមក។
លោកឱ្យដឹងថា៖ «វាបង្ហាញពីទំនាក់ទំនងស៊ីជម្រៅរវាងកម្ពុជា និងបារាំង…ជាការពិតកិច្ចព្រមព្រៀងទាំងនោះបានផ្ដល់ផលប្រយោជន៍ដល់ប្រទេសយើង និងប្រជាជន»។
លោកបានបដិសេធផ្ដល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀង ឬព័ត៌មានវិនិយោគដែលពាក់ព័ន្ធ។
កម្ពុជា-បារាំងបានចុះកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការការពារជាតិ និងកងកម្លាំង។ នេះបើតាមឯកសារបកប្រែជាភាសាអង់គ្លេសរបស់មន្ត្រីប្រធានាធិបតីបារាំងបានផ្ដល់ឲ្យខេមបូចា។ កិច្ចព្រមព្រៀងនេះជាទូទៅបានកំណត់លើលក្ខខណ្ឌច្បាប់សម្រាប់កងកម្លាំងប្រទេសមួយពេលដែលពួកគេមានវត្តមាននៅប្រទេសជាដៃគូ។
រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើការបន្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៧-២០៣០។ រដ្ឋមន្ត្រីទាំងពីរក៏បានព្រមព្រៀងភ្ជាប់ទំនាក់ទំនងរវាងសាលាបណ្ដុះបណ្ដាលមន្ត្រីយោធាកម្ពុជាជាមួយសាលាយោធាបារាំង France’s Saint-Cyr Special Military School ដែលជាសាលាចម្បងមួយក្នុងការបណ្ដុះបណ្ដាលមន្ត្រីយោធាបារាំង។
លោក អៀ សុផល អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយកម្ពុជា-អាមេរិក ប្រចាំសាកលវិទ្យាល័យ Arizona State University បានឲ្យដឹងថា បារាំងបានជួយកម្ពុជាជាយូរមកហើយលើការបណ្ដុះបណ្ដាលយោធា ដោះមីន និងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ លោកបន្តថា កិច្ចព្រមព្រៀងថ្មីនេះអាចធ្វើឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ ខណៈកម្ពុជាកំពុងគិតគូពីតម្រូវការផ្នែកសន្តិសុខក្រោយមានជម្លោះព្រំដែនជាមួយប្រទេសថៃ។
តាមរយៈអ៊ីម៉ែលលោកបន្ថែមថា៖ «ខ្ញុំមើលឃើញថាកិច្ចព្រមព្រៀងនេះជាឱកាសមួយសម្រាប់ការធ្វើទំនើបកម្មវិស័យការពារជាតិរយៈពេលវែង និងការធ្វើពិធកម្មផ្នែកការទូត ជាជាងការសម្រេចចិត្តកែប្រែតុល្យភាពកងទ័ពភ្លាមៗ»។
លោក សុផល ឱ្យដឹងដែរថា ចិននៅតែជាដៃគូក្នុងវិស័យយោធាចម្បងមួយរបស់កម្ពុជា ដោយបានជួយផ្គត់ផ្គង់សម្ភារ និងជួយអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹកនៅសមុទ្ររាម។ លោកចំណងទាំងនោះ «មិនអាចជំនួសបានភ្លាមៗដោយគ្រាន់តែមានកិច្ចសហប្រតិបត្តិការជាមួយបារាំងនោះទេ»។ លោកបន្ថែមថា កម្ពុជាក៏កំពុងស្វែងរកការកងសាងទំនាក់ទំនងយោធាជាមួយអាមេរិកឡើងវិញ រួមទាំងការដាក់ឲ្យដំណើរការជាថ្មីនូវសមយុទ្ធយោធាឆ្នាំអង្គរជាមួយគ្នា។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
រដ្ឋាភិបាលបារាំងក៏បានចុះហត្ថលេខាផ្ដល់កម្ចីសម្រាប់គាំទ្រមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត ការធ្វើទំនើបកម្មលើបណ្ដាញចែកចាយអគ្គិសនីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាបផងដែរ។ ការិយាល័យប្រធានធិបតីបារាំងមិនបានផ្ដល់ព័ត៌មានលម្អិតអំពីចំនួនកម្ចីនេះទេ។
រដ្ឋមន្ត្រីក្រសូងរ៉ែ និងថាមពល លោក កែវ រតនៈ កាលពីថ្ងៃចន្ទ បានឲ្យដឹងថា បារាំងក៏បានសន្យាផ្ដល់ជំនួយជាង២០០លានដុល្លារសម្រាប់វិស័យថាមពលរបស់កម្ពុជាដែរ។
លោកបន្តថា ក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសទាំងពីរបានស្នើផែនការអភិវឌ្ឍន៍រួមគ្នាលើគម្រោងវារីអគ្គិសនីកម្លាំង៨០០មេហ្គាវ៉ាត់នៅខេត្តកោះកុងផងដែរ។
ក្នុងឯកសារបកប្រែជាភាសាអង់គ្លេស ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា កិច្ចព្រមព្រៀងជាមួយក្រសួង បានចុះហត្ថលេខាដោយក្រុមហ៊ុនអគ្គិសនីរដ្ឋបារាំង EDF ដោយ «លក្ខខណ្ឌនៃការចូលរួម» សម្រាប់គម្រោងទាញយកថាមពលវារីអគ្គិសនី។ ប៉ុន្តែមិនបានបញ្ជាក់ពីទំហំនៃការចំណាយនោះទេ។
គម្រោងនេះបានបង្កជាក្ដីបារម្ភ និងផ្ដល់ទាំងក្ដីសង្ឃឹមសម្រាប់កំណែទម្រង់នៅកម្ពុជា ខណៈដែលគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីកន្លងមកច្រើនរងការរិះគន់លើការរំលោភសិទ្ធិមនុស្ស និងផលប៉ះពាល់ដល់បរិស្ថាន។
លោក សាន ម៉ាឡា នាយកប្រតិបត្តិអង្គការភាពជាដៃគូសម្រាប់បរិស្ថាន និងអភិវឌ្ឍន៍ មានប្រសាសន៍ការពង្រីកវិស័យថាមពលនៅកម្ពុជាច្រើនមានជាប់ទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាន។
លោកស្វាគមន៍ចំពោះការចូលរួមរបស់រដ្ឋាភិបាលបារាំង ដោយថាវាអាចនឹងអនុញ្ញាតឲ្យសង្គមស៊ីវិលបានចូលរួមពិនិត្យលើការទទួលខុសត្រូវ ខុសពីគម្រោងនានាដែលដឹកនាំដោយក្រុមហ៊ុនចិន ដែលលោកថាច្រើនតែមើលរំលងបញ្ហាសិទ្ធិមនុស្ស និងផលប៉ះពាល់បរិស្ថាន។
លោកបន្ថែមថា៖ «វាដល់ពេលហើយដែលយើងត្រូវកែទម្រង់ ជាពិសេសការស្ដារទំនុកចិត្ត»។
សារព័ត៌មានខេមបូចា មិនអាចទាក់ទងលោក កែវ រតនៈបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយនោះទេ។
ក្នុងកិច្ចព្រមព្រៀងផ្សេងទៀតរួមមានកិច្ចសហប្រតិបត្តិការថាមពលរវាងក្រុមហ៊ុនបារាំង TotalEnergies និងក្រុមហ៊ុនកម្ពុជា Royal Group និងគម្រោងមួយរបស់ក្រុមហ៊ុនដឹកជញ្ជូនបារាំង CMA CGM ក្នុងការបង្កើតមជ្ឈមណ្ឌលដាក់កុងទីន័រនៅកំពង់ផែក្រុងព្រះសីហនុ។
ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀងលើផ្នែកពន្ធដារ អាកាសចរណ៍ស៊ីវិល និងកសិកម្ម។
ចំណែកក្រសួងសុខាភិបាលវិញបានឲ្យដឹងថា វេទិកាថ្មីមួយរបស់កម្ពុជា-បារាំងសម្រាប់ការស្រាវជ្រាវសកល ដែលគេស្គាល់ជាភាសាបារាំងថា PRISME នឹងជួយឲ្យវិទ្យាស្ថានស្រាវជ្រាវប្រទេសទាំងពីរ សាកលវិទ្យាល័យ មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍មកពីប្រទេសទាំងពីរអាចចែករំលែកចំណេះដឹង ទិន្នន័យ និងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ។
ដោយឡែកទាក់ទងនឹងវិស័យវប្បធម៌វិញ លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ មានប្រសាសន៍ថា កិច្ចព្រមព្រៀងលើបេតិកភណ្ឌវប្បធម៌នឹងជួយទាក់ទាញអ្នកជំនាញពីវិទ្យាស្ថានបារាំងឲ្យមកជួយបណ្ដុះបណ្ដាលអ្នកជំនាញកម្ពុជា។
លោកបន្ថែមថា កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឲ្យអ្នកជំនាញកម្ពុជាជួយជួសជុល និងថែរក្សាឯកសារនៅបណ្ដាល័យជាតិផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia, France Sign 29 Deals Spanning Energy, Defense








